លីអាហូណា
ចូរ​ព្យាយាម​ស្វែងរក នោះ​បងប្អូន​នឹង​បាន​ជួប
ខែ មករា ឆ្នាំ ២០២៤


« ចូរ​ព្យាយាម​ស្វែងរក នោះ​បងប្អូន​នឹង​បាន​ជួប » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

ចូរ​ព្យាយាម​ស្វែងរក នោះ​បងប្អូន​នឹង​បាន ជួប

ព្រះអម្ចាស់​បាន​បើក​សម្ដែង​អំពី​របៀប​ដែល​យើង​អាច​ស្វែងរក​សេចក្ដីពិត និង​ទិសដៅ​នៅក្នុង​ជីវិត​របស់​យើង ។

កែវ​ពង្រីក

នៅពេល រីជីណា ភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ប្រទេស​ប្រេស៊ីល​វិញ បន្ទាប់​ពី​បាន​បម្រើ​ក្នុង​បេសកកម្ម អង់ហ្គោឡា លូនដា ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៩ យើង​មាន​ការសម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ដើម្បី​ធ្វើ ។ យើង​បាន​លក់​ផ្ទះ​របស់​យើង​ពីមុន​បេសកកម្ម​របស់​យើង ។ មួយ​ឆ្នាំ​បន្ទាប់​ពី​ត្រឡប់​មក​ផ្ទះ​វិញ យើង​ត្រូវ​ជ្រើសរើស​រវាង​ការទិញ ឬ​ការជួល​ផ្ទះ ។ តើ​យើង​នឹង​ជ្រើសរើស​អ្វី​ដែល​ត្រឹមត្រូវ​សម្រាប់​យើង​យ៉ាង​ដូចម្ដេច ?

ការសម្រេច​ចិត្ត​បែប​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​កិច្ចការ សកម្មភាព និង​ការព្រួយបារម្ភ​ជាច្រើន​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដែល​កើតឡើង​ចំពោះ​យើង​ទាំងអស់​គ្នា ។ ពេល​ខ្លះ វា​អាច​រំខាន​យើង​ពី​ពរជ័យ និង​ឯកសិទ្ធិ​ដ៏​រុងរឿង ដែល​មាន​តែ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ដែល​ផ្ដល់​ឲ្យ​យើង ។ នៅ​ចំពោះ​មុខ​ការតាំងចិត្ត និង​ការទទួល​ខុសត្រូវ​ជាច្រើន វា​អាច​ជា​ការលំបាក​ក្នុង​ការដឹង​អំពី​អ្វី​ដែល​ជា​ការពិត ឬ​ទិសដៅ​ណាមួយ​ដែល​យើង​គួរ​ជ្រើសរើស ។ នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សន្ធប់​ដោយ​ការទាមទារ​ដ៏​ធំធេង​ទាំងឡាយ​ភ្លាមៗ ។

ជា​អំណរគុណ​ណាស់ ដែល​ព្រះវរបិតាសួគ៌​ពេញ​ដោយ​ក្ដីស្រឡាញ់​របស់​យើង​មិន​បាន​ទុក​ឲ្យ​យើង​ស្វែង​យល់​អំពី​អ្វី​ដែល​ពិត ឬ​អ្វី​ដែល​យើង​គួរ​ធ្វើ​ដោយ​ខ្លួន​ឯង​នោះ ។

ប្រភព​នៃ​សេចក្ដីពិត​ទាំងអស់

មុន​នឹង​ចាក​ចេញ​ពី​ផែនដី​នេះ ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​សន្យា​ដល់​ពួកសិស្ស​របស់​ទ្រង់​ថា ព្រះវរបិតា​នឹង​បញ្ជូន​ព្រះ​ដ៏​ជា​ជំនួយ ឬ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ប្រទាន​ពរ​ដល់​ពួកគេ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ព្រះ​ដ៏​ជា​ជំនួយ « នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំងអស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី » ( យ៉ូហាន ១៤:២៦ ) ។

តួនាទី​សំខាន់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អ្នក​បង្ហាញ​សេចក្ដីពិត ( សូមមើល យ៉ូហាន ១៦:១៣ ) ។ ព្រះវរបិតាសួគ៌​របស់​យើង​គឺ​ជា​ប្រភព​នៃ​សេចក្ដីពិត​ដែល​បាន​បើក​សម្ដែង​ទាំងអស់ មិន​ថា​វា​កើត​ឡើង​តាម​រយៈ​ព្យាការី អ្នកមើលឆុត និង​អ្នកទទួល​វិវរណៈ ឬ​ចំពោះ​យើង​ផ្ទាល់​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពេល​យើង​ខិតខំ​ដើម្បី​មាន​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះវរបិតាសួគ៌​របស់​យើង​នឹង​ដឹកនាំ​យើង​ឆ្លងកាត់​សូម្បី​តែ​គ្រា​ដ៏​លំបាក​បំផុត ។

ចូរ​សូម ចូរ​រក ចូរ​គោះ

ដ្បិត​ព្រះវរបិតាសួគ៌​របស់​យើង​ចង់​បំផុស​គំនិត បង្រៀន ទូន្មាន និង​កសាង​យើង នោះ​យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ « ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក » ( ម៉ាថាយ ៧:៧; សូមមើល​ផងដែរ លូកា ១១:៩; នីហ្វៃទី៣ ១៤:៧ ) ។

នៅ​ពេល​ដែល​នីហ្វៃ​បាន​ឮ​ពាក្យសម្ដីរបស់​លីហៃ​ជា​ឪពុក​របស់​លោក​ទាក់ទង​នឹង​ការនិមិត្ត​អំពី​ដើមជីវិត នោះ​នីហ្វៃ​បាន​និយាយ​ថា លោក « ក៏​ប្រាថ្នា​ចង់​ឃើញ និង​ឮ និង​ដឹង​នូវ​រឿង​ទាំងនេះ​ដែរ គឺ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជា​អំណោយទាន​នៃ​ព្រះ​ដល់​អស់​អ្នក​ណា ដែល​ព្យាយាម​ស្វែងរក​ទ្រង់ » ( នីហ្វៃទី១ ១០:១៧ ) ។

ការស្វែងរក​សេចក្ដីពិត​ទាមទារ​ឲ្យ​មាន ភាពឧស្សាហ៍​ព្យាយាម ។ នៅពេល​យើង​ឧស្សាហ៍​ព្យាយាម យើង​ខិតខំ​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ស្មោះ​ត្រង់ និង​មុតមាំ ដើម្បី​ដឹង​អំពី​សេចក្ដីពិត និង​ឆន្ទៈ​របស់​ព្រះអម្ចាស់​សម្រាប់​ជីវិត​របស់​យើង ។ ភាពឧស្សាហ៍​ព្យាយាម​ក្នុង​ការស្វែងរក​សេចក្ដីពិត​មកពី​ព្រះអម្ចាស់​ធ្វើ​ឲ្យ​យើង​ខិត​ទៅកាន់តែ​ជិត​ទ្រង់​គ្រប់​ដំណាក់កាល​នៃ​ជីវិត​របស់​យើង ។

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​រៀន​តាំង​ពី​ក្មេង​នៅក្នុង​ជីវិត​របស់​លោក​ថា វិធី​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ស្វែងរក​សេចក្ដីពិត​គឺ​ត្រូវ​ស្វែងរក​ចម្លើយ​ដោយ​ស្មោះ​ត្រង់​ចំពោះ​សំណួរ​នានា ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្ដិ ១:១០, ១៨ ) ។ យើង​អាច​សួរ​សំណួរ​ខាង​ក្រោម​នេះ​ខណៈពេល​ដែល​កំពុង​ស្វែងរក​សេចក្ដីពិត ។ ចម្លើយ​បង្ហាញ​លំនាំ​មួយ​ដែល​យើង​អាច​ធ្វើ​តាម​ដើម្បី​មក​ស្គាល់​សេចក្ដីពិត ។

ស្ត្រី​កំពុង​កាន់​ព្រះគម្ពីរ និង​កំពុង​អធិស្ឋាន

តើ​យើង​បែរ​ទៅ​រក​អ្នកណា​ដើម្បី​បាន​សេចក្ដីពិត ?

នៅ​ចុង​បញ្ចប់​នៃ​ព្រះគម្ពីរ​មរមន ព្យាការី​មរ៉ូណៃ​អញ្ជើញ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ទូល​សួរ​ព្រះ​ដោយ​មាន​ចិត្ត​ស្មោះ ដោយ​មាន​បំណង និង​សេចក្ដី​ជំនឿ​ពិត​ប្រាកដ​ទៅ​លើ​ព្រះគ្រីស្ទ « បើ​សិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត » ។ មរ៉ូណៃ​បាន​ថ្លែង​ទីបន្ទាល់​ថា​ព្រះ « នឹង​សម្ដែង​សេចក្ដីពិត​នៃ [ ព្រះគម្ពីរ​មរមន ] ដល់​អ្នក ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហើយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្តីពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ( មរ៉ូណៃ ១០:៤–៥ ) ។

ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង បាន​បង្កើត​នូវ​វិធី​ដ៏​មាន​ប្រយោជន៍ និង​អាច​ដំណើរការ​បាន​មួយ ដែល​បុត្រា​បុត្រី​របស់​ទ្រង់​អាច​ទូលសូម​ពី​ទ្រង់​បាន ( សូមមើល យ៉ាកុប ១:៥ ) ហើយ​ខិត​កាន់តែ​ជិត​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ រៀងរាល់​ម៉ោង—ថែម​ទាំង គ្រប់ ពេល​ទាំងអស់​ទៀត​ផង ។ វិធី​សាមញ្ញ​តែ​មាន​ឥទ្ធិពល​នេះ​គឺ​ការអធិស្ឋាន ។

ការបង្រៀន​របស់​អាលម៉ា​ទៅ​កាន់​ហេលេមិន កូន​ប្រុស​របស់​លោក អាច​អនុវត្ត​យ៉ាង​ពេញលេញ​ចំពោះ​យើង ៖ « ចូរ​អំពាវនាវ​ដល់​ព្រះ​នូវ​អស់​ទាំង​ការគាំទ្រ​របស់​កូន » ។ នៅក្នុង « អ្វីៗ​ទាំងអស់ … ហើយ​ទោះ​ជាទី​ណា​ដែល​កូន​ទៅ … ចូរ​បំបែរ​មនោសញ្ចេតនា​ទាំង​អស់​របស់​កូន ឆ្ពោះ​ទៅ​រក​ព្រះអម្ចាស់​វិញ មែន​ហើយ ចូរ​ដាក់​ចិត្ត​មេត្រី​របស់​កូន​ទៅ​លើ​ព្រះអម្ចាស់​ដរាប​ត​ទៅ » ( អាលម៉ា ៣៧:៣៦ ) ។ អាលម៉ា​ក៏​បាន​បង្រៀន​ផង​ដែរ​ថា « ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​នូវ​គ្រប់​កិច្ចការ​របស់​កូន ហើយ​ទ្រង់​នឹង​ដឹកនាំ​កូន​ទៅ​រក​ការ​ល្អ » ( អាលម៉ា ៣៧:៣៧ ) ។ យើង​មិន​ត្រូវការ​ពេល​វេលា ឬ​កន្លែង​ជាក់លាក់​ដើម្បី​អធិស្ឋាន​នោះទេ ។ ទោះ​បី​ជា​យើង​មិន​អាច​អធិស្ឋាន​ឮៗ​ជានិច្ច​បាន​ក៏​ដោយ ក៏​យើង​អាច​មាន​ការអធិស្ឋាន​នៅ​ក្នុង​ចិត្ត​របស់​យើង​ជានិច្ច​បាន​ផងដែរ ( សូមមើល អាលម៉ា ៣៤:២៧ ) ។

ចម្លើយ​ដែល​យើង​ទទួល​បាន​ចំពោះ​ការអធិស្ឋាន​របស់​យើង​ប្រហែល​ជា​មិន​មែន​ជា​អ្វី​ដែល​យើង​រំពឹង​ទុក​ជានិច្ច​នោះ​ទេ ។ ពេល​ខ្លះ​វា​ប្រហែល​ជា​ផ្ទុយ​ពី​បំណង​របស់​យើង​ទៀត​ផង ។ ការអធិស្ឋាន​របស់យើង​ក៏​ប្រហែល​ជា​ត្រូវ​ចាំ​ចម្លើយ​យូរ​ជាង​អ្វី​ដែល​យើង​ចង់​បាន ។ ពេល​ខ្លះ​ការអធិស្ឋាន​ទាំងនោះ​អាច​នឹង​ជួប​នឹង​ភាពស្ងៀមស្ងាត់​មួយ​រយៈ ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​គិតគូរ​អំពី​តម្រូវការ​របស់​យើង ។ ចម្លើយ​របស់​ទ្រង់​នឹង​តែងតែ​សម្រាប់​សេចក្ដី​ល្អ​របស់​យើង​ជានិច្ច ។ យើង​គ្រាន់តែ​ត្រូវ​ឈាន​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។ ( សូមមើល លូកា ១១:៩–១៣ ) ។

ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង​បាន​ប្រកាស​ថា យើង​នឹង​មិន​ទៅ​ដល់​ព្រះវរបិតាសួគ៌​ឡើយ​លុះ​ត្រាតែ​តាមរយៈ​ទ្រង់ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តីពិត ហើយ​ជា​ជីវិត » ។ « បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ( យ៉ូហាន ១៤:៦ ) ។ ការណ៍​នេះ​លុប​បំបាត់​ជម្រើស​ដទៃ​ផ្សេងទៀត ឬ​សូម្បី​តែ​ឧបសគ្គ​ណា​មួយ​នៅ​ក្នុង​ការទាក់ទង​របស់​យើង​ជាមួយ​ព្រះ​ផងដែរ ។ នេះ​ជា​មូលហេតុ​ដែល​ការអធិស្ឋាន សុន្ទរកថា ទីបន្ទាល់ ថ្នាក់រៀន និង​អ្វីៗ​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​យើង​ធ្វើ—នៅ​ក្នុង​ព្រះវិហារ នៅ​ផ្ទះ​ជាមួយ​ក្រុមគ្រួសារ​របស់​យើង ឬ​ដោយ​ខ្លួន​ឯង—គឺ​ធ្វើ​ឡើង​នៅក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​យើង​គួរ​មាន​អាកប្បកិរិយា​បែបណា ?

ដើម្បី​ស្វែងរក​សេចក្ដីពិត យើង​ត្រូវ​តែ​មាន​ចិត្ត​ស្មោះ និង​មាន​បំណង​ពិត​ប្រាកដ ។ នៅពេល​យើង​អំពាវនាវ​ដោយ​រាបសា​ទៅដល់​ព្រះវរបិតាសួគ៌ យើង​ធ្វើ​ឲ្យ​ខ្លួន​យើង​អាច​ធ្វើ​សកម្មភាព​បាន​ស្រប​តាម​ចម្លើយ​ដែល​យើង​ទទួល ហើយ​ពង្រីក​សមត្ថភាព​របស់​យើង​ដើម្បី​ធ្វើ​ដូច្នេះ ។

ភាពស្មោះស និង​បំណង​ពិត​ប្រាកដ​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះវរបិតាសួគ៌​នឹង​ចង់​ឲ្យ​យើង​ធ្វើ មិន​មែន​ជា​អ្វី​ដែល​យើង​ចង់​ធ្វើ​នោះ​ទេ ។ យើង​បង្ហាញ​ព្រះវរបិតា​យ៉ាង​ច្បាស់​នូវ​ការទុកចិត្ត​របស់​យើង​ទៅលើ​ទ្រង់ នៅពេល​ដែល​យើង « ងាយ​ប្រដៅ ស្លូតបូត ទាប​រាបសា អត់ឱន ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទទួល​នូវ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​អម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អ [ សម្រាប់​យើង ] » ( ម៉ូសាយ ៣:១៩ ) ។ តាម​រយៈ​គុណលក្ខណៈ​ទាំង​នេះ យើង​បាន​យល់ និង​ទុកចិត្ត​ថា ព្រះវរបិតាសួគ៌​នឹង​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង​ជានិច្ច ។

មនុស្ស​កំពុង​អង្គុយ និង​សម្លឹង​មើលទៅ​ភ្នំ

រូបថត​ដោយ លី ម៉ៃឃើល រ៉ាកដេល

តើ​ចម្លើយ​នឹង​បានមក​យ៉ាង​ដូចម្ដេច ?

ក្នុង​ការសម្រេច​ចិត្ត​ថា តើ​ត្រូវ​ទិញ ឬ​ជួល​ផ្ទះ ប្រពន្ធ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​អធិស្ឋាន ពិចារណា ហើយ​និយាយ​ច្រើន​អំពី​រឿង​នេះ ។ ទីបំផុត​អារម្មណ៍​មួយ​នេះ​បាន​ចូល​មក​ក្នុង​គំនិត និង​ដួងចិត្ត​របស់​យើង​ថា យើង​មិន​គួរ​ទិញ​ផ្ទះ​មួយ​ទេ ។ យើង​បាន​ធ្វើ​តាម​ដោយ​សេចក្ដី​ជំនឿ ស្រប​តាម​ចម្លើយ​ដែល​យើង​បាន​ទទួល ដោយ​មិន​ដឹង​ថា អ្វី​រៀប​នឹង​កើត​ឡើង​នៅក្នុង​ជីវិត​របស់​យើង​នោះទេ ។

ប្រហែល ១៨ ខែ ក្រោយ​មក​នៅ ខែ មេសា ឆ្នាំ ២០២២ ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ពួក​ចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ។ បន្ទាប់​ពី​សន្និសីទ​ទូទៅ​នៅ ខែ មេសា ឆ្នាំ ២០២២ យើង​មាន​រយៈ​ពេល​តែ​បី​សប្តាហ៍​ប៉ុណ្ណោះ​ដើម្បី​ចាកចេញ​ពី​ប្រទេស​ប្រេស៊ីល​សម្រាប់​ការចាត់តាំង​ដំបូង​របស់​យើង ។ ការរស់​នៅ​ក្នុង​ផ្ទះ​ជួល​នៅ​ពេល​នោះ​បាន​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការផ្លាស់ប្តូរ​មាន​ភាពងាយស្រួល​ជាង ។ ថ្ងៃនេះ រីជីណា និង​ខ្ញុំ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ព្រះអម្ចាស់​បាន​ដឹកនាំ​យើង​នៅក្នុង​ការសម្រេចចិត្ត​របស់​យើង ។

នីហ្វៃ​ក៏​បាន​ទទួល​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​លោក​ផងដែរ ។ តាមរយៈ​ការព្យាយាម​ស្វែងរក​សេចក្ដីពិត ហើយ​ជឿ និង​ទុកចិត្ត​ថា​ព្រះវរបិតាសួគ៌​នឹង​បង្ហាញ​សេចក្ដីពិត​ដល់​លោក នោះ​នីហ្វៃ​បាន​ទទួល​ពរជ័យ​ឲ្យ​ឃើញ​អ្វីៗ​ដែល​ឪពុក​របស់​លោក​បាន​ឃើញ ។ លោក​បាន​ឃើញ​ដើមជីវិត​ដែល​តំណាង​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ—ជា​សេចក្ដី​ស្រឡាញ់​ដែល « គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់ » និង « ជា​សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង » ( នីហ្វៃទី១ ១១:២២, ២៣ ) ។

តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះវរបិតាសួគ៌​របស់​យើង​បង្ហាញ​សេចក្ដីពិត​ដែល​មាន​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់ ។ ព្រះអម្ចាស់​បាន​បើក​សម្ដែង​តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នឹង​មាន​បន្ទូល​ទៅ​កាន់​គំនិត និង​ចិត្ត​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨:២ ) « ជ្រួត​ជ្រាប … មក​ក្នុង​អារម្មណ៍ [ របស់​យើង ] » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៨:១ ) ជាហេតុ​ធ្វើ​ឲ្យ « ទ្រូង​របស់ [ យើង ] ខ្មួលខ្មាញ់​ខាង​ក្នុង » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩:៨ ) បំពេញ​ព្រលឹង​យើង​ដោយ​អំណរ បំភ្លឺ​គំនិត​របស់​យើង ឬ​និយាយ​ដោយ​ភាពសុខសាន្ត​ដល់​ចិត្ត​ដែល​មាន​បញ្ហា​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១១:១៣; ៦:១៤–១៥, ២២–២៣ ) ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា សេចក្ដីពិត​របស់​ព្រះ​បាន​បំបាត់​ការសង្ស័យ និង​ការភ័យខ្លាច ហើយ​ពង្រឹង​ទីបន្ទាល់​របស់​យើង ។ ខ្ញុំ​សូម​ប្រកាស​ជាមួយ​នឹង​នីហ្វៃ​ថា « ដ្បិត​អ្នក​ណា​ដែល​ព្យាយាម​រក​នឹង​ឃើញ » ( នីហ្វៃទី១ ១០:១៩ ) ។ ព្រះ​នឹង​បើក​សម្ដែង​សេចក្ដីពិត ប្រសិន​បើ​យើង​ស្វែងរក​វា​ដោយ​ឧស្សាហ៍​ព្យាយាម ដ្បិត​ទ្រង់ « ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ » ដោយ​ឧស្សាហ៍​ព្យាយាម ( ហេព្រើរ ១១:៦ ) ។ ហើយ​ទ្រង់​នឹង​ធ្វើ​ដូច្នោះ​យ៉ាង​ច្បាស់ ដែល​វា​នឹង​មិន​បន្សល់​ទុក​នូវ​ការសង្ស័យ​ទេ​ថា ព្រះហស្ដ​របស់​ទ្រង់​ដឹកនាំ​ជីវិត​របស់​យើង ។

កំណត់​ចំណាំ

  1. សូមមើល រីឆាដ ជី ស្កត « Using the Supernal Gift of Prayer » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៨–១១ ។