ឆ្នាំ ២០២១
ការប្រញាប់​ប្រញាល់​ទៅ​កាន់​ពិធី​សាក្រាម៉ង់
ខែ មីនា ឆ្នាំ ២០២១


ការប្រញាប់​ប្រញាល់​ទៅ​កាន់​ពិធី​សាក្រាម៉ង់

ខ្ញុំ​បាន​គិត​ថា យើង​ខកខាន​សាក្រាម៉ង់—ម្ដង​ទៀត​ហើយ ។

loaf of bread

រូបថត​មក​ពី Getty Images

ពេល​យើង​បាន​ប្ដូរ​ពី​សហរដ្ឋ​ទៅ​រស់នៅ​ប្រទេស​វៀតណាម ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​មិន​ឲ្យ​ខកខាន​ព្រះវិហារ​ទេ ។ បន្ទាប់​ពី​បាន​មួយ​ឆ្នាំ យើង​ពុំ​បាន​ខកខាន​ការប្រជុំ​ថ្ងៃ​អាទិត្យ​ម្តង​ណាទេ ប៉ុន្តែ​ជា​ញឹកញាប់ យើង​ទៅ​យឺត ហើយ​ជា​ញឹកញាប់​បាន​ខកខាន​ពិធី​សាក្រាម៉ង់ ។ ការប្រជុំ​សាក្រាម៉ង់​របស់​យើង​ចាប់ផ្ដើម​នៅ​ម៉ោង ៨:៣០ នាទី​ព្រឹក ។ ដោយ​មាន​កូន​តូច​បី​នាក់ ការរៀបចំ​ខ្លួន​សម្រាប់​ទៅ​ព្រះវិហារ​ឲ្យ​ទាន់​ពេល ជាញឹកញាប់​ហាក់​ដូច​ជា​មិន​អាច​ធ្វើ​ទៅបាន ។

ក្នុង​នាម​ជា​ក្រុមគ្រួសារ យើង​បាន​សម្រេច​ចិត្ត​ថា យើង​ត្រូវតែ​ទៅ​ព្រះវិហារ​ឲ្យ​ទាន់​ពេល​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​ទទួល​ទាន​សាក្រាម៉ង់ ។ វា​ជា​ការពិបាក​មួយ ប៉ុន្តែ​យើង​បាន​ទៅដល់​ព្រះវិហារ​ទាន់ពេល​បួន​អាទិត្យ​ជាប់ៗ​គ្នា ។ ខ្ញុំ​បាន​កត់សម្គាល់​ពី​ភាពខុសគ្នា​ដែល​ការខិតខំ​របស់​យើង​បាន​ធ្វើ ។ យើង​បាន​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​កាន់តែ​ច្រើន​អំឡុង​សប្ដាហ៍​នោះ ។

ទោះ​ជា​យ៉ាង​ណា នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់ យើង​បាន​ភ្ញាក់​ពី​គេង​យឺត ។ ម៉ោង ៧:៣០ ព្រឹក​ទៅ​ហើយ ។ ខ្ញុំ​បាន​ប្រាប់​ស្វាមី​ខ្ញុំ​ថា វា​គ្មាន​សង្ឃឹម​ទេ ប៉ុន្តែ​បន្ទាប់​មក យើង​បាន​គិត​ថា យើង​នឹង​មាន​ពរជ័យ​យ៉ាង​ណា ប្រសិនបើ​យើង​ធ្វើ​ផ្នែក​របស់​យើង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​រៀបចំ​ខ្លួន​នោះ ។ ដូច្នេះ​យើង​បាន​ប្រញាប់​ប្រញាល់ !

ទម្រាំ​មក​ដល់​ព្រះវិហារ យើង​បាន​យឺត ២០ នាទី​ទៅ​ហើយ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា យើង​បាន​បរាជ័យ ។ យើង​បាន​ឮ​ចម្រៀង ពេល​យើង​បាន​ដើរ​ចូល​ទៅ ហើយ​នៅ​ពេល​ខ្ញុំ​បាន​បើក​ទ្វារ មនុស្ស​ម្នាក់​បាន​ដើរ​ឡើង​ទៅ​លើ​វេទិកា​ដើម្បី​អធិស្ឋាន ។

« តើ​នោះ​ជា​ទំនុក​តម្កើង​បើក​ឬ ? » ខ្ញុំ​បាន​ខ្សឹប​ទៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ឈរ​នៅ​ក្បែរ​ទ្វារ ។

គាត់​បាន​ឆ្លើយ​ថា « បាទ » ។ « យើង​បាន​ចាប់ផ្ដើម​យឺត​នៅ​ថ្ងៃ​នេះ » ។

ខ្ញុំ​បាន​ស្រឡាំងកាំង ។ ខ្ញុំ​បាន​គិត​ថា យើង​បាន​បរាជ័យ​ម្ដង​ទៀត​ហើយ ប៉ុន្តែ​យើង​បាន​មក​ដល់​ព្រះវិហារ​ទាន់ពេល​តែ​ម្ដង ! ខ្ញុំ​បាន​ស្រក់​ទឹកភ្នែក កាលដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ដែល​មាន​ដល់​គ្រួសារ​ដ៏​តូច​របស់​ខ្ញុំ និង​ខ្ញុំ ។

ក្រោយ​មក យើង​បាន​ដឹង​ថា ពេល​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក​ដល់​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​នោះ ពួកគេ​បាន​ដឹង​ថា ពុំ​មាន​នរណា​ម្នាក់​បាន​យក​នំប៉័ង​សម្រាប់​ពិធី​សាក្រាម៉ង់​ទេ ។ គ្មាន​ហាង​នៅ​ក្បែរ​នោះ​ទេ ហើយ​នំប៉័ង​អាច​ពិបាក​នឹង​រកបាន​នៅ​ប្រទេស​វៀតណាម ។ បន្ទាប់ពី​ការភ័យ​ស្លន់ស្លោ​មួយ​ភ្លែត ពួក​អែលឌើរ​បាន​ចាំ​ថា ពួកគេ​មាន​នំប៉័ង​នៅ​ផ្ទះ ។

ពីរបី​ថ្ងៃ​មុន​នោះ ពួក​អែលឌើរ​បាន​មក​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ផ្ទះ​របស់​យើង ។ នៅ​ល្ងាច​នោះ ខ្ញុំ​បាន​រៀបចំ​នំប៉័ង​ដែល​ធ្វើ​ដោយ​ផ្ទាល់​ដៃ​ឲ្យ​ទៅ​ពួកគេ ។ ព្រះវិហារ​បាន​ចាប់​ផ្ដើម​យឺត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ដោយសារ​ពួក​អែលឌើរ​បាន​រត់​ទៅ​ផ្ទះ​ដើម្បី​ទៅយក​នំប៉័ង​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពួកគេ !

ព្រះ​ទត​ឃើញ​ការខិតខំ​របស់​យើង កាលដែល​យើង​ព្យាយាម​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។ ថ្វីបើ​យើង​ខ្វះ​ចន្លោះ​នៅ​ពេល​ខ្លះ ទ្រង់​ស្រឡាញ់​យើង ហើយ​នឹង​រៀបចំ​ផ្លូវ​សម្រាប់​យើង​ឲ្យ​ទទួល​បាន​ជោគជ័យ—សូម្បី​តែ​ពេល​ដែល​ត្រូវ​ទៅ​ព្រះវិហារ​ឲ្យ​ទាន់​ពេល​ក៏ដោយ ។