២០២២
ក្រុម និង​ ទេពកោសល្យ
ខែឧសភា/ខែមិថុនា ឆ្នាំ២០២២


ក្រុម និង ទេពកោសល្យ

ក្រុម​ដ៏​ល្អ​បំផុត​ធ្វើ​ការ​រួម​គ្នា ហើយ​ជួយ​គ្នា​ឲ្យកាន់​តែ​ប្រសើរ​ឡើង ។

girl running and playing soccer

« ជីលាន រត់ លឿនឡើងៗ ! » ប៉ា​បាន​ស្រែក​ឡើង ។ ប៉ា​របស់​ជីលាន​គឺជា​គ្រូបង្វឹក​ក្រុម​បាល់ទាត់​របស់​នាង ។ ពួកគេ​បាន​ហាត់​សម​យ៉ាង​ខ្លាំង ​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ដណ្ដើម​យក​ជើង​ឯក ។ ថ្ងៃ​ក្ដៅ​ខ្លាំង​ណាស់ ប៉ុន្តែ​ជីលាន​នៅ​តែ​បន្ត​រត់ ។

នៅ​ទីបំផុត ប៉ា បាន​ផ្លុំ​កញ្ចែ ។ « តោះ​យើង​សម្រាក​សិន​ » ។

ជីលាន បាន​ចាប់យក​ដប​ទឹក​នាង ហើយ​ទៅ​អង្គុយ​នៅ​លើ​កៅអី​បង់​ជិត​ក្មេង​ប្រុស​ផ្សេង​ទៀត ។ នាងគឺជា​ក្មេង​ស្រី​តែ​ម្នាក់​គត់​នៅ​ក្នុង​ក្រុម តែ​នាង​មិន​ខ្វល់​នោះទេ ។ ពួកគេ​ធ្វើ​ការ​រួម​គ្នា ហើយ​ជួយ​គ្នា​ឲ្យកាន់​តែ​ប្រសើរ​ឡើង ។ ទោះ​ជា​នាង​នឿយ​ហត់ ហើយ​បែក​ញើស​ជោគជាំ​ក្ដី ក៏​នាង​នៅ​តែ​មាន​ចិត្ត​រីករាយ​ដើម្បី​លេង​ជាមួយ​នឹង​ក្រុម​នាង​ដែរ ។

នាង​បាន​សួរ​ថា « ប៉ា ថ្ងៃ​នេះ​តើ​យើង​លេង​យ៉ាង​ម៉េច​ដែរ ? »

ប៉ា បាន​ញញឹម ។ « ល្អ​ខ្លាំង​ណាស់ ! ប៉ា​គិត​ថា ក្រុម​នេះ​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ប្រកួត​ហើយ » ។

ជីលាន បាន​ញញឹម​តប​ទៅ​វិញ ។ រាល់​ការ​ខិតខំ​របស់​ពួកគេ​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់ !

នៅ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពីការ​ហាត់សម ជីលាន បាន​ឃើញ​មិត្ត​នាង​ឈ្មោះ ម៉ី ។ ពួកគេ​ធ្លាប់​រៀន​ថ្នាក់​កុមារ​ជាមួយ​គ្នា ។ ប៉ុន្តែ ម៉ី មិន​បាន​ទៅ​ថ្នាក់​កុមារ​អស់​មួយ​រយៈហើយ ។

two girls talking

ជីលាន បាន​ញញឹមដាក់​ម៉ី ។ « សួស្ដី ម៉ី ! ខ្ញុំមិន​ឃើញ​ឯង​ទៅ​ថ្នាក់​កុមារសោះ ។ តើ​ឯង​សុខសប្បាយ​ទេ ?

ម៉ី បាន​ឱនមុខ​មើល​ស្បែក​ជើង​ខ្លួន ។ « ម៉ាក់​ខ្ញុំ​មិន​ចង់​ឲ្យ​ខ្ញុំ​ទៅ​ព្រះវិហារ​ទេ » ។

« មាន​រឿង​អីទៅ ? »

« ខ្ញុំ​អត់​ដឹងទេ » ។ ម៉ី បាន​ងើប​មុខ​ឡើង ។ « ប៉ុណ្ណឹងចុះ​ខ្ញុំ​ត្រូវ​ទៅ​ហើយ » ។

ជីលាន បាន​គ្រវី​ដៃ​ហើយ​មើល​ម៉ី ដើរ​ចេញ​ទៅ ។ នាង​បាន​ងឿង​ឆ្ងល់ថាតើ​ខ្ញុំ​អាច​ជួយ​ម៉ី ដូចម្ដេច​ទៅ ?

ពេល ជីលាន បាន​ទៅ​ដល់​ផ្ទះ​វិញ នាងបាន​យក​កូន​ហ្គីតា​របស់​នាង​មក​លេង​បទ​កុមារ​មួយ​ចំនួន ។ រួច​នាង​បាន​អញ្ជើញ​បងប្អូន​ប្រុស​នាង​ឲ្យ​ច្រៀង​តាម ។ ពួកគេ​បាន​ច្រៀង​រហូត​ដល់​ម៉ាក់​ហៅ​ពួកគេ​ឲ្យបរិភោគអាហារ​ពេល​ល្ងាច ។

ម៉ាក់បាន​និយាយថា « ម៉ាក់​នឹង​ទៅ​សួរ​សុខទុក្ខ​បងស្រី អូរៀ នៅ​ថ្ងៃ​ស្អែក » ។

« អ្នកមីង អូរៀ គឺជា​ម៉ាក់​របស់​ម៉ី មែនទេ ? » ជីលាន បាន​សួរ ។ « តើ​កូន​អាច​ទៅ​ជាមួយ​ម៉ាក់​បាន​ទេ ? ម៉ី មិន​បាន​ទៅ​ថ្នាក់​កុមារ​ទេ ។ ហើយ​ថ្ងៃ​នេះ កូនឃើញ​នាង​ដូចជា​ក្រៀមក្រំ​ណាស់ » ។

ម៉ាក់​បាន​ឆ្លើយ​ថា « កូន​ពិត​ជា​អាច​ទៅ​បាន » ។

« កូន​នឹង​យក​កូន​ហ្គីតា របស់​កូន​ទៅ​ជាមួយ​ដែរ ! កូន​អាច​លេង​បទ​កុមារ​បាន ។ កូន​គិត​ថា នាង​ចង់​ច្រៀង​បទ​ទាំង​នោះ » ជីលាន បាន​និយាយ ។

girl and mom walking

លុះ​ស្អែកឡើង ពេល​ពួកគេ​ទៅ​ដល់​ផ្ទះ​របស់ ម៉ី ជីលាន បាន​ទៅ​ឱប​ម៉ី យ៉ាង​ខ្លាំង ។ កាល​ម៉ាក់​ពួកគេ​កំពុង​និយាយ​គ្នា ក្មេង​ស្រី​ទាំង​ពីរ​នាក់​បាន​ចេញ​ទៅ​ខាងក្រៅ ។ ជីលាន បាន​លេង​កូនហ្គីតា​របស់​នាង ហើយ​ម៉ី បាន​ជ្រើសរើស​បទចម្រៀង ។ ពួកគេ​បាន​សើច​សប្បាយ ហើយ​ច្រៀង​រួម​គ្នា​រហូត​ដល់ពេល​ជីលាន​ត្រូវ​ត្រឡប់​ទៅ​វិញ ។

ជីលាន បាន​និយាយ​ថា « ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ជួប​ឯង » ។ « ពួកយើង​ចង់​ឃើញ​ឯង​ទៅ​ថ្នាក់​កុមារ​វិញ » ។

« ខ្ញុំ​ចង់​ទៅ​ណាស់ ។ ប្រហែល​ជា​ខ្ញុំ​ត្រូវ​សុំ​ម៉ាក់​ខ្ញុំ​ម្ដងទៀត » ។

girl playing ukulele for her friend

លុះ​ថ្ងៃ​អាទិត្យ​បន្ទាប់ ម៉ី បាន​ទៅ​ព្រះវិហារ ។ ជីលាន បាន​អង្គុយ​ក្បែរ​នាង ។ ជីលាន បាន​និយាយ​ថា « ខ្ញុំ​រីករាយ​ណាស់ ដែល​ឯង​អាច​មក​បាន » ។

ម៉ី បាន​ញញឹម ។ « ខ្ញុំ​ក៏​ដូចគ្នា​ដែរ » ។

ពីរបី​ថ្ងៃ​ក្រោយមក ថ្ងៃ​ចុង​ក្រោយ​សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ដ៏​ធំ​នោះ​បាន​មក​ដល់ ។ ជីលាន បាន​សុំ​ក្រុម​ឲ្យ​ធ្វើ​ការ​អធិស្ឋាន​ពីមុន​ធ្វើ​ការ​ប្រកួតនោះ ។ បន្ទាប់មក​ការប្រកួត​បាន​ចាប់ផ្ដើម ។ ជីលាន បាន​រត់យ៉ាងលឿន​តាម​ដែល​នាង​អាច ធ្វើ​បាន ។ នាង​បាន​ធ្វើ​ការ​ជាមួយ​នឹង​ក្រុម​ដើម្បី​ដណ្ដើម​យក​បាល់ ហើយ​ទាត់​បញ្ចូល​ទី ។ ក្រុម​នាង​ឈ្នះ​ការ​ប្រកួត​នោះ !

ពេល​នាង​ចូល​គេង​នៅយប់នោះ ជីលាន បាន​គិត​ដល់ ម៉ី និង​ក្រុម​បាល់​ទាត់​របស់​នាង ។ នាង​មាន​ចិត្ត​រីករាយ​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ក្រុម​មួយ ដូចគ្នា​នឹង​ការ​ចូលរួម​ចំណែក​ក្នុងថ្នាក់​កុមារ​ដែរ ។ ពួកគេ​បាន​ជួយ​គ្នា​ទៅវិញ​ទៅ​មក ។ ជីលាន​រីករាយ​ដែល​នាង​អាច​ជួយ​មិត្ត​នាង មិន​ថា​នៅ​ឯង​ព្រះវិហារ ឬ​នៅ​លើ​ទីលេង​កីឡា​នោះទេ ។

PDF of story

រចនារូបភាព​ដោយ ម៉ាកូស កាឡូ