មកពីគណៈប្រធានទីមួយ
ការយកឈ្នះលើឧបសគ្គរបស់ចៅៗ
ឧបសគ្គដ៏ធំបំផុតរបស់ខ្ញុំនៅពេលខ្ញុំនៅតូចគឺ នៅពេលឪពុករបស់ខ្ញុំបានទទួលមរណភាព ។ កាលនោះខ្ញុំមានអាយុប្រាំពីរឆ្នាំ ។
ខ្ញុំមានម្តាយ និងជីដូនជីតាដ៏ល្អ ។ ប៉ុន្តែខ្ញុំបានបង្ហូរទឹកភ្នែកច្រើនណាស់ ។ នៅឯសាលារៀនមិត្តភក្តិរបស់ខ្ញុំបានសើចចំអកឲ្យខ្ញុំ ពីព្រោះខ្ញុំមិនចេះអានអក្សរ ឬធ្វើគណិតវិទ្យាមិនបានល្អ ។ ក្មេងដែលមានវ័យធំៗបានធ្វើបាបខ្ញុំនៅលើឡានក្រុងសាលា ។ ខ្ញុំមានបំណងចង់មានទេព្យកោសល្យដូចជាអ្នកដទៃដែលពូកែខាងអត្តពលិក ឬចម្រៀងដ៏ចំណាន ។
មួយរយៈក្រោយមកខ្ញុំចាប់ផ្តើមមានអារម្មណ៍ល្អវិញ ។ ក្រុមគ្រួសាររបស់ខ្ញុំបានស្រឡាញ់ និងបានជួយខ្ញុំ ។ ខ្ញុំបានខិតខំព្យាយាម ហើយបន្តិចម្តងៗខ្ញុំបានធ្វើល្អប្រសើរឡើងនៅឯសាលារៀន ។ ខ្ញុំក៏បានរកឃើញពីទេព្យកោសល្យរបស់ខ្ញុំ ។ ខ្ញុំបានខិតខំឲ្យកាន់តែល្អប្រសើរលើរឿងទាំងនោះ ។ ព្រះវរបិតាសួគ៌បានជួយខ្ញុំ ។
កាលដែលយើងធំឡើងយើងទាំងអស់គ្នាមានឧបសគ្គជាច្រើន ។ ពួកយើងខ្លះមានជំងឺ ឬពិការភាព ។ អ្នកខ្លះក្រីក្រ ហើយមិនអាចទទួលបានការថែរក្សាពីផ្នែកសុខាភិបាល ឬការអប់រំល្អឡើយ ។ អ្នកខ្លះទៀតទទួលការរើសអើង ដោយសារតែពណ៌សម្បុររបស់ពួកគេ ឬពីទីកន្លែងដែលពួកគេបានមក ។
តើចៅៗអាចយកឈ្នះលើឧបសគ្គទាំងនេះដោយរបៀបណា ?
-
សូមមានទំនុកចិត្តលើព្រះវរបិតាសួគ៌ ។ យើងអាចមានអារម្មណ៍បាក់ទឹកចិត្តនៅពេលខ្លះ ប៉ុន្តែយើងត្រូវតែទុកចិត្តលើទ្រង់ ។ ទ្រង់សព្វព្រះទ័យលើបុត្រាបុត្រីរបស់ទ្រង់ ហើយបានសន្យាថានឹងប្រទានពរជ័យដល់យើង ។
-
សូមបន្ដខិតខំ ។ ព្រះអម្ចាស់បានបង្រៀនយើងថា យើងទាំងអស់គ្នាមានអំណោយទានខុសៗគ្នា ។ យើងអាចស្វែងរកអំណោយទានរបស់យើងផ្ទាល់ ។ បន្ទាប់មកយើងអាចប្រើប្រាស់អំណោយទានទាំងនោះដើម្បីអភិវឌ្ឍន៍ជីវិតរបស់យើង និងបម្រើអ្នកដទៃ ។
ក្រោយពីភ្លៀងមេឃតែងតែស្រឡះ ។ នោះគឺជាការពិតនៃជីវិតរបស់យើង ។ ប្រសិនបើផ្លូវមួយបិទ យើងស្វះស្វែងរកផ្លូវមួយទៀត ។ ប្រសិនបើមានអ្វីមួយដែលហាក់ដូចជាពិបាកធ្វើ យើងអាចឆ្ពោះទៅមុខ ហើយរីកចម្រើនជាមួយកិច្ចការនោះ ។
ខ្ញុំសូមសន្យាថា ព្រះវរបិតាសួគ៌នឹងជួយចៅៗយកឈ្នះលើឧបសគ្គរបស់ចៅៗ ។ ទ្រង់ស្រឡាញ់ចៅៗ ហើយនឹងជួយចៅៗយកឈ្នះលើអ្វីដែលទ្រង់ចង់ឲ្យចៅៗប្រែក្លាយ ។