សូមស្វាគមន៍មកកាន់ច្បាប់នេះ
ការបោះពុម្ពផ្សាយថ្មីមួយសម្រាប់សាសនាចក្រនៅទូទាំងពិភពលោក
បងប្អូនប្រុសស្រីជាទីស្រឡាញ់
សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មាននៅក្នុងប្រទេសទាំងឡាយជុំវិញពិភពលោក ។ ថ្វីបើយើងនិយាយភាសាជាច្រើន យើងរួបរួមគ្នាក្នុងកិច្ចប្រឹងប្រែងរបស់យើងក្នុងការធ្វើតាមព្រះអង្គសង្គ្រោះ ហើយយើងរីករាយដោយដឹងថា យើងទាំងអស់គ្នាជាបុត្រាបុត្រីរបស់ព្រះ ។
តាំងពីជំនាន់ដំបូងៗរបស់សាសនាចក្រដែលបានស្ដារឡើងវិញ ការបោះពុម្ពផ្សាយទាំងឡាយដូចជាទស្សនាវដ្ដីសាសនាចក្រ បានគាំទ្រសមាជិកនៅក្នុងកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីរៀនសូត្រ រស់នៅ និងចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ សារលិខិតដ៏បំផុសគំនិតទាំងឡាយបានជួយសមាជិកមានទំនាក់ទំនងនឹងថ្នាក់ដឹកនាំសាសនាចក្រ ព្រមទាំងជាមួយគ្នាទៅវិញទៅមក ។ ជាមួយនឹងបំណងប្រាថ្នាដើម្បីពង្រីកពរជ័យទាំងនេះទៅកាន់បុត្រាបុត្រីរបស់ព្រះកាន់តែច្រើនថែមទៀត យើងរីករាយដើម្បីចែកចាយច្បាប់ដំបូងនៃ លីអាហូណា ថ្មីនេះជាមួយអ្នក ។
ការផ្លាស់ប្ដូរផ្សេងៗទៀតនៅក្នុងទស្សនាវដ្ដីសាសនាចក្រ រួមមានការបោះពុម្ពផ្សាយថ្មីៗសម្រាប់កុមារ និងយុវវ័យនៅទូទាំងពិភពលោក ។ ទស្សនាវដ្ដីនីមួយៗ—លីអាហូណា ដើម្បីកម្លាំងនៃយុវជន និង ប្រិយមិត្ត—នឹងប្រួតដៃគ្នាជាមួយនឹងធនធានសិក្សាព្រះគម្ពីរ ចូរមកតាមខ្ញុំ ដែលគាំទ្រដល់ការរៀនសូត្រដំណឹងល្អនៅក្នុងគេហដ្ឋានរបស់អ្នក ។ ទស្សនាវដ្ដីទាំងនេះនឹងមានកាន់តែទូលំទូលាយនៅក្នុងបណ្ដាញឌីជីថលផងដែរ ។
គោលបំណងរបស់ទស្សនាវដ្ដីសាសនាចក្របន្តនៅដូចដើមគឺ ៖ ដើម្បីជួយបុត្រាបុត្រីរបស់ព្រះកាន់តែមានការប្រែចិត្តជឿចំពោះព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។ យើងមានអំណរគុណចំពោះបំណងប្រាថ្នារបស់អ្នកក្នុងការរៀនសូត្រ និងរស់នៅតាមដំណឹងល្អ ហើយយើងដឹងថា ទស្សនាវដ្ដីទាំងនេះនឹងជួយអ្នកនៅក្នុងកិច្ចប្រឹងប្រែងទាំងនោះ ។
ដោយក្ដីស្មោះស្ម័គ្រ
គណៈប្រធានទីមួយ