ការងារបម្រើដល់អ្នកទាំងឡាយដែលជាប់ពន្ធនាគារ
តម្លៃនៃព្រលឹងរបស់មនុស្សម្នាក់គឺមិនត្រូវបានបន្ទាបបន្ថោកដោយបទឧក្រិដ្ឋនោះទេ ។
ឥឡូវនេះ មនុស្សច្រើនជាង ១០លាននាក់ កំពុងត្រូវបានឃុំខ្លួននៅក្នុងគុក ឬពន្ធនាគារទូទាំងពិភពលោក ។១ ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់ស្រឡាញ់មនុស្សគ្រប់គ្នា ហើយយល់ពីគ្រប់ការលំបាក សុំឲ្យយើងផ្ដល់ការងារបម្រើដល់បុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌—រួមទាំងពួកអ្នកដែលជាប់ពន្ធនាគារផងដែរ ។ « នោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់… ជាប់គុក ហើយបានមកឯទ្រង់ពីកាលណា ?
« នោះស្តេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ » ( ម៉ាថាយ ២៥:២៦–៤០ ) ។
តើយើងអាចធ្វើនូវអ្វីដែលព្រះអង្គសង្គ្រោះបានស្នើ ហើយផ្ដល់ការងារបម្រើដល់អ្នកដែលជាប់ពន្ធនាគារដោយសុវត្ថិភាពដោយរបៀបណា ? អត្ថបទនេះផ្ដល់នូវគោលការណ៍មូលដ្ឋានសម្រាប់ជាចំណុចចាប់ផ្ដើម ។ សូមពិភាក្សាប្រកបដោយការអធិស្ឋានជាមួយនឹងថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋាន អំពីអ្វីដែលសមរម្យនិងឆ្លាតវៃ សម្រាប់តំបន់របស់អ្នក ។
បុត្រនៃព្រះដូចគ្នា
ខណៈដែលប្រព័ន្ធយុត្តិធម៌ខុសគ្នា បញ្ហាប្រឈមនៃការជាប់ឃុំឃាំងគឺមាននៅពាសពេញជាតិសាសន៍ និងវប្បធម៌នានា ។ ដ័ក រីឈិនស៍ គ្រប់គ្រងកម្មវិធីសម្រាប់សមាជិកសាសនាចក្រដែលជាប់ឃុំឃាំង ។ គាត់ក៏សម្របសម្រួលជាមួយក្រុមជំនឿ និងសហគមន៍ផ្សេងៗទៀត ដើម្បីជួយដល់ជនដែលរងផលប៉ះពាល់ដោយសារការជាប់ឃុំឃាំងដោយមិនគិតប្រវត្តិរូប ឬទស្សនៈខាងជំនឿរបស់ពួកគេ ។
បងប្រុសរីឈិនស៍បានមានប្រសាសន៍ថា « រឿងធម្មតាមួយអំពីពួកអ្នកដែលជាប់ឃុំឃាំង គឺថាពួកគេទាំងអស់គ្នាមិនគួរឲ្យទុកចិត្ត ហឹង្សា និងគ្រោះថ្នាក់ » ។ « ទោះជាយ៉ាងណា ខ្ញុំបានឃើញថា ពួកគេភាគច្រើនមិនដូចនោះទេ ។ ភាគច្រើនមានអារម្មណ៍វិប្បដិសារីចំពោះសកម្មភាពរបស់ពួកគេ ។ ពួកគេកំពុងព្យាយាមពង្រឹងជំហរឲ្យខ្ពស់ជាងជម្រើសអាក្រក់ៗនៃអតីតកាល ហើយរស់នៅក្នុងជីវិតដ៏ល្អ » ។
នៅក្នុងប្រទេសមួយចំនួន ប្រជាជនពាក់កណ្ដាលមានសមាជិកគ្រួសារជិតដិតដែលជាប់ពន្ធនាគារ ។២ បងប្អូន ឪពុកម្ដាយ និងកូនៗដែលជាប់ពន្ធនាគារទាំងនេះគឺជា—ក្រៅពីត្រូវបានកំណត់ដោយចំណងទាក់ទងនៅលើផែនដី—បុត្រនៃព្រះដូចគ្នា ។
ការវិនិច្ឆ័យនៃជីវិតរមែងស្លាប់ និងអស់កល្បជានិច្ច
ថ្វីបើជីវិតតម្រូវឲ្យយើងធ្វើការវិនិច្ឆ័យទាំងឡាយ ក៏មានតែព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលអាចធ្វើការវិនិច្ឆ័យមនុស្សម្នាក់ដោយឥតខ្ចោះ ដោយផ្អែកទៅលើស្ថានភាព សកម្មភាព និងបំណងប្រាថ្នារបស់ពួកគេ ( សូមមើល សាំយូអែល ទី១ ១៦:៧ ) ។ ការវិនិច្ឆ័យដ៏ឥតខ្ចោះនោះ ពិតជានឹងត្រូវយកមកពិចារណានូវកាលៈទេសៈទាំងឡាយដែលមនុស្សបានកើតមកជាមួយ ដែលទំនងជាធ្វើឲ្យមានការឃុំឃាំង ដូចជាការប៉ះទង្គិចក្នុងគ្រួសារ ភាពក្រីក្ររាប់ជំនាន់ ឬទម្លាប់នៃការប្រើប្រាស់គ្រឿងញៀន ។ ល ។ មានកត្តាជាច្រើនទៀតដែលអាចជះឥទ្ធិពលដល់សមត្ថភាពរបស់មនុស្សម្នាក់ដើម្បីធ្វើការជ្រើសរើសដែលល្អ រួមទាំងសុខភាព និងសុខុមលភាពរបស់ពួកគេផងដែរ ។៣ ខណៈដែលវាសំខាន់ដែលសង្គមត្រូវអនុវត្តច្បាប់ដែលរក្សាសហគមន៍ឲ្យមានសុវត្ថិភាព យើងអាចធ្វើដូច្នោះដោយការអាណិតអាសូរ និងជាមួយនឹងទស្សនវិស័យដ៏អស់កល្បមួយ ដោយដឹងថា មានអ្វីៗជាច្រើនដែលយើងមិនយល់ ។
ថានញ៉ា ស្កាហ្វ័រ ជាសមាជិកសាសនាចក្រដែលបានធ្វើការនៅការិយាល័យច្បាប់ មុននឹងរកឃើញក្រុមតស៊ូមតិអ្នកទោស បាននិយាយថា « សូមគិតថាតើអ្នកមានអារម្មណ៍របៀបណា ប្រសិនបើអ្នកត្រូវបានគេវិនិច្ឆ័យអស់មួយជីវិតអ្នក ដោយផ្អែកលើរឿងអាក្រក់បំផុតដែលអ្នកបានធ្វើនោះ » ។ « វាគឺសម្រេចទៅលើព្រះដើម្បីអត់ទោសដល់អ្នកណាដែលទ្រង់នឹងអត់ទោស ប៉ុន្តែទ្រង់បញ្ជាយើងឲ្យអត់ទោសដល់មនុស្សគ្រប់គ្នា » ( សូមមើល ម៉ាថាយ ១៨:២១–២២ ) ។
គោលការណ៍នៃការវិនិច្ឆ័យដ៏ឥតខ្ចោះរបស់ព្រះ អាចជាប្រភពនៃការលួងលោមសម្រាប់ជនរងគ្រោះនៃបទឧក្រិដ្ឋផងដែរ ។ ជួនកាលមនុស្សដែលធ្វើឲ្យអ្នកដទៃទៀតឈឺចាប់ មិនដែលបានប្រឈមមុខនឹងការដាក់ទោសនៅលើផែនដីនេះទេ ។ ជនរងគ្រោះអាចរងទុក្ខជាយូរ ក្រោយពីជនល្មើសបានចេញពីពន្ធនាគារហើយ ។ មនុស្សជាច្រើនដែលរងផលប៉ះពាល់ដោយការជាប់ពន្ធនាគារ ធ្លាប់ជាជនរងគ្រោះផង និងជាជនល្មើសផងនៅពេលខុសគ្នា ដែលរំឭកយើងថា ជីវិតគឺជាសំណាញ់ដ៏ជំពាក់ច្របូកច្របល់នៃចំណងទាក់ទង និងការសម្រេចចិត្តដែលប៉ះពាល់ដល់មនុស្សដទៃទៀត ។ យើងអាចស្វែងរកការលួងលោមក្នុងការទុកចិត្តថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយល់ពីរឿងគ្រប់យ៉ាង ។ ការវិនិច្ឆ័យរបស់ពួកទ្រង់នឹងល្អឥតខ្ចោះ ។ ការព្យាបាលដែលពួកទ្រង់ប្រទាន—សម្រាប់ទាំងអ្នកគ្មានកំហុស និងអ្នកប្រែចិត្ត—នឹងបានបំពេញ ( សូមមើល វិវរណៈ ២១:៤ ) ។
គំរូនៃការស្រឡាញ់របស់ថ្នាក់ដឹកនាំ
អែលឌើរ ជែរីត ដ័បុលយូ ហ្កង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិពណ៌នាពីការប្រជុំមួយដែលគ្រប់គ្នានៅជុំវិញលោកបានស្លៀកពាក់ពណ៌ស ។ មានការច្រៀង និងការអធិស្ឋាន ហើយសេចក្ដីស្រឡាញ់របស់ព្រះបានពេញបរិបូរ ។៤ ផ្ទុយពីអ្វីដែលយើងជាច្រើនអាចនឹងបង្កើតរូបភាពក្នុងគំនិត នេះមិនមែនជាការប្រជុំនៅព្រះវិហារបរិសុទ្ធទេ ។ នេះគឺជាទស្សនកិច្ចការងារបម្រើនៅពន្ធនាគារ ដែលសម្លៀកបំពាក់អៀមពណ៌សគឺជាឯកសណ្ឋានជាបទដ្ឋាននៅទីនោះ ។
« ថ្នាក់ដឹកនាំសាសនាចក្រខ្វល់ខ្វាយអំពីអស់អ្នកដែលបានរងផលប៉ះពាល់ដោយបទឧក្រិដ្ឋ និងការជាប់ពន្ធនាគារ » បងប្រុសរីឈិនស៍បានថ្លែងទីបន្ទាល់ ដោយពិពណ៌នាពីរបៀបដែលអ្នកដឹកនាំម្នាក់ឲ្យច្បាប់ទស្សនាវដ្ដីសាសនាចក្ររបស់គាត់ផ្ទាល់ទៅមនុស្សម្នាក់ដែលគាត់ទៅសួរសុខទុក្ខនៅក្នុងពន្ធនាគារជារៀងរាល់ខែ ។ « ពួកគាត់ទៅសួរសុខទុក្ខអ្នកជាប់ពន្ធនាគារជាញឹកញាប់ គាំទ្រគ្រួសាររបស់ពួកគេ ហើយថែរក្សាជនរងគ្រោះដោយទន់ភ្លន់ » ។
កិច្ចការកែតម្រូវគឺជាការទទួលខុសត្រូវរបស់ប្រធានស្តេក ធ្វើការជាមួយថ្នាក់ដឹកនាំវួដដើម្បីដោះស្រាយតម្រូវការរបស់ពួកអ្នកនៅក្នុងតំបន់របស់ពួកគេ ។ តើថ្នាក់ដឹកនាំស្តេករបស់អ្នកកំពុងធ្វើអ្វីខ្លះ ដើម្បីផ្ដល់ការងារបម្រើដល់ និងចែកចាយសារលិខិតដែលលើកស្ទួយជាមួយនឹងសមាជិកដែលជាប់ពន្ធនាគារ ? នៅក្នុងកន្លែងខ្លះ សមាជិកសាសនាចក្រអាចត្រូវបានហៅឲ្យទៅសួរសុខទុក្ខ និងបង្រៀនដល់អ្នកដែលជាប់ពន្ធនាគារ ។ បងប្រុសរីឈិនស៍បានមានប្រសាសន៍ថា ជាញឹកញាប់សមាជិកទាំងនោះដែលត្រូវបានហៅឲ្យទៅផ្ដល់ការគាំទ្រ មានការភ័យខ្លាចពីដំបូង ប៉ុន្តែបន្ទាប់មកពួកគេឃើញថាការហៅនោះមានអត្ថន័យណាស់ ដែលពួកគេមិនចង់ដោះលែងទេ ។
គាត់បាននិយាយថា « វាជាសាសនាដែលបរិសុទ្ធ » ( សូមមើល យ៉ាកុប ១:២៧ ) ។
ខណៈដែលយើងមិនគួរមានអារម្មណ៍មានសម្ពាធក្នុងការទៅសួរសុខទុក្ខអ្នកជាប់ពន្ធនាគារដែលយើងមិនស្គាល់ នោះមាននូវរបៀបផ្សេងៗទៀតដែលយើងអាចផ្ដល់ការងារបម្រើដោយមានសុវត្ថិភាព ។ នេះគឺជារបៀបមួយចំនួន ៖
-
រួមបញ្ចូលមនុស្សដែលជាប់ពន្ធនាគារនៅក្នុងការអធិស្ឋានរបស់អ្នក ជាពិសេសអ្នកដែលអ្នកស្គាល់តាមឈ្មោះ ។ ការអធិស្ឋានគឺមានអំណាច !
-
សូមសាកសួរទៅពន្ធនាគារក្នុងមូលដ្ឋានដើម្បីមើលថាបើពួកគេត្រូវការសម្ភារបរិច្ចាគនានា ។ របស់របរដូចជាការចាក់អំបោះ ការអាន គម្រោងសិល្បៈ និងការស្រាវជ្រាវពង្សប្រវត្តិ គឺត្រូវបានអនុញ្ញាតនៅក្នុងកន្លែងជាច្រើន ។
-
ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលជាប់ពន្ធនាគារ សូមសរសេរសំបុត្រដែលលើកស្ទួយទៅពួកគេ ។ សូមធ្វើការជ្រើសរើសដែលមានសុវត្ថិភាព ឆ្លាតវៃ ពេលធ្វើការទំនាក់ទំនង ។ ធ្វើតាមព្រះវិញ្ញាណ និងរក្សាព្រំដែនដែលសមរម្យ ។
-
ប្រព្រឹត្តិចំពោះសមាជិកគ្រួសាររបស់អ្នកដែលជាប់ពន្ធនាគារ—ជាពិសេសកុមារ—ដោយក្ដីស្រឡាញ់ គោរព និងរួមបញ្ចូល ។ សូមចាំថា សមាជិកគ្រួសារជាទូទៅគឺជាជនរងគ្រោះគ្មានទោសដែរ ។ ព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យដឹងពីរបៀបដ៏ល្អបំផុតដើម្បីផ្ដល់ការងារបម្រើដល់សមាជិកទាំងអស់របស់គ្រួសារនោះ ។
ព្រះវិញ្ញាណបរិសុទ្ធមិនមានកំណត់ទេ
ការជាប់ពន្ធនាគារអាចជាពេលវេលាដ៏លំបាកក្រៃលែងនៅក្នុងជីវិតមនុស្សម្នាក់ ។ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធមិនត្រូវបានបញ្ឈប់ដោយជញ្ជាំង ចម្រឹង ឬច្រវាក់នោះទេ ។ ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងការបន្ទាបខ្លួន អាចអញ្ជើញវត្តមាននៃការលួងលោមរបស់ទ្រង់បានយ៉ាងលឿននៅក្នុងគុកក៏ដូចជានៅខាងក្រៅដែរ ។ ដោយហេតុដូច្នេះហើយ ពន្ធនាគារអាចក្លាយជាកន្លែងនៃអព្ភូតហេតុទាំងឡាយ ។
ផតធៀ ឡៅដ័រ ជាសមាជិកសាសនាចក្រដែលបានសរសេរអត្ថបទដាក់លើអ៊ិនធើរណែតខណៈជាប់នៅក្នុងពន្ធនាគារ បានពិពណ៌នាពីពេលវេលារបស់នាងនៅក្នុងពន្ធនាគារថាជាដំណើរដ៏ពិបាកមួយនៃសេចក្ដីជំនឿ និងការរកឃើញខ្លួនឯង ។ នាងបានសរសេរថា « ខ្ញុំបានឆ្លងកាត់ការតស៊ូវដ៏ធ្ងន់ធ្ងរនៅក្នុងជីវិតខ្ញុំ ប៉ុន្តែខ្ញុំអាចមានអារម្មណ៍ថាខ្លួនខ្ញុំបានជាសះស្បើយតាមរយៈសេចក្ដីស្រឡាញ់មួយដែលមិនអាចពិពណ៌នាបាន » ។ « មិនថាឧបសគ្គអ្វីដែលអ្នកកំពុងប្រឈមមុខជាមួយនាពេលឥឡូវនេះទេ មិនថាអ្នកស្ថិតនៅត្រង់ណានៃដំណើររបស់អ្នកផ្ទាល់នោះទេ សូមកុំបោះបង់ឡើយ ! »
ហ្កាហ្វ ខាននុន ដែលបានបម្រើជាប្រធានសាខានៅក្នុងគុកមួយ បានពិពណ៌នាពីរបៀបដែលព្រះវិញ្ញាណបានបំផុសគាត់ឲ្យនិយាយដោយសប្បុរសទៅបុរសជាប់ពន្ធនាគារដែលមានចិត្តរឹងរូស ដែលបានរស់នៅក្នុងជីវិតមួយដ៏លំបាក ។ បុរសនេះបាននិយាយថា « អ្វីដែលលោកទើបតែបាននិយាយមកខ្ញុំ គឺជាពាក្យសម្ដីដ៏សប្បុរសបំផុតដែលនិយាយមកកាន់ខ្ញុំនៅក្នុងជីវិតខ្ញុំ » ។ « ខ្ញុំមិនចាំទេថាធ្លាប់មានមនុស្សនិយាយជាមួយខ្ញុំដោយភាពសប្បុរស និងការខ្វល់ខ្វាយបែបនេះ ។ អរគុណ » ។ ពួកគេបានបញ្ចប់ការសួរសុខទុក្ខរបស់ពួកគេជាមួយនឹងការអធិស្ឋានជាលើកដំបូងក្នុងរយៈជាច្រើនឆ្នាំដែលបុរសនេះបានឮ ។
បងប្រុសខាននុនបានថ្លែងទីបន្ទាល់ថា « មែនហើយ ព្រះវិញ្ញាណបរិសុទ្ធគឺពិតជាគង់នៅក្នុងអគារកែប្រែទាំងឡាយ » ។ « បុត្រាបុត្រីរបស់ព្រះនៅទីនោះ ហើយទ្រង់មានព្រះទ័យចង់ឲ្យពួកគេត្រឡប់មកវិញ » ។
ព្រះធ្វើការសន្យាប្រកបដោយព្រះចេស្ដាចំពោះមនុស្សទាំងអស់ដែលជ្រើសរើសដើរតាមទ្រង់ មិនថាយើងរៀនអំពីទ្រង់ជាលើកទីមួយនៅក្នុងសាលាថ្ងៃអាទិត្យ ឬនៅក្នុងពន្ធនាគារក្ដី ។ ដូចជា អេសេគាល ៣៦:២៦ ប្រាប់ថា « អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ » ។
ការចូលក្នុងសង្គមជាថ្មីគឺពិបាកខ្លាំងណាស់
តម្លៃនៃព្រលឹងរបស់មនុស្សម្នាក់គឺមិនត្រូវបានបន្ទាបបន្ថោកដោយបទឧក្រិដ្ឋនោះទេ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១០ ) ។ ពេលដែលនរណាម្នាក់មានបំណងប្រាថ្នា ដើម្បីផ្លាស់ប្ដូរឲ្យកាន់តែប្រសើរឡើង តើយើងអនុញ្ញាតឲ្យពួកគេលូតលាស់ និងបានការអត់ទោសដែរឬទេ ?
បងប្រុសរីឈិនស៍បានមានប្រសាសន៍ថា « ព្រះគុណ និងការអាណិតអាសូររបស់ព្រះគឺធំធេងណាស់ » ។ « ជួនកាល បុគ្គលទាំងឡាយដែលជាប់ពន្ធនាគារអាចទទួលអារម្មណ៍ថាបានទទួលការអត់ទោសពីព្រះអម្ចាស់យ៉ាងយូរពីមុនពេលអ្នកត្រូវបានអត់ទោសឲ្យដោយរដ្ឋាភិបាល សង្គម ឬសូម្បីតែសមាជិកសាសនាចក្រក្ដី » ។
ការត្រឡប់ចូលក្នុងសង្គមជាថ្មីបន្ទាប់ពីការជាប់ពន្ធនាគារគឺពិបាក ។ ជាញឹកញាប់ ពួកអ្នកដែលធ្លាប់ជាប់ពន្ធនាគារមានបញ្ហាលំបាកក្នុងការទទួលបានការងារ ឬផ្ទះសម្បែង ។ យើងអាចជួយពួកគេស្វែងរកសន្តិសុខនៅក្នុងកន្លែងល្អៗ ហើយតាមរកចំណង់ចំណូចចិត្តល្អៗ ។ ប្រហែលជារឿងដែលសំខាន់បំផុតដែលយើងអាចធ្វើបាន គឺធ្វើជាមិត្តម្នាក់ដែលមានភាពវិជ្ជមាន ដែលជួយពង្រឹងគេ ។ ពេល យ៉ូសែប ស៊្មីធ បាននិយាយអំពីកំណែទម្រង់ប្រព័ន្ធពន្ធនាគារ ខណៈពេលកំពុងឈរឈ្មោះជាប្រធានាធិបតី លោកបានបង្រៀនថា « ភាពប្រិតប្រៀង និងចត្តាឡីស័កនឹងមិនដែលធ្វើបានច្រើនក្នុងការកែប្រែឧបនិស្ស័យរបស់មនុស្ស ដូចជាមូលហេតុ និងមិត្តភាពនោះឡើយ » ។៥
ការអាណិតអាសូរធ្វើឲ្យមានការផ្លាស់ប្តូរ
យូដាសបានលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យ « ចូរមានចិត្តអាណិត » ( យូដាស ១:២២ ) ។ ពាក្យសម្ដីរបស់លោកបន្ទរដល់ការអង្វររបស់ព្រះអង្គសង្គ្រោះឲ្យចងចាំពួកអ្នកដែលនៅក្នុងពន្ធនាគារ ។ តើយើងអាចឆ្លើយតបនឹងការអញ្ជើញទាំងនេះយ៉ាងណាដែរ ? ចូរយើងខិតខំដើម្បីបីបាច់ពួកអ្នកដែលមានជាប់ពន្ធនាគារ និងគ្រួសាររបស់ពួកគេ ដោយសេចក្ដីល្អនៃព្រះ ។ ការអាណិតអាសូររបស់យើងអាចធ្វើឲ្យមានភាពខុសគ្នាមួយ ។