សំណេរដោយអ្នក
គោលដៅដើម្បីទទួលបុណ្យជ្រមុជទឹក
នៅខែ វិច្ឆិកា ឆ្នាំ ២០១៩ ខ្ញុំបានស្តាប់ព្រឹត្តិការណ៍ជំនួបដោយផ្ទាល់ដោយអែលឌើរ ហ្គង អំពីកម្មវិធីកុមារ និងយុវវ័យជាមួយនឹងក្រុមគ្រួសារខ្ញុំ ។ បន្ទាប់មក ប៊ីស្សពរបស់ខ្ញុំបានឲ្យកូនសៀវភៅមួយចំនួនដែលជួយធ្វើការឆ្ពោះទៅកាន់គោលដៅរបស់យើង ។
គោលដៅទីមួយរបស់ខ្ញុំគឺត្រូវអានព្រះគម្ពីរមរមនពីមុនខួបកំណើតអាយុប្រាំបីឆ្នាំរបស់ខ្ញុំដើម្បីរៀបចំខ្លួនទទួលពីធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ។ ខ្ញុំបានចាប់ផ្តើមអានព្រះគម្ពីរ ប៉ុន្តែដោយពុំមានភាព រីករាយខ្លាំងឡើយ ។ ប៉ុន្តែនៅថ្ងៃនោះខ្ញុំបានដាក់ផែនការមួយជាមួយប៉ារបស់ខ្ញុំ ។ យើងបានគិតមើលថាតើមានប៉ុន្មានជំពូកដែលខ្ញុំត្រូវអានជារៀងរាល់ថ្ងៃដើម្បីអានព្រះគម្ពីរមរមនឲ្យចប់ពីមុនពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ។ ខ្ញុំបានចាប់ផ្តើមអានរាល់ថ្ងៃ ហើយបានគូសចំណាំនៅពេលខ្ញុំបានអានចប់ជំពូកនីមួយៗ ។
កាលដែលខ្ញុំអាន ធ្វើឲ្យខ្ញុំចង់ធ្វើរឿងល្អៗជាច្រើន ។ ដូច្នេះខ្ញុំបានចូលរួមតមអាហារទូទាំងពិភពលោកដែលប្រធាន ណិលសុន បានប្រកាសដើម្បីជួយគ្រប់គ្រងជំងឺកូវីដ-១៩ ។ ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំអាចតមអាហារបានពេញលេញ ។ ឪពុកម្តាយរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យធ្វើការអធិស្ឋាន និងតមអាហារផងដែរ ដើម្បីទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនរបស់ខ្ញុំពីព្រះគម្ពីរមរមន និងពិធីបុណ្យជ្រមុជទឹក ។
នៅថ្ងៃអាទិត្យទីមួយនៃខែឧសភា ខ្ញុំបានអធិស្ឋាន ហើយបានតមអាហារ ។ មិនយូរប៉ុន្មានក្រោយមក ខ្ញុំបានអានព្រះគម្ពីរមរមនទាំងមូលចប់ ។ ខ្ញុំរំភើបចិត្តចំពោះពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ—នៅថ្ងៃខួបកំណើតរបស់ខ្ញុំណាស់ ។ ខ្ញុំមានអារម្មណ៍ថាបានត្រៀមខ្លួនរួចរាល់ដើម្បីចុះសេចក្តីសញ្ញានេះជាមួយព្រះ ! ខ្ញុំដឹងថាព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត ។ ខ្ញុំចូលចិត្តអានព្រះគម្ពីរមរមន ហើយខ្ញុំសប្បាយចិត្តកាលដែលខ្ញុំបានសម្រេចគោលដៅនេះដោយមានជំនួយពីក្រុមគ្រួសាររបស់ខ្ញុំ ។