« ហេតុអ្វីព្រះមិនបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ? » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។
យុវមជ្ឈិមវ័យ
ហេតុអ្វីព្រះមិនបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ?
ពេលអាពាហ៍ពិពាហ៍របស់ខ្ញុំក្លាយទៅជាសុបិនដ៏អាក្រក់មួយ ខ្ញុំបានរៀនអំពីអំណាចនៃសិទ្ធិជ្រើសរើស ។
កាលខ្ញុំអាយុ ២៣ ឆ្នាំ ខ្ញុំបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធជាមួយបុរសក្នុងក្ដីសុបិនរបស់ខ្ញុំ ។ ខ្ញុំមិនអាចចាំពីថ្ងៃដ៏សប្បាយជាងថ្ងៃនោះទេ ក្នុងជីវិតរបស់ខ្ញុំ ។
ប៉ុន្តែ អ្វីៗដែលខ្ញុំតែងតែរំពឹងទុកសម្រាប់ជីវិតរបស់ខ្ញុំបានចាប់ផ្ដើមបែកបាក់យ៉ាងលឿនបំផុត ។ ស្វាមីរបស់ខ្ញុំបានរំលោភបំពានកាន់តែខ្លាំងឡើងៗមកលើខ្ញុំ ទាំងខាងរាងកាយ ទាំងខាងសតិអារម្មណ៍ ។
ខ្ញុំមានអារម្មណ៍ច្របូកច្របល់ និងឈឺចាប់ ។ ខ្ញុំមិនយល់ពីមូលហេតុដែលភាពស្មោះត្រង់របស់ខ្ញុំហាក់ដូចជាមិនបានធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងអាពាហ៍ពិពាហ៍របស់ខ្ញុំទេ ។ ខ្ញុំបានបម្រើបេសកកម្មពេញម៉ោង រក្សាសេចក្ដីសញ្ញារបស់ខ្ញុំ ធ្វើតាមបទបញ្ញត្តិ ហើយថែមទាំងបានបម្រើជាអ្នកធ្វើការនៅព្រះវិហារបរិសុទ្ធទៀតផង ។ ប៉ុន្តែ មិនថាខ្ញុំបានព្យាយាមខិតជិតព្រះយេស៊ូវគ្រីស្ទខ្លាំងប៉ុណ្ណានោះទេ អាពាហ៍ពិពាហ៍របស់ខ្ញុំបានក្លាយកាន់តែលំបាកជាងមុន ។
មើលត្រឡប់ទៅក្រោយវិញ ខ្ញុំបានដឹងថា ទោះបីជាខ្ញុំបានពិចារណាដោយអធិដ្ឋានថា តើខ្ញុំគួររៀបការជាមួយស្វាមីរបស់ខ្ញុំឬអត់ ហើយមានសេចក្ដីជំនឿថា យើងអាចដោះស្រាយបញ្ហាបានក៏ដោយ ខ្ញុំបានព្រងើយកន្ដើយនឹងសញ្ញានៃបញ្ហាទាំងឡាយ ដែលអាចកើតឡើងនៅពេលក្រោយក្នុងអាពាហ៍ពិពាហ៍របស់យើង ។
ការស្វែងរកចម្លើយ
បន្ទាប់ពីមានភាពឯកោ និងការរំលោភបំពានអស់ពេលប្រាំឆ្នាំ ទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានរងទុក្ខ ។ ការរំពឹងទុករបស់ខ្ញុំចំពោះជីវិតខ្ញុំបានធ្លាក់ចេញពីផ្លូវ ហើយមិនបានបំពេញ ។
ខ្ញុំបានមានអារម្មណ៍ខ្ទេចខ្ទាំ ។
ពេលវាបានក្លាយជាការច្បាស់លាស់ថា ស្វាមីរបស់ខ្ញុំមិនមានចិត្តចង់ផ្លាស់ប្ដូរ ខ្ញុំបានចាប់ផ្ដើមសុំឲ្យព្រះរំដោះខ្ញុំចេញពីស្ថានភាពរបស់ខ្ញុំ ឬបង្ហាញខ្ញុំពីផ្លូវត្រឹមត្រូវដើម្បីដើរ ។ ប៉ុន្ដែ ពេលខ្ញុំមិនបានទទួលចម្លើយដែលខ្ញុំត្រូវការ ខ្ញុំបានចាប់ផ្ដើមស្តីបន្ទោសព្រះវរបិតាសួគ៌ថា ទ្រង់ជាមូលហេតុនៃការឈឺចាប់របស់ខ្ញុំ ។
ខ្ញុំបានបន្តទៅព្រះវិហារ ហើយរក្សាសេចក្ដីសញ្ញារបស់ខ្ញុំ ប៉ុន្តែដួងចិត្តខ្ញុំពោរពេញទៅដោយការអាក់អន់ចិត្តដោយមកពីការខ្វះការណែនាំ ។
ថ្ងៃមួយខ្ញុំដឹងថា ខ្ញុំ ពិត ជាមានចម្លើយចំពោះស្ថានភាពរបស់ខ្ញុំ—ខ្ញុំត្រូវតែប្រើសិទ្ធិជ្រើសរើសរបស់ខ្ញុំ ដើម្បីធ្វើសកម្មភាព និងផ្លាស់ប្តូរកាលៈទេសៈរបស់ខ្ញុំ ។ ហើយខ្ញុំបានដឹងថា ការសម្រេចចិត្តអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ ជាមួយនឹងគោលដៅចុងក្រោយរបស់ខ្ញុំដើម្បីត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។
ទីបំផុតខ្ញុំបានសម្រេចចិត្តឈានទៅមុខមួយជំហាន ៖ ខ្ញុំបាននិយាយជាមួយស្វាមីរបស់ខ្ញុំ ហើយដោយអព្ភូតហេតុ យើងបានបញ្ចប់ទំនាក់ទំនងរបស់យើងដោយសម្រួល ។
អំណាចដើម្បីជ្រើសរើស
បទពិសោធន៍ដ៏លំបាកនេះបានជួយខ្ញុំឲ្យរៀនអំពីអំណាច និងសារៈសំខាន់ដ៏ចាំបាច់នៃអំណោយទាននៃសិទ្ធិជ្រើសរើសដែលព្រះបានប្រទានដល់យើង ។
ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានបង្រៀន ៖« សញ្ជឹងគិតឡើងវិញ យើងអាចមើលឃើញភាពខុសគ្នាយ៉ាងខ្លាំង ដែលជម្រើសមួយចំនួនរបស់យើងបានធ្វើឲ្យកើតឡើងនៅក្នុងជីវិត ។ យើងធ្វើការជ្រើសរើស ឬការសម្រេចចិត្តកាន់តែប្រសើរ ប្រសិនបើយើងក្រឡេកមើលទៅជម្រើសផ្សេងៗទៀត ហើយពិចារណាថាតើវានឹងដឹកនាំទៅណា ។ នៅពេលយើងធ្វើដូច្នោះ យើងនឹងធ្វើតាមការប្រឹក្សារបស់ប្រធាន រ័សុល អិម ណិលសុន ឲ្យចាប់ផ្ដើមដោយគិតពីទីបញ្ចប់ ។ ចំពោះយើង ចុងបញ្ចប់គឺតែងតែជាការស្ថិតនៅលើផ្លូវនៃសេចក្ដីសញ្ញាតាមរយៈព្រះវិហារបរិសុទ្ធ ឆ្ពោះទៅជីវិតដ៏អស់កល្បជានិច្ច ជាអំណោយទានដ៏ធំបំផុតរបស់ព្រះ » ។១
ខ្ញុំដឹងថា ព្រះវរបិតាសួគ៌នឹងមិនជ្រៀតជ្រែកនឹងសិទ្ធិជ្រើសរើសរបស់នរណាម្នាក់ឡើយ—ទ្រង់អនុញ្ញាតឲ្យខ្ញុំធ្វើការសម្រេចចិត្តដោយខ្លួនឯងក្នុងការរៀបការជាមួយស្វាមីរបស់ខ្ញុំ ។ ទ្រង់ក៏នឹងមិនបង្ខំស្វាមីខ្ញុំឲ្យផ្លាស់ប្ដូរឡើយ ទោះបីជាខ្ញុំកំពុងកាន់ខ្ជាប់នឹងសេចក្ដីសញ្ញារបស់ខ្ញុំក៏ដោយ ពីព្រោះអាពាហ៍ពិពាហ៍ដ៏អស់កល្បមួយត្រូវការការខិតខំខាងវិញ្ញាណ និងខាងសាច់ឈាមពីមនុស្សទាំងពីរនាក់ នៅពេលដែលពួកគេដើរតាមព្រះយេស៊ូវគ្រីស្ទ ។
ពេលជួបការលំបាក យើងអាចប្រើសិទ្ធិជ្រើសរើសរបស់យើង ដើម្បីផ្លាស់ប្តូរទស្សនៈរបស់យើង អាកប្បកិរិយារបស់យើង ហើយថែមទាំងខ្លួនយើងផង ។ នោះគឺជាអំណោយដ៏ទេវភាពនៃសិទ្ធិជ្រើសរើស ។ ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យយើងស្វែងរកទ្រង់ និងព្រះវិញ្ញាណ ហើយបន្ទាប់មកទុកចិត្តខ្លួនឯងដើម្បីធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ជីវិតរបស់យើង ។
បែរទៅរកព្រះអង្គសង្គ្រោះ
ដំបូងខ្ញុំរំពឹងថា នឹងបានជា ហើយបន្តទៅមុខទៀតយ៉ាងលឿនពីអាពាហ៍ពិពាហ៍ដែលរំលោភបំពានរបស់ខ្ញុំ ប៉ុន្តែដំណើរការនេះមានភាពយឺតយ៉ាវ និងពិបាក ។ តាមរយៈឧបករណ៍ព្យាបាល ការស្ដាប់សាររបស់ព្យាការី ការអានព្រះគម្ពីរ ការអធិស្ឋាន និងទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងការគាំទ្រពីមិត្តភក្តិ និងគ្រួសារ ខ្ញុំមានអារម្មណ៍នៃសេចក្ដីសង្ឃឹមថា នឹងមានអនាគតល្អប្រសើរជាងនេះ ។ ពេលខ្ញុំប្រើសិទ្ធិជ្រើសរើសរបស់ខ្ញុំ ដើម្បីស្វែងរកការព្យាបាល ខ្ញុំទន្ទឹងរង់ចាំជីវិតមួយដែលពាក់ព័ន្ធនឹងការអភ័យទោស និងទំនាក់ទំនងដ៏ស្រស់ស្អាតជាមួយអ្នកដទៃ រួមទាំងព្រះអង្គសង្គ្រោះផងដែរ ។
ដោយមានការយល់ដឹងកាន់តែច្រើនអំពីរបៀបប្រើប្រាស់សិទ្ធិជ្រើសរើសក្នុងជីវិតរបស់ខ្ញុំ នោះភាពល្វីងជូរចត់របស់ខ្ញុំចំពោះព្រះបានប្រែទៅជាយល់ ហើយទំនាក់ទំនងរបស់ខ្ញុំជាមួយទ្រង់អាចជាសះស្បើយបាន ។
នេះជាអ្វីទាំងអស់ដែលជាដំណឹងល្អ—ធ្វើការជ្រើសរើសរបស់យើងផ្ទាល់ដើម្បីមកឯព្រះគ្រីស្ទ ដោយធ្វើសកម្មភាពតាមដំបូន្មានពីព្យាការីដែលលោកលើកទឹកចិត្តយើងឲ្យប្រើសិទ្ធិជ្រើសរើសរបស់យើង ដើម្បីទុកចិត្តលើព្រះអម្ចាស់ ហើយបង្កើតជីវិតដ៏ស្រស់ស្អាត និងពោរពេញដោយសេចក្ដីជំនឿ ។
ដូចដែលស៊ីស្ទើរ ខាំមៀល អិន ចនសុន ប្រធានសមាគមសង្គ្រោះ បានបង្រៀន ៖ « គោលការណ៍ដ៏ពិសេសនៃសិទ្ធិជ្រើសរើសអនុញ្ញាតឲ្យយើងនិពន្ធដំណើររឿងរបស់យើង ផ្ទាល់ បាន ។ … ប៉ុន្ដែព្រះយេស៊ូវគ្រីស្ទត្រៀមព្រះកាយ ដើម្បីប្រើយើងជាឧបករណ៍ដ៏ទេវភាព … ដើម្បីនិពន្ធរឿងស្នាដៃឯក … បើ [ យើង ] មានសេចក្ដីជំនឿដើម្បីអនុញ្ញាតឲ្យទ្រង់ បើ [ យើង ] នឹងអនុញ្ញាតឲ្យទ្រង់និពន្ធរឿង [ របស់យើង ] ។២…
ការបញ្ចប់អាពាហ៍ពិពាហ៍របស់ខ្ញុំគឺជាបទពិសោធន៍ដ៏ឈឺចាប់បំផុតមួយដែលខ្ញុំធ្លាប់ប្រឈមមុខ ។ ប៉ុន្តែខ្ញុំបានរៀនថា នៅពេលប្រឈមមុខនឹងការសាកល្បងដែលមិនបានរំពឹងទុកក្នុងជីវិត យើងអាចស្វែងរកការណែនាំខាងវិញ្ញាណ និងធ្វើការសម្រេចចិត្តដែលជំរុញយើងឲ្យឆ្ពោះទៅមុខនៅលើផ្លូវនៃសេចក្តីសញ្ញា ។ ដោយការធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ យើងតែងតែអាចមានសេចក្ដីសង្ឃឹមក្នុងរឿងល្អៗដែលនឹងកើតឡើង និងនៅក្នុងពរជ័យដ៏សន្យារបស់ទ្រង់ទាំងពីរអង្គអំពីសេចក្ដីសុខសាន្ត និងអំណរ ។
អ្នកនិពន្ធរស់នៅប្រទេស ឈីលី ។