ឆ្នាំ ២០២១
ព្រះ​មាន​ព្រះបន្ទូល​មក​កាន់​យើង​សព្វ​ថ្ងៃ​នេះ
ខែ មករា ឆ្នាំ ២០២១


មូលដ្ឋានគ្រឹះ​នៃ​ដំណឹងល្អ

ព្រះ​មាន​ព្រះបន្ទូល​មក​កាន់​យើង​សព្វ​ថ្ងៃ​នេះ

ព្រះវរបិតា​សួគ៌​មាន​ព្រះទ័យ​ចង់​ជួយ​ដល់​យើង ។ តើ​យើង​កំពុង​ស្ដាប់​ដល់​ទ្រង់​ទេ ?

photo of reenactment of First Vision

កាល​ពី​ពីររយ​ឆ្នាំ​មុន ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ បាន​បង្ហាញ​ព្រះកាយ​ដល់​យុវជន​ម្នាក់​ឈ្នោះ យ៉ូសែប ស្ម៊ីធ ។ ការនិមិត្ត​ដំបូង​បង្រៀន​យើង​នូវ​សេចក្ដី​ពិត​ដ៏​សំខាន់​ទាំងឡាយ ។ ព្រះយេស៊ូវ​កំពុង​ដឹកនាំ​សាសនាចក្រ​មួយ​នៅលើ​ផែនដី​ម្ដង​ទៀត ។ មាន​ពួក​ព្យាការី​សព្វថ្ងៃ​នេះ​ដូច​ជា​នៅ​ជំនាន់​បុរាណ​ដែរ ។ ហើយ​ព្រះ​ស្គាល់​ឈ្មោះ​របស់​យើង​ម្នាក់ៗ និង​កំពុង​ស្ដាប់​ការអធិស្ឋាន​របស់​យើង ។ យើង​មាន​ពរ ពេល​យើង​ព្យាយាម​ស្ដាប់​ព្រះសូរសៀង​របស់​ទ្រង់​ជា​រៀងរាល់​ថ្ងៃ ។

តើ​អ្វី​ជា​វិវរណៈ ?

ពេល​ព្រះ​មាន​ព្រះបន្ទូល​មក​កាន់​បុត្រា​បុត្រី​ទ្រង់ វា​ត្រូវបាន​ហៅ​ថា « វិវរណៈ » ។ មាន​វិវរណៈ​​ប្រភេទ​ខុសៗគ្នា ។

វិវរណៈ​ផ្ទាល់​ខ្លួន​គឺ​ពេល​ដែល​ព្រះ​មាន​ព្រះបន្ទូល​មក​កាន់​យើង​ម្នាក់ៗ​តាមរយៈ​​ព្រះវិញ្ញាណបរិសុទ្ធ ។ ទ្រង់​អាច​លួងលោម និង​ណែនាំ​យើង ។

យើង​អាច​ទទួល​វិវរណៈ​អំពី​របៀប​ដើម្បី​ជួយ​ពួក​អ្នក​ដែល​យើង​ត្រូវបាន​ហៅ​ឲ្យ​ដឹកនាំ​ផងដែរ ។ ឧទាហរណ៍ ឪពុក​ម្ដាយ​អាច​ទទួល​វិវរណៈ​អំពី​គ្រួសារ​របស់​ពួកគេ ហើយ​ប៊ីស្សព​អាច​ទទួល​វិវរណៈ​អំពី​វួដ​របស់​គាត់ ។

មាន​តែ​ព្យាការី​ប៉ុណ្ណោះ​ដែល​អាច​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល ប៉ុន្តែ​យើង​ម្នាក់ៗ​អាច​អធិស្ឋាន​ដើម្បី​ដឹង​ថា​បើ​អ្វី​ដែល​ថ្នាក់​ដឹកនាំ​របស់​យើង​បង្រៀន​ជា​ការពិត​ឬ​ទេ ។

person praying

រូបថត​ក្មេងស្រី​នៅលើ​កៅអី​វែង​នៅ​ព្រះវិហារ ដោយ មីហ្គែល អេ អនន័រស៍ ត្រូនខូសខ៍ ។ រូបថត​ស្ត្រី​កំពុង​អធិស្ឋាន ដោយ ខាធើរីន ហ្វ្រស្ត ។ រូបថត​បុរស​នៅក្នុង​ព្រៃ ដោយ ដេវីដ វិនធើរ ។ ព្រះយេហូវ៉ា​រក្សា​ការសន្យា​មួយ ដោយ សេម ឡឡូ ។

តើ​ខ្ញុំ​អាច​អញ្ជើញ​វិវរណៈ​ដោយ​របៀប​ណា ?

យើង​អាច​និយាយ​ទៅកាន់​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ពេញ​ដោយ​ព្រះចេស្ដា​ទាំងអស់ ដែល​ត្រាស់​ដឹង​ការណ៍​ទាំងអស់ នៅ​ពេល​ណា​ក៏​បាន​តាមរយៈ​ការអធិស្ឋាន ។ ទ្រង់​ចង់​ឲ្យ​យើង​អរព្រះគុណ​ទ្រង់​សម្រាប់​ពរជ័យ​ទាំងឡាយ និយាយ​ទៅកាន់​ទ្រង់​អំពី​ជីវិត​យើង និង​ទូល​សូម​អ្វី​ដែល​យើង​ត្រូវការ ។ បន្ទាប់​មក​យើង​គប្បី​យក​ចិត្ត​ទុកដាក់​ទៅលើ​គំនិត និង​អារម្មណ៍​ដែល​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​ដូច​ជា​សារទូត​មក​ពី​ព្រះវរបិតាសួគ៌ ។

តើ​វិវរណៈ​មាន​សំឡេង​បែប​ណា​ដែរ ?

ពុំ​មាន​វិធី​តែ​ម្យ៉ាង​ដើម្បី​ពិពណ៌នា​អំពី​វិវរណៈ​នោះ​ទេ ។ ព្រះ​មាន​ព្រះបន្ទូល​មក​កាន់​យើង​ម្នាក់ៗ ក្នុង​របៀប​មួយ​ដែល​យើង​នឹង​យល់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១:២៤ ) ។ ពេល​ខ្លះមនុស្ស​មាន​បទពិសោធន៍​នៃ​ការយល់សុបិន និង​ការនិមិត្ត ។ ប៉ុន្តែ​ជា​ញឹកញាប់ ព្រះ​មាន​ព្រះបន្ទូល​មក​កាន់​យើង​តាមរយៈ​អារម្មណ៍​ដ៏​ស្ងប់ស្ងាត់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដូចជា​អារម្មណ៍​កក់ក្ដៅ សុខសាន្ត ឬ​អំណរ ។

នៅក្នុង​ការសិក្សា​ខែ​នេះ​អំពី គោលលទ្ធិ និង សេចក្ដី​សញ្ញា យើង​អាន​អំពី អូលីវើរ ខៅឌើរី ដែល​បាន​ទទួល​ការបង្រៀន​ថា វិវរណៈ​នឹង​ចូល​មក​ក្នុង​គំនិត​គាត់​ផង និង​ដួងចិត្ត​គាត់​ផង ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:២ ) ។

តើ​មាន​គំរូ​អ្វី​ខ្លះ​នៅក្នុង​ព្រះគម្ពីរ​អំពី​វិវរណៈ ?

ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ជា​ច្រើន​ពិពណ៌នា​អំពី​ព្រះ​មាន​ព្រះបន្ទូល​ទៅកាន់​ប្រជាជន​របស់​ទ្រង់ ៖

  • ព្រះ​បាន​ប្រាប់​ណូអេ​ពី​របៀប​ថែ​រក្សា​គ្រួសារ​លោក​ឲ្យ​មាន​សុវត្ថិភាព ( សូមមើល លោកុប្បត្តិ ៦:១៧–១៨ ) ។

  • ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ បាន​លួងលោម​សិស្ស​របស់​ទ្រង់​ម្នាក់​ឈ្មោះ ស្ទេផាន ( សូមមើល កិច្ចការ ៧:៥៥ ) ។

  • វិវរណៈ​បាន​ជួយ​នីហ្វៃ​ឲ្យ​រក្សា​ព្រះបញ្ញត្តិ ( សូមមើល នីហ្វៃទី១ ៤:៦ ) ។

  • ខណៈ​ដែល​ព្រះគម្ពីរ​ផ្សេងៗ​ទៀត​ចេញ​មក​ពី​កំណត់ត្រា​ទាំងឡាយ​ពី​បុរាណ នោះ​ព្រះគម្ពីរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ត្រូវបាន​ចងក្រង​ឡើង​អំពី​វិវរណៈ​ក្នុង​សម័យ​ទំនើប ។ ឆ្នាំ​នេះ យើង​មាន​ឱកាស​ពិសេស​នៃ​ការសិក្សា​ព្រះគម្ពីរ​មួយ ដែល​ពោរពេញ​ដោយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ផ្ទាល់ៗ​តែ​ម្ដង ។