ស្ត្រីពីជំនាន់ដំបូងនៃការស្ដារឡើងវិញ
ជេនបានត្រេកអរនៅក្នុងការធ្វើដំណើរនោះ
ដូចជា ជេន ម៉ែននីង ជេមស៍ តើយើងប្ដេជ្ញាចិត្តដើម្បីបញ្ចប់ការធ្វើដំណើររបស់យើងជាមួយនឹងសេចក្ដីជំនឿដែរឬទេ ?
ជេន ម៉ែននីង ជេមស៍ បាននឿយហត់ក្នុងការដើរ ប៉ុន្តែនាងមិនព្រមឈប់ទេ ។
កូនប្រុសច្បងរបស់នាង ស៊ីលវ៉េស្ទើរ ធំល្មមដើម្បីដើរនៅក្បែររទេះរុញបាន ។ ប៉ុន្តែ កូនតូចស៊ីឡាស ដែលបានកើតមកនៅតាមផ្លូវ ត្រូវតែបី ។ វាគឺនៅឆ្នាំ ១៨៤៧ ហើយក្រុមគ្រួសារជេមស៍ នៅមិនយូរប៉ុន្មាន នឹងបាននៅក្នុងចំណោមពួកអ្នកត្រួសត្រាយផ្លូវដំបូងដែលបានមកដល់ជ្រលងភ្នំសលត៍លេក ។
ជេនមិនមែនមិនធ្លាប់ធ្វើដំណើរផ្លូវឆ្ងាយនោះទេ ។
បួនឆ្នាំមុននោះ គ្រួសារនាងបានចាកចេញពីផ្ទះរបស់ពួកគេនៅទីក្រុងភាគខាងកើត ដើម្បីចូលរួមជាមួយនឹងពួកបរិសុទ្ធនៅទីក្រុងណៅវូ នៅជាយព្រំដែនខាងលិច ។ ការធ្វើដំណើរគួរតែចំណាយពេលតែពីរបីថ្ងៃប៉ុណ្ណោះតាមដងស្ទឹង ។ ប៉ុន្តែ ដោយសារ ជនស្បែកខ្មៅជាច្រើនជាទាសករនៅក្នុងសហរដ្ឋនៅជំនាន់នោះ ជាញឹកញាប់ គ្រួសាររបស់ជេនត្រូវតែបង្ហាញក្រដាសដើម្បីបញ្ចាក់ពីសេរីភាពរបស់ពួកគេ ។ ហើយកន្លែងខ្លះមានច្បាប់ដ៏តឹងតែង ដែលរារាំងប្រជាជនដែលមិនមែនជនជាតិស្បែកស ពីការធ្វើដំណើរឆ្លងកាត់តំបន់នោះ—រួមទាំងគិតថ្លៃរហូតដល់ ៥០០ ដុល្លារសម្រាប់មនុស្សម្នាក់ទៀតផង ។
ប្រហែលដោយសារតែតម្លៃហួសប្រមាណនេះ ឬប្រហែលជាដោយសារតែការរើសអើងផ្សេងៗទៀត នោះក្រុមទូកមិនព្រមឲ្យសមាជិកគ្រួសារនាងធ្វើដំណើរបន្តទៀតទេ ។ ដោយមិនឲ្យអ្វីមកបង្អាក់ ដំណើរនេះ នោះពួកគេបានទុកចោលរបស់របរជាច្រើនរបស់ពួកគេ ហើយបានធ្វើដំណើរដោយថ្មើរជើងជាមួយនឹងអ្វីដែលពួកគេអាចយកតាមខ្លួនបាន ។
គ្រួសាររបស់ជេនបានដើរអស់ជាង ៨០០ ម៉ាលស៍ ( ១២៨៧ គីឡូម៉ែត្រ ) ។ ពួកគេបានដើរកាត់ថ្ងៃដ៏សើម និងរាត្រីដ៏ងងឹតសូន្យសុង ។ មានម្ដងនោះ ពួកគេបានដើរយ៉ាងលំបាកកាត់ព្រៃមួយ ដោយបានដេកកណ្តាលវាលល្ហល្ហេវ ។ ពេលដែលពួកគេភ្ញាក់ឡើង សំលៀកបំពាក់របស់ពួកគេមានពណ៌សដោយសារកំណកទឹក ។
ជេនបានរំឭកថា « យើងបានដើររហូតស្បែកជើងយើងសឹក ហើយជើងយើងឈឺ និងប្រះចេញឈាម » ។ « … យើងបានទូលសូមដល់ព្រះជាព្រះវរបិតាដ៏អស់កល្បឲ្យព្យាបាលជើងយើង ហើយការអធិស្ឋានរបស់យើងបានទទួលចម្លើយ » ។១
ខណៈតស៊ូនឹងការធ្វើដំណើរដ៏លំបាកនេះ ជេនបានច្រៀងទំនុកតម្កើងសរសើរព្រះជាមួយឪពុកម្ដាយ និងបងប្អូនរបស់នាង ។ នៅទីបំផុត បន្ទាប់ពីបានដើរជិតបីខែ ពួកគេបានមកដល់ទីក្រុងណៅវូ ។ ជាច្រើនឆ្នាំក្រោយមក ពេលដែលពួកបរិសុទ្ធបានចាកចេញដើម្បីឆ្លងកាត់វាលទំនាប នោះជេនស្ថិតនៅក្នុងចំណោមពួកអ្នកត្រួសត្រាយផ្លូវដំបូងដែលបានចាប់ផ្ដើមដើរតាមផ្លូវលំនោះ ។