« សំឡេងរបស់ លីណាហេ » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២២ ។
សំឡេងរបស់ លីណាហេ
តាំងពីតន្ដ្រីដល់ពង្សប្រវត្តិ លីណាហេ កំពុងប្រើសំឡេងរបស់នាងសម្រាប់សេចក្ដីល្អ ។
លីណាហេ ឌី ដែលមកពីកោះតាហ៊ីទី ដឹងពីរបៀបប្រើសំឡេងរបស់នាងដើម្បីផ្ដល់ពរជ័យដល់មនុស្សដទៃទៀត—តាមរបៀបជាច្រើន ។ ឧទាហរណ៍ នាងកំពុងសិក្សាដើម្បីក្លាយជាអ្នកព្យាបាលខាងការនិយាយនៅថ្ងៃណាមួយ ។ នាងថ្លែងថា « ខ្ញុំចង់ជួយកុមារជាមួយនឹងការរៀនប្រកបអក្សររបស់ពួកគេ ឬរបៀបដែលពួកគេនិយាយ » ។
ប៉ុន្ដែ វាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ។ ដោយបានកើតមកនៅក្នុងគ្រួសារអ្នកតន្ដ្រីដ៏មានទេពកោសល្យ នោះលីណាហេ ដែលមានអាយុ ១៤ ឆ្នាំ មានឱកាសជាច្រើនដើម្បីប្រើប្រាស់សំឡេងរបស់នាងក្នុងការច្រៀង ។ « ប្អូនប្រុសខ្ញុំ និងខ្ញុំចូលចិត្តច្រៀងរួមគ្នា ។ ជាធម្មតា គាត់ច្រៀងសំឡេងខ្ពស់ ហើយខ្ញុំច្រៀងសំឡេងទាប ! »
ហើយថែមទាំងមានវង់ភ្លេងគ្រួសារទាំងមូលផងដែរ ។ « ម៉ាក់របស់ខ្ញុំលេងព្យាណូ ដើម្បីជួយបង្រៀនបទចម្រៀងជាច្រើនដល់យើង ហើយប៉ារបស់ខ្ញុំលេងហ្គីតា និង ukulele » ។ ហើយតើវង់ភ្លេងគ្រួសារមួយមិនមានការគោះស្គរបន្ដិចម៉េចកើត ? « ប៉ាខ្ញុំ និងខ្ញុំចូលចិត្តលេងស្គរ to‘ere ដែលជាស្គរប្រពៃណីរបស់ប៉ូលីនេស៊ីមួយ » ។
ដោយមានក្រុមភ្លេងទាំងមូលចាំជួយគាំទ្រដល់នាង នោះគ្រួសាររបស់នាងជួយនាងលើសពីតន្ដ្រីទៅទៀត ។ « ឪពុកម្ដាយខ្ញុំតែងតែលើកទឹកចិត្តខ្ញុំនៅក្នុងការសិក្សារបស់ខ្ញុំ ហើយឪពុករបស់ខ្ញុំផ្ដល់ពរជ័យបព្វជិតភាពដល់ខ្ញុំ » ។ នៅពេលគ្រាលំបាកមកដល់ នោះនាងដឹងថា នាងក៏អាចងាកទៅរកព្រះវរបិតាសួគ៌របស់នាងបានដែរ ។ « ខ្ញុំដឹងថា ព្រះអម្ចាស់ស្រឡាញ់ខ្ញុំខ្លាំងប៉ុណ្ណា ហើយថាទ្រង់តែងតែគង់នៅទីនោះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ជានិច្ច » ។
លីណាហេ មិនត្រឹមតែប្រើសំឡេងរបស់នាងសម្រាប់តន្ដ្រី និងការអធិស្ឋានប៉ុណ្ណោះទេ ប៉ុន្ដែនាងថែមទាំងរៀបរាប់អំពីការជួយដល់សមាជិកគ្រួសារទាំងឡាយ ដែលនៅម្ខាងទៀតនៃវាំងននផងដែរ ។
សំឡេងនៃសេចក្ដីស្រឡាញ់សម្រាប់គ្រួសារហួសពីម្ខាងទៀតនៃវាំងននទៅទៀត
នាងពោលថា « នៅយប់់មួយ ខ្ញុំបានយល់សប្ដិថា ខ្ញុំបានឃើញមនុស្សរាប់រយនាក់ ប៉ុន្ដែគ្មានអ្នកណាម្នាក់អាចប្រាស្រ័យទាក់ទងគ្នាបានទេ ។ ខ្ញុំគិតថា ខ្ញុំស្គាល់ពួកគេ ប៉ុន្ដែខ្ញុំមិនប្រាកដនោះទេ » ។
ដំបូងឡើយ លីណាហេ មិនបានដឹងថា សុបិននោះមានអត្ថន័យយ៉ាងណានោះទេ ។ ក្រោយមក នាងបានមានគំនិតដ៏គួរឲ្យរំភើបចិត្តមួយ ៖ « មុនពេលការបិទខ្ទប់ជំងឺកូវីដ-១៩ ខ្ញុំបានធ្វើពិធីបុណ្យជ្រមុជទឹកជូនបុព្វការីជនរបស់ខ្ញុំជាង ១០០ នាក់—បុគ្គលទាំងនេះនៅក្នុងសុបិនរបស់ខ្ញុំ អាចតំណាងឲ្យសមាជិកគ្រួសារទាំងនោះ ! »
ដោយមានអារម្មណ៍កាន់តែរំភើបអំពីពង្សប្រវត្តិជាងពេលណាៗទាំងអស់ នោះលីណាហេ បានធ្វើអ្វីៗគ្រប់យ៉ាងដែលនាងអាចធ្វើទៅបាន ដើម្បីជួយជំរុញឈ្មោះទាំងនោះឲ្យទៅមុខក្នុងព្រះវិហារបរិសុទ្ធ ដើម្បីពួកគាត់ទទួលបានពិធីបរិសុទ្ធបន្ថែមទៀត ។ ក្រោយមកមិនយូរប៉ុន្មាន លីណាហេ និងម៉ាក់របស់នាងត្រូវបានហៅឲ្យធ្វើជាអ្នកប្រឹក្សាយោបល់ផ្នែកពង្សប្រវត្តិនៅក្នុងវួដរបស់ពួកគេ ។
« យើងបានជួយស្ដ្រីម្នាក់នៅក្នុងវួដរបស់យើង ឲ្យចូលប្រើគណនីកម្មវិធីស្រាវជ្រាវក្រុមគ្រួសាររបស់គាត់ ។ នៅពេលគាត់បានឃើញមែកធាងគ្រួសាររបស់គាត់ នោះគាត់មានចិត្តរីករាយយ៉ាងខ្លាំង—វាគឺជាលើកទីមួយ ដែលគាត់បានឃើញបុព្វការីជនទាំងអស់របស់គាត់ ! »
លីណាហេ សារភាពថា « ខ្ញុំធ្លាប់មានអារម្មណ៍ភ័យខ្លាច នៅពេលទៅជួបនឹងសមាជិកនៅក្នុងវួដរបស់ខ្ញុំ ។ ប៉ុន្ដែឥឡូវនេះ ដោយសារខ្ញុំមានម៉ាក់របស់ខ្ញុំនៅជាមួយខ្ញុំ នោះខ្ញុំមានអារម្មណ៍កាន់តែមានទំនុកចិត្តលើការបង្រៀនសមាជិកអំពីពង្សប្រវត្តិ » ។
បន្លឺសំឡេងរបស់បងប្អូនឡើង
ឥឡូវនេះ លីណាហេ ទន្ទឹងចង់ជួយសមាជិកឲ្យស្គាល់បុព្វការីជនរបស់ពួកគេ ។ « ខ្ញុំចូលចិត្តឃើញសមាជិកមានក្ដីរីករាយ នៅពេលពួកគាត់ធ្វើពង្សប្រវត្តិរបស់ពួកគាត់ ។ ហើយខ្ញុំគិតថា បុព្វការីជនរបស់យើងក៏រីករាយដែរ ដែលយើងយកចិត្តទុកដាក់លើពួកគាត់ និងធ្វើពិធីបរិសុទ្ធទាំងឡាយជូនពួកគាត់នោះ » ។
នៅក្នុងការហៅបម្រើរបស់នាងជាអ្នកប្រឹក្សាយោបល់ផ្នែកពង្សប្រវត្តិម្នាក់ នាងបានរៀបចំសកម្មភាពមួយសម្រាប់យុវនារីក្នុងវួដរបស់នាងនាពេលថ្មីៗនេះ ។ នាងមិនត្រឹមតែបានជួយពួកគេឲ្យស្វែងរកឈ្មោះគ្រួសារ ដើម្បីយកទៅព្រះវិហារបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្ដែនាងក៏បានជួយកុមារអង្គការបឋមសិក្សាឲ្យបង្កើតគណនី ដើម្បីពួកគេអាចចូលរួមផងដែរ ។
នាងនិយាយថា « យើងនឹងទៅព្រះវិហារបរិសុទ្ធក្នុងពេលឆាប់ៗនេះ » ។
ចង់ឡូយដូច លីណាហេ ដែរឬទេ ? កុំបារម្ភអី វាពិតជាអាចកើតឡើងបាន ។ លីណាហេ បានពោលថា « យុវវ័យអាចពន្លឿនកិច្ចការរបស់ព្រះ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ។ អ្វីក៏ដោយដែលជួយយើងឲ្យគិតដល់បុព្វការីជនរបស់យើងគឺអស្ចារ្យណាស់ ។ ខ្ញុំដឹងថា ការធ្វើពង្សប្រវត្តិនឹងនាំសេចក្ដីអំណរកាន់តែខ្លាំងឡើង ដល់មនុស្សគ្រប់គ្នានៅក្នុងជីវិតរបស់ពួកគេ ។ ពង្សប្រវត្តិបាននាំខ្ញុំឲ្យខិតទៅកាន់តែជិតបុព្វការីជនរបស់ខ្ញុំ និងទៅជិតព្រះគ្រីស្ទក្នុងពេលតែមួយ » ។
ជាមួយនឹងកិច្ចការទាំងអស់ដែលនាងកំពុងតែធ្វើសម្រាប់បុព្វការីជនរបស់នាង នោះមានរឿងមួយដែលប្រាកដជាក់ ៖ គ្រួសាររបស់ លីណាហេ គឺមិនមែនគ្រាន់តែជាប្រវត្តិសាស្ដ្រទេ !