« ព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរមរមន » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។
ព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះគម្ពីរមរមន
តើព្រះអម្ចាស់ត្រូវបានលើកឡើងប៉ុន្មានដងនៅក្នុងព្រះគម្ពីរមរមន ?
តើបងប្អូនថានរណាជាតួអង្គចម្បងនៅក្នុងព្រះគម្ពីរមរមន ? ខណៈពេលដែលមនុស្សមួយចំនួនអាចនឹងគិតថា នីហ្វៃ អាលម៉ា ឬ មរមន តែតាមពិតទៅតួអង្គចម្បងពិតប្រាកដគឺព្រះយេស៊ូវគ្រីស្ទ ។ នីហ្វៃបានសរសេរ ៖
« យើងព្យាយាមខំសរសេរពាក្យទាំងនេះ ដើម្បីបញ្ចុះបញ្ចូលកូនចៅយើង … ដើម្បីឲ្យជឿដល់ព្រះគ្រីស្ទ ។ …
« ហើយយើងនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ យើងផ្សាយអំពីព្រះគ្រីស្ទ » ( នីហ្វៃទី២ ២៥:២៣, ២៦ ) ។
នៅ ឆ្នាំ ១៩៧៨ ស៊ូសាន វួដ អ៊ីសតុន បានចេញផ្សាយអត្ថបទដ៏សំខាន់មួយ ដោយបង្ហាញជាតួលេខថា ព្រះយេស៊ូវគ្រីស្ទគឺជាតួអង្គចម្បងនៅក្នុងព្រះគម្ពីរមរមន ។ គាត់បានកំណត់អត្តសញ្ញាណព្រះបរមងារផ្សេងៗគ្នារបស់ព្រះយេស៊ូវគ្រីស្ទ ហើយបានបង្ហាញថា ទ្រង់ត្រូវបានលើកឡើងដោយព្រះនាម ឬព្រះបរមងារចំនួន ៣៩២៥ ដង នៅក្នុងព្រះគម្ពីរមរមនដែលជាមធ្យមគឺជារៀងរាល់ ១.៧ ខ ។១
ការសិក្សាដ៏មានតម្លៃនេះគូសបញ្ជាក់អំពីភាពសំខាន់នៃព្រះអង្គសង្រ្គោះនៅក្នុងព្រះគម្ពីរមរមន ទោះជាយ៉ាងណា វា រាប់តិចជាង យ៉ាងខ្លាំងអំពីភាពញឹកញាប់ដែលព្រះគ្រីស្ទត្រូវបានលើកឡើង ដោយមិនបានរាប់បញ្ចូលសព្វនាមដែលយោងដល់ទ្រង់ឡើយ ។
ទីបំផុត ចំនួននៃសេចក្ដីយោងទៅព្រះយេស៊ូវគ្រីស្ទមិនមែនជាសេចក្ដីលម្អិតដ៏សំខាន់បំផុតដើម្បីរៀនចេញពីព្រះគម្ពីរមរមនទេ ទោះជាយ៉ាងណា សេចក្ដីយោងនីមួយៗចំពោះទ្រង់អាចបង្រៀនយើងអំពីធម្មជាតិ និងបេសកកម្មដ៏ទេវភាពរបស់ទ្រង់ ។ យើងបានពិនិត្យមើលព្រះគម្ពីរមរមនដោយប្រុងប្រយ័ត្ន ដោយរកមើលរាល់ការលើកឡើងអំពីព្រះយេស៊ូវគ្រីស្ទ រួមទាំងព្រះបរមងារ និងសព្វនាមទាំងឡាយ ។ យើងបានកំណត់រកឃើញសេចក្ដីយោងសរុបចំនួន ៧៤៥២—ជាមធ្យមមានសេចក្ដីយោងច្រើនជាងមួយក្នុងខគម្ពីរមួយ ។២ ព្រះបរមងារនៃព្រះគ្រីស្ទមានប្រហែល ៥០ ភាគរយនៃសេចក្ដីយោងអំពីព្រះគ្រីស្ទនៅក្នុងព្រះគម្ពីរមរមន ដែលនៅសល់ទាំងប៉ុន្មានទៀតបានមកពីសព្វនាមទាំងឡាយ ។
ការស្វែងរកព្រះយេស៊ូវគ្រីស្ទផ្ដល់នូវវិធីដ៏ពិសេសមួយដើម្បីរៀនអំពីទ្រង់ ។ សូមពិចារណាអំពីរបៀបដែលខតទៅនេះសង្កត់ធ្ងន់អំពីទ្រង់ ៖ « ចាប់ផ្ដើមជឿដល់ ព្រះរាជបុត្រានៃព្រះ ចុះថា ទ្រង់ នឹងយាងមកប្រោសលោះរាស្ត្រ ទ្រង់ ហើយថា ទ្រង់ នឹងរងទុក្ខ ហើយសុគត ដើម្បីធ្វើឲ្យធួននឹងអំពើបាបទាំងឡាយរបស់ពួកគេ ហើយថា ទ្រង់ នឹងមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដែលនឹងនាំមកនូវដំណើររស់ឡើងវិញ ថាមនុស្សទាំងអស់នឹងឈរនៅចំពោះ ទ្រង់ ដើម្បីទទួលការជំនុំជម្រះ នៅថ្ងៃចុងក្រោយបង្អស់ ហើយជាថ្ងៃជំនុំជម្រះ ស្របតាមកិច្ចការទាំងឡាយរបស់គេ » ( អាលម៉ា ៣៣:២២ បានបន្ថែមការសង្កត់ន័យ ) ។
នៅក្នុងការសិក្សាដើមរបស់បងស្រី អ៊ីសតុន ខគម្ពីរនេះនឹងរាប់ថាជាសេចក្ដីយោងមួយទៅព្រះគ្រីស្ទចេញពីចំណងជើងថា « ព្រះរាជបុត្រានៃព្រះ » ។ ទោះជាយ៉ាងណា ព្រះអង្គសង្គ្រោះត្រូវបានលើកឡើងប្រាំដងបន្ថែមទៀត ។ ខគម្ពីរនេះបញ្ជាក់ថា ព្រះយេស៊ូវគ្រីស្ទមិនត្រឹមតែជាព្រះរាជបុត្រានៃព្រះប៉ុណ្ណោះទេ ប៉ុន្តែថាទ្រង់ក៏ជាព្រះមួយអង្គដែលប្រោសលោះយើងតាមរយៈដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញដ៏និរន្តរ ហើយនឹងធ្វើជាចៅក្រមរបស់យើងផងដែរ ។
ប្រហែលអ្វីដែលមានឥទ្ធិពលបំផុតនោះគឺ ព្រះគ្រីស្ទមានបន្ទូលសំដៅទៅទ្រង់ផ្ទាល់នៅក្នុងព្រះគម្ពីរមរមន ។ ឧទាហរណ៍ យើងបានអានព្រះអង្គសង្គ្រោះមានព្រះបន្ទូលថា « បើសិនជាមនុស្សលោកមករក យើង នោះយើង នឹងបង្ហាញដល់ពួកគេនូវភាពទន់ខ្សោយរបស់ពួកគេ ។ យើង ឲ្យភាពទន់ខ្សោយទៅមនុស្ស ដើម្បីឲ្យពួកគេអាចបានរាបសា ហើយគុណ របស់យើង មានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ ដែលបន្ទាបខ្លួននៅចំពោះ យើង ត្បិតបើសិនជាពួកគេបន្ទាបខ្លួននៅចំពោះ យើង ហើយមានសេចក្ដីជំនឿជឿដល់ យើង លំដាប់នោះ យើង នឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ( អេធើរ ១២:២៧ បានបន្ថែមការសង្កត់ន័យ ) ។ ទោះបីជាព្រះនាមរបស់ព្រះគ្រីស្ទមិនលេចឡើងនៅក្នុងខគម្ពីរនេះក៏ដោយ ក៏ព្រះអង្គសង្គ្រោះសំដៅលើព្រះអង្គទ្រង់ផ្ទាល់ដល់ទៅ ៨ ដង ។ តួនាទីរបស់ទ្រង់ត្រូវបានគូសបញ្ជាក់ នៅពេលយើងស្វែងរកព្រះអង្គសង្គ្រោះនៅក្នុងវគ្គនេះ ។
ខគម្ពីរខាងក្រោមនេះបង្ហាញអំពីទំនាក់ទំនងផ្ទាល់ខ្លួន ដែលព្រះអង្គមានចំពោះបុគ្គលម្នាក់ៗ និងអារម្មណ៍របស់ពួកគេចំពោះទ្រង់ ៖
« ចូរក្រោកឡើង ហើយមករក យើង ចុះ ដើម្បីអ្នករាល់គ្នាអាចលូកដៃមកឯចំហៀង យើង និងដើម្បីអ្នករាល់គ្នាអាចស្ទាបនូវស្នាមដែកគោលនៅត្រង់ដៃ យើង និងជើង យើង ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងថា យើង គឺជា ព្រះនៃសាសន៍អ៊ីស្រាអែល និងជា ព្រះនៃផែនដីទាំងមូល ហើយត្រូវគេធ្វើគតជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក ។
« … ហ្វូងមនុស្សបានដើរទៅមុខ ហើយបានលូកដៃទៅឯចំហៀង ព្រះអង្គ ហើយបានស្ទាបស្នាមដែកគោលនៅត្រង់ព្រះហស្ត ព្រះអង្គ និងព្រះបាទារបស់ ព្រះអង្គ » ( នីហ្វៃទី៣ ១១:១៤–១៥ បានបន្ថែមការសង្កត់ន័យ ) ។
ទោះបីជាយើងមិនទាន់អាចស្ទាបស្នាមរបស់ទ្រង់ដោយផ្ទាល់ក្ដី តាមរយៈព្រះគម្ពីរមរមន យើងអាចធ្វើឲ្យសក្ខីភាពផ្ទាល់ខ្លួនរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទកាន់តែជ្រាលជ្រៅឡើងបាន ។
សេចក្ដីយោងជាញឹកញាប់ទៅព្រះអម្ចាស់នៅក្នុងព្រះគម្ពីរមរមនជួយយើងឲ្យមើលឃើញនូវភាពសំខាន់របស់ទ្រង់នៅក្នុងកិច្ចការដ៏ពិសិដ្ឋនេះ ។ ការកំណត់អត្តសញ្ញាណរបស់ព្រះអង្គសង្រ្គោះនៅក្នុងព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ គឺជាវិធីដ៏មានឥទ្ធិពលមួយដើម្បីខិតកាន់តែជិតទ្រង់ ។