សារនៃក្ដីសង្ឃឹមចំពោះអ្នកទាំងឡាយដែលជាប់ពន្ធនាគារ
ពន្លឺនៃព្រះអាចជាផ្នែកមួយនៃអនាគតរបស់អ្នក ។
ជាច្រើនឆ្នាំមកហើយ ខ្ញុំបានជួបនឹងបុរសម្នាក់ឈ្មោះ អ៊ែរិក ពេលខ្ញុំបានទៅពន្ធនាគារមួយ ។ គាត់បានជាប់ពន្ធនាគារអស់ ១៧ ឆ្នាំហើយ ។ អំឡុងពេលនេះ អ៊ែរិកកម្រខកខានការប្រជុំព្រះវិហារណាស់ ។ គាត់បានអធិស្ឋានជាញឹកញាប់ជាមួយមនុស្សដទៃទៀត ហើយបានជួយមនុស្សជាច្រើនឲ្យរៀនអំពីព្រះគម្ពីរ ។ ពេលខ្ញុំបានជួបអ៊ែរិក គាត់កំពុងរងនូវការពិបាកខាងសុខភាពដ៏ធ្ងន់ធ្ងរ ។ ខ្ញុំបានមានលទ្ធភាពទៅសួរសុខទុក្ខគាត់នៅក្នុងបន្ទប់ពេទ្យក្នុងពន្ធនាគារ ។
កាលដែលយើងបាននិយាយគ្នា អ៊ែរិកបានប្រាប់ខ្ញុំថាគាត់មានអំណរគុណខ្លាំងណាស់ចំពោះសមាជិកសាសនាចក្រ ដែលបានគាំទ្រគាត់អស់ជាច្រើនឆ្នាំមកនេះ ។ គាត់បានចែកចាយទីបន្ទាល់ និងសេចក្តីជំនឿរបស់គាត់លើព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក ក្នុងសំឡេងខ្សឹបៗ គាត់បាននិយាយថា នៅមានថ្ងៃជាច្រើនពេលដែលគាត់បានមានអារម្មណ៍ថាគាត់ត្រូវបានគេភ្លេច ហើយឯកោ ។ យើងបាននិយាយគ្នាជាយូរ បានអធិស្ឋានជាមួយគ្នា និងបានបែកគ្នាទៅក្នុងនាមជាមិត្ត ។ ពីរបីម៉ោងក្រោយមក ខ្ញុំបានដឹងថា អ៊ែរិកបានទទួលមរណភាព ។
ដំណើរជីវិតរបស់អ៊ែរិកគឺគ្រោតគ្រាតណាស់ ។ ប៉ុន្តែនៅទីបំផុត គាត់បានស្គាល់ ហើយស្រឡាញ់ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងខ្លួនឯង ។ ហើយនោះជាអ្វីដែលសំខាន់ ។ នៅក្នុងភាពអស់កល្បជានិច្ច ខ្ញុំពុំគិតថា វានឹងសំខាន់ថា កន្លែងណា ឬរបៀបណាដែលយើងបានស្គាល់ព្រះយេស៊ូវនោះទេ ។ អ្វីដែលនឹងសំខាន់គឺជាអ្វីដែលយើងម្នាក់ៗបានធ្វើជាមួយនឹងជីវិតរបស់យើង បន្ទាប់ពីយើងបានរកឃើញទ្រង់ ។
កាលៈទេសៈ និងជម្រើសទាំងឡាយដែលដឹកនាំទៅកាន់ការជាប់ឃុំឃាំង ពុំត្រូវកំណត់ជីវិតរបស់អ្នកនោះទេ ។ អ្នកអាចនឹងធ្វើកំហុស ធំ និងតូច ។ អ្នកអាចប្រព្រឹត្តិបទឧក្រិដ្ឋម្ដង ឬច្រើនដង ។ នេះជាផ្នែកនៃអតីតកាលរបស់អ្នក ប៉ុន្តែអតីតកាលរបស់អ្នកពុំសម្រេចពីអនាគតរបស់អ្នកនោះទេ ។ អ្នកមានអំណាចដើម្បីធ្វើការជ្រើសរើស ដែលនឹងនាំមកនូវសុភមង្គល សូម្បីតែអំឡុងគ្រាលំបាកៗ ។
អត្តសញ្ញាណពិតរបស់អ្នក
ស៊ីស្ទើរ ចយ ឌី ចូនស៍ ប្រធានអង្គការបឋមសិក្សាទូទៅ បានមកទស្សនកិច្ចនៅពន្ធនាគារជាច្រើនដង ។ មានម្ដង គាត់បានប្រាប់ខ្ញុំរឿងនេះ ។
« ខ្ញុំចាំបានពីលើកដំបូងដែលខ្ញុំបានមកកាន់ពន្ធនាគារក្បែរកន្លែងដែលខ្ញុំនៅ ។ ពេលខ្ញុំបាននិយាយជាមួយក្រុមអ្នកទោសមួយក្រុម ខ្ញុំបានមានអារម្មណ៍ថា ខ្ញុំនៅក្នុងកន្លែងបរិសុទ្ធមួយ ដោយសារខ្ញុំបានដឹងថា ពួកគេពិតជាចង់ផ្លាស់ប្ដូរ ហើយមកកាន់ព្រះគ្រីស្ទដោយស្មោះសរ ។ យើងបាននិយាយអំពីអត្តសញ្ញាណដ៏ទេវភាពក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ។
« មានពេលមួយ ខ្ញុំបានប្រាប់ពួកគេអំពីចៅស្រីអាយុពីរឆ្នាំរបស់ខ្ញុំ ដែលបានមកឯខ្ញុំនៅថ្ងៃមួយ ដោយញញឹម ។ នាងបានប្រកាសយ៉ាងសាទរថា ‹ លោកយាយ ខ្ញុំជាកូនរបស់ព្រះ ! › បន្ទាប់មកមនុស្សម្នាក់បាននិយាយតិចៗថា ‹ ខ្ញុំឆ្ងល់ថា ជីវិតរបស់ខ្ញុំនឹងទៅជាយ៉ាងណានៅថ្ងៃនេះ ប្រសិនបើមាននរណាម្នាក់បានប្រាប់ខ្ញុំ ពេលខ្ញុំនៅក្មេងថា ខ្ញុំជាកូនរបស់ព្រះនោះ ។ ›
ស៊ីស្ទើរចូនស៍បានបន្តថា « ដំណឹងល្អនោះគឺថា យើងទាំងអស់គ្នាគឺជាបុត្រាបុត្រីរបស់ព្រះ មិនថាយើងរៀនវាពេលនៅជាក្មេងម្នាក់ ឬក្រោយមកទៀតនៅក្នុងជីវិតរបស់យើងនោះទេ ។ វាពុំដែលយឺតពេលទេ ។ អ្នកពុំត្រូវបានបំភ្លេចចោលឡើយ ។ ព្រះស្គាល់អ្នក ។ ទ្រង់ស្រឡាញ់អ្នក ។ ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះរបស់យើង ។ ទ្រង់បានធ្វើដង្វាយធួនសម្រាប់យើងម្នាក់ៗគ្រប់គ្នា ។ ដោយសារដូចនោះហើយ ព្រះយេស៊ូវយល់ឥតខ្ចោះពីជីវិតរបស់យើង ហើយយើងអាចត្រូវបានអត់ទោសឲ្យទាំងស្រុងពីអំពីបាបរបស់យើង ។ ទ្រង់បានមានព្រះបន្ទូលថា ‹ មែនហើយ ឱវង្សអ៊ីស្រាអែលអើយ គេនឹងភ្លេចបាន ប៉ុន្តែយើងមិនដែលភ្លេចអ្នកឡើយ ។… មើលចុះ យើងបានចារិកអ្នកទុក នៅផ្ទៃបាតដៃរបស់យើងហើយ អស់ទាំងកំផែងអ្នកនៅចំពោះភ្នែកយើងជានិច្ច › ( នីហ្វៃទី១ ២១:១៥–១៦ ) » ។
ការជឿថាអ្នក និងមនុស្សគ្រប់គ្នាដែលអ្នកស្គាល់ គឺជាកូនរបស់ព្រះ អាចជាប្រភពនៃកម្លាំងខាងក្នុង ។ ពេលអ្នកទទួលយកសេចក្ដីពិតនេះ ហើយអនុញ្ញាតឲ្យវាដឹកនាំជីវិតរបស់អ្នក នោះអ្នកនឹងរកឃើញភាពសុខសាន្តកាន់តែច្រើនឡើង ហើយក្លាយជាគំរូដ៏ល្អសម្រាប់មនុស្សដទៃទៀត ។
ការកសាងទំនុកចិត្តឡើងវិញ
ពេញមួយជីវិត វាអាចពិបាកក្នុងការដឹងថានរណាដែលត្រូវទុកចិត្ត ប៉ុន្តែអ្នកតែងតែអាចទុកចិត្តព្រះវរបិតាសួគ៌របស់អ្នក ។ ព្រះគម្ពីរបង្រៀនថា ព្រះស្គាល់អ្នកយ៉ាងឥតខ្ចោះ ។ ទ្រង់ស្រឡាញ់អ្នក ហើយមិនអាចកុហក់ទេ ។១ ប្រសិនបើការទុកចិត្តអ្នកដទៃ—រួមទាំងព្រះ—ពិបាកសម្រាប់អ្នក សូមអធិស្ឋានអំពីវា ។ សូមសួរដល់ព្រះវរបិតាសួររបស់អ្នកថា « តើព្រះអង្គស្រឡាញ់កូនទេ ? តើកូនអាចទុកចិត្តលើព្រះអង្គទេ ? » រួចហើយសូមស្ដាប់មើលចម្លើយមួយ ។ ចម្លើយអាចបានមកជាអារម្មណ៍សុខសាន្ត ឬគំនិតដ៏ស្ងប់មួយ ។ វាអាចត្រូវការពេលវេលា ។ ប៉ុន្តែទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់អ្នក ។
បន្ថែមទៅលើការដឹងថានរណាដែលអ្នកអាចទុកចិត្តបាន វាសំខាន់ដើម្បីក្លាយជាមនុស្សម្នាក់ដែលអាចឲ្យមនុស្សដទៃទុកចិត្តបានផងដែរ ។ វាប្រហែលជាមិនសមរម្យទេសម្រាប់អ្នកដែលទៅទាក់ទងនឹងមនុស្សដែលអ្នកធ្វើឲ្យខូចចិត្ត ។ ប៉ុន្តែអ្នកនៅតែអាចពិចារណាពីព្រឹត្តិការណ៍កាលពីអតីតកាលចេញពីទស្សនៈរបស់ពួកគេ អភិវឌ្ឍសេចក្ដីមេត្តាចំពោះពួកគេ ហើយអធិស្ឋានឲ្យពួកគេ ។ អ្នកអាចជ្រើសធ្វើជាបុគ្គលម្នាក់ដែលគួរឲ្យទុកចិត្តនៅក្នុងទំនាក់ទំនងថ្មីដែលអ្នកបង្កើតឡើង ។
វាអាចជាផ្លូវដ៏វែងឆ្ងាយមួយ ។ ខ្ញុំមានអំណរគុណចំពោះការលើកទឹកចិត្តនេះមកពីអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « បន្តស្រឡាញ់ ។ ចូរបន្ដខិតខំ ។ ចូរបន្ដទុកចិត្ត ។ ចូរបន្ដជឿ ។ ចូរបន្ដរីកចម្រើន ។ ស្ថានសួគ៌កំពុងលើកទឹកចិត្តបងប្អូននៅថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរហូតតទៅ » ។២
ការបំពេញតួនាទីជាឪពុក/ម្ដាយពេលជាប់ពន្ធនាគារ
អ្នកអាចត្រូវបានល្បួងឲ្យគិតថា អ្នកមិនអាចធ្វើជាឪពុក/ម្ដាយ អំឡុងពេលដែលអ្នកជាប់ពន្ធនាគារ ។ សូមទប់ទល់នឹងការគិតបែបនេះ ។ ពេលណាដែលអាចធ្វើបាន សូមស្វែងរករបៀបដើម្បីគាំទ្រដល់គ្រួសារ និងកូនៗរបស់អ្នក ។
នៅឆ្នាំថ្មីៗនេះ ថ្នាក់ដឹកនាំសាសនាចក្របានសង្កត់ធ្ងន់ថាវាសំខាន់យ៉ាងណា ដើម្បីបង្រៀនដំណឹងល្អដល់គ្នាទៅវិញទៅមកនៅក្នុងគ្រួសារយើង ។ សូមសួរខ្លួនឯងថា « តើខ្ញុំអាចជួយគ្រួសារខ្ញុំឲ្យទទួលបានពរជ័យនៃដំណឹងល្អដោយរបៀបណា ? » ទាំងនេះគឺជាយោបល់ចំនួនបួន ៖
-
អ្នកតែងតែអាចអធិស្ឋានសម្រាប់គ្រួសាររបស់អ្នកជានិច្ច ។ ការអធិស្ឋានគឺជាប្រភេទកិច្ចការខាងវិញ្ញាណដ៏មានអានុភាព ដែលមិនត្រូវបានដាក់កម្រិតដោយជញ្ជាំង ឬចម្ងាយនោះទេ ។
-
ប្រសិនបើអ្នកត្រូវបានអនុញ្ញាតឲ្យទាក់ទងនឹងកូនៗអ្នក សូមស្វែងរករបៀបសមរម្យដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់អ្នក ។ បង្រៀនពួកគេអំពីមេរៀនខាងវិញ្ញាណដែលអ្នកកំពុងរៀន ។
-
សូមធ្វើការខិតខំដើម្បីទំនាក់ទំនងឡើងវិញជាមួយនឹងមិត្តភក្ដិដែលគួរឲ្យទុកចិត្ត ។ កសាងចំណងទាក់ទងជាមួយពួកអ្នកដែលជាឥទ្ធិពលល្អចំពោះគ្រួសាររបស់អ្នក ។
-
ផ្លាស់ប្រែកាន់តែល្អប្រសើរ ។ រាល់កិច្ចប្រឹងប្រែងដែលអ្នកធ្វើ ដើម្បីអភិវឌ្ឍខ្លួនឯង និងដើម្បីទទួលខុសត្រូវចំពោះជម្រើសរបស់អ្នក នឹងជួយអ្នកឲ្យកាន់តែក្លាយជាឪពុក ឬម្ដាយកាន់តែប្រសើរឡើង ។
ការបោះពួយទៅមុខ
ព្យាការីរបស់យើងសព្វថ្ងៃនេះ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា ចំណុចសំខាន់នៃជីវិតនេះគឺដើម្បីត្រៀមខ្លួនទៅជួបនឹងព្រះ ដោយការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ លោកបានបង្រៀនថា « យើងធ្វើដូច្នោះនៅពេលយើងប្រែចិត្តប្រចាំថ្ងៃ ហើយទទួលបានការសម្អាតការព្យាបាល និងអំណាចពង្រឹងរបស់ទ្រង់ » ។ « បន្ទាប់មក យើងអាចមានអារម្មណ៍ភាពសុខសាន្ដ និងអំណរយូរអង្វែង ទោះជានៅគ្រាចលាចលក្ដី » ។៣
ការប្រែចិត្តគឺជាផ្នែកដ៏សំខាន់មួយនៃការជាសះស្បើយ ។ វាចាប់ផ្ដើមពេលដែលអ្នកអធិស្ឋានដោយស្មោះសរដល់ព្រះ ដោយទូលដល់ទ្រង់ពីអ្វីដែលអ្នកបានធ្វើខុស ហើយទូលសូមការអភ័យទោសពីទ្រង់ ។ អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍សុខសាន្ត កាលដែលអ្នករៀនបន្ថែមទៀតអំពីដំណឹងល្អ ហើយធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ អារម្មណ៍ទាំងនេះ និងការផ្លាស់ប្ដូរឥរិយាបទរបស់អ្នក គឺជាភស្ដុតាងថា អ្នកកំពុងចាប់ផ្ដើមជាសះស្បើយ ។
ថ្នាក់ដឹកនាំសាសនាចក្រនៅទីនោះដើម្បីជួយអ្នកដើរតាមផ្លូវនេះត្រឡប់ទៅកាន់ព្រះវិញ ។ តាមរយៈព្រះយេស៊ូវគ្រីស្ទ អ្នកនឹងអាចត្រឡប់ទៅរកព្រះវរបិតាសួគ៌របស់អ្នកវិញជានិច្ច ។ ទោះបីជាអ្នកអាចទទួលអារម្មណ៍ថាបានទទួលការអត់ទោសពីព្រះយ៉ាងយូរពីមុនពេលអ្នកត្រូវបានអត់ទោសឲ្យដោយគ្រួសារ សង្គម ឬសូម្បីតែសមាជិកសាសនាចក្រក្ដី សូមកុំអស់សង្ឃឹមឡើយ ។ គ្រាន់តែបន្តឆ្ពោះទៅមុខ ។ សូមទុកចិត្តលើការសន្យារបស់ព្រះ និងពេលវេលារបស់ទ្រង់ ។
ព្រះនឹងជួយអ្នកឲ្យជាសះស្បើយ
ចូរចាំថា ការជាសះស្បើយណាក៏ដោយ—រួមទាំងពីការញៀន ការរំលោភបំពាន ឬដំណើរប៉ះទង្គិចផ្សេងៗទៀត—គឺត្រូវការពេលវេលា ។ ព្រះគម្ពីរប៊ីបប្រាប់ដំណើររឿងរបស់ព្រះយេស៊ូវព្យាបាលបុរសខ្វាក់ភ្នែកដែលបានមើលឃើញវិញ ។ ដំបូង ទ្រង់បានឃើញ « មនុស្សដើរ មើលទៅដូចជាដើមឈើ » ។ បន្ទាប់មកព្រះយេស៊ូវ « ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត ប្រាប់ឲ្យងើបឡើងមើល ស្រាប់តែភ្នែកគាត់បានភ្លឺឡើង ឃើញច្បាស់ទាំងអស់ » ( ម៉ាកុស ៨:២៤–២៥ ) ។ ស្រដៀងគ្នានេះ ពេលព្រះយេស៊ូវបានព្យាបាលស្ត្រីម្នាក់ដែលមានបញ្ហាធ្លាក់ឈាម គឺបន្ទាប់ពីនាងបានទទួលរងបញ្ហាសុខភាពអស់រយៈពេល ១២ ឆ្នាំ ( សូមមើល ម៉ាកុស ៥:២៥–៣៤ ) ។ រឿងរ៉ាវទាំងនេះរំឭកយើងថា ការជាសះស្បើយខាងរាងកាយ ខាងវិញ្ញាណ និងខាងផ្លូវចិត្ត ជាញឹកញាប់វាត្រូវការពេលវេលា ។ ប្រសិនបើអ្នកមានអារម្មណ៍ដូចជាការជាសះស្បើយរបស់អ្នកមិនកំពុងតែកើតឡើងលឿនតាមដែលអ្នកចង់បានទេ សូមព្យាយាមរកមើលភាពជោគជ័យតូចៗ ។ សូមអធិស្ឋាន និងទូលដល់ព្រះអំពីអារម្មណ៍របស់អ្នក រួមទាំងការអរព្រះគុណទ្រង់សម្រាប់ការរីកចម្រើនណាក៏ដោយដែលអ្នកកត់សម្គាល់ឃើញ ។
មិនថាអ្នកជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬមិនមែន កំពុងតែរៀនបន្ថែមទៀតអំពីដំណឹងល្អ ឬកំពុងត្រឡប់ទៅកាន់ភាពជាសមាជិករបស់សាសនាចក្រវិញក្ដី សូមដឹងថា យើងខ្វាយខ្វល់ពីអ្នក ។ មិនថាអតីតកាលរបស់អ្នកយ៉ាងណានោះទេ ឬថាតើផ្លូវនៅខាងមុខឆ្ងាយប៉ុណ្ណាទេ អនាគតរបស់អ្នកអាចត្រូវបានបំពេញដោយពន្លឺរបស់ព្រះ ។… ផ្លូវនៃដំណឹងល្អផ្ដល់កម្លាំងដល់យើង ។ វានាំការលួងលោមដល់យើង ។ វាដឹកនាំទៅកាន់សុភមង្គលកាន់តែច្រើននៅក្នុងជីវិតនេះ និងអំណរនៅជីវិតដ៏នៅអស់កល្បជានិច្ច ។
ព្រះវរបិតាសួគ៌របស់អ្នក និងព្រះយេស៊ូវគ្រីស្ទស្គាល់ ហើយស្រឡាញ់អ្នកយ៉ាងឥតខ្ចោះ ។ ពួកទ្រង់នឹងមិនដែលបោះបង់អ្នកចោលឡើយ ។ ពួកទ្រង់នឹងមិនដែលធ្វើទុក្ខទោសដល់អ្នកឡើយ ។ ពួកទ្រង់នឹងមិនដែលភ្លេចអ្នកឡើយ ។