« របៀបដើម្បីប្រឈមមុខនឹងការសាកល្បងបីប្រភេទ » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២២ ។
ចូរមកតាមខ្ញុំ
របៀបដើម្បីប្រឈមមុខនឹង ការសាកល្បងបីប្រភេទ
ជីវិតនេះមានឧបសគ្គខុសៗគ្នាជាច្រើន ប៉ុន្ដែការងាកទៅរកព្រះគឺជាចម្លើយជានិច្ច ។
យ៉ូសែបនៅស្រុកអេស៊ីព្ទអាចសួរសំណួរ ជាច្រើន អំពីរបៀបដែលជីវិតរបស់លោកបានលាតត្រដាងឡើង ។ អ្នកនឹងសិក្សាអំពីជីវិតរបស់លោកនៅខែនេះ ប៉ុន្ដែនេះជាសេចក្ដីសង្ខេបខ្លីមួយ អំពីអ្វីដែលបានកើតឡើងចំពោះលោក ៖
-
ពួកបងប្រុសរបស់លោកបានលក់លោកជាទាសករ ។
-
ក្នុងនាមជាទាសករម្នាក់ លោកត្រូវបានគេចោទប្រកាន់ទាំងខុសឆ្គងថា បានព្យាយាមលួងលោមបញ្ចុះបញ្ចូលភរិយារបស់ចៅហ្វាយលោក ។
-
បន្ទាប់មក លោកក្លាយជាអ្នកទោសអស់រយៈពេលពីរឆ្នាំ ។
សូមស្រមៃថា តើអ្នកអាចមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកជាយ៉ូសែបវិញនោះ ។ យ៉ាងហោចណាស់ ប្អូនៗអាចត្រូវបានល្បួងឲ្យសួរ ៖ « ហេតុអ្វីជាខ្ញុំ ? » « តើខ្ញុំបានធ្វើអ្វីខ្លះ ទើបសមនឹងការណ៍ដូច្នេះ ? »
ការសាកល្បងបីប្រភេទ
អែលឌើរ នែល អេ ម៉ាកស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ធ្លាប់បានបង្រៀនអំពីការសាកល្បងបីប្រភេទខុសៗគ្នា ដែលយើងអាចនឹងជួបប្រទះនៅក្នុងជីវិតនេះ ៖
-
ប្រភេទទី ១ ៖ ការសាកល្បងដែលកើតពីអំពើបាប ឬកំហុសរបស់យើងផ្ទាល់ ។
-
ប្រភេទទី ២ ៖ ការសាកល្បងដែលកើតឡើង ដោយសារនេះគឺជាពិភពលោកដែលធ្លាក់ ពោរពេញដោយជំងឺ រោគ និងមនុស្សដែលធ្លាក់ ។
-
ប្រភេទទី ៣ ៖ ការសាកល្បងដែលព្រះស្ម័គ្រព្រះទ័យឲ្យយើងដកពិសោធន៍ ដោយសារទ្រង់សព្វព្រះទ័យឲ្យយើងរីកចម្រើនឡើង ។
នៅកណ្ដាលនៃការសាកល្បងមួយ យើងអាចត្រូវបានល្បួងឲ្យសួរថា « ហេតុអ្វីជាខ្ញុំ ? » ប៉ុន្ដែសំណួរនោះអាចគ្មានប្រយោជន៍ ដូចដែលយើងសង្ឃឹមនោះឡើយ ។ អែលឌើរ ម៉ាកស្វែល បានសរសេរថា មិនថាមូលហេតុដែលយើងមានការសាកល្បងនេះជាអ្វីនោះទេ « លទ្ធផលនោះគឺច្បាស់ជាដូចគ្នា ព្រះស្ម័គ្រព្រះទ័យឲ្យយើងឆ្លងកាត់ឧបសគ្គនោះ ។ ប៉ុន្ដែ ទ្រង់សន្យានឹងយើងថា ព្រះគុណរបស់ទ្រង់គឺមានល្មមគ្រប់គ្រាន់ ។១ និយាយម្យ៉ាងទៀតថា ព្រះវរបិតាសួគ៌មិនអនុញ្ញាតឲ្យយើងឆ្លងកាត់ការសាកល្បងទាំងឡាយ ដោយមិនផ្ដល់ឲ្យយើងនូវជំនួយ ដែលយើងត្រូវការតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទនោះឡើយ ។
គំរូរបស់យ៉ូសែប
សូមក្រឡេកមើលទៅការសាកល្បងដ៏ធំទីមួយរបស់យ៉ូសែបម្ដងទៀត ៖ ពួកបងប្រុសរបស់លោកបានលក់លោកជាទាសករ ។
តើនេះជាការសាកល្បង « ប្រភេទទី ១ » ឬ ? តើយ៉ូសែបបាននាំការណ៍នេះមកដាក់លើខ្លួនលោកឬ ? ច្បាស់ណាស់ គឺមិនមែនទេ ។ លោក ពិតជា បានចែកចាយសុបិនប្រកបដោយការព្យាកររបស់លោកពីរបីនោះដោយសុទ្ធចិត្តមែន ទាក់ទងទៅនឹងពួកបងប្រុសរបស់លោក ។ សុបិនទាំងនោះបានបង្ហាញថា លោកនឹងក្លាយជាអ្នកដឹកនាំរបស់ពួកគេនៅថ្ងៃណាមួយ ។ ពិតណាស់ ពួកបងប្រុសរបស់លោកមិនចូលចិត្តស្ដាប់រឿងដូច្នោះទេ ។ តាមពិតទៅ « គេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ » របស់គាត់ ( លោកុប្បត្តិ ៣៧:៨ ) ។
ប្រសិនបើអ្នកជាយ៉ូសែបវិញ អ្នកអាចស្រមៃឃើញខ្លួនឯងកំពុងគិតថា « ដឹងចឹង ខ្ញុំមិនប្រាប់ពួកគាត់អំពីសុបិនរបស់ខ្ញុំឡើយ ! »
ឬវាជាការសាកល្បង « ប្រភេទទី ២ » ឬ ? តើការសាកល្បងរបស់យ៉ូសែបបានកើតមានឡើង ដោយសារការរស់នៅក្នុងពិភពលោកដែលធ្លាក់ ដែលរួមមានការប្រើប្រាស់សិទ្ធិជ្រើសរើសមិនត្រឹមត្រូវរបស់មនុស្សដទៃទៀតមែនទេ ? ប្រហែលជាអញ្ចឹងហើយ ។ ជាថ្មីម្ដងទៀត វានឹងងាយស្រួលសម្រាប់យ៉ូសែប ដើម្បីគ្រវីក្បាលរបស់លោក ហើយគិតថា បញ្ហាទាំងអស់នេះគឺជាកំហុសរបស់ពួកបងប្រុសរបស់លោក ។ ឬដោយសារប្រពន្ធរបស់ប៉ូទីផារបានកុហក ។ ឬក៏ដោយសារអ្នកថ្វាយពែង ដែលបានភ្លេចប្រាប់ស្ដេចផារ៉ោនអំពីយ៉ូសែបរយៈពេល ពីរឆ្នាំ ទោះជាបានសន្យាថា គាត់នឹងប្រាប់ក្ដី ( សូមមើល លោកុប្បត្តិ ៤០:២៣ ) ។
ឬនៅទីបំផុត អ្វីៗទាំងអស់នេះជាការសាកល្បង « ប្រភេទទី ៣ » មែនទេ ? និយាយម្យ៉ាងទៀតថា តើរឿងទាំងនេះ ដែលព្រះបានអនុញ្ញាតឲ្យយ៉ូសែបដកពិសោធន៍ បានជួយលោកឲ្យរីកចម្រើនមែនឬ ? ទាក់ទងទៅនឹងសំណួរនេះ យ៉ូសែបខ្លួនលោកផ្ទាល់មានអារម្មណ៍ថា ចម្លើយនេះប្រហែលជាត្រូវមែនតាមផ្នែកខ្លះ ។ នៅពេលទីបំផុត លោកបានជួបនឹងពួកបងប្រុសរបស់លោកម្ដងទៀត លោកបានពោលថា « ឥឡូវនេះ កុំឲ្យអ្នករាល់គ្នាព្រួយ ឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះគឺ ព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមក ជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក » ( លោកុប្បត្តិ ៤៥:៥ បានបន្ថែមការគូសបញ្ជាក់ ) ។
ឥឡូវនេះ សូមចងចាំថា យ៉ូសែបត្រូវបានលក់ជាទាសករនៅអាយុ ១៧ ឆ្នាំ ។ លោកមានអាយុ ៣០ ឆ្នាំ នៅពេលលោកបានឈរនៅចំពោះស្ដេចផារ៉ោន ដើម្បីបកស្រាយសុបិនដែលទីបញ្ចប់បានដោះលែងលោកឲ្យមានសេរីភាពនោះ ។ សរុបទៅវា ១៣ ឆ្នាំ ឬសឹងតែពាក់កណ្ដាលជីវិតរបស់លោកមកដល់ត្រឹមចំណុចនោះ ដែលយ៉ូសែបបានបាត់បង់សេរីភាពរបស់លោក ដោយសារកំហុសរបស់អ្នកដទៃ ។ ប៉ុន្ដែ លោកបានមានសេចក្ដីជំនឿថាគឺ « ព្រះទេតើដែលទ្រង់ចាត់ [ លោក ] មក » ដើម្បីរក្សាជីវិត ។ មិនថាការសាកល្បងកើតមកពីកន្លែងណានោះទេ យ៉ូសែបបានដឹងយ៉ាងប្រាកដថា ព្រះមានព្រះរាជបំណងមួយ ។
ការណ៍នោះល្មមគ្រប់គ្រាន់សម្រាប់លោក ។ ការណ៍នោះអាចល្មមគ្រប់គ្រាន់សម្រាប់យើងផងដែរ ។
ការសាកល្បងរបស់អ្នក
យើងអាចចំណាយថាមពលជាច្រើនអនេកដើម្បីរស់នៅក្នុងអតីតកាល ។ យើងអាចគិតថា « ហេតុអ្វីបានជាខ្ញុំបានធ្វើការណ៍នោះ ? » ឬថា « បើអ្នកនេះអ្នកនោះមិនបោកបញ្ឆោតខ្ញុំទេនោះ » ។
ប៉ុន្ដែការរស់នៅក្នុងឃ្លាប្រសិនបើ និងឃ្លាប្រហែលជាអាចទៅជាចេះទៅជាចុះ មិនមានអ្វីល្អនោះឡើយ វានាំឲ្យមានតែការឈឺចាប់នឹងមូលហេតុ ឬរបៀបដែលការសាកល្បងមួយកើតឡើងក្នុងជីវិតរបស់អ្នកប៉ុណ្ណោះ ។ នៅទីបញ្ចប់ សេចក្ដីសុខសាន្ដ និងកម្លាំងកើតមានតាមរយៈការមករកព្រះគ្រីស្ទ និងការទុកចិត្តទៅលើទ្រង់ ដូចដែលយ៉ូសែបនៅស្រុកអេស៊ីព្ទបានធ្វើដែរ ។ ប្រសិនបើយើងធ្វើដូច្នេះ នោះការសាកល្បងរបស់យើងទាំងអស់អាចក្លាយជាការសាកល្បង ដែលជួយយើងឲ្យខិតទៅកាន់តែជិតព្រះ ហើយក្លាយកាន់តែដូចជាទ្រង់ ។
ប្រធាន ហិនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបានបង្រៀនថា « បងប្អូនអាចឆ្ងល់ថា ហេតុអ្វីព្រះដែលពេញដោយក្ដីស្រឡាញ់ និងមានគ្រប់ព្រះចេស្ដាអនុញ្ញាតឲ្យការសាកល្បងក្នុងជីវិតរមែងស្លាប់របស់យើងពិបាកខ្លាំងយ៉ាងនេះ ។ ដោយសារទ្រង់ជ្រាបថា យើងត្រូវតែរីកចម្រើននៅក្នុងភាពស្អាតបាត និងភាពរឹងមាំខាងវិញ្ញាណ ដើម្បីអាចរស់នៅក្នុងវត្តមានរបស់ទ្រង់ជាក្រុមគ្រួសារជារៀងរហូត » ។២
រង្វាន់ដ៏នៅអស់កល្បជានិច្ច
ប្រសិនបើយើងបានធ្វើអំពើបាប នោះយើងត្រូវតែប្រែចិត្ត ។ ប្រសិនបើការសាកល្បងមួយធ្វើឲ្យសមត្ថភាពរបស់យើងកើនឡើង នោះយើងអាច និងគួរតែធ្វើដូច្នោះ ។ ប៉ុន្ដែ ការលំបាកជាច្រើនដែលយើងជួបប្រទះនៅក្នុងជីវិតរមែងស្លាប់ ទំនងជានៅជាប់នឹងយើងយូរជាងដែលយើងចង់ឲ្យវានៅ—ពេលខ្លះអស់មួយជីវិតរបស់យើងក៏មាន ។ ត្រង់នេះផងដែរ ចម្លើយនោះគឺការងាកទៅរកព្រះ ។
ជីវិតនេះមានបំណងដើម្បីពត់លុតដំយើង និងបញ្ជាក់ថាយើងល្អ ។ ហើយព្រះនឹងយាងជាមួយយើង ប្រសិនបើយើងស្វែងរកទ្រង់នោះ ! អែលឌើរ ឌែល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « សេចក្តីជំនឿរបស់បងប្អូនទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងទទួលបានរង្វាន់ច្រើនជាងបងប្អូនគិតដល់ទៅទៀត ។ ភាពអយុត្តិធម៌ទាំងអស់—ជាពិសេស កំហឹងចំពោះភាពអយុត្តិធម៌—នឹងត្រូវបានឧទ្ទិសដើម្បីជាប្រយោជន៍ដល់បងប្អូន » ។៣
តើវា « យុត្តិធម៌ » ទេ ដែលយ៉ូសែបត្រូវឆ្លងកាត់អ្វីដែលលោកបានឆ្លងកាត់នោះ ? អត់ទេ ។ ប៉ុន្ដែ ដោយសារលោកបានឆ្លងកាត់អ្វីដែលលោកបានឆ្លងកាត់នោះ លោកអាចសង្គ្រោះជីវិតរបស់ប្រជាជាតិជាច្រើនបាន រួមទាំងគ្រួសាររបស់លោកផ្ទាល់ផងដែរ ។
អ្នកផ្ទាល់អាចស្ថិតនៅកណ្ដាលនៃការសាកល្បងដូចជាយ៉ូសែបដែរ ។ អ្នកអាចមើលមិនឃើញពីគោលបំណងវា ។ ឬទីបញ្ចប់នោះទេ ។
សូមគ្រាន់តែចងចាំថា ព្រះគុណរបស់ព្រះគឺល្មមគ្រប់គ្រាន់ ។ សូមបែរទៅរកទ្រង់ ហើយទ្រង់នឹងធ្វើការដ៏អស្ចារ្យទាំងឡាយនៅក្នុងជីវិតរបស់អ្នក ។