ឆ្នាំ​២០២២
ព្រះ​អាច​ជួយ​យើង​នៅក្នុង​គ្រា​លំបាក​បាន
ខែ មីនា ឆ្នាំ ២០២២


« ព្រះ​អាច​ជួយ​យើង​នៅក្នុង​គ្រា​លំបាក​បាន » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២២ ។

ព្រះ​អាច​ជួយ​យើង​នៅក្នុង គ្រា​លំបាក​បាន

ព្រះយេស៊ូវ​គ្រីស្ទ​ជ្រាប​ពី​របៀប​ដើម្បី​ជួយ​យើង​ម្នាក់ៗ មិន​ថា​យើង​មាន​ការសាកល្បង​អ្វីខ្លះ​នោះ​ទេ ។

ព្រះយេស៊ូវ​គ្រីស្ទ

ព្រះអង្គ​សង្គ្រោះ​បាន​យាង​នៅលើ​ទឹក ដោយ វ៉លធើរ រេន

ខ្ញុំ​នៅចាំ​ពី​អារម្មណ៍​ពេល​ខ្ញុំ​នៅ​វ័យ​ជំទង់ ពេល​រស់នៅ​ក្នុង​គ្រា​មួយ ដែល​ហាក់​ដូចជា​គ្រា​ដ៏​លំបាក ។ មាន​សង្គ្រាម​លោក​រាលដាល​យ៉ាង​រហ័ស ។ ពួក​យុវជន​ដែល​អាយុ​បង​ខ្ញុំ​តែ​បន្ដិច​ប៉ុណ្ណោះ​បាន​ស្លាប់​នៅក្នុង​សឹក​សង្គ្រាម ។ មាន​ពួកបងធំ​វាយដំ​គ្នា​នៅ​តំបន់​ជិតៗ​នោះ ។ ហើយ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​ក៏​មិនទាន់​ចប់​នៅឡើយ ហើយ​មាន​មនុស្ស​ក្រីក្រ​យ៉ាងច្រើន ។ គ្រួសារ​ខ្ញុំ និង​ខ្ញុំ​គឺជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​តែឯង​នៅក្នុង​ទីក្រុង ដែល​យើង​បាន​រស់នៅ ។

ប៉ុន្តែ​ខ្ញុំ​បាន​រីករាយ និង​មាន​សុទិដ្ឋិនិយម ។ ខ្ញុំ​ត្រូវបាន​បង្រៀន ដូច​ដែល​ក្មួយៗ​ត្រូវបាន​បង្រៀន​ដែរ​ថា ការសាកល្បង​របស់​យើង​អាច​ជា​ពរជ័យ ប្រសិនបើ​ការសាកល្បង​ទាំងនោះ​បង្វែរ​យើង​ឲ្យ​ទៅរក​ជំនួយ​ពី​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​នោះ ។

ហេតុអ្វី​មាន​ការសាកល្បង ?

ការសាកល្បង​នានា​ផ្ដល់​ឱកាស​ដ៏មាន​តម្លៃ ឲ្យ​យើង​ជ្រើសរើស​ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ ។ យើង​អាច​សូម​ជំនួយ​មកពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ការអធិស្ឋាន​បាន ទ្រង់​ជ្រាបពី​របៀប​ដើម្បី​ជួយ​ដល់​យើង ។ ទ្រង់​បាន​ដក​ពិសោធន៍​គ្រប់​ការសាកល្បង​ទាំងអស់ ដែល​យើង​នឹង​ជួប​ប្រទះ ។ ទ្រង់​ជ្រាប​ពី​របៀប​ដើម្បី​ជួយ​ពួកយើង​ម្នាក់ៗ​យ៉ាង​ឥតខ្ចោះ ។ ហើយ​ទ្រង់​ស្រឡាញ់​ពួកយើង ។

គោលបំណង​នៃ​ឧបសគ្គ​ទាំំងឡាយ​នៅក្នុង​ជីវិត គឺ​ដើម្បី​មើលឃើញ​អ្វី​ដែល​យើង​នឹង​ជ្រើសរើស​ធ្វើ ។ តើ​យើង​នឹង​អនុវត្ត​សេចក្ដី​ជំនឿ ដើម្បី​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង មិន​ថា​យើង​ជួប​នឹង​ការសាកល្បង​អ្វី​ដែរ​ឬទេ ? ព្រះ​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់ ទ្រង់​តែងតែ​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង​ជានិច្ច ។ ទ្រង់​អាច​ដកយក ឬ​បន្ថយ​ការសាកល្បង​របស់​យើង​បាន ប្រសិនបើ​ការណ៍​នោះ​នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង ។ នៅ​គ្រា​ផ្សេងទៀត ទ្រង់​មិន​អាច​នោះទេ ។

នៅពេល​ក្មួយៗ​បាន​សិក្សា​ពី​ជីវិត​របស់​ពួក​ព្យាការី​ពីដើម​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ក្មួយៗ​នឹង​ឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​ជួយ​យើង​មួយ​ជំហាន​ម្ដងៗ ឲ្យ​ក្រោកឈរ​ឡើង​ចេញពី​គ្រា​លំបាក​ទាំងឡាយ ។ ឧទាហរណ៍ របៀប​របស់​ព្រះអម្ចាស់​ក្នុង​ការជួយ​ដល់ យ៉ូសែប និង ម៉ូសេ បាន​បង្រៀន​ខ្ញុំ​ពី​របៀប​ដើម្បី​សូម​ជំនួយ និង​ទទួល​បាន​ជំនួយ​នៅក្នុង​គ្រា​លំបាក​នានា ។

ការសាកល្បង​របស់​យ៉ូសែប

យ៉ូសែប ដែល​ជា​កូនប្រុស​សំណព្វ​របស់​យ៉ាកុប ត្រូវបាន​បោះចូល​ទៅក្នុង​រណ្ដៅ​មួយ​ដោយ​ពួក​បងប្រុស​របស់​លោក រួចហើយ​ត្រូវបាន​លក់​ជា​ទាសករ​នៅ​ស្រុក​អេស៊ីព្ទ ។ ពួក​បងប្រុស​របស់​លោក​បាន​ប្រាប់​ទៅ​ឪពុក​របស់​លោក​ថា លោក​បាន​ស្លាប់​ហើយ ។ ខណៈពេល​ដែល​យ៉ូសែប​ជា​អ្នកបម្រើ​ទាសករ នោះ​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​លោក​នូវ​អំណាច ដើម្បី​បកស្រាយ​សុបិន​របស់​ស្ដេច​ផារ៉ោន ។ ទ្រង់​បាន​បង្ហាញ​ដល់​យ៉ូសែប​ពី​របៀប ដែល​ស្រុក​អេស៊ីព្ទ​អាច​ដោះស្រាយ​វិបត្តិ​គ្រោះ​ទុរភិក្ស​នាពេល​អនាគត​មួយ ។ ទ្រង់​បាន​ប្រទាន​ដល់​យ៉ូសែប​នូវ​កម្លាំង​ខាង​សីលធម៌ ដើម្បី​ប្រឆាំង​នឹង​ការល្បួង ដើម្បី​បាន​ដោះលែង​ចេញពី​គុក ហើយ​នៅ​អាយុ ៣២ ឆ្នាំ បាន​ឡើង​ធ្វើជា​មន្ដ្រី​ជាន់ខ្ពស់​របស់​ស្ដេច​ផារ៉ោន ។ ស្ដេច​ផារ៉ោន​បាន​មាន​បន្ទូល​អំពី​យ៉ូសែប​ថា « តើ​យើង​នឹង​រក​មនុស្ស​ឯណា​ឲ្យ​ដូច​មនុស្ស​នេះ ដែល​មាន​ព្រះវិញ្ញាណ​របស់​ព្រះ​សណ្ឋិត​នឹង​គាត់​បាន ? »

មេរៀន​មួយ​សម្រាប់​ខ្ញុំ​ចេញពី​របៀប ដែល​ព្រះអម្ចាស់​បាន​ជួយ​ដល់​យ៉ូសែប គឺជា​របៀប​ដែល​ទ្រង់​អាច​ជួយ​យើង​នៅក្នុង​គ្រា​លំបាក​នានា​បាន ។ នៅពេល​យ៉ូសែប​បាន​បន្ដ​ជ្រើសរើស​ត្រឹមត្រូវ នោះ​ព្រះអម្ចាស់​បាន​ពង្រឹង​យ៉ូសែប បាន​ប្រទាន​អំណាច​ខាង​វិញ្ញាណ​ដល់​លោក និង​បាន​បន្ទន់​ដួងចិត្ត​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​លោក ។

ព្រះអម្ចាស់​បង្ហាញ​ព្រះកាយ​ដល់​ម៉ូសេ

ម៉ូសេ​ឃើញ​ព្រះយេហូវ៉ា ដោយ យ៉ូសែប ប្រ៊ីកឃី

ការសាកល្បង​របស់​ម៉ូសេ

ដូចគ្នា​នេះដែរ ជំនួយ​របស់​ព្រះអម្ចាស់​ទៅកាន់​ម៉ូសេ​នៅក្នុង​ការសាកល្បង​របស់​លោក គឺ​ស្រដៀង​គ្នា​ទៅនឹង​ជំនួយ​របស់​ទ្រង់​ទៅកាន់​យ៉ូសែប​ដែរ ។ ការសាកល្បង​របស់​ម៉ូសេ​ក៏បាន​ចាប់ផ្ដើម​នៅក្នុង​យុវវ័យ​របស់​លោក​ផងដែរ ។ ម៉ូសេ​បាន​បែក​ចេញពី​ឪពុក​ម្ដាយ​របស់​លោក ។ ការសាកល្បង​ដំបូង​គេ​របស់​លោក​គឺ ការត្រូវបាន​បុត្រី​របស់​ស្ដេច​ផារ៉ោន​យកមក​ចិញ្ចឹម ។ ដើម្បី​ការពារ​សាសន៍​អ៊ីស្រាអែល​ម្នាក់ នោះ​លោក​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់ ហើយ​ត្រូវ​គេចខ្លួន​ទៅកាន់​ទីរហោស្ថាន ។

ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះកាយ​ដល់​ម៉ូសេ ហើយ​បាន​ហៅ​លោក​ឲ្យ​ដោះលែង​កូនចៅ​អ៊ីស្រាអែល​ចេញពី​សេវកភាព​នៅ​ស្រុក​អេស៊ីព្ទ ។ កិច្ចការ​ដែល​មើលទៅ​ហាក់ដូចជា​មិន​អាច​ទៅរួច​នោះ គឺជា​ការសាកល្បង​មួយ ដែល​ម៉ូសេ​មាន​អារម្មណ៍​ថា​ហួសពី​សមត្ថភាព​របស់​លោក ។ ការសាកល្បង និង​ឧបសគ្គ​ដ៏លំបាក​បំផុត​នៅក្នុង​ជីវិត​របស់​ក្មួយៗ អាច​កើតមាន នៅពេល​ក្មួយៗ​ទទួល​បាន​កិច្ចការ​មួយ​មកពី​ព្រះអម្ចាស់ ដែល​មើល​ទៅ​ហាក់​ដូចជា​ពិបាក​ខ្លាំង​ពេក ហើយ​ក្មួយៗ​មាន​អារម្មណ៍​ថា ក្មួយៗ​ត្រូវការ​ជំនួយ​ពី​ព្រះ ។

ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​ដោយ​ការប្រទាន​ជំនួយ​ដល់​ម៉ូសេ ជា​ជំនួយ​ដែល​ក្មួយ​នឹង​ត្រូវការ ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា គឺជា​ទ្រង់​ដែល​បាន​ពង្រឹង​លោក​ឲ្យ​ឆ្លងកាត់​ការសាកល្បង​ដែល​នៅខាង​មុខ​លោក ។

« យើង​ជា​ព្រះ​ដ៏​ជា​ព្រះ … ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូនចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ​ដ៏ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នករាល់គ្នា » ។ ដោយ​មាន​ការធានា​អះអាង​នោះ ម៉ូសេ​ទទួល​បាន​សេចក្ដី​ជំនឿ និង​កម្លាំង​សម្រាប់​ការសាកល្បង​ជា​បន្ដ​បន្ទាប់​នៅ​ចំពោះ​មុខ​លោក នៅក្នុង​កិច្ចការ​ដែល​បាន​ចាត់តាំង​របស់​លោក ។ ព្រះអម្ចាស់​មិន​ត្រឹមតែ​បាន​ហៅ​លោក​នោះ​ទេ ប៉ុន្ដែ​ព្រះអម្ចាស់​ក៏បាន​យាង​ទៅ​ចំពោះ​មុខ​លោក​តាម​របៀប ដែល​ប្រកប​ដោយ​អព្ភូតហេតុ​ជាច្រើន​ផងដែរ ។

ព្រះយេស៊ូវ​គ្រីស្ទ

ពន្លឺ​នៃ​លោកិយ ដោយ វ៉លធើរ រេន

ការសាកល្បង​របស់​ក្មួយៗ

គ្រា​លំបាក​នានា​ដែល​ក្មួយៗ និង​ខ្ញុំ​ប្រឈម​មុខ​នឹង​មាន​លក្ខណៈ​ខុសៗគ្នា ។ គ្មាន​ជីវិត​ពីរ​ណា​ដែល​ដូចគ្នា​ទាំងស្រុង​នោះ​ទេ ។ ការសាកល្បង​ទាំងឡាយ​គឺ​ដាក់​ឲ្យ​ត្រូវ​នឹង​យើង​ម្នាក់ៗ ដោយ​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់ និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ របៀប​ដែល​ទ្រង់​ទាំងទ្វេ​ឆ្លើយតប​ទៅនឹង​ការអធិស្ឋាន​សូម​ជំនួយ​របស់​យើង នឹង​ជា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង ។ សម្រាប់​មនុស្ស​មួយ​ចំនួន វា​អាច​ជា​ការពង្រឹង​ដល់​យើង ហើយ​សម្រាប់​អ្នកខ្លះ​ទៀត វា​អាច​ជា​ការផ្ដល់​អំណរ​ដល់​យើង នៅពេល​យើង​ពុះពារ​ដោយ​សេចក្ដី​ជំនឿ ។

សម្រាប់​ពួកយើង​ទាំងអស់​គ្នា ជំនួយ​ដែល​យើង​ត្រូវការ​ខ្លាំង​បំផុត នៅពេល​យើង​ជួប​នឹង​ការសាកល្បង មិន​ថា​តាម​របៀប​ណា និង​រយៈពេល​យូរ​ប៉ុណ្ណា​នោះទេ ជំនួយ​នោះ​គឺជា​សេចក្ដី​ជំនឿ​ដ៏រស់​រវើក​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​គឺជា​សេចក្ដី​ជំនឿ​នោះ​ឯង ដែល​បាន​ធ្វើ​ឲ្យ​យ៉ូសែប​បកស្រាយ​សុបិន​នៅ​ស្រុក​អេស៊ីព្ទ​បាន ។ វា​គឺជា​សេចក្ដី​ជំនឿ​ដ៏រឹងមាំ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឯង ដែល​បាន​ធ្វើឲ្យ​ម៉ូសេ​ក្លាហាន និង​ពង្រឹង​ដល់​លោក​នៅក្នុង​កិច្ចការ​ដ៏​លំបាក​របស់​លោក ដើម្បី​ជួយ​ព្រះអម្ចាស់​ដោះលែង​រាស្ដ្រ​របស់​ទ្រង់ ។

នៅក្នុង​យុវវ័យ​របស់​ក្មួយៗ ក្មួយៗ​បាន​ជួប​នឹង​ការសាកល្បង​ក្នុង​គ្រា​លំបាក​នានា​រួចហើយ ដូចជា​ខ្ញុំ​បាន​ជួប​ដែរ ។ ប៉ុន្ដែ ក្មួយៗ​ត្រូវបាន​បង្រៀន​ឲ្យ​ទុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដូចជា​ខ្ញុំ​ដែរ ។ ខ្ញុំ​ដឹង​នៅពេល​នេះ​ថា ហេតុអ្វី​ខ្ញុំ​មាន​អារម្មណ៍​សុទិដ្ឋិនិយម​បែប​នោះ ក៏ដូចជា​មាន​សេចក្ដី​អំណរ​នោះ​នៅពេល​ខ្ញុំ​នៅក្មេង ។ វា​មិនមែន​មាន​ន័យ​ថា ខ្ញុំ​រំពឹង​ឲ្យ​គ្រា​ទាំង​នោះ​បាន​ប្រសើរ​ឡើង ឬ​ងាយស្រួល​ជាងមុន​នោះទេ ។ វា​គឺ​ថា ខ្ញុំ​មាន​ទំនុកចិត្ត​ថា ប្រសិនបើ​ខ្ញុំ​ទុកចិត្ត​លើ​ទ្រង់ និង​បម្រើ​ទ្រង់ នោះ​អ្វីៗ​ទាំងអស់​នឹង​ហាក់​ដូចជា​ងាយស្រួល ។

ជីដូន​របស់​ខ្ញុំ​បាន​សុំឲ្យ​ឪពុក​របស់​ខ្ញុំ​ច្រៀង​ជាមួយ​នឹង​គាត់​នៅតាម​ផ្លូវ​ទៅផ្ទះ​វិញ បន្ទាប់ពី​ពេទ្យ​បាន​ប្រាប់​គាត់​ថា គាត់​នឹង​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ក្នុងពេល​ឆាប់ៗ​នេះ ៖ « ហើយ​បើ​យើង​ស្លាប់​មុន​ពេល​ដំណើរ​យើង​ចប់ … ស្រួល​ទាំងអស់ ! ស្រួល​ទាំងអស់ ! » ខ្ញុំ​ថ្លែង​ជាសាក្សី​ដល់​ក្មួយៗ​ថា ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ ជ្រាប​ពី​របៀប​ដើម្បី​ជួយ​យើង​ម្នាក់ៗ មិន​ថា​យើង​មាន​ការសាកល្បង​អ្វីខ្លះ​នោះ​ទេ ។ យើង​គ្រាន់តែ​ត្រូវ​ទូលសូម​ដល់​ទ្រង់​ដោយ​សេចក្ដី​ជំនឿ​ប៉ុណ្ណោះ ។

ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​ក្មួយៗ ហើយ​នឹង​ជួយ​ក្មួយៗ នៅ​គ្រប់​ពេល​ទាំងអស់ ហើយ​ស្រប​ទៅតាម​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ក្មួយៗ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នេះ ដោយ​ក្ដីស្រឡាញ់​ចំពោះ​ក្មួយៗ និង​ចំពោះ​ទ្រង់ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។