« ការក្លាយជាសាក្សីម្នាក់ » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។
ចូរមកតាមខ្ញុំ
ទំព័របុព្វកថានៃព្រះគម្ពីរមរមន
ការក្លាយជាសាក្សីម្នាក់
នៅនិទាឃរដូវឆ្នាំ ១៨២៩ ម៉ារី និង ពេត្រុស វិតមើរ បានស្វាគមន៍ យ៉ូសែប និង អិមម៉ា ស្ម៊ីធ ព្រមទាំង អូលីវើរ ខៅឌើរី ចូលទៅក្នុងផ្ទះរបស់ពួកគេដើម្បីអាចបញ្ចប់ការបកប្រែផ្ទាំងមាស ។ វាទាមទារពេលវេលារបស់ម៉ារីខ្ពស់ណាស់ ។ គាត់បានថែរក្សាមនុស្សប្រាំបួននាក់នៅក្នុងផ្ទះរបស់គាត់ផ្ទាល់ ហើយបានជួយកូនៗដែលបានរៀបការហើយរបស់គាត់ដែលរស់នៅក្បែរនោះ ។
កូនប្រុសទាំងប្រាំនាក់របស់ម៉ារី និង ( ទីបំផុត ) កូនប្រសារប្រុសទាំងពីរនាក់របស់គាត់ បានក្លាយជាសាក្សីជាផ្លូវការអំពីផ្ទាំងមាសនៅខែ មិថុនា ឆ្នាំ ១៨២៩ ។ នៅខែដដែលនោះម៉ារីបានទទួលសាក្សីមួយរបស់គាត់ផ្ទាល់ ។
នៅខាងក្រៅផ្ទះរបស់គាត់ បុរសសក់ប្រផេះម្នាក់ដែលមានកាបូបនៅលើស្មារបស់គាត់បានទៅជិតម៉ារី ហើយបាននិយាយថា « ខ្ញុំឈ្មោះ មរ៉ូណៃ ។ អ្នកអស់កម្លាំងខ្លាំងណាស់រាល់ថ្ងៃជាមួយនឹងការងារបន្ថែមជាច្រើនដែលត្រូវធ្វើ » ។ ដោយដោះថង់យាមចេញពីស្មារបស់លោក មរ៉ូណៃបានបន្តថា « អ្នកមានសេចក្តីស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារអ្នក ។ ហេតុដូច្នេះហើយ វាជាការត្រឹមត្រូវណាស់ ដែលអ្នកគួរតែបានធ្វើជាសាក្សីម្នាក់ដើម្បីឲ្យសេចក្តីជំនឿអ្នកត្រូវបានពង្រឹង » ។ បន្ទាប់មកលោកបានបង្ហាញនូវអ្វីដែលនៅក្នុងថង់យាមរបស់លោក—គឺផ្ទាំងមាស ។១
ម៉ារីបានក្លាយជាសាក្សីនៃផ្ទាំងមាសដូចជាសាក្សីបីនាក់ និងសាក្សីប្រាំបីនាក់ដែរ ដែលទីបន្ទាល់របស់ពួកគាត់ស្ថិតនៅក្នុងទំព័របុព្វកថានៃព្រះគម្ពីរមរមន ។ ភាពរាបសា និងភាពឧស្សាហ៍ព្យាយាមរបស់ម៉ារីបានរៀបចំគាត់ដើម្បីធ្វើជាសាក្សីម្នាក់ ។ ទីបន្ទាល់របស់គាត់មិនត្រូវបានសរសេរនៅក្នុងទំព័របុព្វកថានៃព្រះគម្ពីរមរមនទេ ហើយឈ្មោះរបស់គាត់មិននៅលើផ្ទាំងលោហធាតុ បូជនីយដ្ឋាន ឬគំនិតរបស់ពួកបរិសុទ្ធជាច្រើនដែលមកតាមក្រោយគាត់នោះទេ ។ ទោះបីជាការរួមចំណែកប្រចាំថ្ងៃរបស់គាត់នៅក្នុងផ្ទះ និងគ្រួសាររបស់គាត់ទំនងជាមិនត្រូវបានកត់សម្គាល់ដោយមនុស្សជាច្រើន តែព្រះបានដឹងពីអ្វីដែលគាត់ធ្វើ ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
« ព្រះអម្ចាស់វិនិច្ឆ័យខុសគ្នាខ្លាំងណាស់ពីរបៀបដែលយើងវិនិច្ឆ័យ ។ ទ្រង់ពេញព្រះទ័យនឹងអ្នកបម្រើដ៏ខ្ពង់ខ្ពស់ មិនមែនអ្នកបម្រើខ្លួនឯងនោះទេ ។
« ពួកអ្នកដែលរាបសាក្នុងជីវិតនេះនឹងពាក់មកុដនៃសិរីរុងរឿងនៅជីវិតបន្ទាប់នេះ » ។២
បញ្ជីរបស់មរ៉ូណៃត្រូវបានបកប្រែទៅជាព្រះគម្ពីរមរមន ហើយយើងអាចទទួលបានសាក្សីមួយអំពីភាពពេញលេញរបស់វា ស្របទៅតាមការសន្យាដែលមរ៉ូណៃបានទុកនៅក្នុងទំព័រចុងក្រោយទាំងឡាយ ៖ « ខ្ញុំសូមទូន្មានដល់អ្នករាល់គ្នា ឲ្យសូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ចដោយនូវព្រះនាមនៃព្រះគ្រីស្ទ បើសិនជាការណ៍ទាំងនេះមិនពិត ហើយបើសិនជាអ្នករាល់គ្នា សូមសួរដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ នោះទ្រង់នឹងសម្ដែងសេចក្ដីពិតនៃការណ៍នេះដល់អ្នក ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » ( មរ៉ូណៃ ១០:៤ ) ។
តើបងប្អូនធ្លាប់មានអារម្មណ៍ថា បន្ទុករបស់បងប្អូនធំណាស់ ប៉ុន្តែការខិតខំរបស់បងប្អូនមិនមានគេដឹងដែរឬទេ ? ព្រះវរបិតាសួគ៌ទ្រង់ស្គាល់បងប្អូន ហើយទ្រង់ដឹងពីអំពើល្អដែលបងប្អូនធ្វើ ។ ពេលបងប្អូនទៅធ្វើកិច្ចការល្អ ( សូមមើល កិច្ចការ ១០:៣៨ ) គឺបម្រើដោយមិនត្រូវការការសរសើរ ហើយស្រាវជ្រាវព្រះគម្ពីរ នោះព្រះវិញ្ញាណបរិសុទ្ធអាចបញ្ជាក់ពីសេចក្ដីពិតនៃដំណឹងល្អដល់បងប្អូនបាន ។
កូនៗរបស់ម៉ារី និង ពេត្រុស វិតមើរ ស៊ីញ្ញ័រ
គ្រីស្ទាន វិតមើរ |
យ៉ាកុប វិតមើរ |
យ៉ូហាន វិតមើរ |
ដាវីឌ វិតមើរ |
ខេតធើរីន វិតមើរ ( ភេជ ) |
ពេត្រុស វិតមើរ |
អេលីហ្សាប៊ែត អែន វិតមើរ ( អូលីវើរ ខៅឌើរី ) |
ម្នាក់ក្នុងចំណោមសាក្សីប្រាំបីនាក់ |
ម្នាក់ក្នុងចំណោមសាក្សីប្រាំបីនាក់ |
ម្នាក់ក្នុងចំណោមសាក្សីប្រាំបីនាក់ |
ម្នាក់ក្នុងចំណោមសាក្សីបីនាក់ |
បានរៀបការជាមួយ ហៃរាំ ភេជ ម្នាក់ក្នុងចំណោមសាក្សីប្រាំបីនាក់ |
ម្នាក់ក្នុងចំណោមសាក្សីប្រាំបីនាក់ |
បានរៀបការជាមួយ អូលីវើរ ខៅឌើរី ម្នាក់ក្នុងចំណោមសាក្សីបីនាក់ |