លីអាហូណា
ហ្វ្រេកង់​ត្រឹមត្រូវ
ខែ មករា ឆ្នាំ ២០២៤


« ហ្វ្រេកង់​ត្រឹមត្រូវ » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ហ្វ្រេកង់​ត្រឹមត្រូវ

ខ្ញុំ​មិន​បាន​យល់​អំពី​មូលហេតុ​ដែល​អ្នកបើក​យន្តហោះ​ដែល​បាន​វង្វេង​នោះ​មិន​បាន​ទាក់ទង​ជាមួយនឹង​យើង​នោះទេ ។

រូបភាព
យន្តហោះ​ខ្នាត​តូច​ដែល​មាន​ប៉ម​ត្រួត​ពិនិត្យ​ចរាចរណ៍​តាម​ផ្លូវ​អាកាស​នៅ​ផ្ទៃ​ខាង​ក្រោយ

រូបភាពដោយ រ៉ជឺ មុតគូសាត

នៅ​រសៀល​មួយ​អំឡុង​ពេល​ហាត់សម​របស់​ខ្ញុំ ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​នៅ​ព្រលាន​យន្ត​ហោះ​នៅក្នុង​ទីក្រុង ទីជូអាណា ប្រទេស ម៉ិកស៊ិក នោះ​គ្រូបង្រៀន​របស់​ខ្ញុំ និង​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា មាន​អ័ព្ទ​ដ៏​ក្រាស់​មួយ​មក​ពី​មហាសមុទ្រ​បាន​គ្រប​ដណ្តប់​ព្រលាន​យន្តហោះ និង​ផ្នែក​ធំ​មួយ​នៃ​ទី​ក្រុង​នេះ ។ ទោះ​ជា​យ៉ាង​ណា រយៈ​ចម្ងាយ​ដែល​មើល​ឃើញ​នឹង​ភ្នែក​គឺ​ស្ថិត​នៅ​ក្នុង​ដែនកំណត់​ដែល​អនុញ្ញាត​ឲ្យ​យន្តហោះ​ចុះ​ចត និង​ហោះ​ចេញ​បាន ។

មិន​យូរ​ប៉ុន្មាន យើង​បាន​រកឃើញ​យន្តហោះ​តូច​មួយ Cessna 172 នៅលើ​រ៉ាដា មកពី​ភាគ​ខាងត្បូង​តាម​បណ្តោយ​ឆ្នេរសមុទ្រ ហោះហើរ​តាម​ច្បាប់​ដែល​អ្នកបើកបរ​ធ្វើ​ប្រតិបត្តិការ​យន្តហោះ​នៅក្នុង​លក្ខខណ្ឌ​អាកាសធាតុ ដែល​ជាទូទៅ​ច្បាស់​គ្រប់គ្រាន់​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកបើក​យន្តហោះ​មើលឃើញ​កន្លែង​ដែល​យន្តហោះ​កំពុង​ទៅ ( VFR ) ។ នៅក្រោម VFR អ្នកបើក​យន្តហោះ​កំណត់​ទីតាំង​ខ្លួនឯង​តាម​ដែល​អាច​មើលឃើញ ជាមួយនឹង​ចំណុច​យោង​នៅលើ​ដី ដើម្បី​ទៅដល់​គោលដៅ​របស់​ពួកគេ ។

ជា​អកុសល អ្នកបើក​យន្តហោះ​នោះ​បាន​វង្វេង​នៅ​ក្នុង​អ័ព្ទ ។ ដោយ​ហោះហើរ​ជា​រង្វង់​នៅ​តំបន់​ឆ្នេរ​សមុទ្រ គាត់​បាន​ព្យាយាម​កំណត់​ទីតាំង​ខ្លួនឯង​ថា​នៅ​ខាង​ណា​នៃ​ព្រលាន​យន្តហោះ ប៉ុន្តែ​រយៈ​ចម្ងាយ​ដែល​អាច​មើល​ឃើញ​នឹង​ភ្នែក​បាន​រារាំង​ការមើល​ឃើញ​របស់​គាត់ ។ ខ្ញុំ​បាន​សួរ​គ្រូ​របស់​ខ្ញុំ​ថា តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​គាត់​បាន ។

គាត់​បាន​ឆ្លើយ​តប​ថា « គាត់​ចាំបាច់​ត្រូវ​មួល​វិទ្យុ​ឲ្យ​ត្រូវ​នឹង​ហ្វ្រេកង់​រលក​ធាតុអាកាស​របស់​ប៉ម ហើយ​ទាក់ទង​ជាមួយនឹង​យើង » ។ « បើ​មិន​ដូច្នោះ​ទេ យើង​មិន​អាច​ធ្វើ​អ្វី​សម្រាប់​គាត់​បាន​ទេ » ។

ខ្ញុំ​មិន​បាន​យល់​អំពី​មូលហេតុ​ដែល​អ្នកបើក​យន្តហោះ​ដែល​បាន​វង្វេង​នោះ​មិន​បាន​ទាក់ទង​ជាមួយនឹង​យើង​នោះទេ ។ តើ​គាត់​មាន​បញ្ហា​ជាមួយ​វិទ្យុ​របស់​គាត់​ឬ ? តើ​គាត់​មាន​អារម្មណ៍​ថា គាត់​អាច​ចេញ​ពី​គ្រោះថ្នាក់​ដោយ​ខ្លួន​ឯង​បាន​ឬ ?

ជា​ច្រើន​នាទី​បាន​កន្លង​ផុត​ទៅ ។ ទីបំផុត អ្នកបើក​យន្តហោះ​នោះ​បាន​មួល​វិទ្យុ​ត្រូវ​នឹង​ហ្វ្រេកង់​របស់​ប៉ម ។ គាត់​បាន​សុំ​ជំនួយ​ទាំង​មាន​សំឡេង​ព្រួយ​បារម្ភ ។ ភ្លាម​នោះ​យើង​បាន​ផ្តល់​ការណែនាំ​ដល់​គាត់​ដើម្បី​នាំ​គាត់​ទៅ​កាន់​ផ្លូវ​ព្រលាន​យន្តហោះ​ដោយ​សុវត្ថិភាព ។ គាត់​គ្រាន់តែ​ត្រូវ​ទុកចិត្ត​ទៅលើ​ការណែនាំ​របស់​យើង និង​ឧបករណ៍​ហោះហើរ​របស់​គាត់​ប៉ុណ្ណោះ ។

ដោយ​ឃើញ​យន្តហោះ​ចេញ​ពី​អ័ព្ទ​ពីរ​បី​នាទី​ក្រោយ​មក ហើយ​បន្ទាប់​មក​ចុះ​ចត​ដោយ​សុវត្ថិភាព នោះ​យើង​មាន​អំណរ ដែល​មិន​អាច​ពិពណ៌នា​បាន ។

នៅ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​បាន​ពិចារណា​អំពី​អ្វី​ដែល​អ្នកបើក​យន្តហោះ​នោះ​បាន​ជួប​ប្រទះ ។ ការទាក់ទង​មក​យើង​ពី​ហ្វ្រេកង់​រលក​ធាតុអាកាស​ដ៏​ត្រឹមត្រូវ ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​រវាង​ការទទួល​ជំនួយ ឬ​ការហោះហើរ​ជា​រង្វង់—ឬ​អាក្រក់​ជាង​នេះ​ទៅទៀត ។

ដូច​ជា​អ្នកបើក​យន្តហោះ​នេះ​ដែរ ខ្ញុំ​បាន​វង្វេង​ពេល​ខ្លះ​នៅ​ក្នុង « អ័ព្ទ​នៃ​សេចក្ដី​ងងឹត » ( នីហ្វៃទី១ ៨:២៣ ) ។ នៅពេល​ខ្ញុំ​ត្រូវការ​ការណែនាំ​ពី​ព្រះ ទ្រង់​រង់ចាំ​ដោយ​អត់ធ្មត់​ដើម្បី​ស្តាប់​សំឡេង​របស់​ខ្ញុំ ។

ដូច​ដែល​ខ្ញុំ​អាច​មើល​ឃើញ​យន្តហោះ​ដែល​វង្វេង​នៅ​លើ​រ៉ាដា​នោះ​ដែរ ព្រះវរបិតាសួគ៌​របស់​យើង​ទតឃើញ​យើង និង​ឧបសគ្គ​នានា​របស់​យើង ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ទ្រង់​ផ្ដល់​ការណែនាំ​ដល់​យើង ។ ទ្រង់​ប្រទាន​ជំនួយ​តាមរយៈ​ការអធិស្ឋាន ព្រះគម្ពីរ ព្យាការី​ដែល​នៅរស់ និង​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​នឹង​ដឹកនាំ​យើង​ចេញ​ពី​គ្រោះថ្នាក់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ប្រសិន​បើ​យើង​ស្តាប់​តាម​ហ្វ្រេកង់​ដែល​ត្រឹមត្រូវ ស្នើ​សុំ​ការណែនាំ ហើយ​ស្តាប់​តាម​ព្រះ​សូរ្យសៀង​របស់​ទ្រង់ ។

បោះពុម្ព