« ការយកឈ្នះលើភាពគ្មានគោលដៅខាងវិញ្ញាណ—តើខ្ញុំត្រូវធ្វើអ្វីនៅពេលនេះ ? » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។
យុវមជ្ឈិមវ័យ
ការយកឈ្នះលើ ភាពគ្មានគោលដៅ ខាងវិញ្ញាណ—តើខ្ញុំត្រូវធ្វើអ្វីនៅពេលនេះ ?
ពេលយើងកំពុងដើរឆ្ពោះទៅរកព្រះយេស៊ូវគ្រីស្ទ យើងមិនដែលគ្មានគោលដៅឡើយ ។
ការឈានជើងចូលទៅក្នុងយុវមជ្ឈិមវ័យគឺគួរឲ្យរំភើបណាស់ចំពោះខ្ញុំ ។ ខ្ញុំបានត្រៀមខ្លួនដើម្បីចាប់ផ្ដើមស្ថាបនាជីវិតដែលខ្ញុំតែងតែចង់បាន ។ ខ្ញុំបានបម្រើបេសកកម្មមួយនៅប្រទេសប្រេស៊ីល ហើយបន្ទាប់មកបានចូលរៀននៅសាកលវិទ្យាល័យពេលខ្ញុំត្រឡប់មកផ្ទះវិញ ។ ខ្ញុំបានទទួលសញ្ញាប័ត្ររបស់ខ្ញុំ បានរកការងារល្អមួយ ហើយបានខិតខំរស់នៅជាសិស្សម្នាក់នៃព្រះគ្រីស្ទ ។
ហើយខ្ញុំនៅតែស្ថិតនៅក្នុងដំណាក់កាលនេះនៃជីវិតនៅឡើយ ។ គ្រាន់តែខំអស់ពីសមត្ថភាពរបស់ខ្ញុំដើម្បីធ្វើតាមទ្រង់ ។
ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះឱកាស និងពរជ័យដែលខ្ញុំមានមកទល់ពេលនេះ ។ ប៉ុន្តែ ពេលខ្ញុំក្រឡេកមើលក្រោយ ហើយឃើញថា ខ្ញុំបានធ្វើសេចក្ដីសញ្ញាទាំងអស់ ដែលខ្ញុំអាចធ្វើបានរហូតដល់ចំណុចនេះ ( ក្រៅពីអាពាហ៍ពិពាហ៍ ) ហើយបានឈានដល់គោលដៅធំៗដែលខ្ញុំតែងតែគ្រោងទុក ពេលខ្លះខ្ញុំមានអារម្មណ៍ថាជាប់គាំងបន្តិច—គឺមិនច្បាស់ពីរបៀបដើម្បីរីកចម្រើន ជាពិសេសខាងវិញ្ញាណ ។
ខ្ញុំបានមើលយុវមជ្ឈិមវ័យនៅជុំវិញខ្ញុំជួបការពិបាកផងដែរ ។ អ្នកខ្លះថែមទាំងបានចាកចេញពីសាសនាចក្រដោយសារពួកគេមានអារម្មណ៍ថាគ្មានគោលដៅ ឬប្រឈមមុខនឹងការរំពឹងទុកដែលមិនបានបំពេញ ។ ជាញឹកញាប់ សកម្មភាពរបស់ពួកគេបានបន្ថែមទៅក្នុងបញ្ជីសំណួរសម្រាប់ជីវិតរបស់ខ្ញុំ ។
ទោះជាយ៉ាងណា នៅពេលនេះសំណួរដ៏ធំបំផុតរបស់ខ្ញុំសម្រាប់ព្រះវរបិតាសួគ៌គឺជាសំណួរទាំងនេះ ៖ តើខ្ញុំអាចយកឈ្នះលើអារម្មណ៍នៃភាពគ្មានគោលដៅខាងវិញ្ញាណនេះយ៉ាងដូចម្ដេច ? តើខ្ញុំគួរតែធ្វើអ្វីទៅឥឡូវនេះ ?
នៅពេលដែលខ្ញុំបានដោះស្រាយសំណួរទាំងនេះ ខ្ញុំបានរៀនសេចក្ដីពិតសំខាន់ៗមួយចំនួន ដែលបានជួយខ្ញុំឲ្យធ្វើដំណើរឆ្លងកាត់ពេលវេលានៃភាពមិនច្បាស់លាស់នេះ ។
សូមកុំឲ្យការរំខានធ្វើឲ្យបងប្អូនធ្លាក់ចេញពីផ្លូវ
អំឡុងពេលនេះនៃការមិនដឹងថាត្រូវបត់ទៅកន្លែងណាបន្ទាប់ទៀត ឬអ្វីដែលត្រូវរំពឹង នោះខ្ញុំបានកត់សម្គាល់ពីរបៀបដែលការរំខាននៃពិភពលោកអាចចាប់ផ្តើមមានអាទិភាពយ៉ាងងាយស្រួលលើរឿងខាងវិញ្ញាណ ។ បងស្រី រេបិកា អិល ក្រេវិន ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានយុវនារីទូទៅ បានមានប្រសាសន៍ថា « ពិភពលោកត្រូវបានផ្ទុកដោយការរំខានដែលអាចបញ្ឆោតដល់ពួកអ្នករើសតាំង បណ្តាលឲ្យពួកគេមិនយកចិត្តទុកដាក់ក្នុងការរស់នៅតាមសេចក្ដីសញ្ញារបស់ពួកគេ »។១
ខ្ញុំបានឃើញយុវមជ្ឈិមវ័យផ្សេងទៀតមានបញ្ហាជាមួយនឹងទីបន្ទាល់របស់ពួកគេ បន្ទាប់ពីត្រឡប់មកពីបេសកកម្មរបស់ពួកគេវិញ ។ ខ្ញុំក៏បានឃើញពីរបៀបដែលមនុស្សមួយចំនួនឈានដល់ព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត ដូចជាការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ឬការរៀបអាពាហ៍ពិពាហ៍ ហើយនៅទីបំផុតធ្លាក់ចេញពីអ្វីដែលសំខាន់បំផុត នៅពេលដែលពួកគេមិនអនុញ្ញាតឲ្យមានកន្លែងសម្រាប់ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទក្នុងទម្លាប់ថ្មីរបស់ពួកគេ ។
ខ្ញុំក៏បានឆ្លងការណ៍ល្អ និងការណ៍អាក្រក់ខាងវិញ្ញាណផងដែរ ។ ពេលខ្លះវាពិបាកដើម្បីមានការជំរុញទឹកចិត្ត និងមិនខ្ជិលច្រអូស នៅពេលដែលនិយាយដល់ទម្លាប់ខាងវិញ្ញាណ ជាពិសេសនៅពេលដែលពរជ័យជាក់លាក់មិនបានមកដល់ភ្លាមៗដូចដែលខ្ញុំបានសង្ឃឹមទុក ។ ខ្ញុំតែងតែចង់រីកចម្រើន និងប្រសើរឡើង—ខ្ញុំមិនចង់មានភាពរាំងស្ទះខាងវិញ្ញាណទេ ។ ប៉ុន្តែពេលខ្លះខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្រាន់តែធ្វើតាមគេតាមឯងដោយគ្មានគោលបំណងមួយឡើយ ។
ទោះជាយ៉ាងណា នៅពេលដែលខ្ញុំបានកំណត់ពេលវេលាសម្រាប់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ ជាពិសេសតាមរបៀបដ៏តូច និងសាមញ្ញ ( សូមមើល អាលម៉ា ៣៧:៦ ) នោះខ្ញុំទទួលអារម្មណ៍លួងលោម និងមានស្ថេរភាព ដែលដំណឹងល្អរបស់ទ្រង់នាំមកដល់ខ្ញុំ ទោះបីជាពិភពលោកនេះមិនមានស្ថេរភាពក៏ដោយ ។
ប្រធាន រ័សុល អិម ណិលសុន បាននិយាយថា « ខ្ញុំសូមអង្វរបងប្អូនឲ្យទុកឲ្យព្រះឈ្នះនៅក្នុងជីវិតបងប្អូន ។ សូមថ្វាយពេលវេលារបស់បងប្អូនទៅទ្រង់ឲ្យបានសមរម្យ ។ កាលបងប្អូនធ្វើដូច្នោះ សូមកត់សម្គាល់អំពីអ្វីដែលនឹងកើតឡើងដល់សន្ទុះវិជ្ជមានខាងវិញ្ញាណរបស់បងប្អូន » ។២ ពេលខ្ញុំ ជ្រើសរើស ដោយមនសិការ ដើម្បីមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ ហើយកំណត់ពេលសម្រាប់ទម្លាប់ខាងវិញ្ញាណទាំងនោះដែលភ្ជាប់ខ្ញុំទៅនឹងទ្រង់ នោះខ្ញុំចាំពីគ្រាខាងវិញ្ញាណដ៏ច្បាស់របស់ខ្ញុំ ហើយស្គាល់ពីគោលបំណង សេចក្ដីសង្ឃឹមសម្រាប់អនាគត និងសេចក្ដីជំនឿជាថ្មីឡើងវិញ។
ស្វែងរកឥទ្ធិពលល្អ
ពេលមួយទៀតដែលខ្ញុំមានអារម្មណ៍ថាគ្មានគោលដៅគឺអំឡុងឆ្នាំចុងក្រោយនៃសាកលវិទ្យាល័យរបស់ខ្ញុំ ។ ជីវិតគឺពិបាកណាស់ ។ វាគឺអំឡុងពេលរោគរាតត្បាត ដូច្នេះខ្ញុំធ្លាក់ទឹកចិត្តពេលដែលខ្ញុំជាប់នៅក្នុងផ្ទះ ហើយត្រូវបញ្ចប់ថ្នាក់ទាំងឡាយ ។ ជីវិតខ្ញុំពិតជាខ្វះការណែនាំ និងការភ្ជាប់ទំនាក់ទនងបែបនោះមែន ។
ខ្ញុំថែមទាំងបានមានបញ្ហាជាមួយសាសនាចក្រនៅពេលនោះទៀតផង ។ ជាញឹកញាប់ ខ្ញុំត្រូវតែបង្ខំឲ្យខ្លួនឯងងើបចេញពីគ្រែនៅក្នុងសម្លៀកបំពាក់គេងរបស់ខ្ញុំ ដើម្បីស្តាប់ការប្រជុំសាក្រាម៉ង់តាមប្រព័ន្ធអ៊ីនធឺណិត ពីព្រោះនោះគឺជាការជំរុញទាំងអស់ដែលខ្ញុំអាចប្រមូលបាន ។
អំឡុងពេលដ៏ងងឹតនេះ ខ្ញុំបានឈោងទៅគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំ ហើយបានពន្យល់ពួកគេថា ខ្ញុំមានអារម្មណ៍ថាគ្មានគោលដៅ និងធ្លាក់ទឹកចិត្តយ៉ាងណា ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនមានក្តីសង្ឃឹមសម្រាប់ពេលអនាគតទេ ហើយមិនដឹងថាអ្វីៗនឹងទៅជាយ៉ាងណាទេ ។ ហើយនោះគឺជាពេលដែលពួកគេបានប្រាប់ខ្ញុំថា ពួកគេកំពុងអធិស្ឋានសម្រាប់ខ្ញុំ និងគាំទ្រខ្ញុំទោះបីជាពួកគេនៅឆ្ងាយក៏ដោយ ។
នៅពេលខ្ញុំបានឈោងទៅមនុស្សជាទីស្រឡាញ់ ដែលមានសេចក្ដីជំនឿយ៉ាងជ្រាលជ្រៅ ហើយពេលខ្ញុំបានអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ជាមួយនឹងការជំរុញទឹកចិត្តខាងវិញ្ញាណតែបន្តិចនោះ ខ្ញុំទទួលអារម្មណ៍ពីការគាំទ្រ និងសេចក្ដីស្រឡាញ់ជានិរន្តរ ។
ខ្ញុំបានកត់សម្គាល់ឃើញថា នៅពេលដែលខ្ញុំផ្តោតអារម្មណ៍ខ្លាំងទៅលើការរំពឹងទុកដែលមិនបានបំពេញរបស់ខ្ញុំ ការសង្ស័យរបស់ខ្ញុំ ឬការលំបាករបស់ខ្ញុំ សេចក្ដីជំនឿរបស់ខ្ញុំត្រូវបានបោះចូលទៅក្នុងភាពច្របូកច្របល់ ។ ខ្ញុំបាត់បង់ការឃើញពីពរជ័យនៅក្នុងជីវិតខ្ញុំ ។ ប៉ុន្តែដោយការហ៊ុំព័ទ្ធខ្លួនខ្ញុំយ៉ាងសកម្មដោយអ្វីដែលល្អៗ ដោយការអានពរជ័យរបស់លោកអយ្យកោរបស់ខ្ញុំ ស្តាប់សារសន្និសីទទូទៅ និងចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ដែលជះឥទ្ធិពលល្អចំពោះខ្ញុំ ខ្ញុំផ្តោតឡើងវិញទៅលើភាពខុសគ្នាដ៏អស្ចារ្យនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលកើតឡើងក្នុងជីវិតខ្ញុំ ។
ទោះបីជាបងប្អូនមិនមានផ្លូវច្បាស់លាស់នៅចំពោះមុខបងប្អូននៅពេលខ្លះ ឬអ្វីៗមិនដំណើរការដូចដែលបានគ្រោងទុកក៏ដោយ ក៏នៅតែមានភាពល្អជាច្រើននៅក្នុងជីវិតបងប្អូន និងឱកាសជាច្រើនដែលបងប្អូនអាចរកបានដើម្បីជួយបងប្អូនឲ្យរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញា ។ តែងតែមានអ្វីបន្ថែមទៀតដើម្បីរៀន និងដើម្បីរីកចម្រើន ជាពិសេសខាងវិញ្ញាណ ។ អធិស្ឋានទូលសូមការណែនាំពីព្រះវរបិតាសួគ៍ ទ្រង់នឹងជួយបងប្អូនឲ្យស្វែងរក និងឃើញនូវឥទ្ធិពល និងឱកាសល្អៗសម្រាប់ការរីកចម្រើន និងការរៀនសូត្រដែលនៅជុំវិញបងប្អូន ( សូមមើល មាត្រានៃសេចក្ដីជំនឿ ១:១៣ ) ។
បន្តខិតខំ
ពេលខ្លះ ជីវភាពខាងព្រលឹងវិញ្ញាណរបស់យើងផ្ទាល់អាចចូលទៅក្នុងរលក—ឡើង ហើយចុះ ។ ពេលខ្លះយើងអាចមានអារម្មណ៍រឹងមាំចំពោះសេចក្ដីជំនឿរបស់យើង និងសេចក្ដីអំណរនៃដំណឹងល្អ ។ ប៉ុន្តែនៅពេលផ្សេងទៀតយើងអាចពិបាកដឹងថាកន្លែងណាដែលត្រូវបត់ទៅបន្ទាប់ទៀត ។ យើងអាចមានការលំបាកពេលមានឧបសគ្គកើតឡើង ពេលមានសំណួរ ឬពេលពរជ័យត្រូវពន្យារពេល ជាពិសេសនៅពេលយើងកំពុងធ្វើអស់ពីសមត្ថភាពដើម្បីរស់នៅតាមដំណឹងល្អ ។ នៅគ្រាលំបាកទាំងនេះ ខ្ញុំតែងតែឃើញមនុស្សដើរលើផ្លូវមួយក្នុងចំណោមផ្លូវពីរ ៖ ផ្លូវមួយគឺពួកគេឈោងទៅរកព្រះអង្គសង្គ្រោះ និងផ្លូវមួយទៀតគឺពួកគេមិនធ្វើដូច្នោះទេ ។
ពេលខ្លះខ្ញុំប្រៀបធៀបគ្រាទាំងនេះទៅនឹងរឿងរបស់ម៉ូសេ និងពស់លង្ហិន ( សូមមើល ជនគណនា ២១:៨–៩ ) ។ នៅពេលដែលសាសន៍អ៊ីស្រាអែលអស់សង្ឃឹមថាបានជាសះស្បើយបន្ទាប់ពីត្រូវពស់ពិសខាំ ម៉ូសេបានផ្ដល់វិធីងាយស្រួលដល់ពួកគេដើម្បីបានសង្គ្រោះ ៖ គ្រាន់តែក្រឡេកមើលសត្វពស់លង្ហិនដែលតំណាងឲ្យព្រះយេហូវ៉ា ។ នោះជាអ្វីតែមួយគត់ដែលពួកគេត្រូវធ្វើ ។ គ្រាន់តែសម្លឹងមើល ហើយពួកគេនឹងរស់ ។ ប៉ុន្តែមានមនុស្សជាច្រើនបានជ្រើសរើសមិនធ្វើ និងបានវិនាស ។ ( សូមមើល នីហ្វៃទី១ ១៧:៤១ ) ។
រឿងនេះធ្វើឲ្យខ្ញុំគិតអំពីរបៀបដែលយើងផ្ទុកទម្ងន់មានពិសនៃការខកចិត្ត និងការអាក់អន់ចិត្តពីការរំពឹងទុកដែលមិនបានបំពេញរបស់យើង ពេលខ្លះនៅពេលដែលការព្យាបាលគឺនៅនឹងមុខយើងតែម្ដង !
គន្លឹះចំពោះការទទួលអារម្មណ៍នៃសេចក្ដីសង្ឃឹម ភាពសុខសាន្ត និងសេចក្ដីជំនឿចំពោះអនាគតរបស់យើងគឺគ្រាន់តែមើលទៅព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេលេមិន ៨:១៤–១៥; យ៉ូហាន ៣:១៤–១៧ ) ។
ខ្ញុំតែងតែជាអ្នករិះគន់យ៉ាងខ្លាំងចំពោះខ្លួនឯងនៅពេលខ្ញុំធ្វើកំហុស ។ ប៉ុន្ដែដោយសារខ្ញុំពិតជាបានខិតខំរៀនអំពីទ្រង់ទាំងពីរអង្គ ហើយជឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ខ្ញុំដឹងថាខ្ញុំតែងតែអាចពឹងផ្អែកលើទ្រង់ទាំងពីរអង្គដើម្បីបានការអភ័យទោស ការរីកចម្រើន និងការព្យាបាលក្នុងគ្រាលំបាកៗ ។ ខ្ញុំដឹងថា ពេលខ្ញុំកំពុងសម្លឹងរកទ្រង់ទាំងពីរអង្គ តាមរយៈការអធិស្ឋាន ការសិក្សា ចូរមកតាមខ្ញុំ ការចំណាយពេលនៅក្នុងព្រះវិហារបរិសុទ្ធ និងពង្រីកការហៅបម្រើរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ដឹងគុណ និងថ្មីឡើងវិញ ។
ពេលខ្ញុំស្វែងរកទ្រង់ទាំងពីរអង្គ ខ្ញុំឃើញដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាអ្វីដែលជាភាពពិតរបស់វា ៖ ជាជម្រកមួយដែលផ្ដល់ឲ្យយើងនូវភាពលួងលោម សុវត្ថិភាព និងការព្យាបាលពីពស់នៃពិភពលោក ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានធ្វើជាសាក្សីប្រកបដោយសេចក្ដីក្ដីស្រឡាញ់ ៖ « ‹ ការភ្លឺថ្លានៃសេចក្ដីសង្ឃឹម › នោះកើតចេញចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប—នោះគឺជាអ្វីដែលយើងចង់បានសម្រាប់ក្មួយ ។ … ការមានភាពភ្លឺថ្លានៃសេចក្តីសង្ឃឹមនោះនៅជាមួយ នឹងក្លាយជាការខ្សឹបប្រាប់ដែលមិនអាចបដិសេធថា ព្រះស្រឡាញ់ក្មួយ ថាព្រះគ្រីស្ទគឺជាអង្គគាំទ្ររបស់ក្មួយ ថាដំណឹងល្អពិត ។ ការភ្លឺថានៃសេចក្តីសង្ឃឹមនេះនឹងរំឭកក្មួយថា នៅក្នុងដំណឹងល្អតែងតែ—មានឱកាសថ្មី ជីវិតថ្មី ឆ្នាំថ្មី រៀងរាល់ថ្ងៃ—រៀងរាល់នាទី ។ ឱ នេះជាអព្ភូតហេតុមួយដ៏អស្ចារ្យអ្វីម៉្លេះ ! ឱ នេះគឺជាអំណោយដ៏មហិមាម៉្លេះ ! ហើយដោយសារតែអំណោយទាននៃព្រះគ្រីស្ទ អ្វីដែលល្អបំផុតក្នុងជីវិតនេះគឺជារបស់ផងយើង ប្រសិនបើយើងបន្តជឿយ៉ាងខ្ជាប់ខ្ជួន និងបន្តព្យាយាម ព្រមទាំងបន្តសង្ឃឹម » ។៣
ឆ្ពោះទៅរកព្រះយេស៊ូវគ្រីស្ទ
ភាពជាយុវមជ្ឈិមវ័យនាំមកនូវការផ្លាស់ប្តូរជាច្រើន មានភាពមិនច្បាស់លាស់ច្រើន ហើយពេលខ្លះថែមទាំងមានការរំពឹងទុកដែលមិនបានបំពេញទៀតផង ។ ប៉ុន្តែដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺតែងតែប្រាកដ ហើយតែងតែមានស្ថេរភាពជានិច្ច ។ ហើយការសន្យារបស់ទ្រង់ និងព្រះវរបិតាសួគ៌របស់ទ្រង់គឺប្រាកដ ដរាបណាយើងបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញានោះ ។ ពេលខ្លះពិភពលោកអាចធ្វើឲ្យមានការលំបាកខ្លាំងណាស់ ដើម្បីរក្សាការផ្តោតរបស់យើងទៅលើទ្រង់ ។ ប៉ុន្តែការឈានទៅមុខមួយជំហានដែលនាំយើងទៅរកទ្រង់គឺជាការរីកចម្រើន ។ ពេលយើងកំពុងដើរឆ្ពោះទៅរកព្រះយេស៊ូវគ្រីស្ទ យើងមិនដែលគ្មានគោលដៅឡើយ—គឺយើងកំពុងតែដើរឆ្ពោះទៅរកសេចក្ដីសង្ឃឹម ភាពសុខសាន្ត និងអំណរ ។
អ្នកនិពន្ធរស់នៅទីក្រុង ម៉ានឆែសស្តើរ ប្រទេស អង់គ្លេស ។