ជំនួយបន្ថែមបន្តិចទៀត
ឆ្អឹងដាយណូស័រស្តាប់ទៅវាសប្បាយជាងការព្យាបាលការនិយាយទៅទៀត ។
កញ្ញាជេនគីនបាននិយាយថា « អាឡិច ដល់ពេលដែលត្រូវទៅព្យាបាលការនិយាយហើយ » ។
អាឡិចបានឱនក្បាលគាត់ចុះ ។ ការព្យាបាលការនិយាយគឺជាថ្នាក់ពិសេសមួយដែលគាត់ចូលរួម ។ គាត់ពិបាកបញ្ចេញសំឡេងពាក្យមួយចំនួន ។ ដូច្នេះគាត់ត្រូវហាត់និយាយវាក្នុងថ្នាក់រៀននិយាយពីរបីដងក្នុងមួយសប្ដាហ៍ ។ គ្រប់ពេលដែលគាត់ចេញពីថ្នាក់រៀនធម្មតារបស់គាត់ គាត់ខ្មាស់អៀនខ្លាំងណាស់ !
គាត់បានសំឡឹងមើលគ្រូរបស់គាត់ ។ គាត់បានខ្សឹបថា « តើខ្ញុំអាចសុំឈប់បានទេ ? » តែថ្ងៃនេះប៉ុណ្ណោះ ? »
ថ្ងៃនេះ លោក ថីមមុនបានមកថ្នាក់របស់អាឡិចដើម្បីនិយាយអំពីដាយណូស័រ ។ លោក ថីមមុនធ្វើការនៅសារមន្ទីរដែលមានឆ្អឹងដាយណូស័រអស្ចារ្យជាច្រើន ។ គាត់ថែមទាំងយកឆ្អឹងដែលមានអាយុកាលរាប់ពាន់ឆ្នាំមកជាមួយទៀតផង ! អាឡិចមិនចង់បាត់បង់ឱកាសនេះឡើយ ។
កញ្ញាជេនគីសបានញញឹម ។ « ប្អូននៅតែត្រូវទៅថ្នាក់ហាត់និយាយរបស់ប្អូនដដែល ។ ប៉ុន្តែប្អូនអាចមកទាន់ពេលសម្រាប់វគ្គចុងក្រោយនៃការសន្ទរកថារបស់លោកថីមមុន » ។
អាឡិចខំញញឹមតបទៅវិញទាំងពិបាក ។ គាត់បានដើរយឺតៗទៅកាន់ថ្នាក់ព្យាបាលការនិយាយ ។ នៅក្នុងថ្នាក់ពួកគេបានហាត់និយាយសំឡេងដដែលម្ដងហើយម្ដងទៀត ។ ការរៀនអំពីដាយណូស័រប្រហែលជាសប្បាយជាង ។
គាត់បានប្រាប់គ្រូព្យាបាលការនិយាយរបស់គាត់ថា « ខ្ញុំស្អប់សម្លេងឆ្កួតៗទាំងនេះណាស់ » ។ ខ្ញុំមានអារម្មណ៍ដូចជាកូនក្មេងអីចឹង » ។
នាងបាននិយាយថា « ប្អូនមិនមែនជាកូនក្មេងទេ » ។ ពេលខ្លះ យើងគ្រប់គ្នាត្រូវការជំនួយតិចតួចបន្ថែមទៀត ។ តើប្អូនដឹងទេថា អ្នកគ្រូមានការព្យាបាលការនិយាយពេលអ្នកគ្រូមានវ័យស្របាលប្អូន ? »
ការណ៍នោះបានធ្វើឲ្យអាឡិចធូរចិត្តបន្តិច ។ គាត់បានខំហាត់ធ្វើសំឡេងរបស់គាត់សម្រាប់ម៉ោងដែលនៅសល់ក្នុងថ្នាក់ ។
ពេលអាឡិចត្រឡប់ទៅថ្នាក់កញ្ញាជេនគីនវិញ គាត់បានឃើញមិត្តរបស់គាត់ឈ្មោះឃតនីកំពុងដើរចេញទៅ ។
គាត់បានសួរថា « តើឯងទៅណាហ្នឹង ? »
ឃតនីបានឈ្ងោកមុខចុះ ។ « ខ្ញុំមានបញ្ហាជាផ្នែកការអាន ។ ខ្ញុំត្រូវទៅថ្នាក់ពិសេសមួយដើម្បីរៀនអាន » ។ ឃតនីហាក់ដូចជាខ្មាស់អៀន ។
អាឡិចបាននិយាយថា « វាមិនអីទេ » ។ ខ្ញុំទើបតែត្រឡប់មកពីថ្នាក់រៀននិយាយរបស់ខ្ញុំដែរ ។ ខ្ញុំបានចំណាយនៅក្នុងថ្នាក់នោះធ្វើសំឡេងដដែលៗម្ដងហើយម្ដងទៀត » ។ គាត់បានធ្វើមុខជូរ ។
« មែនក៏អី ? »
គាត់បានងក់ក្បាល ។ « ខ្ញុំបានទៅថ្នាក់ព្យាបាលការនិយាយពីរឆ្នាំហើយ » ។
នាងបានសួរថា « ហេតុអ្វីក៏ខ្ញុំមិនដឹង ? »
អាឡិចបានគ្រវីក្បាល ។ « ខ្ញុំមិនបានប្រាប់នរណាទេ ។ ខ្ញុំខ្លាចពួកគេសើចចំអកខ្ញុំ » ។
ឃតនីបាននិយាយថា « ខ្ញុំនឹងមិនសើចចំអកឯងឡើយ » ។ ខ្ញុំរីករាយដែលឯងត្រឡប់មកទាន់ពេលដើម្បីឃើញឆ្អឹងដាយណូស័រ ។ វាពិតជាអស្ចារ្យណាស់ ! » គាត់បានបក់ដៃលា ។ « ខ្ញុំត្រូវទៅហើយ ។ ជួបគ្នាពេលក្រោយ » ។
មិនយូរប៉ុន្មានអាឡិចបានដឹងថា មិនមែនតែគាត់ និងឃតនីប៉ុណ្ណោះទេដែលបានទៅរៀនថ្នាក់ផ្សេងទៀតនោះ ។ ថមមីបានទៅរៀនថ្នាក់មួយដើម្បីជួយគាត់រៀនជំនាញសង្គមឲ្យកាន់តែប្រសើរ ។ ហើយបេកាបានរៀនជាមួយនឹងគ្រូពិសេសម្នាក់ដើម្បីជួយឲ្យដៃនាងមានកម្លាំងក្រោយពីមានការឈឺចាប់មក ។
ឥឡូវនេះ អាឡិចបានមានអារម្មណ៍ល្អចំពោះថ្នាក់រៀននិយាយរបស់គាត់ ។ គាត់ចង់ជួយក្មេងផ្សេងទៀតឲ្យមានអារម្មណ៍ល្អដែរ ។ គាត់បានហាត់អានជាមួយឃតនី ហើយបាននិយាយនឹងថមមីពេលបរិភោគអាហារថ្ងៃត្រង់ ។ ពេលខ្លះមនុស្សគ្រប់គ្នាត្រូវការជំនួយតិចតួចបន្ថែមទៀត ហើយវាមិនអីទេ !