ពួកអ្នកត្រួសត្រាយនៅគ្រប់ដែនដី
ហ្វីលីពរកឃើញផ្លូវ
ហ្វីលីព បានអធិស្ឋានថា « សូមជួយពួកកូនរកឃើញផ្លូវ » ។
ហ្វីលីពដឹងថាវាជិតយប់ហើយ ។ សត្វបក្សាបក្សីបានឈប់ស្រែកយំ ហើយសត្វចង្រិតក៏បន្លឺសំឡេងយ៉ាងខ្លាំង ។ គាត់ និងម្តាយរបស់គាត់បានដើរនៅក្នុងព្រៃអស់ជាងពីរម៉ោង ។ ប៉ុន្តែផ្លូវនីមួយៗដែលពួកគាត់បានដើរទៅគឺចុងក្រោយមើលទៅដូចគ្នា ។ ពួកគាត់បានវង្វេងផ្លូវ ។
ហ្វីលីពបានចាប់ផ្តើមខ្លាចយ៉ាងខ្លាំង ។ តើពួកគាត់អាចរស់នៅក្នុងព្រៃនេះបានយូរប៉ុណ្ណា ? គាត់ទើបតែអាយុ ១០ ឆ្នាំប៉ុណ្ណោះ ។ វ័យនេះពុំធំគ្រប់គ្រាន់ដើម្បីវាយតបនឹងសត្វពស់ ឬជ្រូកព្រៃនោះទេ ។ ហើយតើសត្វដ៏គួរឲ្យខ្លាចផ្សេងៗទៀតណាខ្លះដែលអាចដើរក្រវែលក្រោយថ្ងៃលិច ? គំនិតនេះបានធ្វើឲ្យគាត់់ខ្លាចព្រឺឆ្អឹងខ្នង ។
ត្រូវក្លាហាន គាត់បានប្រាប់ខ្លួនឯង ។ គាត់បានដឹងថាគាត់ត្រូវតែក្លាហាន ។
ហ្វីលីពចង់ឲ្យប៉ាគាត់នៅទីនោះ ។ ប៉ុន្តែគាត់បានស្លាប់ប្រាំមួយខែកន្លងទៅហើយ ។ ដោយគ្មានគាត់ អ្វីៗជាច្រើនមានការលំបាកសម្រាប់ហ្វីលីព និងម៉ាក់របស់គាត់ ។ ពួកគាត់បានអស់លុយ និងអាហារ ។
ហ្វីលីពបានសង្ឃឹមថាពួកគាត់នឹងអាចទៅដល់ផ្ទះបងស្រីរបស់គាត់នៅជើងភ្នំម្ខាងទៀតឆាប់ៗ ។ នាងអាចឲ្យលុយខ្លះដល់ពួកគាត់ទិញអង្ករ ។
គាត់បានពោលពាក្យអធិស្ឋាននៅក្នុងចិត្តរបស់គាត់ ។ « ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមជួយពួកកូនអាចរកផ្លូវឃើញផង ។ ឱ ព្រះវរបិតាអើយ » ។
បន្ទាប់មក គំនិតមួយបានផុសឡើងចំពោះគាត់ ៖ មើលទៅដើមដូងនោះទៅ ។ ហ្វីលីពបានមើលទៅលើ ។ នៅទីនោះពីចម្ងាយមានចម្ការដើមដូង ។ គាត់អាចឃើញដើមដូងទាំងនោះខ្ពស់ជាងព្រៃផ្សេងៗ ។ ស្លឹកដូងបក់គ្រវីក្នុងអាកាស ។ អស់ជាច្រើនម៉ោង នេះជាលើកទីមួយហើយដែលហ្វីលីពបានមានអារម្មណ៍ថាមានសង្ឃឹម ។
« មើលហ្ន៍ ! » គាត់បានចង្អុលទៅដើមនោះ ។
ម្តាយរបស់គាត់បានយល់ ។ ដើមដូងមានន័យថា មានភូមិនៅក្បែរ ។ ព្រះបានឆ្លើយតបការអធិស្ឋានរបស់ហ្វីលីព ។ ហ្វីលីពបានកាន់ដៃម្តាយរបស់គាត់ ។ ពួកគាត់បានដើរទៅរកទីសុវត្ថិភាពកាលដែលព្រះអាទិត្យលិចទាបជាងដើមឈើ ។
ហ្វីលីពតែងតែចងចាំជានិច្ចពីរបៀបដែលព្រះបានឆ្លើយតបការអធិស្ឋានរបស់គាត់ ។ នៅពេលខ្លះ គាត់ប្រាថ្នាថាគាត់ អាចស្តាប់ឮព្រះសូរសៀងរបស់ព្រះបានប្រសើរជាង ដូចជាអ្វីដែលគាត់បានឮនាយប់នៅក្នុងព្រៃនោះ ។
បន្ទាប់មកនៅថ្ងៃមួយ នៅប្រាំបីឆ្នាំក្រោយមក ហ្វីលីពបានជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនាមួយចំនួន ។ ពួកគេបានមកពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ពួកគេបានបង្រៀនគាត់ពីពួកព្យាការីដែលនៅរស់ ដែលពួកលោកមានប្រសាសន៍ពីព្រះបន្ទូលរបស់ព្រះ ។ នេះគឺជាអ្វីដែលហ្វីលីពប្រាថ្នាចង់បាន !
ហ្វីលីពបានមានចិត្តរំភើបដើម្បីចូលរួមនៅក្នុងសាសនាចក្រនេះ ។ គាត់បានធ្វើជាអ្នកផ្សព្វផ្សាយសាសនាដំបូងមា្នក់មកពីប្រទេសហ្វីលីពីន ដើម្បីចែកចាយដំណឹងល្អនៅទីនោះ ។ ជាថ្មីម្តងទៀត ព្រះបានបង្ហាញហ្វីលីពកន្លែងដើម្បីទៅ—ហើយហ្វីលីពតែងតែដឹងថាព្រះឆ្លើយតបជានិច្ច ។