គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧–៤០
យកឈ្នះ សេចក្ដីខ្វល់ខ្វាយនៃលោកិយ
សេចក្ដីខ្វល់ខ្វាយនៃលោកិយមិនត្រូវបង្វែរខ្ញុំពីការគោរពតាមបន្ទូលរបស់ព្រះឡើយ ។
សូម្បីតែពេលដែលយើងត្រូវបានសន្យានូវពរជ័យអស្ចារ្យទាំងឡាយ តែប្រសិនបើយើងព្រួយបារម្ភពីសេចក្ដីខ្វល់ខ្វាយរបស់ពិភពលោកជំនួសឲ្យព្រះហឫទ័យរបស់ព្រះអម្ចាស់ នោះយើងនឹងបាត់បង់ពរជ័យទាំងនោះ ។ ការនេះត្រូវបានបង្ហាញយ៉ាងច្បាស់ដោយបទពិសោធន៍របស់បុរសម្នាក់នៅក្នុងជំនាន់ដំបូងនៃការស្ដារឡើងវិញ ។
យ៉េម្ស ខូវិល ជាអាចារ្យម្នាក់នៅក្នុងសាសនាផ្សេងទៀតអស់រយៈពេល ៤០ ឆ្នាំ ប៉ុន្តែបន្ទាប់ពីបានឮពីដំណឹងល្អដែលបានស្ដារឡើងវិញ លោក « បានធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ថា លោកនឹងគោរពតាមបញ្ញត្តិណាមួយក៏ដោយ ដែលព្រះអម្ចាស់ ទ្រង់នឹងប្រទានដល់លោក តាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩ ក្បាលកណ្ឌ ) ។ តាមរយៈយ៉ូសែប ព្រះអម្ចាស់បានប្រាប់ខូវិលថា « ស្ដាប់តាមសំឡេងរបស់យើង ដែលមានបន្ទូលមករកអ្នកថា ៖ ចូរក្រោកឡើង ហើយទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយអំពាវនាវដល់ព្រះនាមរបស់យើង ហើយអ្នកនឹងបានទទួលព្រះវិញ្ញាណរបស់យើង និងព្រះពរដ៏មហិមា ដូចជាអ្នកពុំដែលបានស្គាល់មកសោះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១០ ) ។
ទោះជាយ៉ាងណា មិនយូរប៉ុន្មាន ខូវិល « បានបដិសេធព្រះបន្ទូលនៃព្រះអម្ចាស់ ហើយបានវិលទៅរកគោលការណ៍ទាំងឡាយ និងប្រជាជនដើមរបស់គាត់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៤០ ក្បាលកណ្ឌ ) ។ និយាយពីខូវិល ព្រះអម្ចាស់បានមានព្រះបន្ទូលថា « គាត់ បានទទួលព្រះបន្ទូលដោយចិត្តរីករាយ ប៉ុន្តែអារក្សសាតាំងបានល្បួងគាត់ភ្លាម ហើយការខ្លាចពីសេចក្ដីបៀតបៀន និងសេចក្ដីខ្វល់ខ្វាយនៃលោកិយ បានបណ្ដាលឲ្យគាត់បដិសេធព្រះបន្ទូលទៅវិញ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៤០:២ ) ។ ដោយសារតែការព្រួយបារម្ភពីសេចក្ដីខ្វល់ខ្វាយខាងលោកិយ ខូវិលបានបាត់បង់ពរជ័យដែលព្រះអម្ចាស់បានសន្យាថាប្រទានដល់គាត់ ។
តើខ្ញុំគួរនៅ ឬទៅ ?
ក្នុងជីវិតខ្ញុំផ្ទាល់ ខ្ញុំបានរៀនថា យើងមិនត្រូវបណ្ដោយឲ្យសេចក្ដីខ្វល់ខ្វាយនៃលោកិយបង្វែរយើងចេញពីការគោរពប្រតិបត្តិព្រះអម្ចាស់នោះទេ ។ ខ្ញុំបានធំឡើងនៅក្នុងគ្រួសារដ៏ល្អ និងប្រកបដោយក្ដីស្រឡាញ់ ដែលឪពុកម្ដាយខ្ញុំបានបង្រៀនយើងយ៉ាងល្អនៅក្នុងដំណឹងល្អ ហើយសេចក្ដីស្រឡាញ់របស់ពួកគាត់ចំពោះពួកយើងឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។
នៅពេលអាយុ ១៦ ឆ្នាំ ខ្ញុំត្រូវបានអញ្ជើញឲ្យធ្វើការនៅកសិដ្ឋានចិញ្ចឹមសត្វមួយនៅសហរដ្ឋ ដែលអាចធ្វើឲ្យខ្ញុំមានលទ្ធភាពសង់ផ្ទះផ្ទាល់ខ្លួនរបស់ខ្ញុំនៅទីនោះនៅថ្ងៃមួយ ។ សំណើនោះទាក់ទាញដល់ខ្ញុំណាស់ ដោយសារស្រុកកំណើតរបស់ខ្ញុំ គឺនៅនីឌើរលែន គ្រាន់តែជាប្រទេសតូចមួយ ដែលមានប្រជាជនជាច្រើនរស់នៅ ។
តាមពិតទៅ ដូនតាខាងឪពុកខ្ញុំទាំងអស់មានបំណងប្រាថ្នាស្រដៀងគ្នាក្នុងការរស់នៅក្នុងកន្លែងមួយផ្សេងទៀត ។ ពួកគេបានប្ដូរទៅនៅប្រទេសឥណ្ឌូណេស៊ី ដែលធ្លាប់នៅក្រោមអាណានិគមហូឡង់ ។ ខ្ញុំពិតជាអាចយល់ច្បាស់ពីមូលហេតុ ។ នៅប្រទេសឥណ្ឌូណេស៊ី អាកាសធាតុល្អ ទេសភាពស្រស់ស្អាត ហើយមានកន្លែងទំនេរជាច្រើន ។ ហ្សែនរបស់ខ្ញុំគឺមានចំណង់នៅក្នុងការធ្វើដំណើរយ៉ាងខ្លាំងដូចគ្នានោះដែលបានបំផុសដល់ដូនតារបស់ខ្ញុំ ។ តើខ្ញុំគួរតែចាកចេញពីទឹកដីកំណើតរបស់ខ្ញុំ ដើម្បីស្វែងរកភាពជោគជ័យ និងដំណើរផ្សងព្រេងឬ ?
អំឡុងពេលធ្វើការសម្រចចិត្តនោះ ឪពុករបស់ខ្ញុំបានហុចសំបុត្រមួយច្បាប់មកខ្ញុំ ដែលបានសរសេរទៅគាត់ និងបងប្អូនស្រីរបស់គាត់ជាច្រើនឆ្នាំមុន ដោយប្រធានបេសកកម្មរបស់ពួកគាត់ឈ្មោះ ដូណូវ៉ាន វេន ឌេម ។ ប្រធាន វេន ឌេម បានសូមឲ្យពួកគាត់បន្តនៅក្នុងប្រទេសនីឌើរលែន ហើយស្ថាបនាសាសនាចក្រនៅទីនោះ ។ ឪពុករបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់បានសម្រេចចិត្តធ្វើដូច្នោះ ។ ហើយដោយសារឈ្មោះគ្រួសារប៊ូមនៅក្នុងសំបុត្រនោះ វាជាវេនរបស់ខ្ញុំដើម្បីរកមើលថាត្រូវធ្វើអ្វី ។
នៅប៉ុន្មានឆ្នាំក្រោយពីសង្គ្រាមលោកលើកទីពីរ សមាជិកសាសនាចក្រជាច្រើនបានធ្វើចំណាកស្រុកមកប្រទេសអាមេរិក ឬប្រទេសកាណាដា ។ វានៅតែកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ថ្វីបើមានការលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំសាសនាចក្រដល់សមាជិកឲ្យបន្តរស់នៅក្នុងប្រទេសរបស់ពួកគេផ្ទាល់ ហើយពង្រឹងសាសនាចក្រនៅកន្លែងដែលពួកគេរស់នៅនោះក្ដី ។ ដោយការអធិស្ឋាន ខ្ញុំក៏បានសម្រេចចិត្តដើម្បីនៅ និងស្ថាបនាសាសនាចក្រនៅក្នុងប្រទេសនីឌើរលែនផងដែរ ដោយមិនបានយល់ពេញលេញថាអ្វីនឹងកើតឡើងនៅពេលអនាគត ។
ការសម្រេចចិត្ត
ពេលខ្ញុំបានបញ្ចប់វិទ្យាល័យនៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ សេដ្ឋកិច្ចហូឡង់ស្ថិតនៅក្នុងភាពវឹកវរ ។ អត្រាអ្នកអត់ការងារបានកើតឡើងខ្ពស់ ។ និយាយរួម អ្វីៗមើលទៅគួរឲ្យសង្វេគណាស់ ។ វាពិបាកសម្រាប់អ្នកដែលបានបញ្ចប់ការសិក្សាហើយដើម្បីសម្រេចចិត្តថាអ្វីដែលត្រូវធ្វើ ។
ឪពុកខ្ញុំបានកំពុងបម្រើជាប្រធានសាខា ។ ម្ដងម្កាល គាត់បានពិភាក្សាជាមួយខ្ញុំ អំពីលទ្ធភាពនៃការបម្រើបេសកកម្មពេញម៉ោងមួយ ។ ពិតណាស់វាការណ៍មួយដ៏ប្រពៃណាស់ដើម្បីធ្វើ ។ ខ្ញុំបានទន្ទឹងរង់ចាំវា អស់មួយជីវិតខ្ញុំ ។
ប៉ុន្តែខ្ញុំពុំបានឃើញថា ការបម្រើបេសកកម្មមួយអាចជួយខ្ញុំឲ្យផ្គត់ផ្គង់ដល់អនាគតគ្រួសារខ្ញុំយ៉ាងដូចម្ដេចទេ ។ តាំងពីនៅក្មេង ខ្ញុំតែងតែមានបំណងប្រាថ្នាដ៏ខ្លាំងមួយដើម្បីរកឃើញមនុស្សជាទីស្រឡាញ់ក្នុងជីវិតខ្ញុំនៅថ្ងៃមួយ ហើយកសាងគ្រួសារយើងជាមួយគ្នា ។
ខ្ញុំមានអាយុ ១៧ ឆ្នាំ នៅពេលនោះ ហើយមិនបានដឹងថាអ្វីត្រូវធ្វើបន្ទាប់ទៀតទេ ខ្ញុំបានចាប់ផ្ដើមកម្រិតអប់រំបន្ទាប់ទៀតរបស់ខ្ញុំ ។ ប៉ុន្តែ ជាច្រើនសប្ដាហ៍ក្រោយមក ខ្ញុំបានដឹងថា ការសិក្សាក្នុងជំនាញនេះនឹងមិនធ្វើឲ្យខ្ញុំសប្បាយចិត្តទេ ។ ខ្ញុំបានមានសំណួរថាតើវានឹងផ្ដល់ការងារដែលមានស្ថេរភាពមួយដែរឬទេ ។ ខ្ញុំបានគិតពីការឈប់រៀន ។
ឪពុកម្ដាយខ្ញុំមិនសប្បាយចិត្តអំពីរឿងនេះទេ ។ ពួកគាត់បានប្រាប់ខ្ញុំថា ខ្ញុំអាចឈប់រៀនបានបើខ្ញុំមានការងារមួយ ។ ពួកគាត់ប្រហែលជាបានគិតថា ខ្ញុំនឹងមិនដែលរកការងារមួយបានទេ ដោយសារតែវិបត្តិសេដ្ឋកិច្ច ។ ខ្ញុំបានចំណាយពេលអស់ពេញមួយរសៀលជិះកង់របស់ខ្ញុំ រកកាងារធ្វើ ពីអាជីវកម្មមួយទៅអាជីវកម្មមួយទៀត ។ នៅទីបំផុត ក្រុមហ៊ុនមួយបានជួលខ្ញុំឲ្យធ្វើការក្នុងឃ្លាំងរបស់ពួកគេ ។
ផែនការរបស់ខ្ញុំ
ទោះបីខ្ញុំបានទទួលការងារបណ្ដោះអាសន្ននេះ ខ្ញុំមានផែនការមួយ ។ ខ្ញុំនឹងធ្វើជាប៉ូលីស ។ ការធ្វើការជាមួយរដ្ឋាភិបាលជាវិធីដ៏មានស្ថេរភាពមួយដើម្បីផ្គត់ផ្គង់អនាគតគ្រួសារខ្ញុំ ហើយអ្វីគ្រប់យ៉ាងនឹងដំណើរការល្អ ។
ខ្ញុំចងចាំពីថ្ងៃដែលខ្ញុំបានទៅប្រឡងដើម្បីចូលក្នុងសាលាប៉ូលីស ។ ខ្ញុំបានជិះរថភ្លើងនៅព្រឹកព្រលឹម ហើយបានចំណាយពេលអស់ពេញមួយថ្ងៃដើម្បីធ្វើការប្រឡងជាច្រើនប្រភេទ ។ នៅចុងបញ្ចប់នៃថ្ងៃនោះ ខ្ញុំត្រូវបានហៅឲ្យចូលទៅក្នុងការិយាល័យ ។ ពួកគេបាននិយាយថា ខ្ញុំបានជាប់ការប្រឡងទាំងអស់ ហើយពួកគេចង់បានខ្ញុំ ប៉ុន្តែដោយសារខ្ញុំមានអាយុ ១៧ ឆ្នាំ ខ្ញុំនៅក្មេងពេក ។ ពួកគេបានប្រាប់ខ្ញុំឲ្យសាកល្បងម្ដងទៀតនៅឆ្នាំក្រោយ ។
ពិភពលោករបស់ខ្ញុំបានខ្ទេចខ្ចាត់ខ្ចាយ ហើយនៅតាមផ្លូវទៅផ្ទះវិញ ខ្ញុំបានគិតថា « តើត្រូវធ្វើអ្វីបន្ទាប់ទៀត ? » ពេលទៅដល់ផ្ទះ ឪពុកខ្ញុំបានស្ដាប់រឿងរ៉ាវខូចចិត្តរបស់ខ្ញុំ ហើយបានផ្ដល់ការប្រសិទ្ធិពរមួយដល់ខ្ញុំ ។ ខ្ញុំបានរំពឹងថា ព្រះអម្ចាស់នឹងប្រាប់ខ្ញុំថាអ្វីៗគ្រប់យ៉ាងនឹងដំណើរការ ហើយខ្ញុំនឹងត្រូវបានទទួលឲ្យចូលរៀនក្នុងសាលាប៉ូលីសក្នុងរបៀបមួយដែលប្រកបដោយអព្ភូតហេតុ ។ ផ្ទុយទៅវិញ ព្រះអម្ចាស់បានប្រាប់ខ្ញុំថា បើខ្ញុំជ្រើសរើសដាក់ទ្រង់ជាមុនសិន នោះខ្ញុំនឹងតែងតែមានអាហារនៅលើតុ និងមធ្យោបាយដើម្បីថែទាំអនាគតគ្រួសារខ្ញុំ ។
ផែនការដែលប្រសើរជាងមួយ
ក្នុងការឆ្លើយតបចំពោះការអធិស្ឋានរបស់ខ្ញុំ ខ្ញុំបានទទួលចម្លើយថា សម្រាប់ខ្ញុំ ការដាក់ព្រះអម្ចាស់ជាមុន មានន័យថាបម្រើបេសកកម្មពេញម៉ោងមួយ ។ ខ្ញុំតែងតែមានបំណងចង់បម្រើបេសកកម្ម ប៉ុន្តែពុំបានមើលឃើញពីរបៀបដែលជំហានមួយនឹងនាំទៅកាន់ជំហានមួយទៀតដូចម្តេចទេ ។ ឥឡូវនេះខ្ញុំបានដឹងថា ការបម្រើបេសកកម្មមួយគឺជាអ្វីដែលខ្ញុំនឹងធ្វើ ហើយខ្ញុំចង់ធ្វើវាឲ្យបានឆាប់ៗតាមដែលអាចធ្វើទៅបាន ។
សម័យនោះតម្លៃសម្រាប់បេសកកម្មមួយគឺ ១០០០០ ហ្គីលឌ័រ ជារូបិយប័ណ្ណចាស់របស់ហូឡង់ ឬប្រហែលស្មើប្រាក់ខែចំនួនមួយឆ្នាំ ។ ខ្ញុំបានបន្តធ្វើការនៅក្នុងឃ្លាំងនោះ ហើយមកទល់ត្រឹមរដូវក្ដៅឆ្នាំ ១៩៨១ ខ្ញុំមានប្រាក់ ១០០០០ ហ្គីលឌ័រ ។ ខ្ញុំក៏មានអាយុ ១៨ ឆ្នាំផងដែរ ។ ឪពុកខ្ញុំ ដែលជាប្រធានសាខា បានប្រាប់ខ្ញុំថា ខ្ញុំក្មេងពេកដើម្បីបម្រើបេសកកម្មមួយ ហើយប្រធានមណ្ឌល និងប្រធានបេសកកម្មក៏បាននិយាយដូច្នោះដែរ ។ នៅពេលនោះ ខ្ញុំត្រូវតែមានអាយុ ១៩ ឆ្នាំ ។ ប៉ុន្តែនៅថ្ងៃខួបកំណើត ១៨ ឆ្នាំរបស់ខ្ញុំ ខ្ញុំបានទៅជួបវេជ្ជបណ្ឌិត និងពេទ្យធ្មេញដោយខ្លួនឯង ហើយបានឲ្យពួកគាត់បំពេញផ្នែករបស់ពួកគាត់នៅក្នុងពាក្យស្នើសុំធ្វើជាអ្នកផ្សព្វផ្សាយសាសនារបស់ខ្ញុំ ។
ដោយរបៀបណាមួយនោះ ខ្ញុំបានធ្វើឲ្យអ្នកដឹកនាំរបស់ខ្ញុំសម្ភាសខ្ញុំ ហើយបានបញ្ចូនពាក្យស្នើសុំរបស់ខ្ញុំ ។ រួចហើយយើងបានរង់ចាំ ។ ខ្ញុំពុំបានដឹងថា ឪពុករបស់ខ្ញុំក្នុងនាមជាប្រធានសាខាម្នាក់ បានទទួលលិខិតមួយទេ ។ ពាក្យស្នើសុំនោះត្រូវបានបញ្ជូនត្រឡប់មកវិញ ភ្ជាប់ជាមួយការជូនដំណឹងថា ខ្ញុំនៅក្មេងពេក ។ ប៉ុន្តែ គាត់មិនបានចង់ប្រាប់រឿងនោះដល់ខ្ញុំនៅឡើយទេ ដូច្នេះគាត់បានយកវាទៅគ្រប់ទីកន្លែងដោយដាក់វានៅក្នុងហោប៉ៅអាវធំរបស់គាត់អស់ជាច្រើនសប្ដាហ៍ ដោយមិនឲ្យខ្ញុំដឹង ។ សំណាងល្អ ក្នុងពេលនោះគាត់បានទទួលការជូនដំណឹងមួយទៀត ។ ការជូនដំណឹងនោះបានចែងថា នៅក្នុងស្ថានភាពមួយចំនួន ពួកបងប្អូនប្រុសអាចអនុញ្ញាតឲ្យយុវជនទៅបេសកកម្មមុនគ្រប់អាយុ នៅ ពេលដែលពួកគេបានត្រៀមខ្លួនបានល្អ ។ មិនយូរប៉ុន្មាន ខ្ញុំត្រូវបានហៅឲ្យបម្រើ និងត្រូវបានចាត់តាំងឲ្យទៅបម្រើនៅក្នុងបេសកកម្មប្រទេសអង់គ្លេសទីក្រុងឡុងដ៍ខាងកើត ។ បេសកកម្មរបស់ខ្ញុំបានក្លាយជាពរជ័យពេញមួយជីវិត ។
ពរជ័យនានាមកពីព្រះអម្ចាស់
បីខែក្រោយបន្ទាប់ពីខ្ញុំបានត្រឡប់មកពីបេសកកម្មរបស់ខ្ញុំវិញ ខ្ញុំបានជួបនឹងមនុស្សជាទីស្រឡាញ់ក្នុងជីវិតខ្ញុំ ។ មួយឆ្នាំក្រោយមក យើងបានរៀបការ និងបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ។ សេដ្ឋកិច្ចនៅមិនទាន់ប្រសើរឡើងនៅឡើយទេ ប៉ុន្តែខ្ញុំតែងតែអាចរកបានការងារមួយ ហើយផ្គត់ផ្គង់ដល់គ្រួសាររបស់ខ្ញុំ ។ តែងតែមានអាហារនៅលើតុ និងមានជម្រកជ្រក ។
ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ បទគម្ពីរនេះបានក្លាយជាបទគម្ពីរដែលខ្ញុំចូលចិត្ត បំផុត ៖ « ដរាបណាកូនកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ នោះកូននឹងបានចម្រើនឡើងនៅលើដែនដី » ( អាលម៉ា ៣៦:១ ) ។ ដោយមានបទគម្ពីរនេះជាការដឹកនាំ ខ្ញុំបានសម្រេចចិត្តដើម្បីធ្វើអ្វីដែលឪពុកខ្ញុំបានធ្វើ—បន្តនៅក្នុងប្រទេសនីឌើរលែន និងស្ថាបនាសាសនាចក្រនៅមាតុភូមិរបស់ខ្ញុំ ។
បច្ចុប្បន្ននេះ សាខាដ៏តូចនោះដែលខ្ញុំបានធំឡើង ឥឡូវនេះក្លាយជាវួដដ៏ល្អមួយ ដែលចៅៗរបស់យើងរីករាយជាមួយនឹងមិត្តភក្ដិជាច្រើន ដែលជួបជុំគ្នាក្នុងថ្នាក់បឋមសិក្សាដ៏ធំមួយ ។ កូនប្រុសទាំងអស់របស់យើងមានការងារដ៏ល្អ ហើយត្រូវបានប្រទានពរឲ្យមានអាហារនៅលើតុ ។ ខ្ញុំឃើញថា ការសម្រេចចិត្តរបស់ខ្ញុំបានមានឥទ្ធិពលលើជំនាន់ក្រោយៗ ដែលមានបំណងប្រាថ្នាដើម្បីដាក់ព្រះជាមុននៅក្នុងជីវិតរបស់ពួកគេផងដែរ ។
ខ្ញុំមានអំណរគុណដែលខ្ញុំបានរៀនតាំងពីនៅក្មេងក្នុងជីវិតខ្ញុំថា ការសម្រេចចិត្តដ៏ត្រឹមត្រូវគឺត្រូវយកឈ្នះសេចក្ដីខ្វល់ខ្វាយនៃលោកិយ ហើយដាក់ព្រះវរបិតាសួគ៌ជាអាទិភាពដំបូង ។ ទ្រង់បានប្រទានពរដល់ខ្ញុំ បើមិនដូច្នេះទេខ្ញុំមិនដែលដឹងទេ ។