ឆ្នាំ ២០២១
រក្សា​តន្ត្រី​ជា​ផ្នែក​ដ៏​ចាំបាច់​នៃ​ការថ្វាយ​បង្គំ
ខែ មីនា ឆ្នាំ ២០២១


រក្សា​តន្ត្រី ជា​ផ្នែក​ដ៏​ចាំបាច់​នៃ​ការថ្វាយ​បង្គំ

តន្ត្រី​តែងតែ​ធ្លាប់​ជា—ហើយ​នឹង​តែងតែ​ជា—ផ្នែក​ដ៏​ចាំបាច់​នៃ​ការថ្វាយ​បង្គំ​នៅ​ព្រះវិហារ និង​នៅក្នុង​គេហដ្ឋាន ។

family gathered around piano

មិន​ជា​ច្រើន​សប្ដាហ៍​ប៉ុន្មាន​បន្ទាប់​ពី​សាសនាចក្រ​ត្រូវបាន​ស្ថាបនា​ឡើយ ព្រះអម្ចាស់​បាន​ណែនាំ អិមម៉ា ស្ម៊ីធ ឲ្យ « ធ្វើ​ការ​ជម្រើស​យក​ទំនុក​សរសើរ​តម្កើង​ព្រះ​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ … ដែល​សព្វ​ព្រះ​ហឫទ័យ​ដល់​យើង ដើម្បី​ឲ្យ​មាន​នៅ​ក្នុង​សាសនាចក្រ​របស់​យើង » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១១ ) ។ ពួក​បរិសុទ្ធ​ត្រូវការ​វិធី​ទាំងឡាយ​ដើម្បី​រៀន​អំពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដែល​ទើប​តែ​បាន​បើក​សម្ដែង​ថ្មីៗ និង​ដើម្បី​រួមរួបគ្នា​ក្នុង​ការសរសើរ​ដល់​ព្រះ ។ ហើយ​ទំនុក​តម្កើង​នឹង​ជា​ផ្នែក​ដ៏​ចាំបាច់​នៃ​ការថ្វាយ​បង្គំ និង​ការរៀនសូត្រ​របស់​ពួកគេ ។

ជា​ច្រើន​ឆ្នាំ​កន្លងមក​ហើយ នៅពេល​ដែល​គ្រួសារ​ខ្ញុំ​បាន​ចូលរួម​នៅ​ព្រះវិហារ ឪពុក​ម្ដាយ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​រៀន​អំពី​តន្ត្រី​របស់​សាសនា​ថ្មី​របស់​យើង ។ ខ្ញុំ​មាន​ការចងចាំ​ដ៏​រស់រវើក​អំពី​គ្រា​នោះ ៖

  • ការទន្ទេញ « ការអធិស្ឋាន​ជា​ប្រាថ្នា​ស្មោះ » ( ទំនុកតម្កើង លេខ ៨៣ ) ជាមួយ​គ្រួសារ​ខ្ញុំ ។

  • ការឮ « ឱ!ព្រះបិតា » ( ទំនុក​តម្កើង លេខ ១៨១ ) និង​ការរៀន​ថា ខ្ញុំ​មាន​ព្រះវរបិតា និង​ព្រះមាតា​សួគ៌ ដែល​ខ្ញុំ​អាច​ជួប​ម្ដង​ទៀត​នៅ​ថ្ងៃ​ណា​មួយ ។

  • ការទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ខណៈ​ច្រៀង​បទ « ព្រះ​វរបិតា​ស្រឡាញ់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦–១៧ )—ទោះបី​ជា​ខ្ញុំ​បាន​រស់នៅ​វាលខ្សាច់ ហើយ​មិន​ដែល​បាន​ឃើញ​ដើម​លីឡាក់​ដោយ​ផ្ទាល់​ក្ដី !

ពន្លឿន​ទៅមុខ​មក​ដល់​ការប្រជុំ​សាក្រាម៉ង់​មួយ​នៅចុង​ខែ​កុម្ភៈ ឆ្នាំ ២០២០ ។ សមាជិក​មួយ​ចំនួន​ក្នុង​វួដ​របស់​យើង កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក ហើយ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​លួងលោម​យ៉ាង​ជ្រាលជ្រៅ​ពេល​ដែល​ក្រុម​ចម្រៀង​ប្រចាំ​វួដ​បាន​ច្រៀង​បទ « គ្រឹះដ៏មាំមួន » ( ទំនុក​តម្កើង លេខ ៣៧ ) ។ ពីរបី​សប្ដាហ៍​ក្រោយ​មក ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​ចំនួន​បាន​កើត​ឡើង ៖ ការឲ្យ​នៅ​ឆ្ងាយ​ដាច់​ពី​គ្នា ការលុបចោល​ការប្រជុំ​នៅ​ព្រះវិហារ និង​ការរញ្ជួយ​ដី​ខ្លាំង​ខ្សោយ​ជា​បន្ត​បន្ទាប់ ។ ហើយ​ទំនុក​តម្កើង​នោះ​បាន​ចាប់ផ្ដើម​លេង​នៅក្នុង​គំនិត​របស់​ខ្ញុំ​ម្ដង​ទៀត ៖

កុំ​ខ្លាច​អី​យើង​នឹង​នៅ​ជា​មួយ​កុំ​ភ័យ​ឡើយ

ព្រោះ​យើង​ជា​ព្រះ​អ្នក ហើយ​យើង​នឹង​យាង​មក​ជួយ ។

និង​ចម្រើន​កម្លាំង​ជួយ​គាំទ្រ​អ្នក​ឲ្យ​ឈរ

លើក​អ្នក​ដោយ​ដៃ​ដ៏​សុចរិត​ដ៏​អស្ចារ្យ ។

ជួន​កាល វា​ហាក់​ដូច​ជា​ឧបសគ្គ​ជា​សាកល និង​ផ្ទាល់​ខ្លួន​កំពុង​កើន​ឡើង​ស្ទើរ​តែ​រាល់​ថ្ងៃ ។ យើង​ត្រូវការ​ការទ្រទ្រង់​ខាង​វិញ្ញាណ​ពី​ទំនុក​តម្កើង ចម្រៀង​កុមារ និង​តន្ត្រី​ពិសិដ្ឋ​ផ្សេងៗ​ទៀត​ជាង​ពេល​ណាៗ​ទាំងអស់ ។

ពុំ​មាន​ការផ្លាស់​ប្ដូរ​ក្នុង​គោលបំណង ឬ​សារៈ​សំខាន់​នោះ​ទេ

ទោះ​បី​ជា​យ៉ាង​ណា កាលដែល​យើង​បាន​ផ្លាស់ប្ដូរ​ទៅ​កាលវិភាគ​ពីរ​ម៉ោង​សម្រាប់​ការប្រជុំ​នៅ​ព្រះវិហារ សមាជិក​មួយ​ចំនួន​ឆ្ងល់​ថា​តើ​តួនាទី​របស់​តន្ត្រី​ត្រូវបាន​កាត់​បន្ថយ​នៅក្នុង​ការថ្វាយ​បង្គំ​របស់​យើង ។ ចម្លើយ​គឺ​ទេ ។

  1. ទំនុក​តម្កើង​ដ៏​ពិសិដ្ឋ​ទាំងឡាយ​នៅ​តែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ការប្រជុំ​សាក្រាម៉ង់ រួម​ទាំង​ការជួយ​រៀបចំ​ដួងចិត្ត​យើង​សម្រាប់​ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់​ផងដែរ ។ ក្រុម​ចម្រៀង និង​ការច្រៀង​ជា​ក្រុម​ជំនុំ និង​តន្ត្រី​ពិសិដ្ឋ​ផ្សេងៗ​ទៀត នៅ​តែ​អាច​ត្រូវ​បាន​ដាក់​ផែនការ​ដើម្បី​ធ្វើ​ឲ្យ​ការប្រជុំ​កាន់​តែ​ប្រសើរ​ឡើង ដូច​តែ​ពី​មុន​អញ្ចឹង ។ អំឡុង​មេរោគ​រាតត្បាត​កូវីដ–១៩ តន្ត្រី​ពិសិដ្ឋ​នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការប្រជុំ​សាក្រាម៉ង់​ដែល​បាន​កាត់​ពេល​ឲ្យ​នៅ​ខ្លី សូម្បី​តែ​វា​គ្រាន់តែ​ជា​ភ្លេង​ក៏​ដោយ ។

  2. ឥឡូវ​នេះ កូនៗ​របស់​យើង​ចំណាយ​ពេល​ពាក់​កណ្ដាល​នៃ​ពេលវេលា​របស់​ពួកគេ​ក្នុង​ថ្នាក់​កុមារ​រៀន​ដំណឹងល្អ​តាម​រយៈ​តន្ត្រី ។

  3. នៅ​ក្នុង​ម៉ោង​ទីពីរ ពុំ​មាន​ចម្រៀង​បើក ឬ​បិទ​សម្រាប់​ថ្នាក់​មជ្ឈិមវ័យ និង​យុវវ័យ​ទេ ។ ប៉ុន្តែ​តន្ត្រី​នៅ​តែ​អាច​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ថ្នាក់​ទាំងឡាយ​ដើម្បី​បង្រៀន និង​បំផុស​គំនិត ។

  4. វា​ងាយ​ស្រួល​ជាង​ពេល​ណាៗ​ទាំងអស់ ដើម្បី​ស្ដាប់​តន្ត្រី​ពិសិដ្ឋ​នៅលើ​ឧបករណ៍​ឌីជីថល​នានា ដោយប្រើប្រាស់​កម្មវិធី​តន្ត្រី​ពិសិដ្ឋ​របស់​សាសនាចក្រ ។

ប្រាប់​កាន់តែ​តិច មាន​ចេតនា​កាន់តែ​ច្រើន

នៅតែ​មាន​ការយល់​ខុស​មួយ​ចំនួន ។ នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​មួយ គ្រូ​បង្រៀន​ម្នាក់​បាន​សូមទោស​ដល់​ថ្នាក់​គោលលទ្ធិ​ដំណឹងល្អ​របស់​គាត់ ៖ « ខ្ញុំ​ដឹង​ថា យើង​មិន​ត្រូវ​ច្រៀង​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ទេ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ចង់​ច្រៀង​បទ ‹ ខ្ញុំ​ដឹង​ថា​ព្រះប្រោសលោះ​ខ្ញុំ​នៅ​រស់ › ជាមួយ​គ្នា » ។ គ្រូ​បង្រៀន​នោះ​ប្រហែល​ជា​មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​ទេ​នៅក្នុង​ការយល់​ខុស​នេះ ។

តាម​ពិត​ទៅ តន្ត្រី​នៅតែ​ចាំបាច់​នៅក្នុង​ការថ្វាយ​បង្គំ​របស់​យើង​ដូច​ពេល​មុន​អញ្ចឹង ។ សូម​ធ្វើ​ជា​សាក្សី​អំពី​ការធ្វើ​បច្ចុប្បន្នភាព​ដ៏​សំខាន់​នៃ​ការប្រមូល​ផ្ដុំ​ទំនុក​តម្កើង និង​ចម្រៀង​កុមារ​របស់​យើង ដែល​កំពុង​រៀបចំ​ធ្វើ​បច្ចុប្បន្ន​នេះ ។ ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នោះ សមាជិក​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក​បាន​ដាក់​បញ្ចូន​ទំនុក​តម្កើង ចម្រៀង និង​អត្ថបទ​ថ្មីៗ​ដ៏​អស្ចារ្យ ចំនួន ១៦០០០ ។

ប៉ុន្តែ ដោយ​មាន​ពេល​តិច​ជាង​មុន​សម្រាប់​ការច្រៀង​នៅក្នុង​ការប្រជុំ​ខ្លះៗ​របស់​យើង​នៅ​ថ្ងៃ​អាទិត្យ យើង​ពិត​ជា​ត្រូវ​គិតគូរ និង​មាន​ចេតនា​ឲ្យ​បាន​ខ្លាំង​ជាង​មុន ក្នុង​ការដាក់​ផែនការ និង​ការប្រើប្រាស់​តន្ត្រី ។

group of children singing

គោលការណ៍​សំខាន់​ពីរ​យ៉ាង​ដែល​អាច​ជួយ​យើង​រក្សា​តន្ត្រី​ជា​ផ្នែក​ដ៏​ចាំបាច់​នៃ​ការថ្វាយ​បង្គំ​របស់​យើង ៖

១. អ្វី​ដែល​ចាំបាច់​នៅក្នុង​ការបង្រៀន

យើង​អាច​នឹង​គិត​អំពី​ការនិយាយ និង​ការពិភាក្សា​ជា​មធ្យោបាយ​ចម្បង​នៃ​ការបញ្ជូន​សារ​ដំណឹងល្អ​នៅ​គេហដ្ឋាន និង​នៅ​ព្រះវិហារ ។ ហើយ​យើង​ប្រហែល​ជា​ចំណាយ​ពេល​ភាគ​ច្រើន​បំផុត​លើ​ចំណុច​ទាំងនោះ ។ ប៉ុន្តែ​តន្ត្រី​ពុំ​មែន​ជា​គ្រឿង​បន្ទាប់​បន្សំ​នោះ​ទេ ។ វា​ជា​ផ្នែក​ដ៏​ចាំបាច់​នៃ​ការបង្រៀន​ដោយ​អំណាច និង​ជាមួយ​នឹង​ព្រះវិញ្ញាណ ។

ដូច​សាវក​ប៉ុល​បាន​ទូន្មាន​ដល់​ពួក​បរិសុទ្ធ​ជំនាន់​មុន​ថា « ចូរ​ឲ្យ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះគុណ » ( កូឡូស ៣:១៦ ) ។

តន្ត្រី​អាច​នាំ​ព្រះវិញ្ញាណ​ចូល​មក​ក្នុង​ថ្នាក់ ឬ​ការប្រជុំ​មួយ​យ៉ាង​ឆាប់​រហ័ស ។ ការជ្រើសរើស​ចម្រៀង​មួយ​ដើម្បី​ច្រៀង​អំឡុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ឬ​ការពិភាក្សា ចូរ​មក​តាម​ខ្ញុំ សម​នឹង​បាន​ទទួល​ការពិចារណា​ដ៏​គិតគូរ ប្រកប​ដោយ​ការអធិស្ឋាន​ដូចគ្នា​នឹង​បទគម្ពីរ​ដែល​យើង​ជ្រើសរើស​ដើម្បី​អាន ឬ​ផ្នែក​នៃ​មេរៀន​ដែល​យើង​ជ្រើសរើស​ដើម្បី​ចែកចាយ​ដែរ ។ តន្ត្រី​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ការអធិស្ឋាន​អាច​ធ្វើ​ឲ្យ​រញ្ជួយ​ដល់​ដួងចិត្ត ទុក​នូវ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ដែល​អាច​បន្ត​មាន​អស់​មួយ​ជីវិត ។

២. « បទ​អធិស្ឋាន​ដល់​យើង »

នៅ​ចំណុច​ជាក់លាក់​នានា យើង​ទាំងអស់​គ្នា​អាច​នឹង​ដកពិសោធន៍​គ្រា​ទាំងឡាយ​ដែល​យើង​មាន​អារម្មណ៍​ខ្ទេចខ្ទាំ គ្រា​ទាំងឡាយ​ដែល​ផ្លូវ​នៅ​ពីមុខ​យើង​ស្រអាប់ ។ ជួនកាល​វា​ហាក់​ដូច​ជា​ថា យើង​គ្រាន់តែ​អធិស្ឋាន​ដដែលៗ​អំពី​សេចក្ដី​ត្រូវការ​បន្ទាន់ ដោយ​គ្មាន​បាន​ចម្លើយ ឬ​ដំណោះស្រាយ ។ នៅ​គ្រា​ដូច​នោះ វា​អាច​ល្បួង​ឲ្យ​សន្មត់​ថា ព្រះ​មិន​ខ្វល់​ខ្វាយ ឬ​ថា​យើង​មិន​សក្ដិសម​នឹង​ការខ្វល់ខ្វាយ​របស់​ទ្រង់ ។ ជួនកាល យើង​អាច​នឹង​មាន​អារម្មណ៍​ថា​បោះបង់​ការអធិស្ឋាន​ទៀត​ផង ។

សម្រាប់​គ្រា​ទាំងឡាយ​ដែល​យើង​មាន​អារម្មណ៍​ថា​ខ្វះ​ទំនាក់ទំនង​ខាង​វិញ្ញាណ​ជាមួយ​ស្ថានសួគ៌ នេះ​ជា​សេចក្ដី​ពិត​ដ៏​លួងលោម​មួយ ៖ តន្ត្រី​ដ៏​ពិសិដ្ឋ​ពិត​ជា​អាច ជា ទម្រង់​នៃ​ការអធិស្ឋាន ។ ព្រះអម្ចាស់​ទ្រង់​ផ្ទាល់​បាន​ពន្យល់​ដូច្នេះ ពេល​ទ្រង់​បាន​ចាត់​ឲ្យ​អិមម៉ា​ធ្វើ​សៀវភៅ ទំនុក​តម្កើង​ដំបូង​របស់​យើង ៖ « ដ្បិត​ព្រលឹង​របស់​យើង​ត្រេកអរ​ចំពោះ បទ​ចម្រៀង​ពី​ចិត្ត មែន​ហើយ បទ​ចម្រៀង​នៃ​ពួក​សុចរិត គឺជា​បទ​អធិស្ឋាន​ដល់​យើង » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១២ ការសង្កត់ន័យ​ត្រូវបាន​បន្ថែម ) ។

ហើយ​នៅ​ពេល​យើង​ថ្វាយ​ចម្រៀង​ពី​ចិត្ត​របស់​យើង​ថ្វាយ​ដល់​ទ្រង់​ដោយ​ស្មោះសរ នោះ​ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ឆ្លើយ​តប​ដោយ​ពរជ័យ​មួយ ៖ « ហើយ​នឹង​បាន​ឆ្លើយតប​ដោយ​នូវ​ព្រះ​ពរ​មក​លើ​ក្បាល​របស់​ពួក​គេ » ។ ហេតុ​ដូច្នោះ​ហើយ ចូរ​លើក​ចិត្ត​អ្នក​ឡើង ហើយ​អរ​សប្បាយ » ​( គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១២–១៣ ) ។

នៅ​គ្រា​ដ៏​ពិបាក​មួយ​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​ពុំ​អាច​យល់​ពី​ចម្លើយ​ទាំងឡាយ​ចំពោះ​ចម្លើយ​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ​អស់​មួយ​រយៈ​ពេល​យ៉ាង​យូរ ។ មិត្ត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​ម្នាក់​បាន​ឆ្លង​កាត់​ការលំបាក​មួយ​ចំនួន​របស់​នាង​ផ្ទាល់ ។ ប៉ុន្តែ នៅ​ពេល​យើង​បាន​លេង និង​បាន​ច្រៀង​ទំនុក​តម្កើង និង​ចម្រៀង​ដំណឹងល្អ​ជាមួយ​គ្នា ជា​ញឹកញាប់ យើង​ដក​ពិសោធន៍​នូវ​អារម្មណ៍​នៃ​ភាពស្រាកស្រាន្ត និង​ទីបន្ទាល់​ដ៏​សន្ធប់ ។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​កំពុង​បំពេញ​ការសន្យា​របស់​ទ្រង់ ។ ទ្រង់ បាន កំពុង​ឆ្លើយ​ចម្រៀង​ពី​ចិត្ត​របស់​ខ្ញុំ ម្ដង​ហើយ​ម្ដង​ទៀត ។ ហើយ​នោះ ពិត​ជា បាន​ជួយ​ខ្ញុំ​លើក​ទឹកចិត្ត​ខ្ញុំ​ឡើង ហើយ​បន្ត​ទៅ​មុខ​ទៀត ។

young woman visiting a cemetery

Photograph by Robert Casey

នៅ​ថ្ងៃ​អាទិត្យ​ណា​ក៏​ដោយ

នៅ​ថ្ងៃ​អាទិត្យ​ណា​ក៏​ដោយ យើង​អាច​ប្រាកដ​ថា មនុស្ស​ខ្លះ​នៅក្នុង​ក្រុម​ជំនុំ​របស់​យើង មនុស្ស​ខ្លះ​នៅក្នុង​ថ្នាក់​របស់​យើង និង​មនុស្ស​ខ្លះ​នៅក្នុង​គ្រួសារ​របស់​យើង គឺ​នៅក្នុង​ទឹក​ដ៏​ជ្រៅ​នៃ​ទុក្ខ​វេទនា​ផ្ទាល់​ខ្លួន ។ មនុស្ស​ផ្សេង​ទៀត​នឹង​ស្ថិត​នៅក្នុង​ភាពសុខសាន្ត​ដោយ​មាន​ពរជ័យ​យ៉ាង​បរិបូរ ។ ប៉ុន្តែ មនុស្ស​ផ្សេង​ទៀត​នឹង​ទើប​តែ​រៀន​អំពី​សេចក្ដី​ពិត​ជា​មូលដ្ឋាន​នៃ​ដំណឹងល្អ ។

នៅពេល​យើង​រក្សា​តន្ត្រី​នៅក្នុង​កន្លែង​ត្រឹមត្រូវ​របស់​វា ដែល​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការថ្វាយ​បង្គំ​របស់​យើង យើង​អាច​ជួយ មនុស្ស​ទាំងអស់ ស្វែងរក​ឱកាស​ដើម្បី​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ដើម្បី​រៀន​សេចក្ដី​ពិត​នៃ​ដំណឹងល្អ និង​ដើម្បី​សរសើរ​តម្កើង​ព្រះអម្ចាស់​ចំពោះ​សេចក្ដី​ល្អ​របស់​ទ្រង់ ។ ហើយ​យើង​អាច​ជួយ មនុស្ស​ទាំងអស់ ឲ្យ​ចម្រៀង​ពី​ចិត្ត​របស់​ពួកគេ​ទទួល​ចម្លើយ​នៅ​ក្នុង​របៀប​ដែល​មានតែ​ព្រះវរបិតា​ដ៏​អស់កល្ប​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យ​បាន ។