« ពន្លឺរបស់យើងនៅក្នុងទីរហោស្ថាន » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។
ពន្លឺរបស់យើងនៅក្នុង ទីរហោស្ថាន
អ្នកទាំងឡាយណាដែលអានព្រះគម្ពីរមរមនដោយស្មោះសរ រស់នៅតាមសិក្ខាបទរបស់វា ហើយអធិស្ឋានអំពីសេចក្ដីពិតដ៏ពេញលេញរបស់វា នឹងទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ហើយបង្កើនសេចក្ដីជំនឿ និងទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។
ខ្ញុំបានមានទីបន្ទាល់មួយអំពីព្រះគម្ពីរមរមន តាំងពីនៅក្មេងមកម្ល៉េះ ។ ខ្ញុំបានមានអារម្មណ៍ទាក់ទាញជាពិសេសចំពោះរឿងរបស់បងរបស់យ៉ារេឌ និងប្រជាជនរបស់លោកនៅក្នុងដំណើររបស់ពួកគេទៅកាន់ « ដែនដីសន្យា » ( អេធើរ ២:៩ ) ។
នៅពេលប្រឈមមុខទៅនឹងការរំពឹងនៃការធ្វើដំណើរក្នុងនាវាដែលមិនមានពន្លឺ នោះបងរបស់យ៉ារេឌបានទូលសួរថា « ឱព្រះអម្ចាស់អើយ តើព្រះអង្គទុកឲ្យយើងខ្ញុំឆ្លងកាត់ទឹកដ៏ធំនេះក្នុងភាពងងឹតឬ ? » ព្រះអម្ចាស់បានឆ្លើយតបថា « តើអ្នកចង់ឲ្យយើងធ្វើអ្វី ដើម្បីឲ្យអ្នកមានពន្លឺនៅក្នុងភេត្រាទាំងឡាយរបស់អ្នក ? » ( អេធើរ ២:២២, ២៣ ) ។
បងរបស់យ៉ារេឌបានដឹងហើយថា ព្រះអម្ចាស់មានអំណាចទាំងអស់ ។ លោកបានដឹងថា ព្រះអម្ចាស់ជាប្រភពនៃពន្លឺទាំងអស់ ។ លោកបានដឹងថា ព្រះអម្ចាស់បានបញ្ជាឲ្យរាស្ត្រទ្រង់អំពាវនាវដល់ទ្រង់ក្នុងគ្រាដែលត្រូវការ ។ ដូច្នេះ ដោយអនុវត្តសេចក្ដីជំនឿលើព្រះអម្ចាស់ បងរបស់យ៉ារេឌបានរៀបចំក្រួសតូចៗចំនួន ១៦ ដុំ ។ បងប្អូនចាំថា បន្ទាប់មកលោកបានទូលសូមព្រះអម្ចាស់ឲ្យពាល់ក្រួសទាំងនោះដោយព្រះអង្គុលីរបស់ទ្រង់ « ឲ្យវាអាចបានភ្លឺចែងចាំងក្នុងទីងងឹត » ( អេធើរ ៣:៤ ) ។
រូបភាពរបស់ព្រះអម្ចាស់ពាល់ក្រួសទាំងនោះបានដក់នៅក្នុងគំនិតរបស់ខ្ញុំ តាំងពីខ្ញុំបានអានរឿងនោះជាលើកដំបូងម៉្លេះ ។ ខ្ញុំអាចមើលឃើញទិដ្ឋភាពនោះហាក់ដូចជាវាបានកើតឡើងនៅនឹងមុខខ្ញុំអ៊ីចឹង ។ ប្រហែលនោះគឺដោយសារតែរូបភាពនៃភាពងងឹតដែលបានធ្វើឲ្យរសាត់ទៅដោយពន្លឺគឺពិតចំពោះខ្ញុំ ។
នៅពេលខ្ញុំមិនទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលខ្ញុំងាកចេញបន្តិចពីព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នោះខ្ញុំទទួលអារម្មណ៍នៃភាពងងឹត ។ ប៉ុន្តែនៅពេលខ្ញុំអានព្រះគម្ពីរមរមន ពន្លឺក៏ត្រឡប់មកវិញ ។ ព្រះគម្ពីរមរមនគឺដូចជាក្រួសដ៏ភ្លឺចែងចាំងដែលបានពាល់ដោយព្រះអម្ចាស់ ។ វាបានបំភ្លឺការធ្វើដំណើររបស់ខ្ញុំនៅក្នុងជីវិត ។
ពន្លឺជារៀងរហូត
ដូចជាអ្នកទាំងឡាយដែលបាននាំមកដោយព្រះហស្ដរបស់ព្រះអម្ចាស់ទៅកាន់ទ្វីបអាមេរិកពីបុរាណដែរ យើងទាំងអស់គ្នាប្រឈមមុខទៅនឹងព្យុះ និងថ្ងៃងងឹតនៅក្នុងអំឡុងពេលធ្វើដំណើររបស់យើងទៅកាន់ដែនដីសន្យានៃភាពលើកតម្កើង ។ ប៉ុន្តែព្រះអម្ចាស់នឹងធ្វើសម្រាប់យើងនូវអ្វីដែលទ្រង់បានធ្វើសម្រាប់ពួកសាសន៍យ៉ារេឌ និងពួកសាសន៍នីហ្វៃ ។ ទ្រង់នឹងដឹកនាំយើង ហើយបំភ្លឺផ្លូវរបស់យើង—បើយើងគោរពតាមទ្រង់ អនុវត្តសេចក្ដីជំនឿលើទ្រង់ ហើយទូលអង្វរសូមជំនួយរបស់ទ្រង់ ។
ព្រះអម្ចាស់បានប្រាប់នីហ្វៃថា « ហើយយើងក៏នឹងទៅជាពន្លឺរបស់អ្នករាល់គ្នានៅក្នុងទីរហោស្ថានដែរហើយយើងនឹងរៀបចំផ្លូវសម្រាប់អ្នករាល់គ្នាបើសិនជាអ្នករាល់គ្នាកាន់តាមបញ្ញត្តិទាំងឡាយរបស់យើងហេតុដូច្នោះហើយដរាបណាអ្នករាល់គ្នាកាន់តាមបញ្ញត្តិទាំងឡាយរបស់យើងនោះអ្នករាល់គ្នានឹងត្រូវបាននាំទៅដែនដីសន្យាហើយអ្នករាល់គ្នានឹងដឹងថាគឺយើងនេះហើយដែលបាននាំអ្នករាល់គ្នាទៅ »( នីហ្វៃទី១ ១៧:១៣ ) ។
ព្រះជាម្ចាស់បានប្រាប់យ៉ាកុប ជាបងប្រុសរបស់នីហ្វៃថា « យើងនឹងធ្វើជាពន្លឺដល់គេជាដរាប ដល់អស់អ្នកណាដែលស្ដាប់តាមពាក្យទាំងឡាយរបស់យើង » ( នីហ្វៃទី២ ១០:១៤ ) ។
ព្យាការី អ័ប៊ីណាដៃបានធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទថា « ទ្រង់ជាពន្លឺ ហើយជាជីវិតនៃពិភពលោក មែនហើយ ជាពន្លឺមួយដែលមិនចេះចប់មិនចេះហើយ ដែលពុំអាចធ្វើឲ្យងងឹតបានឡើយ » ( ម៉ូសាយ ១៦:៩ ) ។
ព្រះអង្គសង្គ្រោះផ្ទាល់បានថ្លែងទីបន្ទាល់ថា « យើងជាពន្លឺ ហើយជាជីវិតនៃពិភពលោក » ។ ទ្រង់បានបន្ថែមថា « មើលចុះយើងជាពន្លឺ យើងបានធ្វើជាគំរូដល់អ្នករាល់គ្នា » ( នីហ្វៃទី៣ ៩:១៨; ១៨:១៦ ) ។
ទទួលអារម្មណ៍ពីពន្លឺ
ខ្ញុំស្រឡាញ់ព្យាការីរបស់យើងគឺ ប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំមានពរជ័យដោយបានបម្រើនៅក្បែរលោក ។ នៅពេលលោកដើរចូលបន្ទប់មួយ បន្ទប់នោះមានអារម្មណ៍ភ្លឺជាងមុនភ្លាម ។ លោកកាន់ពន្លឺនៃព្រះគ្រីស្ទជាមួយនឹងលោក ។
ពន្លឺនៃព្រះគ្រីស្ទគឺពិត ។ វា « គឺជាកម្លាំង អំណាច ឬឥទ្ធិពលដ៏ទេវភាព ដែលមានមកពីព្រះតាមរយៈព្រះគ្រីស្ទ ហើយផ្ដល់ជីវិត និងពន្លឺដល់អ្វីៗទាំងអស់ » ។ វាគឺជាអំណោយទានខាងវិញ្ញាណដ៏វិសេសមួយ ដែលអាចនាំបុត្រាបុត្រីរបស់ព្រះទៅកាន់ព្រះវិញ្ញាណបរិសុទ្ធ និងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។១ ការអានព្រះគម្ពីរមរមនពង្រឹងពន្លឺនោះ ។
ពេលខ្លះយើងត្រូវត្រឡប់ទៅមើលជីវិតរបស់យើងវិញ ដើម្បីចងចាំអំពីរបៀបដែលយើងបានទទួលជំនួយនៅក្នុងការធ្វើដំណើររបស់យើង ។ នៅពេលយើងក្រឡេកមើលក្រោយ យើងអាចទទួលអារម្មណ៍ពីឥទ្ធិពលរបស់ព្រះអង្គសង្គ្រោះម្ដងទៀត ។ នៅពេលដែលព្រះគម្ពីរនិយាយថា « ចូរចងចាំចុះ ចូរចងចាំចុះ » ( ហេលេមិន ៥:១២ ) ខ្ញុំគិតថា ពួកគេប្រាប់យើងថា « មិនគ្រាន់តែចាំពីអ្វីដែលយើងធ្លាប់បានដឹង និងទទួលអារម្មណ៍នោះទេ ប៉ុន្តែទទួលអារម្មណ៍ពីពន្លឺនោះម្ដងទៀត » ។
សម្រាប់អ្នកខ្លះ ការទទួលអារម្មណ៍ពីពន្លឺខាងវិញ្ញាណកើតឡើងយ៉ាងងាយស្រួល ។ សម្រាប់អ្នកដទៃទៀត ពន្លឺខាងវិញ្ញាណអាចពិបាកក្នុងការទទួលអារម្មណ៍ ដោយសារតែការតស៊ូផ្ទាល់ខ្លួន ឬការរំខានខាងលោកិយ ។ ប៉ុន្តែ បើយើងមានចិត្តស្មោះត្រង់ នោះពន្លឺនឹងមក—ជួនកាលតាមរបៀបដែលយើងមិនរំពឹងទុក ។
ប្រធាន ណិលសុន ដែលបានទូន្មានយើងឲ្យ « សិក្សាព្រះគម្ពីរមរមន រាល់ថ្ងៃ ប្រកបដោយការអធិស្ឋាន »២ បានចែកចាយអំពីរបៀបមួយចំនួន ដែលព្រះគម្ពីរមរមនអាចនាំយើងឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ហើយជួយយើងឲ្យទទួលអារម្មណ៍ពីពន្លឺនៃដំណឹងល្អ យល់ដឹងអំពីសេចក្ដីពិតនៃដំណឹងល្អ និងរស់នៅតាមការបង្រៀននៃដំណឹងល្អ ។
ប្រធាន ណិលសុនបានមានប្រសាសន៍ថា នៅពេលយើងអានព្រះគម្ពីរមរមន នោះការយល់ដឹងរបស់យើង និងការដឹងគុណរបស់យើងចំពោះដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទនឹងរីកចម្រើនឡើង ។
យើងនឹងមានបំណងប្រាថ្នាដើម្បីបាន « កើតម្ដងទៀត » ( ម៉ូសាយ ២៧:២៥ ) កាលដែលព្រះគម្ពីរនេះជួយយើងឲ្យដកពិសោធន៍ការផ្លាស់ប្ដូរក្នុងដួងចិត្ត ( សូមមើល ម៉ូសាយ ៥:២ ) ។
នៅពេលយើងអាន និងសិក្សាអំពីការបង្រៀនរបស់ព្រះគម្ពីរមរមនស្ដីពីការប្រមូលផ្តុំវង្សអ៊ីស្រាអែល នោះយើងនឹងមានអារម្មណ៍ថាមានបំណងប្រាថ្នាកាន់តែខ្លាំងឡើងក្នុងការស្វែងរកមរណជនរបស់យើង ហើយធ្វើពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងសម្រាប់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ។
យើងនឹងទទួលអារម្មណ៍ពីពន្លឺ កាលដែលយើងទទួលចម្លើយចំពោះសំណួររបស់យើង ទទួលការណែនាំនៅក្នុងការធ្វើការសម្រេចចិត្ត និងទទួលកម្លាំងដើម្បីប្រែចិត្ត និងទប់ទល់ទៅនឹងអំពើអាក្រក់ ។
ហើយពេលយើងអានសេចក្ដីពិតដែលមាននៅក្នុងព្រះគម្ពីរមរមន នោះយើងនឹងទទួលអារម្មណ៍នៃការព្យាបាល ការលួងលោម ការស្តារឡើងវិញ ជំនួយ ការពង្រឹង ការលើកទឹកចិត្ត និងការរីករាយដល់ព្រលឹងយើង ។៣
« ឱបើដូច្នោះ តើការណ៍នេះពុំមែនពិតទេឬអី ? » អាលម៉ាបានសួរអំពីការរីករាលដាល បណ្ដុះគ្រាប់ពូជនៃសេចក្ដីពិត ចំណេះដឹង និងទីបន្ទាល់ ។ « ខ្ញុំសូមប្រាប់អ្នកថា មែនហើយ ពីព្រោះនេះជាពន្លឺ ហើយអ្វីក៏ដោយ ដែលជាពន្លឺគឺល្អ ពីព្រោះវាអាចញែកចេញបាន ហេតុដូច្នេះហើយ អ្នកត្រូវដឹងថាវាល្អ » ( អាលម៉ា ៣២:៣៥ ) ។
ស្វែងរកព្រះអង្គសង្គ្រោះនៅក្នុងទីងងឹត
នៅពេលមិត្តខ្ញុំឈ្មោះ ខេមរីន មានអាយុ ១០ ឆ្នាំ នាងបានឆ្លងជំងឺភ្នែកដ៏កម្រម៉្យាងប៉ុន្តែជាអចិន្ត្រៃយ៍មួយ ដែលបង្ករោគនៅក្នុងកែវភ្នែកខាងស្តាំរបស់នាង ។៤ ជួនកាលនៅពេលការឈឺចាប់ដែលទាក់ទងទៅនឹងជំងឺនោះមានឥតឈប់ឈរ និងមិនអាចទ្រាំបាន ខេមរីនមិនអាចស៊ូទ្រាំនឹងពន្លឺបានឡើយ ។ ដោយព្រួយបារម្ភថានាងប្រហែលជាខ្វាក់ភ្នែក ឪពុកម្ដាយរបស់នាងបានធ្វើឲ្យបង្អួចបន្ទប់គេងរបស់នាងងងឹត ដើម្បីព្យាយាមធ្វើឲ្យនាងមានភាពស្រណុកស្រួល ។ ម្តាយរបស់ ខេមរីន ឈ្មោះ ចេនណា បានរំឭក ៖
« ប្រហែលជា ៤ ខែ ក្រោយពីការវិនិច្ឆ័យរោគរបស់នាង ខ្ញុំបានដើរចូលទៅក្នុងបន្ទប់ដ៏ងងឹតរបស់នាង ។ នៅពេលភ្នែកខ្ញុំបានសម្របទៅនឹងទីងងឹត នោះខ្ញុំអាចមើលឃើញ ខេមរីន រួញខ្លួនដូចជាទារកនៅលើគ្រែរបស់នាង ។ នាងឈឺចាប់ខ្លាំងណាស់ ដែលនាងមិនបានកម្រើកខ្លួន ឬសូម្បីតែយំឡើយ នៅពេលនាងបានឮខ្ញុំចូលមក ។ នាងគ្រាន់តែដេកនៅទីនោះដោយបិទភ្នែកហើមទាំងសងខាង ។
« ខ្ញុំបានលុតជង្គង់ក្បែរគ្រែនាង កាន់ដៃនាង ហើយច្របាច់ដៃនាងបីដង—គឺជាកូដសម្ងាត់របស់យើងសម្រាប់ ‹ ម៉ាក់ស្រឡាញ់កូន › ។ ជាធម្មតានាងនឹងច្របាច់ដៃបួនដងសម្រាប់ « កូនស្រឡាញ់ម៉ាក់ជាង » ប៉ុន្តែនាងមិនបានឆ្លើយតបទេ ។ នាងឈឺចាប់ខ្លាំងហួស ។ ជាមួយនឹងទឹកភ្នែកហូរចុះលើផ្ពាល់របស់ខ្ញុំ ខ្ញុំបានមើលទៅកូនអាយុ ១០ ឆ្នាំដែលធ្លាប់តែរស់រវើករបស់ខ្ញុំក្លាយទៅជាទ្រុតទ្រោម ។ ដួងចិត្តរបស់ខ្ញុំខ្ទេចខ្ទាំ » ។
ចេនណាបានអធិស្ឋានដោយស្ងៀមស្ងាត់ អស់ពីចិត្ត ។
« ខ្ញុំបានទូលប្រាប់ព្រះវរបិតាសួគ៌ថា ខ្ញុំបានដឹងថាទ្រង់បានដឹងច្បាស់បំផុត ប៉ុន្តែខ្ញុំបានអធិស្ឋានថា ‹ សូមជួយនាងផង › ។ ពេលខ្ញុំអង្គុយអធិស្ឋាននៅទីនោះ រលកនៃភាពកក់ក្ដៅបានបក់ផាត់មកលើខ្ញុំ ។ ខ្ញុំមានអារម្មណ៍ស្ងប់ស្ងាត់ កាលដែលមានគំនិតមួយអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទបានចូលមកក្នុងខួរក្បាលរបស់ខ្ញុំ ៖ ‹ ទ្រង់ជាពន្លឺ ។ ចូរស្វែងរកទ្រង់នៅក្នុងទីងងឹត › » ។
ចេនណាបានងើបក្បាលឡើង ហើយខ្សឹបដាក់ត្រចៀករបស់ខេមរីន ៖ « កូនត្រូវតែស្វែងរកព្រះអង្គសង្គ្រោះនៅក្នុងទីងងឹត » ។
បន្ទាប់មក ខេមរីនបានស្ដាប់ទំនុកតម្កើង និងព្រះគម្ពីរនៅក្នុងកម្មវិធីបណ្ណាល័យសាសនាចក្រ ហើយគេងលក់ទៅ ។
ជំងឺរបស់ខេមរីនមិនកើតឡើងជាប់រហូតនោះទេ ប៉ុន្តែនៅពេលដែលនាងរងការឈឺចាប់ដោយសារវារើឡើង ចេនណា និង ដារីន ស្វាមីរបស់គាត់បានលួងលោមនាង ហើយដាក់ផួយបាំងបង្អួចនៅបន្ទប់គេងរបស់នាងម្តងទៀត ។ អំឡុងពេលដ៏ឈឺចាប់ទាំងនោះ ខេមរីននិយាយថា « ខ្ញុំគ្រាន់តែស្វែងរកព្រះអង្គសង្គ្រោះនៅក្នុងទីងងឹតប៉ុណ្ណោះ » ។៥
នៅពេលដែលជីវិតហាក់ដូចជា « ទីរហោស្ថានដ៏ងងឹត និងអាប់អួមួយ » ( នីហ្វៃទី១ ៨:៤ ) យើងក៏អាចនឹងត្រូវតែស្វែងរកព្រះអង្គសង្គ្រោះនៅក្នុងទីងងឹតផងដែរ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមរមន ដោយមានសាក្សីរបស់វាថា « ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ជាព្រះដ៏នៅអស់កល្បជានិច្ច »៦ នឹងដឹកនាំយើងទៅកាន់ទ្រង់ ។ ខ្ញុំដឹងថា អ្នកទាំងឡាយណាដែលអានព្រះគម្ពីរមរមនដោយស្មោះសរ រស់នៅតាមសិក្ខាបទរបស់វា ហើយអធិស្ឋានអំពីសេចក្ដីពិតដ៏ពេញលេញរបស់វា នឹងទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ហើយបង្កើនសេចក្ដីជំនឿ និងទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។
សូមយើងបង្ហាញការដឹងគុណចំពោះព្រះគម្ពីរដ៏ « ត្រឹមត្រូវបំផុត » នេះ៧ ដោយអានវា លើកតម្កើងវា និងប្រើវាដើម្បីពង្រឹងសេចក្ដីជំនឿរបស់យើង និងសេចក្ដីជំនឿរបស់អ្នកដទៃនៅក្នុងកម្មវិធី បំភ្លឺពិភពលោក ។