ជំនួយសម្រាប់ឪពុកម្ដាយ
អ្វីដែលការបោសសម្អាតបានបង្រៀនខ្ញុំអំពី ភាពជាឪពុកម្ដាយ
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
កិច្ចការផ្ទះរបស់កូនៗខ្ញុំ បានជួយឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
ខ្ញុំបានភ្ញាក់ឡើងនៅព្រឹកមួយ មានអារម្មណ៍សន្ធប់ ។ កាតព្វកិច្ចរបស់ខ្ញុំជាម្ដាយម្នាក់មានអារម្មណ៍ថាធ្ងន់ណាស់ ហើយខ្ញុំដឹងច្បាស់ណាស់ពីភាពទន់ខ្សោយរបស់ខ្ញុំ ។ វាហាក់ដូចជាមានចន្លោះយ៉ាងធំ រវាងរបៀបដែលខ្ញុំស្រមៃខ្លួនឯងជាម្ដាយម្នាក់ និងរបៀបដែលខ្ញុំជាម្ដាយម្នាក់ពិតប្រាកដ ។
ខ្ញុំបានលុតជង្គង់អធិស្ឋាន ហើយបានទូលប្រាប់ព្រះវរបិតាសួគ៌ថាខ្ញុំស្រឡាញ់ទ្រង់ខ្លាំងប៉ុណ្ណា ។ ខ្ញុំបានទូលប្រាប់ទ្រង់ថាខ្ញុំស្រឡាញ់កូនៗដែលទ្រង់បានប្រទានពរដល់គ្រួសាររបស់យើងប៉ុណ្ណា ។ ហើយខ្ញុំបានចាប់ផ្ដើមទូលប្រាប់ទ្រង់ថា ខ្ញុំកំពុងព្យាយាមធ្វើជាម្ដាយដ៏ល្អម្នាក់ ប៉ុន្តែមានអារម្មណ៍ដូចជាខ្ញុំធ្វើមិនបានល្អគ្រប់គ្រាន់ទេ ។ កាលដែលខ្ញុំបានអធិស្ឋាន ខ្ញុំបានគិតថា កូនៗខ្ញុំនឹងក្លាយជាកូនៗដ៏ប្រសើរជាងនេះយ៉ាងណា ប្រសិនបើព្រះចិញ្ចឹមពួកគេដោយព្រះអង្គទ្រង់ផ្ទាល់នោះ ។
បន្ទាប់មកមានរូបភាពមួយបានផុសឡើង ។ ខ្ញុំបានឃើញកូនៗខ្ញុំកំពុងបោសផ្ទះបាយ ។ នេះជាកិច្ចការមួយក្នុងចំណោមកិច្ចការជាច្រើន ដែលពួកគេត្រូវបានចាត់ឲ្យធ្វើដើម្បីជួយគ្រួសារយើង ។ ជួនកាលការមើលឃើញពួកគេធ្វើវា ធ្វើឲ្យខ្ញុំទើសចិត្តដោយសារពួកគេកំពុងរៀននៅឡើយ ហើយបោសមិនសព្វកន្លែងទេ ។ ប៉ុន្តែខ្ញុំបានទុកឲ្យពួកគេធ្វើវា ក៏ដូចជាកិច្ចការផ្ទះប្រចាំថ្ងៃផ្សេងៗទៀតផងដែរ ដោយសារខ្ញុំមានទស្សនវិស័យធំធេងជាងមួយសម្រាប់ពួកគេ ។ ខ្ញុំដឹងថា តាមរយៈការអនុវត្តដែលមិនឥតខ្ចោះទាំងនេះ ពួកគេនឹងរៀន ហើយរីកចម្រើន ។ នៅទីបំផុត ពួកគេនឹងអាចធ្វើវាបានលឿន និងមានប្រសិទ្ធិភាពដូចខ្ញុំអាចធ្វើបានដែរ ។ ទស្សនវិស័យអំពីពួកគេក្លាយទៅជាមានទំនួលខុសត្រូវ និងភាពឯករាជ្យ គឺជារង្វាន់ដ៏ធំធេងជាងដែលខ្ញុំធ្វើអ្វីៗដោយខ្លួនឯងនោះ ។ ខ្ញុំមិនកំពុងចិញ្ចឹមកូនសម្រាប់ភាពជោគជ័យរយៈពេលខ្លីនោះទេ—ខ្ញុំកំពុងព្យាយាមជួយពួកគេឲ្យជោគជ័យក្នុងរយៈពេលវែង ។
ហើយខ្ញុំឆ្ងល់ថា ប្រហែលជារឿងដូចនេះពិតចំពោះព្រះវរបិតាព្រះមាតាសួគ៌របស់យើងផងដែរ ។ ព្រះវរបិតាសួគ៌ជ្រាបដឹងថា យើងពុំអាចធ្វើកិច្ចការល្អឥតខ្ចោះក្នុងការធ្វើជាឪពុកម្ដាយនោះទេ ។ រឿងខ្លះយើងប្រហែលជាធ្វើឲ្យ ទ្រង់ ទើសព្រះទ័យប៉ុន្តែទ្រង់អនុញ្ញាតឲ្យវាកើតឡើង ដោយសារទ្រង់ជ្រាបដឹងថា យើងកំពុងរៀន និងកំពុងរីកចម្រើន ។ ទ្រង់មានទស្សនវិស័យរយៈពេលយូរអង្វែងបំផុត ។ ទ្រង់ប្រមើលមើលឃើញយើងថា ថ្ងៃមួយយើងនឹងក្លាយជាឪពុក ឬម្ដាយម្នាក់ដូចជាទ្រង់ ដែលអាចស្រឡាញ់ទាំងស្រុង បង្រៀនដោយមានប្រសិទ្ធភាព និងធ្វើជាគំរូល្អឥតខ្ចោះ ។ កាលដែលយើងខំធ្វើទាំងមិនប្រសប់ នោះទ្រង់ជ្រាបដឹងថា យើងកំពុងអភិវឌ្ឍនូវគុណសម្បត្តិទាំងឡាយដូចជាការអត់ធ្មត់ និងសប្បុរសធម៌ ។ ហេតុដូច្នោះហើយ ដោយនូវព្រះប្រាជ្ញារបស់ទ្រង់ ទ្រង់អនុញ្ញាតឲ្យយើងធ្វើ ហើយបរាជ័យ ហើយព្យាយាមម្ដងទៀត ។
ខ្ញុំប្រាថ្នាខ្លាំងណាស់ថា ខ្ញុំអាចធ្វើជាម្ដាយដ៏ល្អឥតខ្ចោះរួចទៅហើយ ! ដូច យ៉ូសែប ស្ម៊ីធ បានសរសេរថា ជាញឹកញាប់ ខ្ញុំឃើញថាខ្លួនឯងកំពុងធ្លាក់ « ទៅក្នុងការខុសឆ្គងជាច្រើន » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៨ ) ។ ប៉ុន្តែ ខ្ញុំរកឃើញការលួងលោមដោយដឹងថា ព្រះយល់ពីដួងចិត្តខ្ញុំ ដែលមានន័យថា ទ្រង់ត្រាស់ដឹងថា ខ្ញុំកំពុងព្យាយាមធ្វើជាមនុស្សដែលអាចទទួលយកការបង្រៀនបាន ។ ខ្ញុំមានអារម្មណ៍រីករាយ នៅពេលកូនៗខ្ញុំសួរថា « តើកូនអាចធ្វើកិច្ចការនេះឲ្យកាន់តែល្អដោយរបៀបណា ? » ហើយហាក់ដូចជាចង់ធ្វើឲ្យប្រសើរឡើង ។ យ៉ាងហោចណាស់ខ្ញុំអាចធ្វើដូចនោះសម្រាប់ព្រះវរបិតាសួគ៌ ។
កាលដែលគំនិតទាំងនេះកំពុងមានពេញខួរក្បាលខ្ញុំ នោះខ្ញុំបានមានគ្រាខកចិត្តមួយទៀត ។ « ប៉ុន្តែ ចុះបើកំហុសក្នុងការធ្វើជាម្ដាយរបស់ខ្ញុំធ្វើបាបដល់កូនៗខ្ញុំវិញនោះ ? ខ្ញុំបានសួរ ។ « ខ្ញុំពុំចង់បង្អាក់ពួកគេទេ សូម្បីតែបើខ្ញុំក្លាយជាម្ដាយដ៏ល្អនៅក្នុងដំណើរការនោះក្ដី » ។
ជាថ្មីម្ដងទៀត រូបភាពនៃកូនៗខ្ញុំកំពុងបោសសម្អាតបានផុសឡើងក្នុងគំនិតខ្ញុំ ។ បន្ទាប់ពីកូនស្រីខ្ញុំព្យាយាមដោយស្មោះ ដើម្បីជូតឥដ្ឋ ហើយបន្ទាប់មកប្រញាប់រត់ទៅលេង ឬទៅបញ្ចប់អ្វីមួយផ្សេងទៀត ខ្ញុំតែងតែសម្អាតកន្លែងដែលស្អិតដែលនៅសេសសល់នោះ ។ ហើយខ្ញុំបានគិតអំពីសេចក្ដីមេត្តាករុណា និងព្រះចេស្ដាដ៏គ្មានព្រំដែនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលដង្វាយធួនរបស់ទ្រង់បានគ្របដណ្ដប់ដល់ស្ថានភាពស្អិតនៃជីវិតរបស់មនុស្សគ្រប់គ្នា ។ ព្រះគុណរបស់ទ្រង់បំពេញភាពខ្វះខាតរបស់ខ្ញុំក្នុងនាមជាម្ដាយម្នាក់ ដូចជាព្រះគុណរបស់ទ្រង់សងជួសនូវការឈឺចាប់ដែលកូនៗខ្ញុំទទួលដោយសារភាពខ្វះខាតរបស់ខ្ញុំ ។ តាមរបៀបមួយដែលគ្មានយើងណាម្នាក់អាចយល់បាន នោះដង្វាយធួនរបស់ទ្រង់អាចព្យាបាលអ្វីៗ ទាំងអស់ ។
ខ្ញុំទទួលការលួងលោមយ៉ាងអស្ចារ្យនៅក្នុងវិវរណៈផ្ទាល់ខ្លួនដែលខ្ញុំបានទទួលនៅថ្ងៃនោះ ។ ខ្ញុំបានទទួលអារម្មណ៍ថា ព្រះវិញ្ញាណបង្រៀនខ្ញុំថា ការប្រឹងប្រែងដ៏អស់ពីសមត្ថភាពរបស់ខ្ញុំ នៅក្នុងភាពជាដៃគូជាមួយព្រះអម្ចាស់ គឺគ្រប់គ្រាន់ហើយ ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌នឹងបន្តធ្វើកិច្ចការនៅក្នុងជីវិតកូនៗរបស់ខ្ញុំ បន្តិចម្ដងៗ ដើម្បីធ្វើដោយឥតខ្ចោះនូវអ្វីដែលខ្ញុំធ្វើមិនបានឥតខ្ចោះ ។ ជាមួយនឹងជំនួយរបស់ទ្រង់ កូនៗខ្ញុំអាចជះពន្លឺក្នុងភាពត្រឹមត្រូវរបស់ពួកគេផ្ទាល់នៅថ្ងៃមួយ គឺភ្លឺដូចជាព្រះវរបិតាសួគ៌បានចញ្ចឹមពួកគេតាំងពីដំបូងមកដែរ ។ លើកលែងតែផែនការរបស់ទ្រង់ក៏ផ្លាស់ប្ដូរខ្ញុំនៅក្នុងដំណើរការនោះដែរ—ដោយការញែកចេញជាបរិសុទ្ធ និងការហាត់ពត់ខ្ញុំឲ្យក្លាយកាន់តែដូចទ្រង់ ។ ឱប្រាជ្ញានៃព្រះរបស់យើងធំណាស់ហ្ន៎ !