« ចូរផ្ដោតចិត្តលើព្រះវិហារបរិសុទ្ធ » ប្រិយមិត្ត ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ២–៣ ។
សារលិខិតសន្និសីទមកពីព្យាការី
ចូរផ្ដោតចិត្តលើព្រះវិហារបរិសុទ្ធ
បានកែសម្រួលមកពី « Focus on the Temple » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
ថ្មីៗនេះ ស៊ីស្ទើរ ណិលសុន និងខ្ញុំបានមើលវីដេអូព្រះគម្ពីរមរមនថ្មី ។ វីដេអូមួយបានបង្ហាញព្រះអង្គសង្គ្រោះដែលកំពុងបង្ហាញព្រះកាយដល់ពួកសាសន៍នីហ្វៃ ។ ទ្រង់បានមានបន្ទូលថា « មើលចុះ យើងគឺព្រះយេស៊ូវគ្រីស្ទ ។ … យើងជាពន្លឺ ហើយជាជីវិតនៃពិភពលោក » ( នីហ្វៃទី៣ ១១:១០–១១ ) ។
វាសំខាន់ណាស់ដែលព្រះអង្គសង្គ្រោះបានបង្ហាញព្រះកាយដល់មនុស្សនៅឯព្រះវិហារបរិសុទ្ធ ។ ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ទ្រង់ ។ ព្រះវិហារបរិសុទ្ធពោរពេញដោយព្រះចេស្តារបស់ទ្រង់ ។
ព្រះអម្ចាស់កំពុង ពន្លឿន ការសាងសង់ព្រះវិហារបរិសុទ្ធ ។ ការណ៍នេះកើតឡើង ដើម្បីឲ្យមនុស្សជាច្រើនទៀតអាចទៅព្រះវិហារបរិសុទ្ធបាន ។ ខ្ញុំសូមសន្យាថា ការទៅព្រះវិហារបរិសុទ្ធកាន់តែញឹកញាប់ នឹងផ្តល់ពរជ័យដល់មនុស្សទាំងអស់ ដែលគ្មានរបៀបណាផ្សេងទៀតអាចផ្តល់ឲ្យបាននោះទេ ។
នៅក្នុងសន្និសីទ ខ្ញុំបានប្រកាសព្រះវិហារបរិសុទ្ធចំនួន ១៨ ថែមទៀត ។ នៅក្នុងទីក្រុងធំៗមួយចំនួន មនុស្សចំណាយពេលយូរដើម្បីធ្វើដំណើរទៅកាន់ព្រះវិហារបរិសុទ្ធនៅក្នុងទីក្រុងរបស់ពួកគេ ។ ដូច្នេះ យើងនឹងសាងសង់ព្រះវិហារបរិសុទ្ធបីបួនទៀតនៅក្នុងទីក្រុងធំៗទាំងនេះមួយចំនួន ។ ព្រះវិហារបរិសុទ្ធថ្មីចំនួនបួននឹងត្រូវសាងសង់ឡើងនៅក្បែរទីក្រុងម៉ិកស៊ិក ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ សូមបងប្អូនផ្តោតចិត្តលើព្រះវិហារបរិសុទ្ធ ឲ្យបានខ្លាំងជាងមុនដែលមិនធ្លាប់បានធ្វើពីមុនមក ។ ខ្ញុំសូមផ្តល់ពរជ័យឲ្យបងប្អូនខិតកាន់តែជិតព្រះ និងព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ ។ ខ្ញុំស្រឡាញ់បងប្អូន ។ សូមព្រះគង់ជាមួយនឹងបងប្អូន រហូតដល់យើងជួបគ្នាម្តងទៀត ។
ព្រះយេស៊ូវបានយាងមកជួបពួកសាសន៍នីហ្វៃ
ព្រះអង្គសង្គ្រោះបានបង្ហាញព្រះកាយដល់ពួកសាសន៍នីហ្វៃនៅឯព្រះវិហារបរិសុទ្ធ ដោយសារទីនោះជាព្រះដំណាក់របស់ទ្រង់ ។ ព្រះកំពុងប្រទានពរដល់យើងឲ្យមានព្រះវិហារបរិសុទ្ធជាច្រើនថែមទៀតដើម្បីពង្រឹង និងការពារយើង ។