សារលិខិតថ្នាក់ដឹកនាំតំបន់អាស៊ី
ព្រះអម្ចាស់កំពុងដឹកនាំសាសនាចក្ររបស់ទ្រង់
ពីព្រោះព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់ នោះយើងនឹងនៅតែបន្តទទួលការដឹកនាំដ៏សំខាន់ពីពួកព្យាការីដែលមានសិទ្ធិអំណាចនៃជំនាន់របស់យើង ។ នៅពេលយើងធ្វើតាមការណែនាំរបស់ពួកលោក យើងអាចទន្ទឹងរង់ចាំឱកាសពរជ័យ និងអព្ភូតហេតុដែលនឹងធ្វើឲ្យជីវិតយើងមានខ្លឹមសារជ្រាលជ្រៅដូចសាសន៍អ៊ីស្រាអែលនៅក្នុងជំនាន់លោកយ៉ូស្វែដែរ ។
នៅពេលលោកម៉ូសេទទួលមរណៈភាព នោះលោកយ៉ូស្វេបានដឹកនាំសាសន៍អ៊ីស្រាអែល ។1 ទន្លេយ័រដាន់ដែលបានហូរកាត់រវាងពួកលោកនឹងដែនដីសន្យា គឺជាឧបសគ្គដែលរារាំងដល់ការរីកចម្រើននាពេលអនាគតរបស់ពួកលោក ។ មិនយូរប៉ុន្មានក្រោយមក ព្រះអម្ចាស់បានបំផុសគំនិតយ៉ូស្វេឲ្យផ្តល់ការណែនាំដល់រាស្រ្តរបស់ទ្រង់ ។ ពួកសង្ឃដប់ពីរនាក់បានសែងហឹបនៃសេចក្ដីសញ្ញាចុះទៅក្នុងទឹក ហើយពួកកូនចៅអ៊ីស្រាអែលបានដើរតាមរហូតដល់ត្រើយម្ខាងទៀត ។
ប្រជាជនធ្វើតាមការណែនាំដែលបានផ្ដល់ឲ្យពួកគេ ដោយការអនុវត្តសេចក្តីជំនឿយ៉ាងអស្ចារ្យ ។ ពួកសង្ឃបានសែងហឹបនៅលើស្មារបស់ពួកគេ ហើយប្រជាជនបានផ្លាស់ត្រសាលរបស់ពួកគេ ។ នៅពេលពួកសង្ឃបានចុះទៅក្នុងទឹកនោះទឹកទន្លេ « ក៏នៅឈប់នឹងឡើងជាគំនរ » ហើយ « ឯពួកសង្ឃដែលសែងហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា គេក៏ឈរនឹងនៅដីស្ងួតនាបាតទន្លេយ័រដាន ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នាក៏ឆ្លងទៅនៅដីស្ងួតដែរ ទាល់តែពួកគេទាំងអស់គ្នាបានឆ្លងផុតពីទន្លេរទៅ »2 ។
ឧបសគ្គពិបាកៗ និងកិច្ចខិតខំជាច្រើនបានកើតមានឡើងជាបន្តបន្ទាប់ ប៉ុន្តែតាមរយៈព្យាការី នោះព្រះអម្ចាស់បានដឹកនាំរាស្រ្តរបស់ទ្រង់ទៅរកឱកាស និងពរជ័យដ៏អស្ចារ្យ ។ វាដូចយើងទាំងអស់គ្នាក្នុងពេលបច្ចុប្បន្ននេះផងដែរ ។ គណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានទទួលការដឹកនាំពីព្រះអម្ចាស់ កាលទ្រង់ដឹកនាំសាសនាចក្ររបស់ទ្រង់ ។ ប្រសិនបើយើងធ្វើតាមការណែនាំរបស់ពួកលោក ហើយតស៊ូនឹងឧបសគ្គដែលកើតមាន នោះយើងនឹងទទួលបាននូវឱកាស ពរជ័យ និងអព្ភូតហេតុ ដែលព្រះអម្ចាស់បានរៀបចំសម្រាប់យើងម្នាក់ៗ ។
ព្រះអម្ចាស់កំពុងដឹកនាំសាសនាចក្ររបស់ទ្រង់
ក្នុងរយៈពេលបីបួនឆ្នាំកន្លងមកនេះ ព្យាការីបានទទួលការដឹកនាំពេញលេញសម្រាប់សាសនាចក្ររបស់ព្រះអម្ចាស់ ។ ពិធីសាក្រាម៉ង់បានគូសបញ្ជាក់ថា ជាការផ្តោតសំខាន់នៃការថ្វាយបង្គំនៅថ្ងៃឈប់សម្រាករបស់យើង ។ សៀវភៅចូរមកតាមខ្ញុំ ត្រូវបានផ្តល់ឲ្យជាឧបករណ៍មួយ ដែលផ្តោតទៅលើ គេហដ្ឋានដោយមានការគាំទ្រពីសាសនាចក្រ ដើម្បីពង្រឹងបុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ កិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពលើកតម្កើងត្រូវបានរៀបចំឡើងវិញ ។ យើងបានចាប់ផ្តើមរបៀបថ្មី និង បរិសុទ្ធជាងមុននៃការងារបម្រើដល់អ្នកដទៃ ។ ការប្រើបច្ចេកវិទ្យាដើម្បីការធ្វើកិច្ចការរបស់ព្រះអម្ចាស់បានរីកសាយនៅទូទាំងសាសនាចក្រ ។3
ថ្មីៗនេះគណៈប្រធានទីមួយបានសុំថ្នាក់ដឹកនាំឲ្យជួយសមាជិកស្វែងរកអំណរនៅក្នុងកិច្ចការនៃសេចក្តីសង្គ្រោះ និងភាពលើកតម្កើង តាមរយៈការពង្រឹងដល់សេចក្ដីជំនឿនៃជំនាន់កំពុងពេញវ័យ ការប្រមូលផ្តុំអ៊ីស្រាអែល នៅទាំងសង្ខាងនៃវាំងនន និងការផ្តោតយកចិត្តទុកដាក់លើសេចក្តីប្រកាសដ៏ប្រកបដោយការព្យាករណ៍នាពេលបច្ចុប្បន្ន ។ បន្ថែមពីលើគោលការណ៍ជាមូលដ្ឋាន និងកាតព្វកិច្ចដែលយើងចែកចាយក្នុងនាមជាសមាជិកនៃសាសនាចក្រ គោលការណ៍ទាំងបីខាងក្រោមនេះអាចចាត់ទុកថាជាសក្តានុពលសម្រាប់សាសនាចក្ររបស់ព្រះអម្ចាស់នាពេលបច្ចុប្បន្ននេះ ។
ជំនាន់កំពុងពេញវ័យ
មានគ្រាមួយប្រធានណិលសុនបានមានប្រសាសន៍ទៅកាន់យុវវ័យរបស់យើងថា « …គឺជាមនុស្សល្អបំផុតដែលព្រះអម្ចាស់បានបញ្ជូនមកកាន់លោកិយ… [ ពួកគេ ] មានសមត្ថភាពដើម្បីកាន់តែឆ្លាត និងឈ្លាសវៃ ហើយមានឥទ្ធិពលទៅលើពិភពលោកជាងជំនាន់មុនៗ ។ »4
តាមរយៈអ្នកបម្រើរបស់ទ្រង់ ព្រះអម្ចាស់បានសុំឳពុកម្តាយ និងថ្នាក់ដឹកនាំធ្វើការជាមួយគ្នាដើម្បី « ជួយកុមារ និងយុវវ័យធ្វើឲ្យការផ្លាស់ប្រែចិត្តជឿរបស់ពួកគេកាន់តែមានភាពស៊ីជម្រៅប្រែក្លាយជាសិស្សនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលមានភាពស័ក្តិសម ហើយប្រែក្លាយជាបុរស និង ស្រ្តីសុចរិត » ។5 ដើម្បីជួយឲ្យការណ៍នេះកើតឡើងបាន នោះយើងសូមលើកទឹកចិត្តបងប្អូន ឲ្យផ្តោតយកចិត្តទុកដាក់លើចំនុចបួនយ៉ាង ៖ ១) ជួយយុវវ័យរីកចម្រើននៅក្នុងការផ្ដួចផ្ដើមកម្មវិធីកុមារ និងយុវវ័យថ្មី, ២) ហៅណែនាំតំរង់ទិស ហើយជួយថ្នាក់ និងគណៈប្រធានកូរ៉ុមដំណើរការតាមដែលពួកគេត្រូវការ ៣) រៀបចំកុមារសម្រាប់ពិធីបុណ្យជ្រមុជទឹក និងយុវជនសម្រាប់ពិធីតែងតាំងបព្វជិតភាព និង ៤) ធ្វើអ្វីគ្រប់យ៉ាងដែលបងប្អូនអាចធ្វើបានដើម្បីជួយយុវវ័យគ្រប់រូបជ្រើសរើសបម្រើបេសកកម្ម ។
ការបម្រើបេសកកម្មគឺជាការណ៍ដែលមានអំណាចជាងគេដែលយុវវ័យ អាចធ្វើដើម្បីការពារសេចក្តីស្មោះត្រង់ និងអនាគតដ៏ជោគជ័យ ។ នៅក្នុងបេសកកម្ម ពួកគេមានការផ្លាស់ប្រែចិត្តជឿកាន់តែខ្លាំង ពង្រឹងសេចក្តីជំនឿរបស់ពួកគេ និងអភិវឌ្ឍទម្លាប់ និងជំនាញដែលនឹងធ្វើឲ្យពួកគេក្លាយជាសិស្សកាន់តែពូកែ ជាបុគ្គលិកដែលកាន់តែមានប្រសិទ្ធភាព និងជាឳពុកម្តាយដ៏ចំណានសម្រាប់កូនៗរបស់ពួកគេ ។ វាមិនគួរឲ្យងឿងឆ្ងល់ទេ ដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា « ហើយឥឡូវនេះ មើលចុះ យើងមានបន្ទូលមកកាន់អ្នកថា ការណ៍ដែលនឹងមានតម្លៃបំផុតចំពោះអ្នក គឺដើម្បីផ្សាយប្រាប់ពីការប្រែចិត្តដល់ប្រជាជននេះ ដើម្បីឲ្យអ្នកអាចនាំព្រលឹងទាំងឡាយមករកយើង »6។
ការប្រមូលផ្ដុំអ៊ីស្រាអែល
ប្រធាន ណិលសុន បានបង្រៀននៅក្នុងសន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០២០ ថា ៖ « នៅពេលយើងនិយាយពីការប្រមូលផ្តុំអ៊ីស្រាអែលនៅទាំងសងខាងនៃវាំងនន ប្រាកដណាស់ យើងសំដៅលើកិច្ចការអ្នកផ្សព្វផ្សាយសាសនា ព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ យើងក៏សំដៅលើការស្ថាបនាសេចក្តីជំនឿ និងទីបន្ទាល់នៅក្នុងដួងចិត្តនៃជនទាំងឡាយណាដែលយើងរស់នៅជាមួយ ធ្វើការជាមួយ និងបម្រើ ។ រាល់ពេលដែលយើងធ្វើអ្វីមួយដើម្បីជួយនរណាម្នាក់—នៅទាំងសងខាងនៃវាំងនន—ធ្វើ និងរក្សាសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងព្រះ នោះយើងកំពុងជួយប្រមូលអ៊ីស្រាអែលហើយ ។ »7
ទំនួលខុសត្រូវដ៏សំខាន់សម្រាប់ការប្រមូលផ្តុំសាសន៍អ៊ីស្រាអែល ត្រូវបានផ្តល់ឲ្យសមាជិកនៃកូរ៉ុមអែលឌើរ និងសមាគមសង្រ្គោះ ។ ពួកគេធ្វើកិច្ចការទាំងនោះក្រោមការដឹកនាំរបស់គណៈប្រធានពួកគេ និងក្រោមការគ្រប់គ្រងរបស់ប៊ីស្សព ដែលជាសង្ឃជាន់ខ្ពស់ជាអធិបតី និងគណៈប្រធានសេ្តក ។ គឺជាសមាជិកនៃកូរ៉ុម និងសមាគមទាំងនេះ ដែលត្រូវបានស្នើសុំឲ្យធ្វើកិច្ចការនេះពុំមែនគ្រាន់តែថ្នាក់ដឹកនាំរបស់ពួកគេនោះទេ ។
អស់អ្នកដែលចូលរួមធ្វើកិច្ចការនេះនឹងរកឃើញអំណរ នៅពេលពួកគេចូលរួមចំណែកទៅក្នុង « របៀបកាន់តែថ្មី និង កាន់តែបរិសុទ្ធដើម្បីមើលថែ និងផ្ដល់ការងារបម្រើដល់អ្នកដទៃ »8 ការចែកចាយដំណឹងល្អជាមួយអ្នកដទៃ និងការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិសម្រាប់ខ្លួនពួកគេ និងជីដូនជីតាដែលបានស្លាប់ទៅ ។ ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីជួយដល់យុវវ័យ ដែលមិនទាន់បានបម្រើបេសកកម្ម អធិស្ឋានពេញលេញដើម្បីធ្វើការសម្រេចចិត្តក្នុងការម្រើ ។
ការធ្វើផ្នែករបស់យើង
ពីព្រោះព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់ នោះយើងនឹងនៅតែបន្តទទួលការដឹកនាំដ៏សំខាន់ពីពួកព្យាការីដែលមានសិទ្ធិអំណាចនៃជំនាន់របស់យើង ។ កាលដែលយើងធ្វើតាមការណែនាំរបស់ពួកលោក យើងអាចទន្ទឹងរង់ចាំឱកាសពរជ័យនិងអព្ភូតហេតុដែលនឹងធ្វើឲ្យជីវិតយើងមានខ្លឹមសារជ្រាលជ្រៅដូចសាសន៍អ៊ីស្រាអែលនៅក្នុងជំនាន់លោកយ៉ូស្វែដែរ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា យើងគួរតែ « ប្រព្រឹត្តការណ៍ទាំងនេះដែលនៅក្នុងអំណាចយើងដោយមានចិត្តរីករាយចុះ ហើយលំដាប់នោះ យើងអាចឈរនៅស្ងៀមដោយជឿជាក់ថានឹងបានឃើញសេចក្ដីសង្គ្រោះពីព្រះ និងបានព្រះពាហុទ្រង់បើកសម្ដែងមកឲ្យឃើញ ។ »9
ខ្ញុំសូមថ្លែងជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់គឺជាបុត្រារបស់ព្រះ ។ ទ្រង់បានមានព្រះជន្មរស់នៅ ។ ទ្រង់បានសុគតដើម្បីយើង ។ ហើយទ្រង់បានរស់ឡើងវិញជាថ្មី ។ ទ្រង់ជាអង្គដឹកនាំសាសនាចក្រនេះ ដែលទ្រង់បានស្តារឡើងវិញតាមរយៈព្យាការីយ៉ូសែប ស្ម៊ីធ ។ ទ្រង់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈព្យាការីនាសព្វថ្ងៃនេះ ។ ពួកលោកកំពុងបង្រៀនយើងអំពីព្រះទ័យ និងឆន្ទៈរបស់ទ្រង់ ។ នៅពេលយើងធ្វើផ្នែករបស់យើង នោះទ្រង់នឹងធ្វើផ្នែករបស់ទ្រង់ ។ ប្រាកដណាស់ យើងនឹងមើលឃើញសេចក្ដីសង្គ្រោះនៃព្រះ ហើយព្រះពាហុទ្រង់បានបើកសម្ដែងក្នុងជីវិតរបស់យើង និងក្នុងជីវិតអស់អ្នកដែលយើងស្រឡាញ់ ។