យុវមជ្ឈិមវ័យ
ការក្លាយជានាយតម្រួតការដែលកាន់តែប្រសើរចំពោះផែនដីដែលព្រះបានបង្កើតសម្រាប់យើង
ដកស្រង់ពីសន្ទុរកថាដែលបានថ្លែងនៅក្នុងសន្និសីទនៅមជ្ឈមណ្ឌលស្ទេចន័រ នៅឯសាកលវិទ្យាល័យរដ្ឋយូថាហ៍ នៃទីក្រុង សលត៍ លេក នៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៣ ។
យើងថែទាំពិភពលោកនេះ និងអ្វីៗទាំងអស់ដែលនៅក្នុងនោះកាន់តែល្អប្រសើរប៉ុណ្ណា នោះវានឹងទ្រទ្រង់ បំផុស ពង្រឹង ធ្វើឲ្យរស់រវើក និងធ្វើឲ្យដួងចិត្ត និងវិញ្ញាណយើងរីករាយប៉ុណ្ណោះដែរ ។
ការកម្សាន្តក្រៅម៉ោងការងាររបស់ខ្ញុំគឺនៅក្នុងធម្មជាតិ មិនថាជា ការឡើងភ្នំ ជិះស្គី អុំទូកលើសមុទ្រ ជិះកង់ ឬសូម្បីតែធ្វើដំណើរបរបាញ់សត្វ ។ កាលនៅក្មេង ខ្ញុំចូលចិត្តនៅក្នុងព្រៃ និងដើម្បីស្លុងអារម្មណ៍ទៅនឹងភាពស្ងប់ស្ងាត់ ដើម្បីធ្វើជាសាក្សីយ៉ាងឧឡារិកថា ដើមឈើបៃតងដ៏ខ្ពស់ស្កឹមស្កៃបានថ្លែងទីបន្ទាល់អំពីព្រះបង្កបង្កើត ។ ពេលខ្ញុំបានធំឡើងជាមជ្ឈិមវ័យ ខ្ញុំបានរៀនដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផងថា ប្រសិនបើយើងយល់ថាយើងជានរណា យល់ពីគោលបំណងនៃជីវិត និងហេតុផលដែលផែនដីត្រូវបានបង្កើតឡើង—ហើយដោយរក្សាអ្វីៗទាំងនេះនៅក្នុងគំនិត—នោះយើងនឹងប្រព្រឹត្តិចំពោះផែនដីនេះ និងអ្វីទាំងអស់ដែលនៅក្នុងនោះ ក្នុងរបៀបមួយដែលខ្ពង់ខ្ពស់ថ្លៃថ្នូរជាង ។
ព្រះរាជបំណងរបស់ព្រះនៅក្នុងការបង្កើតផែនដី
តាមរយៈពួកព្យាការីរបស់ទ្រង់ទាំងក្នុងជំនាន់បុរាណ និងសម័យទំនើប ព្រះអម្ចាស់បានព្យាយាមជួយយើងឲ្យយល់ និងមានអំណរគុណចំពោះអំណោយនៃការរស់នៅលើផែនដីដ៏ស្រស់ស្អាតនេះ ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ស្ដេចដាវីឌបានពិចារណាអំពីការបង្កបង្កើតដ៏មហស្ចារ្យរបស់ព្រះ ហើយបានឆ្ងល់ពីមូលហេតុដោយពោលចេញមកថា—ក្នុងចំណោមការឆ្ងល់ទាំងឡាយបែបនោះ—ព្រះនឹកគិតពីមនុស្ស ( សូមមើល ទំនុកដំកើង ៨:៤ ) ។ ដាវីឌបានសន្និដ្ឋានថា មនុស្សជាតិគឺពិសេស « ទាបជាងពួកទេវតាតែបន្តិចទេ » ( ទំនុកដំកើង ៨:៥ ) ។
ម៉ូសេក៏បានឃើញនៅក្នុងទស្សនិមិត្តនូវពិភពលោកដ៏ច្រើនឥតគណនា១ ហើយបានប្រកាសថា « ឥឡូវនេះ ព្រោះហេតុនេះហើយ ទើបខ្ញុំដឹងថាមនុស្សគឺ គ្មានជាអ្វីសោះ ជាការណ៍ដែលខ្ញុំពុំដែលគិតពីមុនមកឡើយ » ( ម៉ូសេ ១:១០ ) ។
នៅក្នុងការបន្ទាបខ្លួនរបស់ម៉ូសេនៅចំពោះភាពអស្ចារ្យនៃការបង្កបង្កើតរបស់ព្រះ នោះលោកខកខានមិនបានយល់ច្បាស់អំពីសេចក្ដីពិតដ៏អស្ចារ្យមួយ ។ ដូច្នោះហើយ ព្រះអម្ចាស់បានបង្ហាញដល់លោកម្ដងទៀតនូវការបង្កបង្កើតដ៏គ្មានដែនកំណត់របស់ទ្រង់ និងបានប្រកាសយ៉ាងចំៗមោះមុតថា ទ្រង់—ជាព្រះ—បានបង្កើតការណ៍ទាំងនេះដើម្បី « នាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ផែនដីនេះ—តាមពិតទៅគឺការបង្កបង្កើតទាំងអស់—ត្រូវបានរចនាឡើងដើម្បីជួយដល់យើងឲ្យទទួលបានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច ។
ដោយមានព្រះបន្ទូលអំពីគោលបំណងនៃផែនដីនេះម្ដងទៀត ព្រះអម្ចាស់បានមានព្រះបន្ទូលថា « យើងនឹងធ្វើផែនដី ដើម្បីឲ្យពួកគេទាំងនេះ [ មានន័យថា យើង ] អាចរស់នៅលើ មើលបើសិនជាពួកគេនឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេ នឹងបញ្ជាដល់ពួកគេ » ( អ័ប្រាហាំ ៣:២៤–២៥; សូមមើលខ ២៦ ផងដែរ ) ។ ជីវិតនៅលើផែនដីនេះ រួមជាមួយនឹងអំណោយនៃសិទ្ធិជ្រើសរើសខាងសីលធម៌ ផ្ដល់ដល់យើងនូវឱកាសដើម្បីជ្រើសរើសស្វែងរក ហើយថ្ងៃណាមួយទទួលបាននូវអ្វីៗទាំងអស់ដែលព្រះប្រទានឲ្យ ។២
ពេលដែលការបង្កបង្កើតផែនដីត្រូវបានបញ្ចប់ ព្រះបានមានព្រះទ័យត្រេកអរ ដោយសារទ្រង់បានទតឃើញថា វានឹងបម្រើដល់ព្រះរាជបំណងរបស់ទ្រង់សម្រាប់យើង ជាបុត្រាបុត្រីទ្រង់ ។៣ បុត្រា និងបុត្រីរបស់ព្រះ ព្រមទាំងក្រុមគ្រួសារដែលពួកគេបង្កើតឡើង មិនមែនគ្រាន់តែជាមនុស្សដែលចូលរួមទាំងមិនចង់នៅលើផែនដីនេះទេ ផ្ទុយទៅវិញ ពួកគេគឺជាស្នូលនៃគោលបំណងរបស់ផែនដីនេះ ។៤
យើងត្រូវធ្វើជានាយតម្រួតការល្អរបស់ព្រះ
ជីវិតនៅលើផែនដីនេះជាពរជ័យផង និងជាទំនួលខុសត្រូវមួយផង ។ ព្រះអម្ចាស់ប្រកាសថា « ដ្បិតមើលចុះ សត្វជើងបួនលើវាល និងសត្វហើរលើអាកាស ហើយអ្វីដែលកើតមកពីផែនដីផង ត្រូវបានតែងតាំងសម្រាប់ឲ្យមនុស្សយកមកប្រើប្រាស់ សម្រាប់ជាអាហារ និងសម្រាប់ជាសំលៀកបំពាក់ ហើយដើម្បីឲ្យគេអាចមានជាបរិបូរ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩:១៩ ) ។ ទោះជាយ៉ាងណា ដោយសារផែនដីនេះ និងអ្វីទាំងអស់ដែលនៅលើវាគឺ « ជាផលនៃព្រះហស្ត [ របស់ទ្រង់ ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២៥ ) វាជាកម្មសិទ្ធិរបស់ទ្រង់ទាំងអស់ ។៥ ក្នុងនាមជាអ្នករស់នៅបណ្ដោះអាសន្ននៅលើផែនដីនេះ យើងជានាយតម្រួតការ—មិនមែនជាម្ចាស់ទេ ។ ហេតុដូច្នោះហើយ យើងមានការទទួលខុសត្រូវចំពោះព្រះ—ដែលជាម្ចាស់—ចំពោះអ្វីដែលយើងធ្វើជាមួយនឹងការបង្កបង្កើតរបស់ទ្រង់ ៖ « ត្បិតជាការចាំបាច់ថា យើងជាព្រះអម្ចាស់ត្រូវរាប់មនុស្សគ្រប់រូប ឲ្យ ទទួលការខុសត្រូវ ជា នាយតម្រួតការលើព្រះពរទាំងឡាយខាងផែនដី ដែលយើងបានបង្កើត ហើយបានរៀបចំឡើង សម្រាប់សត្វលោកទាំងឡាយរបស់យើង » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១៣ ) ។
របៀបដែលយើងថែទាំផែនដីនេះ របៀបដែលយើងប្រើប្រាស់ និងចែករំលែកអត្ថប្រយោជន៍របស់វា និងរបៀបដែលយើងប្រព្រឹត្តិចំពោះអ្វីទាំងអស់ដែលបានប្រទានដល់យើង គឺជាផ្នែកនៃការសាកល្បងរបស់យើងនៅក្នុងជីវិតរមែងស្លាប់ ។ យើងត្រូវប្រើប្រាស់ដោយអំណរគុណនូវអ្វីដែលព្រះអម្ចាស់បានប្រទាន ចៀសវាងពីការខ្ជះខ្ជាយជីវិត និងធនធាននានា ហើយប្រើប្រាស់អត្ថប្រយោជន៍នៃផែនដីនោះដើម្បីថែទាំអ្នកក្រីក្រ ។៦ ព្រះអម្ចាស់មានព្រះទ័យខ្វល់ខ្វាយយ៉ាងខ្លាំងចំពោះជីវិតទាំងអស់ ហើយជាពិសេសចំពោះបុត្រាបុត្រីរបស់ទ្រង់ ហើយនឹងឲ្យយើងទទួលខុសត្រូវចំពោះអ្វីដែលយើងជ្រើសរើសធ្វើ ( ឬមិនធ្វើ ) ជាមួយនឹងអត្ថប្រយោជន៍ទាំងឡាយនៃការបង្កបង្កើតរបស់ទ្រង់ ។
ព្រះអម្ចាស់សន្យាដល់យើងថា ប្រសិនបើយើងធ្វើតាមទ្រង់ ហើយប្រើប្រាស់ធនធាននៃផែនដីនេះដោយមានការវិនិច្ឆ័យល្អិតល្អន់ ជាមួយនឹងអំណរគុណ និងការគោរព « នោះផលបរិបូរនៃផែនដីជារបស់ផង [ យើង ] ហើយ គឺសត្វជើងបួនលើវាល និងសត្វហើរលើអាកាស ។ … ហើយការណ៍នេះសព្វព្រះហឫទ័យដល់ព្រះ ដែលទ្រង់បានប្រទានគ្រប់ទាំងអស់ដល់មនុស្ស ព្រោះដោយហេតុនេះហើយ បានជារបស់ទាំងនេះត្រូវបានបង្កើតមក ដើម្បីឲ្យយកមកប្រើប្រាស់ដោយការវិនិច្ឆ័យ គឺមិនឲ្យហួសហេតុ ឬដោយការគំរាមកំហែងឡើយ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:១៦, ២០ ) ។
យើងត្រូវប្រើធនធានទាំងនេះដោយការវិនិច្ឆ័យ និងដោយការដឹងគុណ ក្នុងគោលបំណងដើម្បីជួយមនុស្សដទៃទៀត—ជំនាន់បច្ចុប្បន្នអតីត និងអនាគត—ទទួលបាននូវពរជ័យទាំងឡាយ ដែលព្រះវរបិតាសួគ៌របស់ទ្រង់មានព្រះទ័យចង់បានសម្រាប់បុត្រាបុត្រីទ្រង់ ។
ការមើលឃើញហួសពីខ្លួនយើង
គួរឲ្យសោកស្ដាយ សព្វថ្ងៃនេះ យើងរស់នៅក្នុងពិភពលោកមួយដែលបុគ្គលទាំងឡាយអាចនឹងជ្រើសរើសបដិសេធព្រះ ហើយប្រព្រឹត្តិចំពោះការបង្កបង្កើតរបស់ទ្រង់ដោយការមើលងាយ ។ ពេលការណ៍នេះកើតឡើង ព្រះ និងការបង្កបង្កើតរបស់ទ្រង់ត្រូវឈឺចាប់ ។
ហេណុកកត់ត្រាថា ព្រះទួញសោកដោយសារការជ្រើសរើសមិនល្អ និងភាពអាត្មានិយមដ៏ចង្អៀតចង្អល់នៃបុត្រាបុត្រីទ្រង់ ។៧ មរ៉ូណៃបានព្យាករថា នៅក្នុងថ្ងៃចុងក្រោយនឹងមាន « ភ្លើងឆេះ និងព្យុះសង្ឃរា និង ចំហាយផ្សែង … [ និង ] ការស្អុយកខ្វក់ជាខ្លាំងនៅលើផ្ទៃផែនដី » ហើយថាស្ថានភាពបែបទាំងនោះនឹងមកជាមួយនឹង « អំពើគួរខ្ពើមឆ្អើមគ្រប់បែបយ៉ាង នៅពេលនោះនឹងមានមនុស្សជាច្រើននិយាយថា ធ្វើយ៉ាងនេះ ឬធ្វើយ៉ាងនោះ ហើយគឺគ្មានជាការអ្វីទេ » ( មរមន ៨:២៩, ៣១ ) ។ នៅពេលមនុស្សបំពុលដល់ពិភពលោកនេះខាងវិញ្ញាណ ឬខាងសាច់ឈាម នោះមិនត្រឹមតែព្រះទេដែលរងទុក្ខ ប៉ុន្តែធម្មជាតិក៏រងទុក្ខដែរ !៨
ជាពិសេស ពរជ័យ និងអំណាចដែលមានតាមរយៈសាសនាចក្រដែលបានស្ដារឡើយវិញរបស់ព្រះអម្ចាស់ ព្រមទាំងដំណឹងល្អ មានសមត្ថភាពដើម្បីពង្រីក និងផ្លាស់ប្ដូរព្រលឹងមនុស្សហួសពីខ្លួនឯង ដើម្បីបំផុសនូវសេចក្ដីស្រឡាញ់របស់ព្រះ និងការបង្កបង្កើតរបស់ទ្រង់ និងដើម្បីជួយយើងឲ្យគិតអំពីសុខមាលភាពរបស់មនុស្សដទៃទៀត ហើយពិចារណាអំពីសេចក្ដីត្រូវការរបស់មនុស្សជំនាន់ក្រោយ ។
ធម្មជាតិនាំយើងឲ្យខិតកាន់តែជិតព្រះ
ផែនដី និងជីវិតទាំងអស់គឺលើសពីវត្ថុទាំងឡាយដែលត្រូវបានគេប្រើប្រាស់ និង/ឬ អភិរក្ស ហេតុដូច្នោះហើយ ចំណែក ឬភាគខ្លះក៏ត្រូវតែត្រូវបានថែរក្សាទុកផងដែរ ! ធម្មជាតិដែលមិនទាន់ខូចខាត « គ្រប់ទាំងអស់ដែលបានមកពីផែនដី … ត្រូវបានបង្កើតឡើងសម្រាប់ផលប្រយោជន៍ … របស់មនុស្ស … ដើម្បីផ្គាប់ភ្នែក និងដើម្បីធ្វើឲ្យចិត្តអរសប្បាយផង … និងដើម្បីធ្វើឲ្យព្រលឹងមានជីវិតជីវ៉ាឡើង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:១៨–១៩ ) ។
ធម្មជាតិនៅក្នុងស្ថានភាពមិនខូចខាតរបស់វា នាំយើងឲ្យខិតកាន់តែជិតព្រះ ធ្វើឲ្យគំនិត និងដួងចិត្តបានជ្រះស្រឡះពីសូរសំឡេង និងការរំខាននៃសម្ភារៈនិយម លើកស្ទួយយើងឡើងកាន់តែខ្ពស់ ឥទ្ធិពលកាន់តែលើកតម្កើង និងជួយយើងឲ្យស្គាល់ព្រះរបស់យើងកាន់តែច្រើនឡើយ ៖ « ផែនដីបង្វិលលើស្លាបរបស់ខ្លួន ហើយ ព្រះអាទិត្យឲ្យពន្លឺរបស់ខ្លួននៅពេលថ្ងៃ ហើយព្រះចន្ទឲ្យពន្លឺរបស់ខ្លួននៅពេលយប់ ហើយតារាទាំងឡាយក៏ឲ្យពន្លឺរបស់ខ្លួនដែរ ។ … [ នរណាម្នាក់ ] ដែលបានមើលឃើញរបស់ណាមួយ ឬរបស់តូចតាចបំផុតណាមួយក៏ដោយ នោះបានឃើញព្រះអង្គទ្រង់ចលនាដោយនូវឫទ្ធានុភាព និងព្រះចេស្ដារបស់ទ្រង់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤៥, ៤៧ ) ។
ខ្ញុំនៅតែចូលចិត្តឡើងភ្នំ ខ្ពស់ៗដែលមានផ្ទាំងថ្មធំៗ និងកំពូលស្រួចៗ ។ ថ្វីបើវាស្ងៀមស្ងាត់ តែវាថ្លែងអំពីអំណាច និងភាពរុងរឿងនៃព្រះ—និងអំពីទេពកោសល្យដ៏គ្មានគូប្រៀបក្នុងការបង្កើតភាពស្រស់ស្អាតរបស់ទ្រង់ ។ ដូចអាលម៉ាបានថ្លែងទីបន្ទាល់ថា « គ្រប់ការណ៍ ទាំងអស់បង្ហាញថា មានព្រះមួយអង្គមែន មែនហើយ សូម្បីតែផែនដី និងរបស់សព្វសារពើដែលនៅលើផ្ទៃ ផែនដី … ធ្វើជាសាក្សីថា មានព្រះបង្កបង្កើតដ៏មហិមាមួយអង្គ » ( អាលម៉ា ៣០:៤៤ ) ។
ខ្ញុំចូលចិត្តមើលផ្កាយនៅពេលយប់ ដោយព្យាយាមយល់អំពីភាពអស់កល្បនៃពេលវេលា និងលំហអាវកាសដែលនៅក្នុងក្រសែភ្នែករបស់ខ្ញុំ ។ ខ្ញុំតែងតែស្ញប់ស្ញែង ដល់ការចេះដឹងដែលបានមកនៅក្នុងគ្រាស្ងប់ស្ងាត់ទាំងនោះ ព្រះអម្ចាស់នៃសកលលោកនេះស្គាល់មនុស្សដ៏តូចដូចខ្ញុំ ទោះនៅក្នុងភាពល្វឹងល្វើយនៃសកលលោកនេះក្ដី ។ ហើយទ្រ់ងស្គាល់យើងម្នាក់ៗ ។ ការបង្កបង្កើតធ្វើជាសាក្សីអំពីព្រះបង្កបង្កើត ហើយប្រសិនបើយើងរក្សាទីកន្លែងដ៏ពិសេស មិនខូចខាតទាំងនេះ នោះវានឹងធ្វើជាសាក្សីយ៉ាងក្បោះក្បាយ និងជ្រាលជ្រៅអំពីព្រះរបស់យើង ហើយបំផុសគំនិតយើងរហូតទៅ ។
យើងថែទាំពិភពលោកនេះ និងអ្វីទាំងអស់ដែលនៅក្នុងនោះឲ្យកាន់តែល្អប្រសើរប៉ុណ្ណា នោះវានឹងទ្រទ្រង់ បំផុស ពង្រឹង ធ្វើឲ្យរស់រវើក និងធ្វើឲ្យដួងចិត្ត និងវិញ្ញាណយើងរីករាយប៉ុណ្ណោះដែរ—ហើយរៀបចំយើងឲ្យរស់នៅជាមួយព្រះវរបិតាសួគ៌របស់យើង ជាមួយនឹងគ្រួសារយើង នៅក្នុងពិភពសេឡេស្ទាល ដែលនឹងជាផែនដីដែលយើងឈរនៅលើសព្វថ្ងៃនេះឯង ប៉ុន្តែនៅក្នុងស្ថានភាពដ៏រុងរឿងមួយ ។៩
ចូរយើងថែទាំផែនដីនេះដោយអំណរគុណ—ជាផ្ទះក្នុងពេលបច្ចុប្បន្ន និងពេលអនាគតដ៏មានសក្ដានុពលរបស់យើង ។