ការប្ដូរវេនគ្នាទៅព្រះវិហារ
ជេននី បាននិយាយថា « ពេលបងមកវិញ សូមប្រាប់ខ្ញុំពីបទចម្រៀងដែលច្រៀងក្នុងថ្នាក់កុមារផង » ។
បងស្រីនាងឈ្មោះ មៀរៀម បានតបទាំងកំពុងពាក់ស្បែកជើងថា « ចាំបងប្រាប់ » ។
មិនមែនមនុស្សគ្រប់គ្នានៅក្នុងគ្រួសាររបស់ជេននី អាចទៅព្រះវិហាររៀងរាល់ថ្ងៃអាទិត្យនោះទេ ។ នៅក្នុងគ្រួសាររបស់ជេននី មានមនុស្សប្រាំមួយនាក់ ។ តែម៉ាក់មានប្រាក់ល្មមអាចទិញបានសំបុត្ររថយន្តក្រុងតែពីរប៉ុណ្ណោះរៀងរាល់សប្ដាហ៍ ។ ដូច្នេះ ពួកគេត្រូវប្ដូរវេនគ្នាជិះរថយន្តក្រុងទៅព្រះវិហារ ។
ជេននី ប្រាថ្នាឲ្យនាងអាចទៅព្រះវិហាររៀងរាល់សប្ដាហ៍បាន ។ នាងចូលចិត្តរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ នាងចូលចិត្តច្រៀងចម្រៀងក្នុងថ្នាក់កុមារ ។ នាងចង់ជួបនឹងមិត្តភក្ដិនាង ។ លើសពីនេះទៀត នាងចង់មាននូវអារម្មណ៍កក់ក្ដៅ ហើយរីករាយដែលនាងតែងតែមាននៅឯព្រះវិហារ ។ តែនៅថ្ងៃនេះនាងត្រូវនៅផ្ទះ ។
« ដល់ម៉់ោងត្រូវទៅហើយ » ។ ម៉ាក់ បានឱបលា ជេននី និងប្អូនប្រុសនាង ព្រមទាំងបងប្អូនស្រីនាង ។
ជេននី ព្យាយាមញញឹម ពេលមៀរៀម និងម៉ាក់បានចេញទៅ ។ តែនាងបានអួលដើម-ក ពេលនាងមើលពួកគាត់ដើរចេញទៅ ។ ជេននីបានគិតថាខ្ញុំប្រាថ្នាចង់ឲ្យវាជាវេនរបស់ខ្ញុំណាស់ ។ វាតែងតែមានការពិបាកដើម្បីនៅផ្ទះ ។
« តើចង់ផាត់រូបទេ ? » ប្អូនប្រុសជេននី ឈ្មោះ ម៉ាកូ បានយកក្រដាស និងខ្មៅដៃពណ៌មួយចំនួនឡើង ។
ជេននីបានងក់ក្បាល ។
លុះពីរបីម៉ោងក្រោយមក ជេននី បានអានរឿង និងផាត់រូបជាមួយនឹងម៉ាកូ និងបងៗស្រីរបស់ពួកគេ ។ វាសប្បាយ តែជេននី នៅតែគិតដល់ព្រះវិហារ ។ ឥឡូវនេះ តើពួកគេកំពុងរៀនបទថ្មីក្នុងថ្នាក់ដែរទេ ? តើថ្ងៃនេះរៀនមេរៀនអ្វីទៅ ?
នៅទីបំផុត ជេននី បានឮសំឡេងទ្វារមុខផ្ទះបើក ។ ម៉ាក់ និងមៀរៀន បានមកដល់ផ្ទះវិញហើយ !
« ម៉ាក់ ! មៀរៀម ! » ជេននី បានរត់សំដៅទៅមាត់ទ្វារ ហើយឱបពួកគាត់ ។
ម៉ាក់ បានដាក់កាបូបគាត់ចុះ ។ « ចូរយើងនិយាយអំពីអ្វីដែលយើងបានរៀននៅព្រះវិហារ » ។
ទាំងអស់គ្នាបានអង្គុយចុះជុំគ្នា ។ ម៉ាក់ បានដកយកកូនសៀវភៅទំនុកតម្កើងចេញពីកាបូបរបស់គាត់ ។ គ្រួសាររបស់ជេននី បានច្រៀងបទ« ក្រុមគ្រួសារអាចនៅជាមួយគ្នានិរន្តរ » ។ នាងចេះគ្រប់ពាក្យ ។
រួចជេននី បានសួរមៀរៀមអំពីថ្នាក់កុមារ ។ មៀរៀម បើកព្រះគម្ពីរមរមនរបស់នាង ហើយបានដកយកក្រដាសបត់មួយសន្លឹកចេញមក ។ នាងបានលើកវាឡើង ដើម្បីមនុស្សគ្រប់គ្នាអាចមើលឃើញ ។ វាគឺជារូបភាពរបស់ព្រះយេស៊ូវដែលនាងបានផាត់ពណ៌ជាមួយនឹងកុមារមួយចំនួន ។
« យើងបានផាត់រូប ហើយច្រៀងបទ « ខ្ញុំព្យាយាមប្រែក្លាយដូចព្រះយេស៊ូវ » ។ រួចយើងបាននិយាយពីរបៀបដែលព្រះយេស៊ូវអាចជួយមនុស្សគ្រប់គ្នា » ។
ម៉ាក់បានពោលថា « យើងបាននិយាយអំពីរឿងនោះក្នុងថ្នាក់ស្ត្រីដែរ » ។ « ព្រះយេស៊ូវគ្រីស្ទអាចជួយយើង ពេលយើងភ័យខ្លាច ឬឯកោ » ។ ម៉ាក់ បានយកក្រដាសមួយសន្លឹកចេញពីកាបូបរបស់គាត់ ។ « គ្រូបង្រៀនឲ្យពាក្យដកស្រង់មកពីព្យាការី នេះ ដល់មនុស្សគ្រប់គ្នា ។ នៅពេលបងប្អូនជ្រើសរើសរស់នៅខាងព្រះអម្ចាស់ បងប្អូននឹងមិនឯកោឡើយ » ។*
« ទោះជានៅផ្ទះក្ដី ! » ជេននី បាននិយាយ ។
ម៉ាក់បានញញឹម ។ « ទោះជានៅផ្ទះក្ដី ។ យើងអាចទទួលអារម្មណ៍ថា ព្រះអង្គសង្គ្រោះនៅជិតយើងជានិច្ច » ។
ជេននី បានញញឹម ។ នាងមិនបានទៅព្រះវិហាររៀងរាល់សប្ដាហ៍ទេ ។ តែនាងអាចទទួលអារម្មណ៍ថា នៅជិតនឹងព្រះយេស៊ូវនៅផ្ទះបាន ។ ហើយនាងរីករាយពេលដល់វេននាងទៅព្រះវិហារម្ដងទៀតក្នុងពេលឆាប់ៗ ។