ឆ្នាំ ២០២១
ការជួយ​កុមារ​រៀបចំ​ខ្លួន​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក
ខែ មករា ឆ្នាំ ២០២១


ការជួយ​កុមារ​រៀបចំ​ខ្លួន​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក

យើង​អាច​ប្រកប​ដោយ​ការអធិស្ឋាន ប្រកប​ដោយ​ចេតនា ហើយ​អត់ធ្មត់ ពេល​យើង​ជួយ​កូនៗ​យើង​ឲ្យ​បោះ​ជំហាន​តាម​មាគ៌ា​នៃ​សេចក្ដី​សញ្ញា ។

image showing a family, baptism, and confirmation

រចនា​រូបភាព​ដោយ ប្រាយអិន ប៊ីច

ការទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ការបញ្ជាក់ គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​ដ៏​គួរ​ឲ្យ​រំភើប​សម្រាប់​កុមារ​នៅក្នុង​សាសនាចក្រ ។ ខណៈ​ដែល​កុមារ​ជា​ច្រើន​ទន្ទឹង​ចាំ​ពិធី​បរិសុទ្ធ​ទាំងនេះ វា​ក៏​ជា​រឿង​ធម្មតា​សម្រាប់​កុមារ​ដែល​មាន​អារម្មណ៍​ភ័យ ឬ​ខ្លាច​ផងដែរ ។

ក្នុង​នាម​ជា​អ្នក​និពន្ធ​សម្រាប់ ប្រិយមិត្ត ជា​ទស្សនាវដ្ដី​សាសនាចក្រ​សម្រាប់​កុមារ ខ្ញុំ​បាន​ឮ​រឿងរ៉ាវ​ជា​ច្រើន​អំពី​កុមារ​ដែល​ភ័យ​ថា ពួកគេ​ពុំទាន់​ត្រៀម​រួចរាល់​សម្រាប់​ធ្វើ​សេចក្ដី​សញ្ញា​នេះ ។ អ្នក​ខ្លះ​ព្រួយ​ថា ពួកគេ​មិន​មាន​ទីបន្ទាល់​រឹងមាំ​គ្រប់គ្រាន់ ។ ពួកគេ​ខ្លះ​ទៀត​ខ្លាច​ទឹក ។ ហើយ​ពួកគេ​ខ្លះ​ទៀត​មាន​អារម្មណ៍​មាន​សម្ពាធ​ជា​ខ្លាំង​ដើម្បីបាន​ល្អ​ឥតខ្ចោះ ។

នេះ​ជា​របៀប​មួយ​ចំនួន​ដើម្បី​ជួយ​ដល់​កូនៗ​របស់​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា​បាន​រៀបចំ និង​មាន​ទំនុក​ចិត្ត​ដើម្បី​បោះ​ជំហាន​បន្ទាប់​ទៀត​របស់​ពួកគេ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

បង្រៀន​ដោយ​មាន​គោលបំណង

វា​អាច​ងាយស្រួល​ក្នុ​ងការគិត​អំពី​បុណ្យ​ជ្រមុជ​ទឹក​ថា​ជា​ពិធី​ឆ្លង​មួយ ឬ​គ្រាន់តែ​ជា​អ្វី​មួយ​ដែល​កើតឡើង​ពេល​កូន​របស់​អ្នក​មាន​អាយុ​ប្រាំបី​ឆ្នាំ ។ ប៉ុន្តែ​តាម​ពិត​ទៅ បុណ្យ​ជ្រមុជ​ទឹក​គឺ​ជា​ជម្រើស​ដ៏​ពិសិដ្ឋ ដែល​មាន​ន័យ​ថា ពួកគេ​ត្រូវ​យល់​ពី​មូលហេតុ​ដែល​វា​សំខាន់ ។ ការបង្រៀន​ពួកគេ​ដោយ​ចេតនា អាច​ជួយ​ធ្វើ​ឲ្យ​បុណ្យ​ជ្រមុជ​ទឹក​កាន់តែ​មាន​អត្ថន័យ ( និង​មិន​សូវ​គួរ​ឲ្យ​ភ័យ​ខ្លាច ) ។ បង្រៀន​ពួកគេ​ពី​វិធី​ដែល​អ្នក​ចង់​ឲ្យ​មនុស្ស​ដទៃ​ទៀត​រៀន​អំពី​សាសនាចក្រ​ពីមុន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។

វា​សំខាន់​សម្រាប់​យើង​ដើម្បី​បង្រៀន​កុមារ​អំពី​សេចក្ដី​សញ្ញា​ដែល​ពួកគេ​នឹង​ធ្វើ​នៅ​ឯ​បុណ្យ​ជ្រមុជ​ទឹក ។ ហើយ​ដំណឹងល្អ​នោះ​គឺ នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​ត្រូវ ( ឬ​គួរ ) ព្យាយាម​ធ្វើ​វា​ក្នុង​ពេល​មួយ​យប់ ឬ​នៅក្នុង​មួយ​សប្ដាហ៍​នោះ​ទេ ។ ការសិក្សា​ដំណឹងល្អ​ដ៏​ខ្ជាប់ខ្ជួន​នៅក្នុង​គេហដ្ឋាន​របស់​អ្នក គឺជា​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​កូន​របស់​អ្នក​រៀបចំ​សម្រាប់​បុណ្យ​ជ្រមុជ​ទឹក ។ ទោះ​ជា​យ៉ាងណា មាន​ចំណុច​ពីរបី​ដែល​មាន​ប្រយោជន៍​ជា​ពិសេស ដើម្បី​ផ្ដោត​ទៅលើ​ពេល​បុណ្យ​ជ្រមុជ​ទឹក​របស់​កូន​អ្នក​ខិត​ជិត​មកដល់ ៖

  • ពិភាក្សា​ដោយ​ប្រើ​ពាក្យ​សាមញ្ញៗ អំពី​របៀប​ដែល​ការទទួល​បុណ្យ​ជ្រមុជ​ទឹក​គឺ​មានន័យ​ថា ការសន្យា​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

  • សូម​អាន​អំពី​បុណ្យ​ជ្រមុជ​ទឹក​នៅក្នុង​ព្រះគម្ពីរ ដូចជា ម៉ូសាយ ១៨:៨–១០ ។ សូម​ពន្យល់​ពី​ខ​ទាំងនោះ ដើម្បី​ឲ្យ​កូន​របស់​អ្នក​យល់ ហើយ​អាច​បង្រៀន​គំនិត​ទាំងនោះ​ត្រឡប់​មកអ្នក​វិញ ។ ឧទាហរណ៍ ក្មេងស្រី​ម្នាក់​ដែល​ទើប​តែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅរដ្ឋ​ហាវៃ ស.រ.អា. បាន​ពិពណ៌នា « ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក » ថា​ជា « ជួយ​មនុស្ស​គ្រប់គ្នា​ពេល​ពួកគេ​ត្រូវការ​ជំនួយ » ។

  • សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​និយាយ​ជាមួយ​ពួកគេ​អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ចែកចាយ​បទពិសោធន៍​ដែល​អ្នក​មាន ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រទានពរ​ដល់​ជីវិត​អ្នក ។

កុមារ​ខ្លះ​អាច​ព្រួយ​អំពី​បុណ្យ​ជ្រមុជ​ទឹក ដោយសារ​ពួកគេ​មិន​គិត​ថា ពួកគេ​មាន​ទីបន្ទាល់​រឹងមាំ​គ្រប់គ្រាន់ ។ សូម​ជួយ​កូន​របស់​អ្នក​ឲ្យ​ចងចាំ​ពី​អារម្មណ៍​ល្អៗ ដែល​ពួកគេ​មាន​ខណៈ​កំពុង​ធ្វើ​អ្វី​ដែល​សប្បុរស ច្រៀង​ចម្រៀង​កុមារ ឬ​និយាយ​អំពី​ដំណឹងល្អ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គិត​អំពី​របៀប​នានា ដែល​ពួកគេ​ដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ពួកគេ ។ សូម​ពន្យល់​ថា ទាំងអស់​នេះ​គឺ​ជា​ការចាប់ផ្ដើម​នៃ​ទីបន្ទាល់​មួយ ហើយ​ថា​ទីបន្ទាល់​របស់​ពួកគេ​នឹង​លូតលាស់ ពេល​ពួកគេ​បន្ត​ធ្វើ​ការជ្រើសរើស​ល្អៗ ។

បង្ហាញ​ពី​អ្វី​ដែល​ត្រូវ​រំពឹង​ទុក

ប្រសិន​បើ​កូន​របស់​អ្នក​ភ័យ​អំពី​ការទទួល​បុណ្យ​ជ្រមុជ​ទឹក—ឬ​សូម្បី​តែ​ពួកគេ​ហាក់​ដូច​ជា​មិន​ភ័យ​ក៏​ដោយ—វា​អាច​ជា​ប្រយោជន៍​ដើម្បី​និយាយ​អំពី​អ្វី​ដែល​ត្រូវ​រំពឹង​ទុក ។ ចំណុច​ល្អ​ដើម្បី​ចាប់​ផ្ដើម​គឺ​ការរៀបចំ​ពួកគេ​សម្រាប់​ការសម្ភាស ដែល​ពួកគេ​នឹង​មាន​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​ពួកគេ ។ ការជួយ​កូន​របស់​អ្នក​ឆ្លើយ​សំណួរ​ទាំងឡាយ​ដូច​ជា « ហេតុ​អ្វី​បុណ្យ​ជ្រមុជ​ទឹក​សំខាន់ ? » និង « តើ​ការយក​ព្រះនាម​របស់​ព្រះគ្រីស្ទ​ដាក់​លើ​ខ្លួន​កូន មានន័យ​ដូច​ម្ដេច ? » អាច​ជួយ​ពួកគេ​ត្រៀម​ខ្លួន​សម្រាប់​ការពិភាក្សា​នេះ ។ ជួយ​កូន​របស់​អ្នក​ឲ្យ​ចាំ​ថា ប៊ីស្សព​គឺ​នៅ​ទីនោះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រួចរាល់ មិនមែន​ដើម្បី​សួរ​សំណួរ​ល្បង​ពួកគេ ឬ​ចោទសួរ​សំណួរ​ដ៏​ពិបាកៗ​នោះ​ដល់​ពួកគេ​ទេ ។ ហើយ​ចូរ​ចាំ​ថា អ្នក​តែងតែ​អាច​នៅ​កំដរ​កូន​របស់​អ្នក​បាន​នៅក្នុង​ការសម្ភាស​នោះ បើ​ចង់​ធ្វើ​ដូច្នោះ ។

រឿង​មួយ​ទៀត​ដើម្បី​រៀបចំ​កូន​របស់​អ្នក គឺ​អ្វី​ដែល​ត្រូវ​រំពឹង​ទុក​ខាង​រាងកាយ​នៅ​ថ្ងៃ​នៃ​បុណ្យ​ជ្រមុជ​ទឹក ។ បង្ហាញ​ពួកគេ​ពី​របៀប​ឈរ​នៅ​ពេល​ពួកគេ​នៅក្នុង​អាង ។ អ្នក​ថែម​ទាំងអាច​អញ្ជើញ​អ្នក​កាន់​បព្វជិតភាព​ដែល​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​កូន​អ្នក​ដើម្បី​អនុវត្ត​ចលនា​រាងកាយ​នៃ​ការជ្រមុជ​ទឹក​ពេល​ងើប​ចេញ​ពី​ទឹក ដើម្បី​ឲ្យ​កូន​របស់​អ្នក​ដឹង​ថា​វា​មាន​លក្ខណៈ​បែប​ណា ដែល​ត្រូវ​ជ្រមុជ​ទៅក្នុង​ទឹក ហើយ​ងើប​ឡើង​វិញ​នោះ ។ សូម​ពន្យល់​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អំឡុង​ពិធី​បញ្ជាក់ ។

បើ​កូន​របស់​អ្នក​ភ័យ​ខ្លាច​ពី​ការ​ជ្រមុជ​ទៅក្រោម​ទឹក សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ពី​របៀប​ដែល​អ្នក​អាច​ជួយ​ពួកគេ​យក​ឈ្នះ​លើ​ការភ័យខ្លាច​នោះ កាលដែល​បុណ្យ​ជ្រមុជ​ទឹក​របស់​ពួកគេ​ខិត​ជិត​មក​ដល់ ។ ប្រហែល​ជា​អ្នក និង​កូន​របស់​អ្នក​អាច​មើល​នរណា​ម្នាក់​ផ្សេង​ទៀត​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដើម្បី​ឃើញ​ថា​វា​មាន​រយៈ​ពេល​ខ្លី​ណាស់​ដែល​ពួកគេ​ត្រូវ​នៅក្រោម​ទឹក​នោះ ។ ប្រហែល​ជា​អ្នក និង​កូន​របស់​អ្នក​អាច​ហាត់​បិទ​ច្រមុះ ហើយ​ជ្រមុជ​មុខ​អ្នក​ចូល​ក្នុង​ទឹក​ជាមួយ​គ្នា​ពីរបី​វិនាទី​ម្ដង ។ ប្រហែល​ជា​មាន​នរណា​ម្នាក់​នៅក្នុង​តំបន់​របស់​អ្នក​ដែល​បង្រៀន​កុមារ​ហែល​ទឹក ដែល​អាច​មាន​ដំបូន្មាន​ខ្លះៗ ។ អ្វី​ក៏​ដោយ​ដែល​អ្នក​ធ្វើ សូម​ប្រាកដ​ថា អ្នក​ធ្វើ​វា​ដោយ​ក្ដីស្រឡាញ់ និង​អត់ធ្មត់ ។

កាលណា​កុមារ​ម្នាក់​កាន់តែ​មាន​អារម្មណ៍​ថា​​បាន​ត្រៀម​ខ្លួន​ចំពោះ​ភាពពិស្ដារ​អំពី​ខាង​រាងកាយ​ទាក់ទង​នឹង​បុណ្យ​ជ្រមុជ​ទឹក​បាន​ច្រើន​ប៉ុណ្ណា នោះ​ពួកគេ​ក៏​នឹង​កាន់តែ​អាច​មាន​អារម្មណ៍​ធូរស្រាល និង​អាច​ផ្ដោត​លើសេចក្ដី​សញ្ញា​ខាង​វិញ្ញាណ​ដែល​ពួកគេ​នឹង​ធ្វើ​បាន​ច្រើន​ប៉ុណ្ណោះ​ដែរ ។

ផ្តោត​លើ​វឌ្ឍនភាព មិនមែន​ភាពល្អ​ឥតខ្ចោះ​ទេ

ជួនកាល ប្រហែល​ជា​ដោយសារ​យើង​និយាយ​ច្រើន​អំពី​គំនិត​នៃ​ការសម្អាត​នៃ​បុណ្យ​ជ្រមុជ​ទឹក នោះ​កុមារ​យល់​ខុស ហើយ​គិត​ថា ពួកគេ​បាន​ល្អ​ឥតខ្ចោះ​បន្ទាប់​ពី​ពិធី​បរិសុទ្ធ​ហើយ ។ រឿង​ដ៏​សាមញ្ញ​បំផុត​មួយ​ដែល​យើង​ឮ​នៅក្នុង ប្រិយមិត្ត គឺ​ការភ័យ​ស្លន់​ស្លោ​ដែល​កុមារ​ម្នាក់​ដកពិសោធន៍ ពេល​ពួកគេ​ធ្វើ​កំហុស​មួយ​ជាលើក​ទីមួយ​បន្ទាប់​ពី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ការឈ្លោះ​ជាមួយ​នឹង​បងប្អូន ឬ​ការភ្លេច​ធ្វើ​កិច្ចការ​ផ្ទះ ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ដូចជា​ពួកគេ​បាន​បំផ្លាញ​អារម្មណ៍​ល្អ​ជា​រៀង​រហូត !

ក្នុង​នាម​ជា​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ វា​ចាំបាច់​ណាស់​ដែល​យើង​ជួយ​កូនៗ​របស់​យើង​ឲ្យ​យល់​ពី​គោលការណ៍​នៃ​ការប្រែចិត្ត ។ តើ​កូនៗ​របស់​យើង​យល់​ថា ការ​ស្គាល់​កំហុស​របស់​យើង និង​ការរៀន​ពី​កំហុស​ទាំងនោះ គឺ​ជា​ផ្នែក​នៃ​របៀប​ដែល​យើង​រៀន និង​លូតលាស់​នៅ​លើ​ផែនដី​នេះ​ដែរ​ឬ​ទេ ? តើ​ពួកគេ​ដឹង​ថា ពួកគេ​អាច​អធិស្ឋាន​ដើម្បី​បាន​ការអត់ទោស​នៅ​គ្រប់​ពេល​ដែរ​ឬ​ទេ ? ហើយ​ថា​ពេល​ដែល​ពួកគេ​ទទួល​ទាន​សាក្រាម៉ង់​រៀងរាល់​ថ្ងៃ​អាទិត្យ ពួកគេ​ធ្វើ​សេចក្ដី​សញ្ញា​ទាំងនោះ​ដែល​ពួកគេ​បាន​ធ្វើ​នៅ​បុណ្យ​ជ្រមុជ​ទឹក​ជា​ថ្មី ? សូម​ថ្លែង​ទីបន្ទាល់​ថា ឱកាស​ដើម្បី​ប្រែចិត្ត​គឺ​ជា​ពរជ័យ និង​ជា​អំណោយ​មួយ ។ បុណ្យ​ជ្រមុជ​ទឹក​មិន​មែន​អំពី​ការបាន​ល្អ​ឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​វា​គឺ​អំពី​ការចូល​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សញ្ញា និង​ការបោះ​ជំហាន​ជា​ប្រចាំ​ថ្ងៃ​ដើម្បី​ក្លាយ​កាន់តែ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ ។

various people in front of a temple

ការចាប់​ផ្ដើម​ដ៏​ស្រស់​បំព្រង

ជំនួស​ឲ្យ​ការមើល​ឃើញ​បុណ្យ​ជ្រមុជ​ទឹក និង​ការបញ្ជាក់​ថា​ជា​ទិសដៅ យើង​អាច​ជួយ​កូនៗ​យើង​ឲ្យ​ឃើញ​វា​ថា​ជា​ការចាប់ផ្ដើម​ដ៏​ស្រស់​បំព្រង​មួយ—ការចាប់ផ្ដើម​នៃ​ជីវិត​ថ្មី​មួយ ជា​សិស្ស​ក្នុង​សេចក្ដី​សញ្ញា​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មិន​ថា​កូន​របស់​អ្នក​មាន​អារម្មណ៍​រំភើប ភ័យ ឬ​ទាំងពីរ​នោះ​ទេ អ្នក​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​មិន​ដើរ​លើ​ផ្លូវ​នេះ​តែ​ម្នាក់​ឯង​ឡើយ ។ ដោយ​ការ​ប្រកប​ដោយ​ការអធិស្ឋាន ប្រកប​ដោយ​ចេតនា ហើយ​អត់ធ្មត់ ពេល​យើង​ជួយ​កូនៗ​យើង​ឲ្យ​បោះ​ជំហាន​នេះ​ទៅកាន់​ផ្ទះ​នៅ​ស្ថានសួគ៌​របស់​ពួកគេ ។