« ការស្វែងរកភាពពេញលេញតាមរយៈព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។
ចម្រើនវ័យដោយស្មោះត្រង់
ការស្វែងរកភាពពេញលេញតាមរយៈព្រះយេស៊ូវគ្រីស្ទ
ជាមួយនឹងសេរីភាព ឱកាស និងការផ្សងព្រេងដែលរកឃើញថ្មីរបស់ខ្ញុំ ដែលមកពីការឈានដល់ដំណាក់កាលមួយក្នុងជីវិតពេលដែលកូនៗធំពេញវ័យ និងផ្លាស់ចេញពីផ្ទះ ហេតុអ្វីខ្ញុំមិនមានអារម្មណ៍ថាបានពេញលេញ ? តើនៅខ្វះអ្វី ?
ទឹកភ្នែកបានហូរចុះមក នៅពេលខ្ញុំអធិស្ឋានទូលសូមភាពសុខសាន្ត នៅពេលដែលកូនប្រុសពៅរបស់ខ្ញុំបានបំពេញពាក្យអ្នកផ្សព្វផ្សាយសាសនារបស់គាត់ ។ ខ្ញុំពិតជាចង់ឲ្យគាត់ទៅបម្រើបេសកកម្មមួយ ។ ខ្ញុំពិតជាចង់មែន ។ ខ្ញុំបានបន្តព្យាយាមបញ្ចុះបញ្ចូលខ្លួនឯងពីរឿងនេះ ។
ខ្ញុំស្រឡាញ់ព្រះអង្គសង្គ្រោះរបស់ខ្ញុំ ហើយពិតជារំភើបចំពោះឱកាសរបស់កូនប្រុសខ្ញុំ ដើម្បីចែកចាយនូវអំណរដែលយើងអាចរកបានតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែក្នុងចិត្តខ្ញុំភ័យខ្លាចដែលគាត់ចាកទៅ ។ ខ្ញុំបានដឹងថា គាត់នឹងមិនត្រឡប់មកផ្ទះវិញទៀតទេ បន្ទាប់ពីបេសកកម្មរបស់គាត់ ។ ទោះបីជាគាត់រស់នៅផ្ទះក៏ដោយ វានឹងមិនដូចគ្នាទេ ។
មិត្តភក្តិរបស់ខ្ញុំបានប្រាប់ខ្ញុំថា ការឈានដល់ដំណាក់កាលមួយក្នុងជីវិតពេលដែលកូនៗធំពេញវ័យ និងផ្លាស់ចេញពីផ្ទះគឺអស្ចារ្យណាស់ ។ ស្វាមីរបស់ខ្ញុំ និងខ្ញុំមានចិត្តរំភើប ហើយទន្ទឹងរង់ចាំសេរីភាព និងឱកាសដែលយើងមិនមានពេលដែលយើងកំពុងចិញ្ចឹមកូនៗរបស់យើង ។
ដោយមានសេរីភាពថ្មីនេះ ខ្ញុំបានចូលរួមក្នុងសកម្មភាពជាច្រើន ។ ខ្ញុំបានធ្វើដំណើរជាមួយស្វាមីខ្ញុំ រៀនលេងព្យាណូខ្យល់សម្រាប់ការហៅរបស់ខ្ញុំ លេងជាមួយចៅៗរបស់ខ្ញុំ ហើយបានធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
ខ្ញុំបានរកឃើញការរំភើប និងការផ្សងព្រេង ។ ខ្ញុំបានរកឃើញភាពរីកចម្រើនផ្ទាល់ខ្លួន ។ ខ្ញុំបានរកឃើញរឿងដ៏អស្ចារ្យនានា ។
ប៉ុន្តែតែងតែដូចជាខ្លះអ្វីមួយ ។ អ្វីមួយនៅតែមិននៅទីនោះ ។ នៅពេលកូនប្រុសខ្ញុំចាកចេញ គាត់បានយកបេះដូងខ្ញុំមួយចំណែកធំទៅជាមួយ ដែលខ្ញុំហាក់ដូចជាមិនអាចបំពេញបានចន្លោះនោះបានទេ ។
ប្រហែលមួយឆ្នាំក្រោយពីកូនប្រុសខ្ញុំបានចាកចេញ ខ្ញុំមានការខឹងសម្បារយ៉ាងខ្លាំងដែលមានកម្រិតដូចគ្នានឹងការខឹងសម្បាររបស់កូនៗខ្ញុំពេលពួកគេនៅក្មេងដែរ ។ ស្វាមីខ្ញុំសម្លឹងមើលខ្ញុំ ហើយនិយាយថា « មីឈែល អូនត្រូវធ្វើការបម្រើ » ។ ខ្ញុំបានចុះឈ្មោះសម្រាប់ឱកាសបម្រើមួយ ។
តែបេះដូងខ្ញុំនៅតែបានឈឺចាប់ ។ ខ្ញុំមានការលំបាកក្នុងការចូលរួមក្នុងការបម្រើ ឬការផ្សងព្រេងណាផ្សេងទៀតដែលទាក់ទាញចិត្ត ។ ជាមួយនឹងកូនៗរបស់ខ្ញុំទាំងអស់បានចេញពីផ្ទះ ខ្ញុំមានអារម្មណ៍ថា ជីវិតខ្ញុំនឹងមិនល្អទៀតទេ ។
យប់មួយពេលខ្ញុំអធិស្ឋានទូលសូមជំនួយ ព្រះវិញ្ញាណបានប្រាប់ខ្ញុំថា ខ្ញុំកំពុងជួបប្រទះនូវភាពទទេដែលកើតចេញពីការបាត់បង់—ការបាត់បង់គោលបំណង ។ ខ្ញុំបានគិតថា ខ្ញុំបានដោះស្រាយនឹងភាពសោកសៅជាក់លាក់នោះ ដោយបំពេញជីវិតរបស់ខ្ញុំជាមួយនឹងសកម្មភាពដ៏អស្ចារ្យទាំងអស់នោះ ។
ការស្វែងរកចម្លើយ
នៅពេលដែលខ្ញុំស្វែងរកចម្លើយ ខ្ញុំបានរកឃើញសេចក្ដីថ្លែងការណ៍នេះពីប្រវត្តិរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ៖ « នៅពេលយើងបាត់បង់ [ អ្វីមួយ ឬនរណាម្នាក់ ] ដែលយើងបានដាក់ចិត្តលើ យើងគួរតែមានការប្រុងប្រយ័ត្ន ។ … សេចក្ដីស្រឡាញ់របស់យើងគួរតែត្រូវបានដាក់ទៅលើព្រះ និងកិច្ចការរបស់ទ្រង់ខ្លាំងជាងនៅលើមិត្ដភ័ក្តិរបស់យើង » ។១
ពន្លឺមួយរំពេចបានទម្លុះពពកងងឹតមកលើបេះដូងរបស់ខ្ញុំ ។ ខ្ញុំបានព្យាយាមបំពេញនូវប្រហោងនៃភាពសោកសៅដ៏ជ្រៅរបស់ខ្ញុំជាមួយនឹងអ្វីៗដែលជាសកម្មភាព និងបទពិសោធន៍ផ្សេងៗ—ការបម្រើ ការស្រលាញ់ ការស្វែងរកទេពកោសល្យ ។ ទាំងអស់ជារឿងល្អ ប៉ុន្តែវាមិនបានបំពេញប្រហោងចន្លោះរបស់ខ្ញុំទេ ។ វាមិនបានព្យាបាលតាមរបៀបដែលខ្ញុំត្រូវការនោះទេ ។
ខ្ញុំបានដឹងថា សេចក្ដីសុខសាន្ត និងការបំពេញបែបនោះអាចកើតឡើងតែតាមរយៈព្រះអង្គសង្រ្គោះរបស់យើងប៉ុណ្ណោះ គឺព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវបានបង្រៀនថា « ខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិត » ( យ៉ូហាន ១៤:៦ ) ។ មានតែតាមរយៈទ្រង់ប៉ុណ្ណោះដែលយើងរកឃើញអំណរ និងភាពសុខសាន្ត ព្រមទាំងការពេញចិត្ត ។ ទំនុកដំកើង ១៦:១១ និយាយថា « ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្តីអំណរដ៏ពោរពេញ » ។
របៀបដែលខ្ញុំបានផ្លាស់ប្ដូរ
ជីវិតមិនបានផ្លាស់ប្ដូរភ្លាមៗទេ ។ ចិត្តខ្ញុំមិនបានជាសះស្បើយភ្លាមៗទេ ។ ប៉ុន្តែខ្ញុំបានដឹងថា ត្រូវដាក់ការផ្តោតរបស់ខ្ញុំនៅកន្លែងណាដើម្បីធ្វើឲ្យវាកើតឡើង ។
ការអធិស្ឋានរបស់ខ្ញុំបានផ្លាស់ប្ដូរ ។ ខ្ញុំបានចាប់ផ្ដើមទូលសូមព្រះវរបិតាសួគ៌ឲ្យជួយខ្ញុំសាងទំនាក់ទំនងដ៏រឹងមាំមួយជាមួយព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។ ពេលខ្ញុំបាក់ទឹកចិត្ត ខ្ញុំនឹងរំឭកខ្លួនឯងដោយមានស្មារតីថា ព្រះយេស៊ូវគ្រីស្ទបាននៅទីនោះសម្រាប់ខ្ញុំ ហើយតាមរយៈព្រះគុណនៃអំណាចដ៏ធួនរបស់ទ្រង់ ទ្រង់នឹងជួយខ្ញុំ ។ ការសិក្សាព្រះគម្ពីររបស់ខ្ញុំប្រែកាន់តែផ្តោតទៅលើការសាងទំនាក់ទំនងជាមួយទ្រង់ ។ វាត្រូវការពេល ប៉ុន្តែខ្ញុំនៅតែបន្តដឹកនាំអារម្មណ៍ ថាមពល និងគំនិតរបស់ខ្ញុំឆ្ពោះទៅកាន់ព្រះយេស៊ូវគ្រីស្ទ ។
ពេលខ្ញុំធ្វើដូច្នោះ ភាពងងឹតដ៏ធ្ងន់បានចាប់ផ្ដើមលើកឡើង ។ ខ្ញុំបានឃើញការរីករាយកាន់តែខ្លាំងនៅក្នុងទង្វើតូចតាចនៃការបម្រើ និងសេចក្ដីស្រឡាញ់ជារៀងរាល់ថ្ងៃ ។ ពន្លឺ និងសេចក្ដីសង្ឃឹមបានធ្វើឲ្យផ្លូវរបស់ខ្ញុំភ្លឺឡើង ហើយបំពេញភាពទទេនៅក្នុងចិត្តខ្ញុំ ។ ការដាក់ព្រះអង្គសង្រ្គោះជាទីមួយបានផ្ដល់អត្ថន័យ និងការរីករាយកាន់តែជ្រាលជ្រៅដល់គ្រប់ផ្នែកនៃជីវិតខ្ញុំ ចាប់តាំងពីការបម្រើរហូតដល់ការចំណាយពេលជាមួយគ្រួសារ ចាប់តាំងពីការធ្វើដំណើរទៅការអភិវឌ្ឍទេពកោសល្យរបស់ខ្ញុំ ។ អ្វីៗគ្រប់យ៉ាងបានប្រែទៅជាសម្បូរបែបពេលព្រះគ្រីស្ទនៅចំណុចកណ្ដាល ។
ការធ្វើដំណើររបស់មនុស្សគ្រប់គ្នាឆ្លងកាត់ពេលវេលាដែលផ្លាស់ប្តូរក្នុងជីវិតគឺមានភាពខុសៗគ្នា ។ ទោះជាយ៉ាងណា ដំណោះស្រាយចំពោះទុក្ខសោករបស់យើងគឺដើម្បីឆ្លើយតបទៅនឹងការហៅរបស់ព្រះគ្រីស្ទ នៅពេលទ្រង់មានបន្ទូលថា « មករកយើងដោយអស់ពីដួងចិត្ត ហើយយើងនឹងប្រោសឲ្យ [ អ្នក ] បានជា » ( នីហ្វៃទី៣ ១៨:៣២ ) ។ គឺមានតែតាមរយៈទ្រង់ប៉ុណ្ណោះ ដែលយើងនឹងរកឃើញការព្យាបាល ភាពសុខសាន្ត សេចក្តីស្រឡាញ់ និងអំណរដ៏ពិត ។
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។