« នៅក្នុងខេត្តខាហ្គាយ៉ាន ប្រទេសហ្វីលីពីន » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២២ ។
របៀបដែលយើង ថ្វាយបង្គំ
នៅក្នុង ខេត្តខាហ្គាយ៉ាន ប្រទេសហ្វីលីពីន
Magandang araw! Kamusta?
( វាមានន័យថា « សួស្ដី ! តើអ្នកសុខសប្បាយជាទេ ? » ជាភាសាតាហ្គាឡុក ) ។
ខ្ញុំឈ្មោះ អាហ្គ្រាវ៉េន អិល ។
ខ្ញុំមកពីទីក្រុងតូចមួយនៅខេត្តខាហ្គាយ៉ាន ប្រទេសហ្វីលីពីន ។ ខ្ញុំរស់នៅជាមួយនឹងជីដូនទួត និងជីតាទួតរបស់ខ្ញុំ ជីដូនរបស់ខ្ញុំ ម៉ាក់របស់ខ្ញុំ និងប្អូនស្រីពីរនាក់របស់ខ្ញុំផងដែរ ។ មែនហើយ យើងពិតជាមានគ្រួសារដ៏ធំមួយ ! វាជារឿងធម្មតានៅប្រទេសហ្វីលីពីន ។ ជនជាតិហ្វីលីពីនល្បីខាងមានចំណងគ្រួសារដ៏រឹងមាំ ។ នោះគឺជាផ្នែកមួយដែលខ្ញុំចូលចិត្តក្នុងការរស់នៅទីនេះ ។ អាកាសធាតុត្រូពិចគឺជារង្វាន់បន្ថែមមួយកម្រិតទៀត !
ចំណង់ចំណូលចិត្តពេលទំនេររបស់ខ្ញុំគឺ ការអានទស្សនាវដ្ដី និងការស្ដាប់ផតខាស និងតន្ដ្រីដែលលើកស្ទួយ ។ ខ្ញុំក៏ចូលចិត្តសរសេរសំបុត្រទៅកាន់អនាគតខ្លួនខ្ញុំ អនាគតស្វាមី និងអនាគតកូនៗរបស់ខ្ញុំផងដែរ !
ការសិក្សា និងការចែកចាយ
ផ្នែកដែលខ្ញុំចូលចិត្តអំពីការធ្វើជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺការដឹងថា ខ្ញុំនៅក្នុងសាសនាចក្រដ៏ពិតរបស់ព្រះគ្រីស្ទ ។ ខ្ញុំចូលចិត្តទៅព្រះវិហារបរិសុទ្ធ ចែកចាយដំណឹងល្អ និងទៅរៀនថ្នាក់សិក្ខាសាលាជាមួយនឹងមិត្តភក្ដិរបស់ខ្ញុំ ។ ខ្ញុំរៀនអ្វីៗជាច្រើនមកពីបទពិសោធន៍ទាំងអស់នេះ ។
ពេលខ្លះ ខ្ញុំពិបាកនឹងកាន់ខ្ជាប់ដរាបដល់ចុងបំផុតណាស់ ។ ប៉ុន្ដែ ខ្ញុំធ្វើឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំដើម្បីសិក្សាព្រះគម្ពីរជារៀងរាល់យប់ ។ ចូរមកតាមខ្ញុំ ជួយដល់ការសិក្សាផ្ទាល់ខ្លួនរបស់ខ្ញុំយ៉ាងខ្លាំង ! ខ្ញុំក៏ចូលចិត្តអានដំណើររឿងមកពីយុវវ័យផ្សេងទៀតនៅក្នុងទស្សនាវដ្ដីសាសនាចក្រផងដែរ ។ ខ្ញុំប្រើកម្មវិធីបណ្ណាល័យដំណឹងល្អ ដើម្បីខ្ញុំអាចមានសារលិខិតដែលលើកស្ទួយនៅក្នុងហោប៉ៅរបស់ខ្ញុំ មិនថាខ្ញុំនៅទីណានោះទេ ។
មិត្តរបស់ខ្ញុំភាគច្រើននៅឯសាលារៀន គឺជាសមាជិកសាសនាចក្រ ។ ខ្ញុំធ្លាប់គិតថា ការណ៍នោះមានន័យថា ខ្ញុំមិនមានឱកាសណាមួយដើម្បីចែកចាយដំណឹងល្អនោះទេ ។ ប៉ុន្ដែខ្ញុំបានរៀនថា ការចែកចាយដំណឹងល្អមិនចាំបាច់តែជាមួយនឹងមនុស្ស ដែលមានសេចក្ដីជំនឿខុសគ្នានោះទេ ។ ខ្ញុំចូលចិត្តចែកចាយទីបន្ទាល់របស់ខ្ញុំជាមួយនឹងមិត្តភក្ដិជិតស្និទ្ធរបស់ខ្ញុំនៅឯសាលារៀន ហើយនាងក៏ជាសមាជិកដែរ !
ថ្ងៃឈប់សម្រាក
ផ្ទះរបស់យើងនៅឆ្ងាយពីអគារសាសនាចក្រ ដូច្នេះប្អូនស្រីរបស់ខ្ញុំ និងខ្ញុំត្រូវគ្រោងទុកជាមុន ដើម្បីទៅកាន់ការប្រជុំរបស់យើងឲ្យបានទាន់ពេលវេលា ( ឬសង្ឃឹមថាឲ្យបានមុនពេល ) !
យើងក្រោកឡើងនៅម៉ោង ៤ ភ្លឺ ហើយដើរទៅផ្ទះម្ដាយមីងរបស់ខ្ញុំ ដែលនៅតាមផ្លូវទៅអគារសាសនាចក្រ ។ យើងបានប្ដូរសម្លៀកបំពាក់ដើរពីផ្ទះរបស់យើង ដើម្បីស្លៀករ៉ូបរបស់យើង ។ បន្ទាប់មក យើងដើរម្ដងទៀតរយៈពេល ៣០ នាទីទៀតដើម្បីទៅកាន់អគារសាសនាចក្រ ( ឬពេលខ្លះ ២៥ នាទី ប្រសិនបើយើងដើរលឿនមែនទែន ) ។ ដោយសារយើងរៀបចំសម្រាប់ថ្ងៃអាទិត្យទុកជាមុនជានិច្ច នោះយើងមិនដែលយឺតពេលទេ ! មែនហើយ សឹងតែ មិនដែលយឺតពេលទេ ។ ផ្លូវដើរមានភក់ច្រើនណាស់ នៅពេលមានភ្លៀង ។ នៅពេលមួយ មេឃភ្លៀងយ៉ាងខ្លាំង រហូតដល់ខ្ញុំបានផុងជាប់ក្នុងភក់ ហើយមិនអាចដកជើងចេញបាន !
ប៉ុន្ដែវាពិតជាមានន័យខ្លាំងណាស់ ពេលយើងទៅដល់ព្រះវិហារ ។ ខ្ញុំមានអារម្មណ៍សុខសាន្ដ និងអំណរ នៅពេលជជែកអំពីដំណឹងល្អ និងចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះយើង ។ ខ្ញុំចូលចិត្តចែកចាយទីបន្ទាល់របស់ខ្ញុំនៅរាល់ការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់ ! ថ្នាក់សាលាថ្ងៃអាទិត្យរបស់ខ្ញុំក៏ជាកន្លែងដ៏អស្ចារ្យមួយដែរ ដើម្បីចែកចាយការយល់ដឹងរបស់ខ្ញុំអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងរៀនមកពីសមាជិកដទៃទៀតផងដែរ ។