២០២២
ក្រុម​ថ្មី​របស់​សាំយ៉ូអែល
ខែឧសភា/ខែមិថុនា ឆ្នាំ២០២២


ក្រុម​ថ្មី​របស់​សាំយ៉ូអែល

តើ​ក្មេង​ប្រុស​ដទៃ​ទៀត​នឹង​ទុក​ឱកាស​ឲ្យ​គាត់​ដែរឬទេ ?

two boys in basketball uniforms; one boy has one hand

នៅ​ព្រឹក​ព្រលឹម​ថ្ងៃសៅរ៍ ។ សាំយ៉ូអែល​បាន​អង្គុយ​នៅ​ឯ​តុបាយ ហើយ​សម្លឹង​មើល​ចាន​គ្រាប់​ធញ្ញាជាតិ​របស់​គាត់ ។ គាត់​ដូចជា​មិន​ចង់​ញ៉ាំ​វា​ទេ ។

គាត់​បាន​និយាយ​ខ្សឹបៗ​ថា « ប៉ា ? » « កូន​ប្ដូរ​គំនិត​ហើយ ។ « ថ្ងៃ​នេះ កូន​មិន​ចង់​ទៅ​ជួប​នឹង​ក្រុម​បាល់​បោះ​របស់​កូន​ទេ » ។

ឪពុក​បាន​និយាយ « ប៉ា​ដឹង​ថា ធ្វើ​ជា​មនុស្ស​​ចំណូល​ថ្មី​ពិបាក​ណាស់ តែ​កូន​នឹង​សេព​គប់​មិត្ត​ភក្ដិ​បាន​ច្រើន​មិនខាន » ។

« មិន​មែន​បញ្ហា​ហ្នឹង​ទេ …កូន​គ្រាន់តែ​បារម្ភ​ពី​ការ​គិត​របស់​ពួកគេ​មក​លើ​កូន​ប៉ុណ្ណោះ » ។

ឪពុក​បាន​អង្គុយ​ក្បែរ​គាត់ ។ « តើ​កូន​មាន​ន័យ​ថា កូន​មិន​ដឹងថា ក្រុម​របស់​កូន​នឹង​គិត​យ៉ាង​ណា​ចំពោះ​កីឡាករ​ថ្មី​ម្នាក់​ដែល​មាន​ដៃ​តែ​ម្ខាង​មែនទេ ?

សាំយ៉ូអែល ពិការ​ដៃ​ឆ្វេង​តាំង​ពី​កំណើត ។ ដៃ​ឆ្វេង​គាត់​កំបុត​ត្រឹម​កដៃ ។

សាំយ៉ូអែលនិយាយថា « មែនហើយ ។ « ដោយសារ​ពួកគេ​មិន​ស្គាល់​កូន ពួកគេ​អាច​គិតថា ក្មេង​កំបុត​ដៃ​មិន​អាច​លេង​បាល់​បោះ​បាន​ទេ » ។

« ពួកគេ​អាច​គិត​បែប​ហ្នឹង​មែន តែ​កូន​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ។ ហើយ​ការ​ទៅ​ហាត់​សម​នឹង​ជួយ​កូន​ឲ្យ​លេង​កាន់​តែ​ប្រសើរ​ឡើង » ឪពុក​បាន​និយាយ​ទាំង​ស្នាម​ញញឹម ។ « តោះ ។ យក​ខោអាវ​កីឡា និង​ដប​ទឹក​របស់​កូន​មក ។ យើង​ទៅជួប​នឹង​ក្រុម​របស់​កូន » ។

សាំយ៉ូអែល បាន​ដកដង្ហើម​ធំ ។ « បាទ​ប៉ា » ។

នៅពេល​ពួកគេ​បាន​ទៅ​ដល់​កន្លែង​ហាត់​ភ្លាម គ្រូបង្វឹក​បាន​ដើរ​មក ។

« សួស្ដី ! ខ្ញុំ​ឈ្មោះ ម៉ុនរ៉ូ ។ ក្មួយ​ប្រាកដ​ជា​កីឡា​ករ​ថ្មី​របស់​យើង​ហើយ » ។

« បាទ ខ្ញុំ​ឈ្មោះ​សាំយ៉ូអែល » ។

លោក​គ្រូ ម៉ុនរ៉ូ បាន​ពោល​ថា « យើង​រីករាយ​ដែល​មាន​ក្មួយ​ចូល​លេង​ក្នុង​ក្រុម​យើង » ។ « តោះ​ទៅជួប​នឹង​ក្មេង​ប្រុស​ផ្សេង​ទៀត » ។

ប៉ា​បាន​អង្គុយ​នៅ​លើ​កៅអីបង់ ។ សាំយ៉ូអែល បាន​យក​បាល់​របស់​គាត់ ហើយ​ដើរ​តាម​គ្រូបង្វឹក ។

លោក​គ្រូ ម៉ុនរ៉ូ បាន​ពោល​ថា « លោក​គ្រូ​ចង់ណែនាំ សាំយ៉ូអែល ជា​កីឡាករ​ថ្មី​របស់​យើង » ។ មាន​ក្មេង​ប្រុស​ពីរ​បី​នាក់​គ្រវី​ដៃ​តិចៗ​ដាក់ សាំយ៉ូអែល ។ « យើង​សំណាង​ណាស់​ដែល​មាន​គាត់​ចូលលេង​ក្នុង​ការ​ប្រកួត​ដំបូង​របស់​យើង ។ លោក​គ្រូ​គិត​ថា យើង​នឹង​មាន​ក្រុម​ដ៏​អស្ចារ្យ ការ​ប្រកួត​ដ៏​អស្ចារ្យ និង​រដូវកាល​ដ៏​អស្ចារ្យ ! »

លោកគ្រូ ម៉ុនរ៉ូ បាន​ផ្លុំ​កញ្ចែ ហើយ​ក្រុម​បាន​ចាប់ផ្ដើម​ហាត់​ធ្វើ​ចលនា​មួយ​ចំនួន ។ សាំយ៉ូអែល បាន​ឃើញ​មិត្ត​រួម​ក្រុម​គាត់​ពីរ​បី​នាក់​មើល​មក​គាត់ ពេល​គាត់​ត្រេះបាល់​ដោយ​ប្រើ​តែ​ដៃ​ស្ដាំ ។ គាត់​បាន​ព្យាយាម មិន​គិត​ពី​ពួកគេ​នោះទេ ។

អំឡុង​ពេល​សម្រាក​ញ៉ាំទឹក ក្មេង​ប្រុស​ម្នាក់​បាន​អង្គុយ​ក្បែរ​សាំយ៉ូអែល នៅ​លើ​កៅអីបង់ ។ « សួស្ដី ខ្ញុំ​ឈ្មោះ​ចាកសុន ។ តើ​ដៃ​ឯងកើត​អីដែរ ? »

« គ្មាន​អីទេ ។ ខ្ញុំ​កើត​មក​បែប​ហ្នឹង » សាំយ៉ូអែល បាន​តប ។

« ខ្ញុំ​មិន​ធ្លាប់​ឃើញមាន​អ្នក​លេង​បាល់​តែ​ដៃ​ម្ខាង​ពីមុន​មក​ឡើយ » ចាកសុន បាន​ពោល ។ « ឯង​លេង​បាន​ល្អ​ណាស់ » ។

សាំយ៉ូអែល បាន​ញញឹម ។ « អរគុណ » ។

លោកគ្រូ ម៉ុនរ៉ូ បាន​ផ្លុំកញ្ចែ​គាត់​ម្ដងទៀត ។ « នៅ​៣០ នាទី​ចុងក្រោយ យើង​នឹង​ហាត់សម​ធ្វើ​ការ​ប្រកួត » ។ គាត់​បាន​បំបែក​ក្មេង​ប្រុស​ទាំងនោះ​ជា​ពីរ​ក្រុម ។ សាំយ៉ូអែល រីករាយ​ដែល​មាន ចាកសុន នៅ​ក្នុង​ក្រុមគាត់ ។

boys playing basketball together

នៅ​សល់​មួយ​នាទី​មុន​បញ្ចប់​ការ​ប្រកួត ក្រុម​ទាំងពីរ​មាន​ពិន្ទុ​ស្មើ​គ្នា ។ មិត្ត​រួម​ក្រុម​ម្នាក់​របស់​សាំយ៉ូអែល មាន​បាល់​ក្នុង​ដៃ ហើយ​រក​មើល​មនុស្ស​ម្នាក់​ដើម្បី​បោះ​បន្ត​ឲ្យ ។ សាំយ៉ូអែល នៅក្បែរ​នោះ ត្រៀមខ្លួន​ជា​ស្រេ​ច​ដើម្បី​ចាប់​បាល់​នោះ ។ តែ​ក្មេង​ប្រុស​នោះ​បាន​បោះ​វា​ទៅ​ឲ្យ​ចាកសុន ជំនួស​វិញ ។

ចាកសុន រត់​បាន​ពីរ​បី​ជំហាន ។ រួច​បាន​ឃើញ សាំយ៉ូអែល ហើយ​បាន​បោះបាល់​នោះ​ឲ្យ​គាត់ ។ សាំយ៉ូអែល បង្វិល​ខ្លួន​ចាប់​បាល់​នោះ ហើយ​បោះ​វាចូល​ទៅ​ក្នុង​កន្ត្រក ។

ប្លុក ! បាល់​នោះ​បានចូល​ពីមុន​លោកគ្រូ ម៉ុនរ៉ូ បាន​ផ្លុំកញ្ចែ ។ ក្រុម​របស់​សាំយ៉ូអែល​បាន​ស្រែក​អបអរ ។

« បោះ​បន្ត​បាន​ល្អ​ណាស់ » សាំយ៉ូអែល បាន​និយាយ​ទៅ​កាន់ ចាកសុន កាល​ពួកគេ​បាន​ដើរ​ទៅ​កាន់​កៅអីបង់ ។

ចាកសុន និយាយ​ថា « ឯង​ក៏​បោះ​ចូល​បាន​ល្អ​ដែរ » ។ « អ្នក​ផ្សេង​ទៀត​នឹង​ដឹង​ថា មាន​ដៃ​ម្ខាង​គឺ​គ្រប់គ្រាន់​ដើម្បី​លេង​បាល់​បោះ​ហើយ » ។

សាំយ៉ូអែល បាន​ញញឹម ហើយ​បាន​យក​ដៃ​គាត់​ទៅ​ទះ​នឹង​ដៃ​របស់​ចាកសុន ។ គាត់​គិត​ថា លោក​គ្រូម៉ុនរ៉ូ​និយាយ​ត្រូវ​ណាស់ ។ យើង​នឹង​មាន​ក្រុម​ដ៏​អស្ចារ្យ ការ​ប្រកួត​ដ៏​អស្ចារ្យ និង​រដូវកាល​ដ៏​អស្ចារ្យ ។

Page from the May/June 2022 Friend Magazine.

រចនារូបភាព​ដោយ សាន់ដ្រា អ៊ីឌី