ឆ្នាំ ២០២១
ដក​ពិសោធន៍​អំណាច​បព្វជិតភាព
ខែ មីនា ឆ្នាំ ២០២១


ដក​ពិសោធន៍​អំណាច​បព្វជិតភាព

ស្ត្រី​ដែល​ជួយ​ដឹកនាំ​សាសនាចក្រ​ត្រូវបាន​សួរ​អំពី​របៀប​ដែល​អំណាច​នៃ​បព្វជិតភាព​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​ពួកគេ ។ ទាំង​នេះ​គឺជា​គំនិត​មួយ​ចំនួន​ដែល​ពួកគេ​បាន​ចែកចាយ ។

cut-paper illustration of various flowers

រចនា​រូបភាព​ដោយ ម៉ាធីស ហេលស៍

« បុរស និង​ស្ត្រី​មាន​ទំនួល​ខុសត្រូវ​ខុស​គ្នា ប៉ុន្តែ​ស្មើ​គ្នា​នៅក្នុង​គេហដ្ឋាន និង​សាសនាចក្រ ។ អំណាច​បព្វជិតភាព​អាច​ជួយ​មនុស្ស​ម្នាក់ៗ​បំពេញ​ការទទួល​ខុស​ត្រូវ​ទាំងនោះ​សម្រាប់​ជា​ប្រយោជន៍​មនុស្ស​ទាំងអស់​គ្នា ។

« ដោយសារ​អំណាច​បព្វជិតភាព​របស់​ព្រះ​មាន​នៅលើ​ផែនដី​សព្វ​ថ្ងៃ​នេះ នោះ​ពរជ័យ​ដ៏​អស្ចារ្យ​ទាំងឡាយ​មាន​ដល់​សមាជិក​សាសនាចក្រ​ដែល​សក្ដិសម​ទាំងអស់ មិន​ថា​ពួកគេ​ចាស់ ឬ​ក្មេង ប្រុស ឬ​ស្រី នៅលីវ ឬ​រៀបការ​នោះ​ទេ » ។

—ប្រធាន ចយ ឌី ចូនស៍ ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ

« ការបម្រើ​ពង្រីក​ព្រលឹង​យើង ពង្រីក​ទស្សនៈ​របស់​យើង​ឲ្យ​ទូលំទូលាយ និង​អនុញ្ញាត​ឲ្យ​យើង​ទាញយក​អំណាច​របស់​ព្រះ​កាន់តែ​បរិបូរ​ថែម​ទៀត ។ ព្រះអម្ចាស់​ត្រាស់​ដឹង​ពី​ការណ៍​នេះ ហើយ​សាតាំង​ក៏​ដឹង​ដូច​គ្នា​ដែរ ។ ក្នុង​ការព្យាយាម​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​របស់​វា ដើម្បី​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​អំណាច​របស់​ព្រះ នោះ​មារសត្រូវ​នឹង​សន្ធប់​លើ​យើង ឬ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា អ្វី​ដែល​យើង​មាន​ដើម្បី​ផ្ដល់​ឲ្យ​គឺ​មិន​គ្រប់គ្រាន់​ទេ ។ …

« … ចូរ​កុំ​សង្ស័យ​នឹង​ទង្វើ​នៃ​សេចក្ដី​សប្បុរស​ឡើយ ។

« ដោយ​មាន​ចេតនា​ធ្វើ​ឲ្យ​ការបម្រើ​ដល់​មនុស្ស​ដទៃ​ទៀត​ជា​ផ្នែក​នៃ​ជីវិត​របស់​យើង នោះ​យើង​នឹង​រកឃើញ​អាថ៌កំបាំង​ទាំងឡាយ​របស់​ព្រះ ។ យើង​នឹង​រកឃើញ​ភាពសុខសាន្ត រកឃើញ​កម្លាំង និង​បង្កើន​អំណាច​កាលណា​យើង​បម្រើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ » ។

—ប្រធាន បូនី អេច ខ័រឌុន ប្រធាន​យុវនារី​ទូទៅ

« ជា​ញឹកញាប់​ណាស់ ស្ត្រី​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​មនុស្ស​ដទៃ​ទៀត ។ ប៉ុន្តែ​គ្មាន​យើង​ណា​ម្នាក់​មាន​អារម្មណ៍​រីករាយ​ឡើយ ក្នុង​ការប្រៀប​ធៀប​នោះ ។ ស្ត្រី​ម្នាក់ៗ​មាន​សមត្ថភាព និង​ទេពកោសល្យ​បញ្ចូល​គ្នា​យ៉ាង​ពិសេស ហើយ​ទាំងអស់​នោះ​គឺ​ជា​អំណោយទាន​ដែល​ព្រះ​ប្រទាន​ឲ្យ ។ ដោយសារ​តែ​អ្នក និង​ខ្ញុំ​មិន​ដូច​គ្នា—ឬ​ស្ត្រី​មួយ​ចំនួន​មិន​ដូច​គ្នា—វា​ពុំ​ធ្វើ​ឲ្យ​យើង​អន់​ជាង ឬ​ប្រសើរ​ជាង​គ្នា​នោះ​ឡើយ ។ យើង​ត្រូវ​ស្វែង​រក​អំណោយទាន​របស់យើង ហើយ​អភិវឌ្ឈ​វា ដោយ​ចងចាំ​ថា​នរណា​ជា​អ្នក​ប្រទាន​វា​ដល់​យើង ហើយ​បន្ទាប់​មក​ប្រើប្រាស់​វា​សម្រាប់​ព្រះរាជ​បំណង​របស់​ទ្រង់ ។ កាលដែល​យើង​ចែកចាយ​អំណោយទាន​ទាំងឡាយ​របស់​យើង​ដើម្បី​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ នោះ​យើង​កំពុង​ដកពិសោធន៍​នូវ​អំណាច​នៃ​បព្វជិតភាព​នៅក្នុង​ជីវិត​របស់​យើង​ហើយ » ។

—ប្រធាន ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ

« សូម​រកមើល​ឱកាស​ជា​ញឹកញាប់ ដើម្បី​បង្កើន​ការយល់ដឹង​របស់​បងប្អូន​អំពី ‹ គោលលទ្ធិ​អំពី​បព្វជិតភាព › ។ យើង​ម្នាក់ៗ​នឹង​ត្រូវ​ស្វែងរក​ការយល់​ដឹង​នេះ​ដោយ​ខ្លួន​ឯង ។

« ការសិក្សា​បទគម្ពីរ និង​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​សម័យ​ទំនើប នឹង​ផ្ដល់​ជា​គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​ឲ្យ​ការចេះដឹង​នេះ​លូតលាស់​ឡើង ។ ហើយ​ការគោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​របស់​ព្រះ និង​ការរស់នៅ​ដោយ​ពិត​ត្រង់​ចំពោះ​សេចក្ដី​សញ្ញា​ទាំងឡាយ​ដែល​យើង​បាន​ធ្វើ​តាមរយៈ​ពិធី​បរិសុទ្ធ​បព្វជិតភាព​ទាំងឡាយ​ក៏​ដូច្នោះ​ដែរ ។ ការយល់​ដឹង​គឺ​ត្រូវបាន​ប្រទាន​ដល់​យើង « មួយ​បន្ទាត់​ម្តង​ៗ មួយ​សិក្ខា​បទ​ម្តងៗ » [ នីហ្វៃទី២ ២៨:៣០ ] ។ តាមរយៈ​វិវរណៈ​ផ្ទាល់​ខ្លួន វា ‹ ចុះ​មក › លើ​ព្រលឹង​របស់​យើង ‹ ដូច​ជា​ទឹកសន្សើម​ចុះ​ពីលើ​មេឃ › [ គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤៥ ] » ។

—ស៊ីស្ទើរ លីហ្សា អិល ហាកណេស ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ

« យើង​ម្នាក់ៗ​ស្ថិត​នៅលើ​ការធ្វើ​ដំណើរ​មួយ ។ … យើង​ធ្វើ​ដំណើរ​ឆ្លងកាត់​ឧបសគ្គ​នៃ​ចំណង​ទាក់ទង ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ និង​ឧបសគ្គ​ខាង​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវកាយ ។ យើង​ធ្វើ​ដំណើរ​ឆ្លងកាត់​កិច្ចការ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ និង​បញ្ជី​ការងារ​ដែល​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ​របស់​យើង ។ ពួក​យើង​មួយ​ចំនួន​អាច​នឹង​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទុក្ខសោក​យ៉ាង​ខ្លាំង ឬ​សូម្បី​តែ​ជា​ភាពឯកោ ឬ​ភាពធុញ​ទ្រាន់​ទៀត​ផង ។ ឧបសគ្គ​របស់​យើង​គឺ​ខុសៗ​គ្នា ប៉ុន្តែ​យើង​ទាំងអស់​គ្នា​មាន​វា ។

« ការរក្សា​សេចក្ដី​សញ្ញា​របស់​យើង មិន​មាន​ន័យ​ថា ឧបសគ្គ​ទាំងនេះ​នឹង​ត្រូវ​ដកចេញ​នោះ​ទេ ប៉ុន្តែ​វា​ពិត​ជា​មាន​ន័យ​ថា ព្រះអម្ចាស់​សន្យា​គង់​នៅ​ជាមួយ​នឹង​យើង » ។

—ស៊ីស្ទើរ មីឆែល ឌី ក្រេហ្គ ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ

« ខ្ញុំ​ប្រមើល​មើល​អំណាច​បព្វជិតភាព​ជា​ខ្សែ​អំបោះ​ពណ៌ស​រលូន​តូច​ឆ្មា ដែល​មក​ពី​ព្រះ ហើយ​រុំ​ចូល​ក្នុង និង​ចេញ​ក្រៅ ទៅលើ និង​ជុំវិញ ដែល​ហាក់​បី​ដូច​ជា​មាន​ទិសដៅ​របស់​វា​ផ្ទាល់​នៅក្នុង​ជីវិត​យើង ។ ប៉ុន្តែ​យូរៗ​ទៅ​លំនាំ​ដ៏​ល្អិតល្អន់​ត្រូវ​បាន​បង្ហាញ ។ ការរចនា​នោះ​គ្រប​លើ​អាសនៈ​របស់​ព្រះ ជា​ទីកន្លែង​ដែល​បរិសុទ្ធ​បំផុត ជា​កន្លែង​ដែល​យើង​ចង​ភ្ជាប់​នៅលើ​ផែនដី និង​ចងភ្ជាប់​នៅ​ស្ថានសួគ៌ ។ …

« ពេល​ណា​ដែល​ខ្ញុំ​ឃើញ​កម្រាល​អាសនៈ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ជា​និមិត្ត​សញ្ញា​ដ៏​មាន​អំណាច​បំផុត​របស់​ព្រះវិហារ​បរិសុទ្ធ ជា​វិធី​ដែល​ព្រះអម្ចាស់​ឲ្យ​បុត្រា​បុត្រី​ដ៏​ស្មោះត្រង់​របស់​ទ្រង់​ខ្ចី ដើម្បី​ប្រមូល និង​ចងភ្ជាប់​ជាមួយ​គ្នា​នៅក្នុង​ការរចនា​ដ៏​ល្អិតល្អន់ ហើយ​បរិសុទ្ធ » ។

—ស៊ីស្ទើរ សារ៉ុន អូប៊ែង ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ

« តាមរយៈ​បទពិសោធន៍​ជីវិត​ផ្ទាល់​ខ្លួន​ខ្ញុំ ខ្ញុំ​ដឹង​ថា ការរក្សា​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ការមាន​សេចក្ដី​ជំនឿ និង​ការទុក​ចិត្ត​លើ​ទ្រង់​ទាំងស្រុង ជា​របៀប​ដែល​យើង​ទទួល​បាន​អំណាច​បព្វជិតភាព​របស់​ទ្រង់ ។ …

« … កាលដែល​យើង​បន្ត​ស្មោះត្រង់ យើង​អាច​ទទួល​បាន​អំណាច​បព្វជិតភាព និង​ពរជ័យ​ទាំងនោះ នៅក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​យើង ។ វា​អាច​ផ្ដល់​ដល់​យើង​នូវ​ការការពារ ការលួងលោម កម្លាំង ភាពសុខសាន្ត និង​ការសន្យា​ទាំងឡាយ​ដែល​ឈោង​ទៅក្នុង​ភាពអស់កល្ប​ជានិច្ច ។ តាមរយៈ​អំណាច​បព្វជិតភាព ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​ជួយ​ខ្ញុំ​ឲ្យ​នឹក​ឃើញ​ពី​បទពិសោធន៍​ទាំងឡាយ​នៅក្នុង​ជីវិត​ខ្ញុំ ដែល​បន្ត​ស្ថាបនា​ទីបន្ទាល់ និង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះ » ។

—ស៊ីស្ទើរ គ្រីស្ទីណា ប៊ី ហ្វ្រេនកូ ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ

« ជា​ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ តាំង​ពី​ខ្ញុំ​បាន​ទទួល​ពរ​លោក​អយ្យកោ​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ចងចាំ​ពី​បទពិសោធន៍​នោះ​យ៉ាង​រស់​រវើក ។ …

« បទពិសោធន៍​នោះ​បាន​សម្រួច​សម្រាំង​ការសម្រេច​ចិត្ត​ជាច្រើន​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា ដើម្បី​ស្គាល់​ពរជ័យ​ដែល​គួរ​ឲ្យ​ប្រាថ្នា​ទាំងនោះ ខ្ញុំ​នឹង​ត្រូវតែ​ធ្វើ​ផ្នែក​របស់​ខ្ញុំ ។

« ឥឡូវ​នេះ ខ្ញុំ​ឃើញ​ថា​មាន​អ្វី​ច្រើន​ជាង​នេះ​ទៅ​ទៀត ដែល​ព្រះវរបិតា​យើង​ចង់​ឲ្យ​ខ្ញុំ​ទទួល​បាន​ច្រើន​ជាង​អ្វី​ដែល​បាន​ចែង​នៅក្នុង​ពរជ័យ​លោកអយ្យកោ​របស់​ខ្ញុំ​ទៅ​ទៀត » ។

—ស៊ីស្ទើរ បែកឃី ក្រាវីន ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ

« ខ្ញុំ​បាន​ចូល​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នៅ​អាយុ ២៦ ឆ្នាំ ។ ទោះបី​ជា ខ្ញុំ​បាន​មាន​អារម្មណ៍​លួងលោម​នៅក្នុង​ដួងចិត្ត​ខ្ញុំ កាលដែល​ខ្ញុំ​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​ដើម្បី​បាន​ទទួល​ពរជ័យ​ពី​ព្រះ ដោយ​ការធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ ខ្ញុំ​ដឹង​ថា ការយល់​ដឹង​របស់​ខ្ញុំ​អំពី​សេចក្ដី​សញ្ញា​នោះ គឺ​ដូច​ជា​គ្រាប់ពូជ​ដ៏​តូច​មួយ​នៅ​ពេល​នោះ ។

« កាលដែល​ច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ហើយ​កាលដែល​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​រក្សា​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​នោះ និង​សេចក្ដី​សញ្ញា​ផ្សេងៗ​ទៀត ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​ព្រះវរបិតាសួគ៌ ខ្ញុំ​មាន​អារម្មណ៍​ថា ទ្រង់​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ​ឲ្យ​ទទួល​បាន​ការយល់​ដឹង​ដ៏​ជ្រាលជ្រៅ​អំពី​ទ្រង់ អំពី​ព្រះអង្គ​សង្គ្រោះ និង​អំពី​តួនាទី​របស់​ខ្ញុំ​ក្នុង​នាម​ជា​បុត្រី​ក្នុង​សេចក្ដី​សញ្ញា​របស់​ព្រះបិតា​ព្រះមាតាសួគ៌ » ។

—ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ