សំណេរដោយអ្នក
ទៅអង្គុយនៅជិតគាត់
នាថ្ងៃមួយនៅឯសាលារៀន ខ្ញុំបានឮក្មេងប្រុសម្នាក់កំពុងត្រូវគេធ្វើបាប ។ ខ្ញុំមានអារម្មណ៍សោកស្តាយណាស់ ។ គ្មាននរណាម្នាក់គួរត្រូវគេធ្វើបាបបែបនោះឡើយ ។
ក្រោយមកនៅថ្ងៃនោះ ថ្នាក់របស់យើងមានពិធីជប់លៀងមួយ ។ ក្មេងប្រុសដែលត្រូវគេធ្វើបាបនោះ បានមកចូលរួមកម្មវិធីជប់លៀងមុនគេ ហើយបានអង្គុយតែម្នាក់ឯង ។ នៅពេលខ្ញុំឃើញគាត់ ខ្ញុំបានចាំដល់អ្វីដែលបានកើតឡើង ។ ខ្ញុំបានឮសំឡេងប្រាប់ឲ្យទៅអង្គុយនៅជិតគាត់ ។ ប៉ុន្តែខ្ញុំមិនចង់ធ្វើជាមនុស្សដែលអង្គុយនៅជិតគាត់តែម្នាក់ឯងនោះទេ ។ គាត់មិនអីទេ ខ្ញុំបានគិត ។ គាត់មិនត្រូវការនរណាម្នាក់អង្គុយនៅជិតគាត់នោះទេ ។ ខ្ញុំបានច្រានអារម្មណ៍នោះចោល ។
សំឡេងនេះបានប្រាប់ខ្ញុំម្តងទៀតកាន់តែខ្លាំងឡើង ។ ទៅអង្គុយនៅជិតគាត់ ។
ខ្ញុំបានមើលទៅក្មេងប្រុសរូបនោះ ។ គាត់មើលទៅឯកោណាស់ ហើយមិនសូវសប្បាយចិត្តទេ ។ អូខេ ខ្ញុំបានគិត ។ នៅពេលខ្ញុំទៅអង្គុយជិតគាត់ គាត់ហាក់ដូចជាមិនស្រណុកចិត្តទេ ។ ខ្ញុំបានប្រាប់ពីឈ្មោះរបស់ខ្ញុំ ហើយបានសួរឈ្មោះរបស់គាត់វិញ ។ ដំបូងឡើយ ខ្ញុំរាងភ័យ ។ ប៉ុន្តែ នៅពេលដែលយើងបាននិយាយគ្នា ខ្ញុំមានអារម្មណ៍សុខសាន្ត ។ ហើយគាត់មើលទៅមិនឯកោ ឬមិនក្រៀមក្រំដូចមុននោះទេ ។
នៅពេលគាត់ត្រូវត្រឡប់ទៅថ្នាក់រៀនវិញ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងជួបគាត់ម្តងទៀត ។ គាត់ញញឹមបន្តិច រួចនិយាយថា បាទ ។ គ្រូរបស់ខ្ញុំបានមកជួបខ្ញុំ ហើយបានមានប្រសាសន៍ថា « អរគុណ សៀរ៉ា ។ ប្អូនចិត្តល្អណាស់ » ។ ខ្ញុំគ្រាន់តែងក់ក្បាលប៉ុណ្ណោះ ។
ថ្ងៃនោះកន្លងទៅយ៉ាងលឿន ប៉ុន្តែអារម្មណ៍សុខសាន្តនោះមិនទៅណាទេ ។ ខ្ញុំដឹងថាខ្ញុំបានធ្វើអ្វីមួយត្រឹមត្រូវ ។ នៅពេលខ្លះមនុស្សមិនទទួលរងការប្រព្រឹត្តិចំពោះខ្លួនត្រឹមត្រូវនោះទេ នៅពេលដែលពួកគេខុសពីគេ ។ ខ្ញុំមិនចូលចិត្តនោះទេ ប៉ុន្តែវាបានកើតឡើងយ៉ាងពិតប្រាកដ ។
យើងទាំងអស់គ្នាជាបុត្រាបុត្រីរបស់ព្រះ ។ យើងគួរតែប្រព្រឹត្តិចំពោះគ្នាទៅវិញទៅមកដោយសណ្តានចិត្តល្អ ។ ប្រសិនបើយើងធ្វើការណ៍នេះ ខ្ញុំដឹងថាព្រះនឹងប្រទានពរជ័យដល់យើង ។