ឆ្នាំ​២០២២
គន្លឹះ​បីយ៉ាង​សម្រាប់​ការទាស់ទែង​គ្នាមាន​កាន់តែ​តិច​នៅក្នុង​គ្រួសារ​របស់​អ្នក​
ខែ មីនា ឆ្នាំ ២០២២


« គន្លឹះ​បីយ៉ាង​សម្រាប់​ការទាស់ទែង​គ្នាមាន​កាន់តែ​តិច​នៅក្នុង​គ្រួសារ​របស់​អ្នក » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២២ ។

ជំនួយ ជីវិត

គន្លឹះ​បីយ៉ាង​សម្រាប់ ​ការទាស់ទែង​គ្នា​មាន​កាន់តែ​តិច នៅក្នុង​គ្រួសារ​របស់អ្នក

តើ​គ្រួសារ​របស់អ្នក​ពេល​ខ្លះមាន​ការ​​ឈ្លោះប្រកែកគ្នា​ដែរ​ឬទេ ? អ្នកមិន​នៅ​ឯកោ​នោះឡើយ ។

យុវនារី
យុវជន

រចនា​រូបភាព​ដោយ អាលីស្សា អិម ហ្គន់ហ្សាឡេស

  • « វា​មិន​យុត្តិធម៌​នោះទេ ! វា​ជា​វេន របស់​ខ្ញុំ ! »

  • « នែ៎ ឯង​មិន​បាន​សុំខ្ចី​វា​នោះទេ ! »

  • « ប៉ា ! អានីតា បាន​លៀន​អណ្ដាត​ដាក់​ខ្ញុំ ! »

ប្រសិនបើ​សម្ដី​ទាំងនោះ​ណាមួយ​ស្ដាប់​ទៅ​ដូច​ធ្លាប់​ឮ​ពីមុន នោះអ្នក អាច ជា​ផ្នែក​មួយ​នៃ​គ្រួសារ​មួយ ។ ហើយ​គ្មាន​គ្រួសារ​ណាមួយ​ចៀស​ផុតពី​ការមាន​ជម្លោះ​នោះ​ឡើយ ។ អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ធ្លាប់​បាន​ចែកចាយ​ថា កូនៗ​របស់​លោក​បាន​រអ៊ូរទាំ​ថា « ម៉ាក់ គាត់​កំពុង​ដកដង្ហើម​ពី​ខ្យល់​របស់​កូន ! »

វា​ជា​រឿង​ធម្មតា​ទេ ដែល​គ្រួសារ​មួយ​មាន​ការទាស់ទែង​គ្នា​នោះ ។ តាម​ពិត​ទៅ មាន​មនុស្ស​ម្នាក់​ដែល​ខំ​ធ្វើការ​យ៉ាង​ខ្លាំង ដើម្បី​ធ្វើឲ្យ​មាន​រឿង​នោះ​កើតឡើង ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « ដ្បិត​ប្រាកដ​មែន យើង​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា អស់​អ្នកណា​ដែល​មាន​វិញ្ញាណ​នៃ​ការទាស់ទែង​គ្នា គឺ​ពុំមែន​ជា​របស់​ផង​យើង​ទេ ប៉ុន្តែ​ជា​របស់​ផង​អារក្ស​វិញ ដែល​ជា​បិតា​នៃ​ការទាស់ទែង​គ្នា ហើយ​វា​ចាក់រុក​ចិត្ត​មនុស្ស ឲ្យ​មាន​កំហឹង​ទាស់ទែង​នឹង​គ្នា​ទៅវិញ​ទៅមក » ( នីហ្វៃ​ទី​៣ ១១:២៩ ) ។

ប៉ុន្ដែ សូម​កុំ​ភ័យ​ឡើយ ! ដំណឹងល្អ​បង្រៀន​យើង​ថា មាន​អ្វីៗ​ជាច្រើន​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​កាត់​បន្ថយ​ការទាស់ទែង​គ្នា​នៅក្នុង​ក្រុមគ្រួសារ​របស់​យើង—ហើយ​ដក​ពិសោធន៍​នៃ​អំណរ​ដ៏មហិមា !

គន្លឹះ​ទី ១ ៖ ដក​យក​សាំង​ចេញ

ក្មេងស្រី​ជាមួយ​នឹង​ធុង​សាំង

ភ្លើង​ត្រូវការ​សាំង​ដើម្បី​ឆេះ ។ ការទាស់ទែង​គ្នា​ក៏​ដូចគ្នា​ដែរ ។ ហើយ​គ្មាន​អ្វី​បញ្ឆេះ​ការឈ្លោះ​ប្រកែក​គ្នា​បាន ដូចជា​ការប្រកែក​គ្នា​កាន់តែ​ខ្លាំង​នោះទេ ។ ដូច្នេះ តើ​អ្នក​អាច​ធ្វើ​អ្វី​បាន ប្រសិនបើ​នរណាម្នាក់​ចាប់ផ្ដើម​ប្រកែក​ជាមួយ​នឹង​អ្នក​នោះ ?

មែនហើយ សាមញ្ញ​ណាស់ អ្នកអាច​បដិសេធ​មិន​ប្រកែក​តបត​វិញ​បាន ។ ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​របស់​យើង​អំពី​ការណ៍​នេះ ។ ពេញ​មួយ​ការងារ​បម្រើ​របស់​ទ្រង់ ទ្រង់​ត្រូវបាន​គេ​ស្អប់ ធ្វើបាប ក្បត់ និង​ទីបញ្ចប់​ត្រូវបាន​គេ​ឆ្កាង ។ ប៉ុន្ដែ ទោះបីជា​ចម្លើយ​របស់​ទ្រង់​មាន​បន្ទូល​ហាក់​ដូចជា​ធ្ងន់ និង​ចំៗ​ក្ដី ក៏​ទ្រង់​មិន​ដែល​មាន​វិញ្ញាណ​នៃ​ការទាស់ទែង​គ្នា​ដែរ ។ ហើយ​នៅ​ទីបញ្ចប់ ទ្រង់​មិន​តប​ត​វិញ​ទេ ទោះបីជា​ទ្រង់​អាច​ហៅ « ពួក​ទេវតា ១២ កង​មក » ជា​ជំនួយ​ដល់​ទ្រង់​ក៏​ដោយ ( ម៉ាថាយ ២៦:៥៣ ) ។ ផ្ទុយ​ទៅវិញ ទ្រង់​បាន​អធិស្ឋាន​សម្រាប់​ពួកមារ​សត្រូវ​របស់​ទ្រង់ ទោះបីជា​ទ្រង់​ជាប់​នៅលើ​ឈើឆ្កាង​ក្ដី ( សូមមើល លូកា ២៣:៣៤ ) ។

ការបដិសេធ​មិន​ប្រកែកតបត អនុញ្ញាត​ឲ្យអ្នក​ក្លាយជា​អ្នកស្ដាប់​ដ៏​ប្រសើរ​ម្នាក់ ។ ហើយ​នៅពេល​យើង​ស្ដាប់​បាន​ច្រើន នោះ​យើង​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​កាន់តែ​ប្រសើរ ហើយ​ក្លាយជា​អ្នកផ្សះផ្សា​ម្នាក់ ។ ការបដិសេធ​មិន​ប្រកែកគ្នា ក៏រួម​មាន​ទាំង​ការឆ្លើយតប​ដោយ​សំឡេង​តូច​ស្ងប់ ហើយ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​គ្រប់គ្រង​អារម្មណ៍​របស់​យើង​ឲ្យបាន​ផងដែរ ។

ពេល​គ្មាន​សាំង​ចាក់​បន្ថែម នោះ​ការប្រកែកគ្នា និង​ការទាស់ទែង​គ្នា​ភាគច្រើន​នឹង​រសាយ​បន្ដិច​ម្ដងៗ ។ ដូច​ព្រះគម្ពីរ​បង្រៀន​ថា​« ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ » ( សុភាសិត ១៥:១ ) ។

គន្លឹះ​ទី ២ ៖ បង្ហាញ​សេចក្ដី​ស្រឡាញ់

គ្រួសារ

ការបង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​សមាជិក​គ្រួសារ​របស់​អ្នក គឺជា​របៀប​ដ៏ល្អ​បំផុត​មួយ ដើម្បី​រក្សា​ជម្លោះ​ឲ្យនៅ​ក្រៅ​គេហដ្ឋាន ។ ការធ្វើ​ដូច្នោះ​អាច​ថែមទាំង​បញ្ឈប់​ការទាស់ទែង​គ្នា​កុំឲ្យ​កើតមាន​ពី​ដំបូង​ទៀត​ផង !

ប៉ុន្ដែ ទោះជា​នៅពេល​ការទាស់ទែង​គ្នា បាន កើតឡើង​ដោយ​មិន​ដឹងខ្លួន​ក្ដី ក៏​សេចក្ដី​ស្រឡាញ់ និង​ការមាន​សណ្ដាន​ចិត្ត​ល្អ នៅតែ​អាច​ស្ដារ​រឿង​ជាច្រើន​ឡើងវិញ​បាន​ដែរ ។

សូម​ពិចារណា​ពី​ដំណើររឿង​ព្រះគម្ពីរ​ប៊ីប ដែល​ស្ដ្រី​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ ។ យោង​ទៅតាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ នោះ​នាង​គួរតែ​ត្រូវបាន​គេ​ចោលនឹង​ថ្ម ។ ហ្វូង​មនុស្ស​ដ៏ខឹង​សម្បារ​បាន​ទាមទារ​ថា ព្រះយេស៊ូវ​ត្រូវតែ​ដាក់ទោស​នាង ។

ប៉ុន្ដែ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​យ៉ាង​ដូចម្ដេច ? ទីមួយ ទ្រង់​មិន​បាន​ឆ្លើយតប​នឹង​ការទាមទារ​របស់​ពួកគេ​ភ្លាមៗ​នោះទេ ។ ទ្រង់​បាន​លុត​ជង្គង់​ចុះ ហើយ​បាន​គូរ​នៅលើ​ដី​មួយ​សន្ទុះ មុនពេល​ទ្រង់​មាន​បន្ទូល ។ ( តម្រុយ ៖ ពេលខ្លះ វា​ល្អ​បំផុត​ដែល មិន ឆ្លើយតប​ភ្លាមៗ ពេល​អារម្មណ៍​កំពុង​តែ​ខឹង​ខ្លាំង ) ។

បន្ទាប់មក ទ្រង់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេតា្ត​ករុណា​ដល់​ស្ដ្រី​រូប​នោះ នៅពេល​ទ្រង់​បាន​ប្រាប់​ហ្វូង​មនុស្ស​ថា « អ្នកណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជាមុន​គេ​ចុះ » ( យ៉ូហាន ៨:៧ ) ។

ព្រះយេស៊ូវ​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដ្រី​នោះ​ដោយ​សេចក្ដី​ស្រឡាញ់ មិនមែន​ដាក់ទោស​នោះទេ ។ ទ្រង់​បាន​បង្ហាញ​ព្រះទ័យ​អភ័យទោស​របស់​ទ្រង់​ដល់​នាង នៅពេល​ទ្រង់​បាន​អញ្ជើញ​នាង​ឲ្យ « អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ( យ៉ូហាន ៨:១១ ) ។

សូម​ប្រាប់​សមាជិក​គ្រួសារ​របស់​អ្នក​ថា អ្នកស្រឡាញ់​ពួកគេ ។ សូម​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ តាមរយៈ​ការអភ័យទោស​ឲ្យ​ពួកគេ និង​ការអនុញ្ញាត​ឲ្យ​ពួកគេ​កែ​ខ្លួន—ទោះបីជា​ពួកគេ​កំពុង​ខឹង​នឹង​អ្នកក្ដី ។ សេចក្ដី​ស្រឡាញ់​អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ទាំងស្រុង ។

គន្លឹះ​ទី ៣ ៖ អធិស្ឋាន

យុវនារី​កំពុង​អធិស្ឋាន

ការអធិស្ឋាន​នាំមក​នូវ​ពរជ័យ​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ។ នៅក្នុង​ព្រះគម្ពីរ​មរមន អាមូលេក​បាន​បង្រៀន​ថា « អ្នករាល់គ្នា​ត្រូវ​បញ្ជាក់​បញ្ចេញ​ព្រលឹង​របស់​ខ្លួន​នៅក្នុង​បន្ទប់​របស់​អ្នក និង​នៅក្នុង​ទីសម្ងាត់​របស់​អ្នក និង​នៅក្នុង​ទីរហោស្ថាន​របស់​អ្នក ។

« មែន​ហើយ … ចូរ​អ្នករាល់គ្នា​មាន​ចិត្ត​ពោរពេញ​ដោយ​ការអធិស្ឋាន​ដល់​ទ្រង់​ជានិច្ច ដើម្បី​សុខុមាលភាព​របស់​អ្នក និង​ដើម្បី​សុខុមាលភាព​ដល់​ជន​ទាំងឡាយ ដែល​នៅ​ជុំវិញ​អ្នក​ផង » ( អាលម៉ា ៣៤:២៦–២៧ ) ។

ប្រាកដ​ណាស់ « ជន​ទាំងឡាយ​ដែល​នៅ​ជុំវិញ​អ្នក » រួមមាន​គ្រួសារ​របស់​អ្នក—ព្រមទាំង​អ្នក​ដែល​មិន​រស់នៅ​ជាមួយ​អ្នក​នាពេល​នេះ​ផងដែរ ។ ដូច្នេះ សូម​អធិស្ឋាន​សម្រាប់​គ្រួសារ​របស់​អ្នក ។ សូម​អធិស្ឋាន សម្រាប់ គ្រួសារ​របស់​អ្នក ។ សូម​អធិស្ឋាន​ថា អ្នក​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯង​បាន នៅពេល​នរណាម្នាក់​ធ្វើឲ្យ​អ្នក​អាក់អន់​ចិត្ត ។ សូម​អធិស្ឋាន​ថា អ្នក​នឹង​ដឹង​ពី​របៀប​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ដ៏តានតឹង​នោះ ដែល​កើតឡើង​នៅក្នុង​គ្រួសារ​របស់​អ្នក ។ សូម​អធិស្ឋាន​រក​ជំនួយ​ពី​សួគ៌ា ។ សូម​អធិស្ឋាន​រក​សំណើច និង​ក្ដីស្រឡាញ់​បន្ថែម​ទៀត​ឲ្យ​ចូល​មកក្នុង​គេហដ្ឋាន​របស់​អ្នក ។ ហើយ​បន្ទាប់​មក សូម​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ធ្វើឲ្យ​ការណ៍​នោះ​អាច​កើតឡើង​បាន ។

នៅពេល​អ្នក​ខិតខំ​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យបាន​កាន់តែ​ពេញលេញ នោះ​អ្នក​នឹង​ឃើញ​ថា គ្រួសារ​របស់​អ្នកនឹង​មាន​ពរជ័យ​ផងដែរ ។ ការទាស់ទែង​គ្នា​នឹង​ថយចុះ ហើយ​អំណរ​របស់​អ្នក​នឹង​កើនឡើង ។