លួចក្បាលវ៉ាល់កង់លេង
មិត្តភក្តិរបស់គាត់បាននិយាយថា បើធ្វើអញ្ចឹងវាសប្បាយណាស់ ។ ប៉ុន្តែវាមិនមែនជារឿងត្រឹមត្រូវទេ ។
ស៊ែម បានជិះកង់របស់គាត់យ៉ាងលឿនឡើងទៅលើភ្នំ។ គាត់បានឱនខ្លួនទៅមុខ ។ ខ្យល់បានបក់ផាត់សក់របស់គាត់ ។ មិត្តភក្តិរបស់គាត់ឈ្មោះ លីម បានជិះកង់នៅ ក្បែរគាត់ ។
« តើឯងអស់កម្លាំងហើយឬនៅ ? » លីមបានសួរ ។
« ខ្ញុំមិនហត់ទេ ! » ស៊ែមបានតប ។
មិត្តភក្តិរបស់ពួកគេឈ្មោះ អេរីក បាននៅចាំឯសួនច្បារលើកំពូលភ្នំនោះរួចជាស្រេច ។
« ខុម ឈុន ! ឆាប់ឡើង ! » គាត់បានស្រែក ។
ស៊ែម និងលីម បានទៅ ដល់កំពូលភ្នំនោះ ។ ក្មេងប្រុសទាំងនេះបានទុកកង់របស់ពួកគេ ហើយបានអង្គុយនៅក្រោមដើមឈើមួយដើម ។
លីម បានរើសដុំថ្មមួយដុំ ហើយចោលវាទៅ ។ « ខ្ញុំធុញ » ។ នៅក្នុងភូមិតូចរបស់ពួកគេក្នុងប្រទេសស្វីស គ្មានកន្លែងដើរលេងច្រើនទេ ។
អេរីក បាននិយាយថា « ខ្ញុំក៏ធុញដែរ » ។ គាត់បានយកមែកឈើគូសនៅលើដី ។
ស៊ែម បាននិយាយថា « យើងអាចបន្តជិះកង់ទៀត » ។
លីម បានធ្វើមុខជូរ ។ « យើង ធ្លាប់ ធ្វើរឿងនោះហើយ » ។
« តោះ យើងធ្វើរឿងមួយដែលសប្បាយ ! » អេរីកបាននិយាយ ។ គាត់បានក្រោកឡើង ហើយដើរទៅកន្លែងដាក់កង់ ដែលមានកង់យ៉ាងច្រើននៅទីនោះ ។ ស៊ែម និងលីមបានដើរតាមគាត់ ។
ស៊ែម បានចាប់ផ្ដើមភ័យ ។ ពេលខ្លះ អ្វីដែលអេរីក និងលីមបានគិតថាជារឿងសប្បាយ ប៉ុន្តែស៊ែមមានអារម្មណ៍ផ្សេង ។ អេរីក និងលីមចូលចិត្តសើចចំអកដល់ក្មេងដទៃ ហើយនិយាយពាក្យមិនល្អនៅក្នុងថ្នាក់រៀន ។ ប៉ុន្តែពេលនេះ ប្រហែលជាវាខុសពីសព្វដង ។
ក្រៅពីនេះទៀត នៅក្នុងថ្នាក់របស់ស៊ែមគឺគ្មានក្មេងប្រុសច្រើនទេ ។ បើគាត់មិនសេពគប់អេរីក និងលីម តើឲ្យគាត់សេពគប់នឹងនរណាទៅ ?
អេរីកបានខ្សឹបថា « តោះដោះយកក្បាលវ៉ាល់កង់ទាំងអស់ចេញ » ។ « យើងអាចយកវាទៅលាក់ក្បែរដើមឈើនោះ » ។ គាត់បានលុតជង្គង់ចុះនៅក្បែរកង់ក្រហមដ៏ស្រស់ស្អាតមួយ ហើយមួលក្បាលវ៉ាល់កង់ចេញពីកង់ ។
លីម សើច ។ « មែនហើយ ! នោះជារឿងសប្បាយណាស់ » ។
ស៊ែម បានដកដង្ហើមធំ ។ អត់ទេ ។ លើកនេះគ្មានអ្វីខុសពីសព្វដងឡើយ ។ គាត់បាននិយាយថា « ខ្ញុំមិនដឹងទេ ។ ប្រហែលជាយើងគួរតែទៅវិញ » ។
អេរីកបានច្រានដៃរបស់ស៊ែម ។ គាត់បាននិយាយថា « ឯងខ្លាចអី ! គ្មាននរណាមើលទេ » ។
លីមបាននិយាយថា « វាជាបំណែកតូចមួយប៉ុណ្ណោះ ។ គ្មាននរណាម្នាក់ដឹងថាវាបាត់ទេ » ។
ស៊ែមបានព្យាយាមបដិសេធអារម្មណ៍មិនល្អដែលគាត់មាន ។ ការមួលយកក្បាលវ៉ាល់កង់ចេញមិនធ្វើឲ្យកង់ខូចនោះទេ ។ គាត់ក៏បានងក់ក្បាល ។
ក្មេងប្រុសទាំងបីនាក់បានមួលយកក្បាលវ៉ាល់កង់ចេញពីកង់ ហើយបានរត់ត្រឡប់ទៅដើមឈើនោះវិញ ។ ពួកគេបានលាក់ក្បាលវ៉ាល់កង់ទាំងនោះនៅក្រោមថ្មមួយដុំ ហើយអង្គុយមើលកង់ទាំងនោះ ។ លីម និងអេរីកកំពុងតែសើច ។
រំពេចនោះមានបុរសម្នាក់បានដើរមកចាក់សោកង់របស់គាត់ ហើយក៏ជិះចេញទៅ ។
« ឯងឃើញទេ ? គាត់មិនទាំងដឹងផង »លីមបាននិយាយ ។
ប៉ុន្តែខ្ញុំបានដឹង ស៊ែមបានគិត ។
អស់ពេញមួយថ្ងៃនោះ ស៊ែមមិនអាចធ្វើឲ្យខ្លួនឯងឈប់គិតពីក្បាលវ៉ាល់កង់នោះបានឡើយ ។ គាត់ចង់ឲ្យវាទៅម្ចាស់គេវិញ ប៉ុន្តែគាត់មិនស្គាល់ម្ចាស់កង់ទាំងនោះទេ ។ គាត់បានលុតជង្គង់ចុះ ហើយទូលប្រាប់ព្រះវរបិតាអំពីរឿងនេះ ។
ស៊ែមបានពោលពាក្យថា « កូនមានអារម្មណ៍មិនល្អសោះ ។ ខ្ញុំប្រាថ្នាថាកូនមិនបានធ្វើរឿងបែបនេះ ។ ព្រះវរបិតាសួគ៌ សូមអភ័យទោសឲ្យកូនផង » ។
លុះស្អែកឡើង ស៊ែម និងមិត្តរបស់គាត់បានជិះកង់នៅ សួននោះម្ដងទៀត ។
ជាថ្មីម្ដងទៀត អេរីកបាននិយាយ « តោះយើងមួលយកក្បាលវ៉ាល់កង់ទាំងនោះចេញ ! »
លីមបានយល់ព្រមម្ដងទៀត ។
ស៊ែមបានចងចាំពីការអធិស្ឋានរបស់គាត់ ។ ហើយលើកនេះ គាត់មានភាពក្លាហានបន្តិច ។
គាត់បាននិយាយថា « ខ្ញុំគិតថា យើងមិនគួរធ្វើរឿងនេះទេ » ។
« ហេតុអ្វីទៅ ? » លីមបានសួរទាំងជ្រួញចិញ្ចើម ។ « កាលពីម្សិលមិញគ្មាននរណាម្នាក់ដឹងផង » ។
ស៊ែមបានតបថា « ខ្ញុំប្រហែលជាមិនចង់ឲ្យនរណាម្នាក់មកលេងកង់របស់ខ្ញុំបែបនេះទេ » ។ ពីមុនមិត្តភក្តិរបស់គាត់ឆ្លើយតប គាត់បានលោតឡើងជិះកង់របស់គាត់ ។ គាត់បានស្រែកឡើងថា « តោះប្រណាំងគ្នាទៅហាងនំ ! » បន្ទាប់មក គាត់បានជិះកង់យ៉ាងលឿន ។
អេរីក និងលីមក៏បានជិះកង់របស់ពួកគេដែរ ។
« មិនយុត្តិធម៌ទេ ! ឯងជិះចេញទៅមុន » លីមបានស្រែក ។
ស៊ែមបានញញឹម ពេលមិត្តភក្តិរបស់គាត់ជិះប្រដេញតាមមកក្រោយ ។ គាត់បាននិយាយតិចៗថ្លែងអំណរគុណទៅ កាន់ព្រះវរបិតាសួគ៌ ។ គាត់មានអារម្មណ៍ល្អប្រសើរឡើងវិញ ។