ឆ្នាំ​២០២២
ព្រះវិញ្ញាណ​អាច​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ពី​របៀប​ដើម្បី​បម្រើ
ខែ មីនា ឆ្នាំ ២០២២


« ព្រះវិញ្ញាណ​អាច​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ពី​របៀប​ដើម្បី​បម្រើ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២២ ។

បាវចនា និង ខ្ញុំ

យុវវ័យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​កំពុង​រស់នៅ​តាម​ពាក្យពេចន៍​នៃ​បាវចនា​របស់​ក្រុម​យុវនារី និង​កូរ៉ុម​បព្វជិតភាព

ព្រះវិញ្ញាណ អាច​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ពី​របៀប​ដើម្បី​បម្រើ

« ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​ខិត​ខំ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ខ្ញុំ​ស្វែងរក និង​ធ្វើតាម​វិវរណៈ​ផ្ទាល់​ខ្លួន ហើយ​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​នៅក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ។

យុវនារី

អំឡុង​ជំងឺ​រាតត្បាត​សាកល​កូវីដ-១៩ មនុស្ស​ជាច្រើន​រកបាន​ប្រាក់​ចំណូល​តិច​ជាងមុន ឬ​ថែមទាំង​បាត់បង់​ការងារ​របស់​ពួកគេ​ទៀតផង ។ ខ្ញុំ​ចង់​ជួយ​សម្រាល​បន្ទុក​របស់​ពួកគេ​បន្ដិច​បន្ដួច ។ ដោយ​មាន​ការគាំទ្រ​ពី​ម៉ាក់ និង​ប៉ា​របស់​ខ្ញុំ និង​ដោយ​ប្រើប្រាស់​ប្រាក់​ផ្ទាល់ខ្លួន​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ចាប់ផ្ដើម​ចែក​អាហារ​ដល់​អ្នក​ដែល​ទ័លក្រ ។ ជាធម្មតា ខ្ញុំ​បាន​ធ្វើ​ដូច្នេះ តាមរយៈ​ការបញ្ជា​ទិញ​អាហារ​សម្រាប់់​មនុស្ស​ដទៃ​ទៀត​តាម​កម្មវិធី​ម៉ូតូ​ឌុប​មួយ ។ ពេលខ្លះ ខ្ញុំ​យក​អាហារ​ទៅ​កន្លែង​ដែល​រៀបចំ​សម្រាប់​អ្នក​ដែល​កំពុង​ជួប​ការលំបាក ។

នៅ​ប្រទេស​ឥណ្ឌូនេស៊ី មាន​អ្នករត់​ម៉ូតូ​ឌុប​ជាច្រើន ។ យើង​ប្រើ​កម្មវិធី​មួយ​នៅលើ​ទូរសព្ទ​របស់​យើង ដើម្បី​កក់​សេវាកម្ម​របស់​ពួកគេ ។ នៅ​អំឡុង​ពេល​ជំងឺ​រាតត្បាត​នេះ អ្នករត់​ម៉ូតូឌុប​ទាំងនោះ​ពិបាក​រក​ម៉ូយ​ជិះ​ណាស់ ។

នៅ​ថ្ងៃមួយ ខ្ញុំ​បាន​ធ្វើតាម​ការបំផុស​គំនិត​មួយ​មកពី​ព្រះវិញ្ញាណ ដើម្បី​ជួយ​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ដោយ​ចៃដន្យ ។ ខ្ញុំ​បាន​បញ្ជា​ទិញ​អាហារ​ពី​កម្មវិធី​ម៉ូតូ​ឌុប​តាក់ស៊ី​នោះ ។ ប៉ុន្ដែ នៅពេល​គាត់​មក​ដល់​ភោជនីយដ្ឋាន​ដើម្បី​យក​អាហារ​នោះ ខ្ញុំ​បាន​ផ្ញើសារ​ប្រាប់​គាត់​ថា អាហារ​នោះ​គឺ​សម្រាប់​គាត់​ប៉ុណ្ណោះ ។ គាត់​បាន​ភ្ញាក់ផ្អើល ហើយ​មិន​ជឿ​ថា វា​គឺ​សម្រាប់​គាត់​នោះទេ ។ នៅពេល​ខ្ញុំ​បាន​និយាយ​ថា វា​គឺ​សម្រាប់​គាត់ នោះ​គាត់​បាន​អរគុណ​ខ្ញុំ​ភ្លាម ហើយ​បាន​អធិស្ឋាន​សម្រាប់​ខ្ញុំ ។ គាត់​បាន​និយាយ​ថា គាត់​នឹង​យក​អាហារ​នេះ​ទៅ​ផ្ទះ​ឲ្យ​កូន​របស់​គាត់ ។ ស្ដាប់ទៅ គាត់​មាន​ចិត្ត​រីករាយ​ណាស់ ។ វា​បាន​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​យ៉ាងខ្លាំង​ផងដែរ !

ទោះបីជា​គ្រួសារ​របស់​ខ្ញុំ និង​រូបខ្ញុំ​ផ្ទាល់​កំពុង​ជួប​នឹង​ឧបសគ្គ​មួយ​ចំនួន​ក្ដី ក៏​ខ្ញុំ​បាន​ស្ដាប់​តាម​ព្រះវិញ្ញាណ និង​បាន​ជ្រើសរើស​ដើម្បី​បម្រើ​ដែរ ។ យើង​អាច​ទទួល​បាន​អំណរ និង​សុភមង្គល ដែល​បាន​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​នានា​របស់​យើង ។

ខ្ញុំ​មាន​អំណរគុណ​ណាស់​ចំពោះ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បទពិសោធន៍​នេះ​រំឭក​ខ្ញុំ​ពី​បទគម្ពីរ​មួយ​មកពី​ព្រះគម្ពីរ​សញ្ញា​ថ្មី យ៉ូហាន ១៣:៣៤ ៖ « ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្តិ​១​ថ្មី​ដល់​អ្នករាល់គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » ។ ខ្ញុំ​ដឹង​ថា នៅពេល​យើង​ធ្វើតាម​ព្រះវិញ្ញាណ នោះ​យើង​នឹង​ទទួល​បាន​ពរជ័យ​ដ៏អស្ចារ្យ​មកពី​ព្រះវរបិតា​សួគ៌ ។

អ្នកនិពន្ធ​រស់នៅ​ក្នុង​ខេត្ត​ចាវ៉ា​ភាគ​ខាង​លិច ប្រទេស​ឥណ្ឌូនេស៊ី ។