ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ១៨–១៩
តម្លៃនៃព្រលឹងនីមួយៗ
ហេតុអ្វីយើងមានតម្លៃខ្លាំងម្ល៉េះចំពោះព្រះវរបិតាសួគ៌របស់យើង ?
ថ្មីៗនេះខ្ញុំបានទទួលអារម្មណ៍បំផុសឲ្យភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយគ្រួសារមួយ ដែលដៃគូខ្ញុំ និងខ្ញុំបានបង្រៀន និងជ្រមុជទឹក ពេលខ្ញុំជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងម្នាក់ជិត ៤០ ឆ្នាំកន្លងមកហើយនៅក្នុងទីក្រុងព្រុសហ្សែលស៍ ប្រទេសប៊ែលហ្សិក ។ វាមានរយៈពេលយូរណាស់មកហើយតាំងពីខ្ញុំបាននិយាយជាមួយពួកគេ ។
តាមរយៈភាពអស្ចារ្យនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ខ្ញុំបានរកមើលម្ដាយនៃគ្រួសារនេះនៅលើបណ្ដាញសង្គម ។ ខ្ញុំបានមានលទ្ធភាពនិយាយតាមវីដេអូជាមួយគាត់ ។ យើងបានរំឭកអំពីបទពិសោធន៍ពិសិដ្ឋដែលយើងមានជាមួយគ្នាជាច្រើនឆ្នាំមកហើយ ពេលគ្រួសារគាត់បានរៀនអំពីដំណឹងល្អដែលបានស្ដារឡើងវិញ ។
គាត់មិនមានសុខភាពល្អទេ ហើយកាលៈទេសៈបានបំបែកគាត់ពីគ្រួសារគាត់ ។ ពេលយើងនិយាយគ្នា ខ្ញុំបានទទួលអារម្មណ៍ដឹងពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះមានចំពោះបងស្រីដ៏ល្អនេះ ។ ខ្ញុំបានទទួលអារម្មណ៍ដឹងពីតម្លៃដ៏អស់កល្បដ៏អស្ចារ្យរបស់គាត់ សូម្បីតែគាត់បានរសាត់ចេញពីសាសនាចក្រដោយប្រការណាមួយនោះក្ដី ។ ខ្ញុំបានបង្ហាញសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះគាត់ ហើយបានថ្លែងទីបន្ទាល់ថា ព្រះស្រឡាញ់គាត់ ហើយគិតគូរពីគាត់ ។ យើងបានបង្ហូរទឹកភ្នែក កាលដែលយើងបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ។ យើងបានតាំងចិត្តដើម្បីទាក់ទងគ្នាឲ្យកាន់តែញឹកញាប់ ។ ខ្ញុំមានអំណរគុណណាស់ ដែលព្រះត្រាស់ដឹងអ្វីៗទាំងអស់ និងប្រកបដោយក្ដីស្រឡាញ់បានបំផុសគំនិតខ្ញុំឲ្យស្វែងរកមិត្តជាទីស្រឡាញ់របស់ខ្ញុំនៅថ្ងៃនោះ ។
« មូលហេតុ » នៃសេចក្ដីស្រឡាញ់របស់ព្រះ
ពេលទេវតាសួរនីហ្វៃទាក់ទងនឹងការយាងចុះមកនៃព្រះ លោកបានឆ្លើយដោយរាបទាបថា « ខ្ញុំដឹងថា ព្រះអង្គទ្រង់ស្រឡាញ់កូនចៅរបស់ទ្រង់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំមិនយល់ន័យនៃរឿងទាំងអស់នោះទេ » ( នីហ្វៃទី ១ ១១:១៧ ) ។ ជាញឹកញាប់ ខ្ញុំឆ្ងល់ពីរបៀបដែលនីហ្វៃបានយល់ពីសេចក្ដីពិតដ៏សាមញ្ញ ស្រស់បំព្រងនេះ ៖ ព្រះស្រឡាញ់បុត្រាបុត្រីទ្រង់ ។ វាច្បាស់ថា លោកបានស្គាល់អំពីគោលលទ្ធិនៃព្រះគ្រីស្ទ ដូចដែលបានបង្រៀនដោយ « ឪពុកម្ដាយល្អ » របស់លោក ( នីហ្វៃទី១ ១:១ ) ។ ប៉ុន្តែលោកក៏បានដឹងផងដែរពី « មូលហេតុ » របស់ព្រះអង្គសង្គ្រោះ ។ ហើយតើ « មូលហេតុ » នោះជាអ្វីទៅ ?
មូលហេតុអ្វីបានជាព្រះសព្វព្រះហឫទ័យឲ្យព្រះរាជបុត្រារបស់ទ្រង់បម្រើជាការបូជាមួយ ? មូលហេតុអ្វីបានជាទ្រង់បានបញ្ចូនយើងមកទីនេះដើម្បីបញ្ជាក់ និងត្រូវសាកល្បង ? ដូចដែលបានបង្រៀននៅក្នុងសេចក្ដីពិតដ៏ល្អប្រពៃស្មើគ្នានេះថា ដោយសារ « តម្លៃនៃព្រលឹងទាំងឡាយគឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០ ) ។
ហេតុអ្វីយើងមានតម្លៃខ្លាំងបែបនោះចំពោះទ្រង់ ? តាមធម្មជាតិ ដោយសារយើងជាបុត្រាបុត្រីរបស់ទ្រង់ ទ្រង់ស្រឡាញ់យើង ។ ប៉ុន្តែនៅក្នុងខមួយចំនួនបន្ទាប់នេះ ទ្រង់ពិពណ៌នាអំពីអំណោយទានដ៏អស្ចារ្យដែលបានប្រទានឲ្យដល់យើងម្នាក់ៗ ដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង—ជាព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ឲ្យមករងទុក្ខ « រងសេចក្ដីស្លាប់នៅក្នុងសាច់ឈាម ម៉្លោះហើយទ្រង់បានរងការឈឺចាប់នៃមនុស្សលោកទាំងអស់ ដើម្បីឲ្យមនុស្សលោកទាំងអស់អាចប្រែចិត្ត ហើយមករកព្រះអង្គបាន ។ ហើយទ្រង់បានមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យព្រះអង្គអាចនាំមនុស្សលោកទាំងអស់មករកទ្រង់ ស្របតាមលក្ខខណ្ឌនៃការប្រែចិត្ត » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១១–១២ ) ។ ទ្រង់ប្រាប់យើងថា « នេះហើយជាកិច្ចការរបស់យើង និង សិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។
ការប្រែចិត្ត និងអំណរ
មិនមានអ្វីត្រូវឆ្ងល់ទេ ដែលព្រះវរបិតាសួគ៌មានព្រះទ័យត្រេកអរជាខ្លាំងពេលដែលយើងប្រែចិត្តនោះ ។ ឆន្ទៈរបស់យើងដើម្បីប្រែចិត្ត គឺបង្ហាញជាក់ស្ដែងនោះក្នុងការដឹងគុណដ៏ជ្រាលជ្រៅរបស់យើងសម្រាប់អំណោយទានដ៏អស្ចារ្យ និងមិនអាចប្រៀបបាន គឺជាព្រះអង្គសង្រ្គោះ និងជាព្រះប្រោសលោះនៃពិភពលោក ។ មានតែដោយ និងតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលយើងអាចបានសក្ដិសមដើម្បីឈរដោយទំនុកចិត្តនៅក្នុងវត្តមានរបស់ព្រះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៤៥ ) ។
ប្រធាន រ័សុល អិម ណិលសុន ពន្យល់ ៖ « មានមនុស្សច្រើនណាស់គិតថា ការប្រែចិត្តជាទណ្ឌកម្ម—ជាអ្វីមួយដែលត្រូវចៀសវាង លើកលែងស្ថានភាពធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ ។ ប៉ុន្តែអារម្មណ៍នៃការដាក់ទណ្ឌកម្មនេះ គឺបណ្ដាលមកពីសាតាំង ។ វាព្យាយាមរារាំងយើងពីការមើលឆ្ពោះទៅព្រះយេស៊ូវគ្រីស្ទ ដែលគង់ចាំទាំងព្រះហស្តលាតលាដោយសង្ឃឹម ហើយមានព្រះឆន្ទៈដើម្បីព្យាបាល អភ័យទោស សម្អាត ពង្រឹង ធ្វើឲ្យបរិសុទ្ធ និងញែកយើងជាបរិសុទ្ធ ។ …
គ្មានអ្វីដែលមានសេរីភាព ប្រពៃ ឬសំខាន់ចំពោះការរីកចម្រើនរបស់យើងម្នាក់ៗ ជាងការផ្ដោតទៅលើការប្រែចិត្តជាទៀងទាត់ និងប្រចាំថ្ងៃនោះទេ ។ ការប្រែចិត្តមិនមែនជាព្រឹត្តិការណ៍ដែលកើតមានតែម្ដងនោះទេ វាគឺជាដំណើរការមួយ ។ វាគឺជាគន្លឹះឆ្ពោះទៅកាន់សុភមង្គល និងភាពសុខសាន្ដក្នុងគំនិត ។ នៅពេលផ្គួបគ្នាជាមួយនឹងសេចក្ដីជំនឿ នោះការប្រែចិត្តបើកច្រកទ្វារទៅកាន់ព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ។១
បានអញ្ជើញឲ្យជួយ
ជាច្រើនដងនៅក្នុងវិវរណៈថ្ងៃចុងក្រោយ ព្រះអម្ចាស់អញ្ជើញបុត្រាបុត្រី-អ្នកបម្រើរបស់ទ្រង់ ដើម្បីជួយទ្រង់ និងព្រះរាជបុត្រាទ្រង់ ជាមួយនឹងការងារនៃសេចក្ដីសង្គ្រោះ និងការលើកតម្កើង ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១៤ ) ។ ចូរគិតអំពីរឿងនេះ ! នៅក្នុងស្ថានភាពដែលមិនឥតខ្ចោះ ព្រះនៃសកលលោក ពង្រីកការអញ្ជើញដល់យើងដើម្បីជួយដល់បុត្រាបុត្រីទ្រង់ ដែលមានតម្លៃយ៉ាងអស្ចារ្យ ដើម្បីត្រឡប់ទៅកាន់ទ្រង់វិញ ។ ទ្រង់ដឹងថាកិច្ចការនេះគឺពិបាក ។ នឹងមានមនុស្សជាច្រើនដែលនឹងទទួលយកការអញ្ជើញរបស់យើងឲ្យ « ស្ដាប់ទ្រង់ » ។ ទោះជាយ៉ាងណា ទ្រង់បញ្ជាក់ថា ទ្រង់ជាព្រះនៃ « បុគ្គលម្នាក់ » នោះ ។ « ហើយបើសិនជាអ្នកត្រូវធ្វើការអស់មួយជីវិតអ្នក ដោយស្រែកប្រាប់ពីការប្រែចិត្តដល់ប្រជាជននេះ ហើយគ្រាន់តែនាំព្រលឹងមួយគត់មករកយើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាជាមួយអ្នកនោះនៅក្នុងនគរនៃព្រះវរបិតារបស់យើង ! » (គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១៥ ការសង្កត់ន័យត្រូវបានបន្ថែម ) ។
អ្នកអាចនឹងសួរខ្លួនឯងថា « តើខ្ញុំអាចធ្វើអ្វី ដើម្បីជួយនរណាម្នាក់មកកាន់ព្រះគ្រីស្ទ ប្រែចិត្ត ហើយបានទទួលពរជ័យដោយការលះបង់ដ៏ធួនរបស់ទ្រង់ ? »
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ការប្រឹក្សានេះអំពីការចូលរួមនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងការលើកតម្កើង ៖ « យល់ថាវាពុំមែនជាកិច្ចការរបស់យើងដើម្បីផ្លាស់ប្រែមនុស្សនោះទេ ។ នោះគឺជាតួនាទីរបស់វិញ្ញាណបរិសុទ្ធ ។ តួនាទីរបស់បងប្អូនគឺចែកចាយនូវអ្វីដែលមានក្នុងចិត្តបងប្អូន ហើយរស់នៅតាមដោយខ្ជាប់ខ្ជួននឹងជំនឿរបស់បងប្អូន ។
« ដូច្នេះសូមកុំបាក់ទឹកចិត្តឡើយ បើមនុស្សម្នាក់ពុំទទួលយកសារលិខិតដំណឹងល្អភ្លាមៗនោះ ។ វាពុំមែនជាការបរាជ័យផ្ទាល់ខ្លួនទេ ។
« នោះគឺរវាងបុគ្គលម្នាក់នោះ និងព្រះវរបិតាសួគ៌ ។
« តួនាទីបងប្អូនគឺស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងដែលជាកូនចៅរបស់ទ្រង់ ។
« ជឿ ស្រឡាញ់ ធ្វើ ។
« ធ្វើតាមផ្លូវនេះ ព្រះនឹងធ្វើការអព្ភូតហេតុតាមរយៈបងប្អូនដើម្បីប្រទានពរដល់កូនចៅដ៏មានតម្លៃរបស់ទ្រង់ » ។២
នៅសងខាងនៃវាំងនន
ការអញ្ជើញឲ្យមកកាន់ព្រះគ្រីស្ទតាមរយៈការប្រែចិត្ត គឺត្រូវបានរក្សាទុកសម្រាប់តែពួកអ្នកដែលរស់នៅលើផែនដីនេះឡើយ ។ « ពួកអ្នកស្លាប់ណាដែលប្រែចិត្ត នោះនឹងបានប្រោសលោះតាមរយៈការគោរពតាមពិធីទាំងឡាយនៃដំណាក់របស់ព្រះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៥៨ ) ។ កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ គឺជាចំណុចដ៏សំខាន់នៃការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែលនៅផ្នែកទាំងសងខាងនៃវាំងនន ។ យើងអាចទទួលអារម្មណ៍នៃអំណរ ពេលយើងធ្វើកិច្ចការសម្រាប់ពួកអ្នកដែលបានចាកចេញទៅកាន់ពិភពវិញ្ញាណ ដោយដឹងដូចជាប្រធាន វិលហ្វូឌ វូឌដ្រុព្វ ( ១៨០៧–៩៨ ) បានមានប្រសាសន៍ថា នៅក្នុងអាណាចក្រនោះ « នឹងមានមនុស្សតិចតួចណាស់ បើមាន ដែលនឹងមិនទទួលដំណឹងល្អនោះ » ។៣ ដោយគ្មានការសង្ស័យ ពួកគេនឹងទន្ទឹងរង់ចាំដល់ថ្ងៃដែលពិធីបរិសុទ្ធនៃការសង្គ្រោះត្រូវបានធ្វើឡើងសម្រាប់ពួកគេនៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ ។
អែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖ « នៅពេលយើងប្រមូលពង្សប្រវត្តិរបស់យើង ហើយទៅព្រះវិហារបរិសុទ្ធជំនួសជីដូនជីតារបស់យើង នោះព្រះបំពេញពរជ័យដែលបានសន្យាជាច្រើនទាំងនេះនៅទាំងសងខាងវាំងនន ។ ស្រដៀងគ្នានេះដែរ យើងមានពរនៅពេលយើងជួយមនុស្សដទៃនៅក្នុងវួដ និងស្តេកឲ្យធ្វើកិច្ចការនេះ ។ សមាជិកដែលពុំរស់នៅក្បែរព្រះវិហារបរិសុទ្ធក៏ទទួលពរជ័យទាំងនេះ តាមរយៈការចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ ដោយការប្រមូលឈ្មោះជីដូនជីតារបស់ពួកគេដើម្បីធ្វើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ » ។៤
វាប្រសើរណាស់ដែលដឹងថា ព្រះវរបិតាសួគ៌របស់យើងស្រឡាញ់បុត្រម្នាក់ៗរបស់ទ្រង់ ។ យើងមានតម្លៃធំធេងណាស់ចំពោះទ្រង់ ។ យើងម្នាក់ៗមានតួនាទីដ៏ពិសិដ្ឋដើម្បីផ្ដល់ការងារបម្រើដល់បុត្រាបុត្រីទ្រង់នៅសងខាងនៃវាំងនន ហើយជួយពួកគេឲ្យដឹងពីតម្លៃដ៏ធំធេងរបស់ពួកគេ ។
ជួយពួកគេឲ្យឃើញពីតម្លៃរបស់ពួកគេ
ខ្ញុំអញ្ជើញអ្នកឲ្យឈោងទៅជួយពួកអ្នកដែលជាផ្នែកមួយនៃជីវិតរបស់អ្នក ហើយអាចត្រូវបានបំភ្លេចនៅពេលមួយ ។ សូមឈោងទៅជួយដល់អស់អ្នកដែលបានចាកចេញពីផ្លូវនៃសេចក្ដីសញ្ញា ។ ផ្ដល់ការងារបម្រើដល់ពួកអ្នកដែលត្រូវការសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ ។ ភ្ជាប់ទំនាក់ទំនងជាមួយនឹងពួកអ្នកដែលនៅម្ខាងទៀតនៃវាំងនន តាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ រួមទាំងការធ្វើលិបិក្រមផងដែរ ។ ជួយដល់មនុស្សដទៃទៀតឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះតាមរយៈអ្នក ។
នៅចុងបញ្ចប់នៃការសន្ទនាជាមួយមិត្តជាទីស្រឡាញ់ជនជាតិបែលហ្សិករបស់ខ្ញុំ គាត់បានប្រាប់ខ្ញុំពីកូនស្រីច្បងរបស់គាត់ដែលនៅតែចូលរួមនៅក្នុងព្រះវិហារ ។ ខ្ញុំបានទាក់ទងទៅកូនស្រីនោះភ្លាមតាមរយៈវីដេអូឆាត ។ នាងបានណែនាំខ្ញុំឲ្យស្គាល់កូនៗដ៏ស្រស់ស្អាតទាំងបួនរបស់នាង បន្ទាប់មកបានប្រាប់ខ្ញុំថា ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនឹងមកហូបអាហារពេលល្ងាចនៅផ្ទះរបស់ពួកគេ ។ វាជាពរជ័យមួយដែលបានឃើញថា នាងនៅតែជាសមាជិកដ៏ស្មោះត្រង់ម្នាក់ក្នុងសាសនាចក្រ !
តាមការសន្យា សម្លាញ់ បែលហ្ស៊ិក របស់ខ្ញុំអើយ ខ្ញុំបាននិយាយរៀងរាល់ថ្ងៃអាទិត្យអស់ជាងបួនខែមកហើយ ។ ខ្ញុំបានអញ្ជើញនាងឲ្យទាញយកកម្មវិធីបណ្ណាល័យដំណឹងល្អ (Gospel Library) ។ ប្រធានសាខាក្នុងមូលដ្ឋានបានដឹងអំពីនាង ហើយពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងបានទៅជួបសួរសុខទុក្ខ និងប្រសិទ្ធពរបព្វជិតភាព ។ នៅសប្តាហ៍បន្ទាប់ នេះជាលើកដំបូងហើយក្នុងរយៈពេល ៣០ ឆ្នាំ ដែលនាងបានចូលរួមប្រជុំសាក្រាម៉ង់ ។ នៅពេលចុងក្រោយដែលយើងបាននិយាយគ្នា នាងពោរពេញដោយសេចក្តីអំណរដែលមានទំនាក់ទំនងឡើងវិញជាមួយសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
កាលដែលខ្ញុំបាននិយាយជាមួយនាង ខ្ញុំបានយល់ ក្នុងកម្រិតតូចមួយ ពីសារនៃបទគម្ពីរនេះ ៖ « ហើយឥឡូវនេះ បើសិនជាអ្នកនឹងមានសេចក្តីអំណរដ៏មហិមាដល់ព្រលឹងតែមួយ ហើយយ៉ាងណាទៅ ដែលអ្នកបាននាំមករកយើងនៅក្នុងនគរនៃព្រះវរបិតារបស់យើង នោះអ្នកនឹងមានសេចក្តីអំណរដ៏មហិមា បើសិនជាអ្នកបាននាំព្រលឹងជាច្រើនមករកយើង ! » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១៦ ) ។នាងក៏បានប្រាប់ខ្ញុំផងដែរថា កូនស្រីច្បងរបស់នាងនៅតែចូលរួមនៅក្នុងសាសនាចក្រ ។…
តម្លៃនៃព្រលឹងនីមួយៗ គឺមហិមាណាស់ !