អ្នកត្រួសត្រាយនៅគ្រប់ដែនដី
ថម និងជំងឺគ្រុនផ្ដាសាយដ៏គួរឲ្យខ្លាច
ថម បានដឹងថា ព្រះនឹងជួយពួកគេ ។
ថម បាននិយាយដោយទន់ភ្លន់ថា « នេះនែ៎តាម៉ា( ប៉ា ) » ។ ឪពុករបស់ថមអង្គុយចុះយឺតៗនៅលើកន្ទេលដេករបស់គាត់ ។ ថមបានជួយគាត់បឺតទឹកដូងថ្មីៗខ្លះ ។
តាម៉ា និងសមាជិកផ្សេងទៀតក្នុងគ្រួសារថមបានឈឺជាច្រើនថ្ងៃមកហើយ ។ អ្នកភូមិផ្សេងទៀតស្ទើរតែទាំងអស់ក៏ឈឺផងដែរ ។ ជំងឺរាតត្បាតមួយបានមកដល់កោះនេះ—គឺជំងឺគ្រុនផ្តាសាយអេស្ប៉ាញ ។
ថមបានដើរនៅខាងក្រៅ ។ គាត់គឺជាមនុស្សតែម្នាក់ដែលមានសុខភាពល្អល្មមដើម្បីមើលថែដល់មនុស្សដទៃទៀត ។ ហើយមានក្រុមគ្រួសារជាច្រើនត្រូវការជំនួយ ។
ខ្ញុំត្រូវការទឹកដូងច្រើនទៀតថមបានគិត ។ គាត់បានឡើងលើដើមដូងមួយដ៏ខ្ពស់ ។ ពេលគាត់ឡើងដល់ចុង គាត់បានបេះផ្លែដូងមួយចំនួន ហើយទម្លាក់វាមកលើដី ។
ពេលគាត់ចុះមកវិញ ថមបានគិតពីអ្នកភូមិគាត់ ។ វាគួរឲ្យខ្លាចណាស់ ដោយឃើញមានមនុស្សជាច្រើនឈឺ ។
កាលពីឆ្នាំទៅ ប្អូនប្រុសរបស់ថមឈ្មោះអៃឡាម៉ា បានឈឺ ។ ការណ៍នោះក៏គួរឲ្យខ្លាចដែរ ។ ថម និងគ្រួសារគាត់បានអធិស្ឋានរួមគ្នាសម្រាប់ប្អូនគាត់ ។
បន្ទាប់មក តាម៉ា បានមានសុបិនពិសេសមួយ ។ សុបិននោះបានបង្ហាញគាត់ពីរបៀបជួយ អៃឡាម៉ា ឲ្យបានគ្រាន់បើឡើង—គឺដោយបុកសំបកឈើពីដើមវីលីវីលី ដើម្បីយកទឹក ។ ថម បានជួយតាម៉ាមើលថែ អៃឡាម៉ា ហើយពួកគេបានឲ្យគាត់ផឹកទឹកពីដើមនោះ ។ ហើយអៃឡាម៉ាបានគ្រាន់បើឡើង !
ថម បានដឹងថា ព្រះបានជួយពួកគេនៅពេលនោះ ។ ហើយគាត់ដឹងថា ព្រះនឹងជួយពួកគេនៅពេលនេះ ។
ថម បានកាត់ដូង ។ ក្លិនក្រអូបនៃទឹកដូងនោះបានធ្វើឲ្យគាត់បានប្រសើរបន្តិច ។ គាត់បានដើរពីផ្ទះមួយទៅផ្ទះ មួយទៀតនៅក្នុងភូមិ ដើម្បីចែកទឹកដូងខ្លះដល់អ្នកជិតខាងគាត់ ។ រួចគាត់ទៅផ្ទះបន្ទាប់ទៀត ។ ហើយផ្ទះបន្ទាប់ទៀត ។
ជាច្រើនសប្តាហ៍បានកន្លងផុតទៅ ។ រៀងរាល់ថ្ងៃ ថម បានខិតខំមើលថែដល់មនុស្សគ្រប់គ្នា ។ គាត់បានចាប់មាន់ដើម្បីចម្អិនជាស៊ុបក្ដៅៗដើម្បីចែករំលែងដល់មនុស្សដទៃ ។ គាត់បានរែកទឹកពីអូរទុកឲ្យមនុស្សគ្រប់គ្នាហូប ។
មានអ្នកភូមិមួយចំនួនបានស្លាប់ ។ តាម៉ា ក៏បានស្លាប់ដែរ ។ ថម ពិបាកធ្វើចិត្តខ្លាំងណាស់ ។ ភូមិទាំងមូលបានជួបភាពសោកសៅ ។ តែទោះជាយ៉ាងណាក្ដី ក៏ថមបានចាំថា ព្រះស្រឡាញ់គាត់ ហើយបានជួយគាត់ ។
ថម មិនបានឈប់ជួយមនុស្សដទៃឡើយ ។ មួយរយៈក្រោយមក មនុស្សទូទៅបានចាប់ផ្ដើមប្រសើរឡើងវិញ ។
នៅទីបំផុត ជំងឺរាតត្បាតផ្ដាសាយនោះបានបញ្ចប់ ។ មនុស្សឈប់ឈឺទៀតហើយ ។ ថម និងអៃឡាម៉ា អាចទៅសាលារៀនជាថ្មី ។ ថម នឹកតាម៉ាជានិច្ច ។ តែគាត់ដឹងថា គាត់នឹងជួបប៉ាគាត់ម្ដងទៀតនៅថ្ងៃណាមួយ ។ ហើយគាត់បានដឹងថា ព្រះវរបិតាសួគ៌នឹងជួយគាត់ជានិច្ច ។