« ១. « ការអភិវឌ្ឍភាពធន់នៅក្រោមភាពតានតឹង » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ៖ កូនសៀវភៅធនធាន ( ឆ្នាំ ២០២០ )
« ១. ការអភិវឌ្ឍភាពធន់នៅក្រោមភាពតានតឹង » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
១. ការអភិវឌ្ឍភាពធន់នៅក្រោមភាពតានតឹង
ផ្នែកនេះមានមតិយោបល់ទូទៅដើម្បីការពារកុំឲ្យមានភាពតានតឹងហួសកម្រិត ហើយទប់ទល់នឹងភាពតានតឹងនៅពេលដែលវាកើតឡើង ។ មតិយោបល់ទាំងនេះអាចមានប្រយោជន៍ចំពោះពួកអ្នកផ្សព្វផ្សាយសាសនាទាំងអស់ ។
ការឆ្លើយតបដោយវិជ្ជមានចំពោះភាពតានតឹង
-
អធិស្ឋានដោយក្លៀវក្លា និងញឹកញាប់។ សូមទូលប្រាប់ព្រះអម្ចាស់ពីអារម្មណ៍ បទពិសោធន៍ ផែនការ និងកង្វល់របស់អ្នក ។ ទូលសូមព្រះវិញ្ញាណឲ្យគង់នៅជាមួយនឹងអ្នកក្នុងគ្រប់កិច្ចការទាំងអស់ ។ សូមសរសេរពីអារម្មណ៍ដែលអ្នកបានទទួល កាលអ្នកអធិស្ឋាន និងសិក្សាព្រះគម្ពីរ ។ សូមយកចិត្តទុកដាក់ចំពោះការដឹកនាំខាងវិញ្ញាណដែលអ្នកអាចនឹងទទួលបានពេញមួយថ្ងៃ ។ ស្ដាប់តាមសំឡេងនៃព្រះវិញ្ញាណ ។ កាលអ្នកធ្វើដូច្នេះ អ្នកនឹងបន្តទទួលបានការដឹកនាំ ការលួងលោម និងជំនួយ ។ « ដ្បិតមើលចុះ ខ្ញុំនិយាយទៅកាន់អ្នកទៀតថា បើសិនជាអ្នករាល់គ្នានឹងចូលទៅតាមផ្លូវនោះ ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ នោះព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ( នីហ្វៃទី២ ៣២:៥ ) ។ ទូលសូមជំនួយពីព្រះអម្ចាស់ឲ្យអ្នកស្គាល់ និងធ្វើតាមការបំផុសគំនិតខាងវិញ្ញាណ ។
-
ចូរបង្អង់សិន ។ ការបង្អង់សិនមិនមែនមានន័យថាគ្រាន់តែបង្អង់ខាងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្អង់ខាងរាងកាយទាំងអស់តែម្តង ។ ការបង្អង់សិនគឺជាឥរិយាបថក្នុងចិត្ត ។ វាគឺជាស្ថានភាពនៃភាពស្ងប់ស្ងាត់ក្នុងចិត្តដែលយាងអញ្ជើញឲ្យមានវត្តមានរបស់ព្រះ ។ « ចូរបង្អង់សិន ហើយឲ្យបានដឹងថា យើងជាព្រះ » ( ទំនុកដំកើង ៤៦:១០ ) ។ រៀនឲ្យចេះបង្អង់ ។ អ្នកនឹងកាន់តែឆាប់ដឹងពីការបំផុសគំនិតនៃព្រះវិញ្ញាណ ។ អ្នកនឹងកាន់តែអាចបំពេញតាមតម្រូវការនៃបេសកកម្មរបស់អ្នកបាន ។ នៅពេលណាដែលអ្នកមានអារម្មណ៍តានតឹងខ្លាំងពេក នោះអ្នកអាចអនុវត្តតាមគោលការណ៍បង្អង់សិនបាន ។ ជំនួសឲ្យការផ្តោតលើគំនិតដែលនៅក្នុងចិត្តរបស់អ្នក សូមយកចិត្តទុកដាក់លើចំណាប់អារម្មណ៍នៅក្នុងរាងកាយរបស់អ្នកវិញ ។ សូមសង្កេតមើលថាតើសាច់ដុំរបស់អ្នករឹង ឬធូរ ហើយសង្កេតមើលសំឡេង និងក្លិននៅជុំវិញអ្នក ។ វាមានប្រយោជន៍ជាពិសេសក្នុងការយកចិត្តទុកដាក់លើការដកដង្ហើមរបស់អ្នក ( សូមមើល លំហាត់ប្រាណផ្លូវដង្ហើម ) ។ អ្នកមិនព្យាយាមដាក់គំនាបលើគំនិតណាមួយ ឬធ្វើឲ្យគំនិតរបស់អ្នកស្រុញនោះទេ ។ អ្នកគ្រាន់តែបង្វែរការយកចិត្តទុកដាក់របស់អ្នកចេញពីការព្រួយបារម្ភ និងការភ័យខ្លាចប៉ុណ្ណោះ ។ ចំណុចនេះនឹងជួយអ្នកឲ្យកាន់តែមានកន្លែងសម្រាប់ព្រះវិញ្ញាណគង់នៅក្នុងចិត្តរបស់អ្នក ។ វាក៏នឹងជួយអ្នកឲ្យកាន់តែមានអារម្មណ៍សុខសាន្តផងដែរ ។
-
ការស្គាល់ព្រះហស្ដរបស់ព្រះអម្ចាស់នៅគ្រប់កិច្ចការទាំងអស់ ។ អ្នកមានអភ័យឯកសិទ្ធិក្នុងការចូលរួមនៅក្នុងកិច្ចការនៃអព្ភូតហេតុរបស់ព្រះ ដើម្បីផ្តល់ពរជ័យដល់បុត្រាបុត្រីរបស់ទ្រង់ ។ សូមរៀនផ្ដោតអារម្មណ៍ជារៀងរាល់ថ្ងៃទៅលើពរជ័យដែលអ្នកមានអំណរគុណ ។ សូមកត់សម្គាល់ពីឥទ្ធិពលរបស់ព្រះវិញ្ញាណនៅក្នុងជីវិតរបស់អ្នក ហើយសរសេរអំពីវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ( សូមមើល មរ៉ូណៃ ១០:៣ ) ។
-
បម្រើឲ្យអស់ពីកម្លាំង និងទេពកោសល្យរបស់អ្នក ។ សូមធ្វើបញ្ជីមួយពីភាពខ្លាំង ទេពកោសល្យ និងអំណោយទានខាងវិញ្ញាណរបស់អ្នក ។ ភាពខ្លាំងរបស់អ្នកគឺជាចំណែកមួយនៃឃ្លាំងរបស់ព្រះអម្ចាស់ ។ ទ្រង់ប្រើអំណោយទានទាំងនេះដើម្បីប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់ និងស្ថាបនានគរស្ថានសួគ៌របស់ទ្រង់ ។ ផ្នែកដ៏សំខាន់នៃបេសកកម្មរបស់អ្នកគឺដើម្បីបណ្តុះបណ្តាលអំណោយទានរបស់អ្នក ។ សូមប្រើភាពខ្លាំងរបស់អ្នកតាមរបៀបដូចព្រះគ្រីស្ទ ដើម្បីជួយដល់អ្នកដទៃ ។ សូមពិចារណាអំពីអ្វីដែលព្រះវិញ្ញាណបានខ្សឹបប្រាប់អ្នកផ្សព្វផ្សាយសាសនាម្នាក់ ៖ « ខ្ញុំមិនបានហៅអ្នកពីភាពទន់ខ្សោយរបស់អ្នកទេ ។ យើងហៅអ្នកពីភាពរឹងមាំរបស់អ្នក » ។ សូមផ្ដោតបន្ថែមទៅលើអ្វីដែលអ្នកធ្វើបានល្អ ជាជាងពីអ្វីដែលអ្នកបានធ្វើខុស ។ រៀបចំផែនការណ៍រាល់សប្តាហ៍ដើម្បីអភិវឌ្ឍ និងប្រើប្រាស់អំណោយទានរបស់អ្នកដើម្បីបម្រើ ហើយផ្តល់ពរដល់មនុស្សដទៃទៀត ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:១៨–១៩ ) ។
-
សូមស្គាល់ ហើយទន្ទេញបទគម្ពីរដែលជួយលួងលោមចិត្ត ។ កាលអ្នកសិក្សាព្រះគម្ពីរ សូមរាយបញ្ជីបទគម្ពីរដែលពង្រឹង ហើយលួងលោមចិត្តអ្នក ។ អ្នកអាចអាន ស្តាប់ ឬទន្ទេញខគម្ពីរទាំងនោះបាន ។
-
សូមផ្ដោតទៅលើសេចក្ដីត្រូវការនៃមនុស្សដែលអ្នកកំពុងបម្រើ ។ សូមគិតអំពីអ្វីដែលអ្នកអាចធ្វើបានដើម្បីផ្តល់ពរជ័យដល់មនុស្ស ដែលអ្នកកំពុងបម្រើ ។ សូមស្វែងរកការបំផុសគំនិត ដើម្បីដឹងពីរបៀបដែលអ្នកអាចជួយអ្នកដទៃឲ្យបានកាន់តែច្រើន ។ សូមព្យាយាមពង្រឹងសេចក្តីជំនឿរបស់ពួកគេ ។
-
សូមភ្ជាប់ការងាររបស់អ្នកទៅនឹងមនុស្សដែលអ្នកស្គាល់ ។ សូមគិតអំពីរបៀបដែលការបម្រើរបស់អ្នកជួយដល់មនុស្សដែលអ្នកស្គាល់ជាមួយនឹងបញ្ហាពិតប្រាកដ ។ នៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នក សូមកត់ត្រាឧទាហរណ៍ ពីរបៀបដែលការបម្រើរបស់អ្នកបានធ្វើឲ្យអ្នកផ្សេងទៀតផ្លាស់ប្តូរ ។
-
សូមពិនិត្យមើលការរំពឹងទុករបស់អ្នក ។ បេសកកម្មផ្នែកសេវាកម្មរបស់អ្នកប្រហែលជាមិនដូចអ្វីដែលអ្នកបានរំពឹងទុកជានិច្ចនោះទេ ។ ពេលខ្លះគ្រប់យ៉ាងមិនដំណើរការទៅតាមអ្វីដែលអ្នកបានសង្ឃឹមទុកនោះទេ ។ ការចាត់តាំងរបស់អ្នកប្រហែលជាមិនមែនជាបញ្ហាប្រឈម ឬទទួលបានរង្វាន់ជានិច្ចនោះទេ ។ ហើយអ្នកប្រហែលជាពុំបានធ្វើអ្វីៗគ្រប់យ៉ាងបានយ៉ាងល្អឥតខ្ចោះនោះទេ ។ សូមចងចាំពាក្យទូន្មានរបស់ព្រះអម្ចាស់ទៅកាន់យ៉ូសែប ស្ម៊ីធ នៅក្នុងគុកលិបើទី ៖ « គ្រប់ការណ៍ទាំងនេះនឹងផ្ដល់ការពិសោធន៍ដល់អ្នក ហើយនឹងទៅជាការល្អដល់អ្នកទៅវិញ ។ … ហេតុដូច្នេះហើយ កូនកាន់ផ្លូវឲ្យខ្ជាប់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៧, ៩ ) ។
-
សូមសុំការអនុញ្ញាតដើម្បីសម្រាកពីអ្វីក៏ដោយដែលអ្នកកំពុងធ្វើ ។ ប្រហែលជាអ្នកមិនអាចធ្វើបានភ្លាមៗនោះទេ ។ ប្រសិនបើដូច្នេះមែន សូមប្រាប់ខ្លួនអ្នកថា « ខ្ញុំអាចរង់ចាំរហូតដល់ពេលសម្រាក » ។
-
ហាត់ប្រាណ ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់គឺជារបៀបដ៏មានប្រសិទ្ធភាពមួយដើម្បីគ្រប់គ្រងភាពតានតឹង ។ សូមព្យាយាមចូលរួមធ្វើសកម្មភាពផ្សេងៗដែលធ្វើឲ្យមានទាំងភាពរីករាយ និងការប្រឹងប្រែងខាងរាងកាយផងដែរ ។ កាលអ្នកផ្តោតលើសកម្មភាពទាំងនេះ នោះអ្នកអាចឃើញថាខ្លួនឯងមានថាមពលគ្រប់គ្រាន់ ។ អ្នកនឹងអាចបំភ្លេចកង្វល់ដែលកើតមាននៅថ្ងៃនោះ ។ លំហាត់ប្រាណណាក៏អាចជួយអ្នកឲ្យបង្កើនភាពអំណត់ និងសមត្ថភាពរបស់អ្នកដើម្បីបម្រើព្រះអម្ចាស់បានដែរ ។ ស្វែងរកវិធីផ្តល់រង្វាន់ឲ្យខ្លួនឯង ដោយការស្វែងរកវិធីដើម្បីបង្កើនលំហាត់ប្រាណរបស់អ្នក ។
-
សូមកុំព្យាយាមគ្រប់គ្រងអ្វីៗដែលអ្នកពុំអាចគ្រប់គ្រងបានឡើយ ។ លទ្ធផលនៃការខិតខំដោយសុចរិតរបស់អ្នកអាចអាស្រ័យទៅលើសិទ្ធិជ្រើសរើសរបស់អ្នកដទៃ ។ អ្នកមិនអាចគ្រប់គ្រងមនុស្សណាម្នាក់ ឬបង្ខំពួកគេឲ្យធ្វើអ្វីមួយនោះទេ ។ « គ្មានអំណាច ឬឥទ្ធិពលណាអាច ឬគប្បីកាន់កាប់ដោយសារបព្វជិតភាពបានឡើយ លើកលែងដោយការលួងលោមដោយការអត់ធ្មត់ ដោយការទន់ភ្លន់ និងការស្លូតបូត និងដោយការស្រឡាញ់ស្មោះត្រង់ប៉ុណ្ណោះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤១ ) ។ « ហេតុដូច្នេះហើយ បងប្អូនដ៏ស្ងួនភ្ងាអើយ ចូរយើងប្រព្រឹត្តការណ៍ទាំងនេះ ដែលនៅក្នុងអំណាចយើងដោយមានចិត្តរីករាយចុះ ហើយលំដាប់នោះ យើងអាចឈរនៅស្ងៀមដោយជឿជាក់ថានឹងបានឃើញសេចក្ដីសង្គ្រោះពីព្រះ និងបានព្រះពាហុទ្រង់បើកសម្ដែងមកឲ្យឃើញ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១៧ ) ។
-
រៀនយកចិត្តទុកដាក់ ។ ការយកចិត្តទុកដាក់គឺជាបច្ចេកទេសមួយសម្រាប់ដោះស្រាយភាពតានតឹង ។ វាទាក់ទងនឹងការយកចិត្តទុកដាក់លើបទពិសោធន៍ក្នុងពេលបច្ចុប្បន្ន ។ សូមប្រើវានៅពេលអ្នកមានអារម្មណ៍តានតឹង ឬភ័យខ្លាចខ្លាំង ។ សូមព្យាយាមផ្តោតការយល់ដឹងរបស់អ្នកលើអ្វីដែលកំពុងកើតឡើងជុំវិញអ្នក ។ សូមផ្ដោតទៅលើវាក្នុងពេលឥឡូវនេះ និងត្រង់នេះតែម្ដង គឺពុំមែនរង់ចាំពេលខាងមុខនោះទេ ។ សូមសម្គាល់ពីរបៀបដែលចិត្តរបស់អ្នកមានប្រតិកម្មចំពោះការយល់ដឹងនេះ ។
-
សូមដកដង្ហើមវែងៗ បិទភ្នែករបស់អ្នកប្រសិនបើចាំបាច់ ហើយព្យាយាមបន្ធូរអារម្មណ៍ ។
-
ចេញដើរនៅជិតៗហ្នឹងប្រសិនបើវាមានប្រយោជន៍ ។
-
សង្កេតមើលគ្រប់យ៉ាងនៃអ្វីដែលអ្នកកំពុងព្រួយបារម្ភ សឹងឲ្យដូចជាអ្នកក្រៅមើលមកយើងអ៊ីចឹង ។ តើអ្នកមានអារម្មណ៍យ៉ាងណាអំពីរឿងនេះ ?
-
សូមបំភ្លេចចោលរឿងណាដែលរំខានដល់អ្នក ។ សូមផ្ដោតទៅលើអ្វីដែលអ្នកអាចធ្វើបាន ឬគួរតែធ្វើ នៅក្នុងរយៈពេលពីរបីនាទីបន្ទាប់ ។
-
ប្រសិនបើស្ថានភាពនោះមិនប្រសើរឡើងទេ សូមអនុញ្ញាតឲ្យថ្នាក់ដឹកនាំបេសកកម្មផ្នែកសេវាកម្មរបស់អ្នកដឹង ។
-
-
សូមរាប់អានមិត្តរួមការងារ និងពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀត ។ សូមចែកចាយគំនិត បម្រើគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមក ។
-
ប្រើប្រាស់តន្ដ្រី ។ នឹកចាំដល់ទំនុកបទចម្រៀងពីរបីបទ ឬបទគម្ពីរពីរបីដែលអ្នកចូលចិត្ត ។ នៅពេលអ្នកមានអារម្មណ៍តានតឹង ឬបាក់ទឹកចិត្ត សូមចងចាំពាក្យពេចន៍ទាំងនោះ ។ សួរថាតើអ្នកអាចប្រើកាសត្រចៀកនៅក្នុងការចាត់តាំងផ្នែកសេវាកម្មរបស់អ្នកបានដែរឬទេ ។ សូមស្តាប់តន្ត្រីស្ងប់ស្ងាត់ ប្រសិនបើវាមិនរំខានដល់ការចាត់តាំងរបស់អ្នកទេ ។ សូមពិចារណាប្រើកម្មវិធីដែលធ្វើឲ្យអ្នក « ស្ងប់ស្ងាត់ » ឬកម្មវិធីស្រដៀងគ្នានេះនៅលើទូរសព្ទដៃរបស់អ្នក ។
-
សូមចងចាំពីអ្វីដែលអ្នកបានរៀន ។ អ្នកបានប្រឈមមុខនឹងការផ្លាស់ប្ដូរ ព្រមទាំងការលំបាកពេញមួយជីវិតរបស់អ្នក ។ សូមរៀបរាប់ពីអ្វីដែលអ្នកបានរៀនកាលពីអតីតកាលដែលមានភាពតានតឹងខ្លាំង ( ការផ្លាស់ប្តូរទីលំនៅ ការបរាជ័យ ឬការប្តូរសាលារៀន ឬការងារថ្មី ) ។ តើអ្នកអាចប្រើជំនាញទាំងនេះនៅពេលនេះដោយរបៀបណា ?
ខ. ការឆ្លើយតបនឹង « ភាពបន្ទាន់នៃភាពតានតឹង »
ភាពបន្ទាន់នៃភាពតានតឹងមួយកើតឡើង នៅពេលអ្នករំកិលចូលទៅក្នុងតំបន់ភាពតានតឹងពណ៌ទឹកក្រូច ឬពណ៌ក្រហមមួយរំពេច ។ ប្រសិនបើអ្នកស្ថិតនៅក្នុងគ្រោះថ្នាក់ខាងរាងកាយ ឬខាងសតិអារម្មណ៍ សូមទូរសព្ទទៅឪពុកម្តាយ ឬអ្នកដឹកនាំបេសកកម្មផ្នែកសេវាកម្មរបស់អ្នកភ្លាមៗ ។ សម្រាប់ស្ថានភាពផ្សេងទៀត សូមសាកល្បងធ្វើតាមសេចក្ដីណែនាំដូចខាងក្រោមនេះ ៖
-
សូមសម្រាកមួយស្របក់សិន ។ ប្រសិនបើអ្នកមានអារម្មណ៍សោកសៅ ឬតានតឹងខ្លាំង ចូរសុំសម្រាក ។ សូមដកដង្ហើមយឺតៗ វែងៗឲ្យបានច្រើនដង ពត់ខ្លួន និងសម្រាក ។ នៅពេលរាងកាយ និងគំនិតរបស់អ្នកស្ងប់ស្ងាត់វិញ នោះអ្នកនឹងគិតឃើញកាន់តែច្បាស់ ។ សូមដើរ ឬបរិភោគអាហារ ឬផឹកទឹក ។ ឬគ្រាន់តែអង្គុយចុះ ហើយនៅស្ងៀមពីរបីនាទីក៏បានដែរ ។ ការរៀបរាប់ពីអ្វីដែលអ្នកមានអារម្មណ៍ ( ឧទាហរណ៍ ខ្ញុំមានអារម្មណ៍ស្មុគស្មាញ ឬត្រូវគេបដិសេធ ) ក៏អាចជួយឲ្យខួរក្បាលរបស់អ្នកឲ្យចាប់ផ្តើមដោះស្រាយបញ្ហានោះបានដែរ ។
-
សូមមានចិត្តល្អចំពោះខ្លួនឯង ។ សូមនិយាយទៅកាន់ខ្លួនឯងជាមួយនឹងពាក្យលួងលោមល្អៗដែលអ្នកនឹងប្រើជាមួយនឹងមនុស្សផ្សេងទៀត ។ ពេលខ្លះ មនុស្សគ្រប់គ្នាធុញថប់ ឬធ្វើខុស ។ សូមដឹងថា ព្រះអម្ចាស់ទ្រង់យល់ ។ សូមគិតស្រមៃថាទ្រង់កំពុងគង់នៅក្បែរអ្នក ស្តាប់ និងផ្តល់ការគាំទ្រដល់អ្នក ។ សូមចងចាំថា គំនិតនៃភាពគ្មានប្រយោជន៍ ភាពអស់សង្ឃឹម ឬការកាត់ទោសយ៉ាងឃោរឃៅ គឺមិនមែនមកពីព្រះអម្ចាស់ឡើយ ។
-
សូមផ្ដោតអារម្មណ៍ទៅលើការដឹងគុណសាជាថ្មី ។ សូមសម្គាល់ពីអ្វីដែលនៅជុំវិញអ្នក ។ សូមផ្ដោតលើអ្វីដែលត្រឹមត្រូវ ល្អ ហើយវិជ្ជមានពីខ្លួនឯង និងពិភពលោកនេះ ។ សូមធ្វើការអធិស្ឋានថ្លែងអំណរគុណសម្រាប់រឿងជាក់លាក់យ៉ាងហោចណាស់ឲ្យបានប្រាំ ។ សូមប្រាប់ខ្លួនអ្នកថា « ខ្ញុំជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ។ ខ្ញុំត្រូវបានហៅដោយទ្រង់ឲ្យប្រកាសព្រះបន្ទូលរបស់ទ្រង់នៅក្នុងចំណោមប្រជាជនទ្រង់ » ( នីហ្វៃទី៣ ៥:១៣) ។
-
សូមធ្វើមួយជំហានម្ដងៗ ។ សូមស្វែងយល់ពីបញ្ហាភ្លាមៗ ហើយដោះស្រាយបញ្ហាម្តងមួយៗ ។ សូមរំឭកខ្លួនឯងថា « អ្វីទាំងអស់ដែលខ្ញុំត្រូវធ្វើនៅពេលឥឡូវនេះគឺ » ។
-
សូមជួយដល់មនុស្សផ្សេងទៀត ។ សូមផ្ដោតលើកម្លាំងរបស់អ្នកឡើងវិញ ដោយការបម្រើដល់មនុស្សផ្សេងទៀត ។ ញញឹមដាក់មនុស្សទូទៅ ជួយពួកគេ ហើយផ្ដល់ការបម្រើ ។ សូមចាប់ផ្តើមការសន្ទនាជាមួយនរណាម្នាក់ ដើម្បីនាំគំនិតរបស់អ្នកមកពេលបច្ចុប្បន្នវិញ ។
-
សូមតតាំងនឹងការគិតអវិជ្ជមាន ។ ឥឡូវនេះ ឬមុនពេលចូលដំណេកនៅយប់នេះ សូមសរសេររៀបរាប់គំនិតអវិជ្ជមានទាំងឡាយដែលមានក្នុងថ្ងៃនេះដាក់លើក្រដាស ។ បន្ទាប់មក សូមសរសេរវាឡើងវិញដើម្បីឲ្យកាន់តែមានក្ដីសង្ឃឹម ស្មោះត្រង់ និងមានការលើកទឹកចិត្ត ( សូមមើលឧទាហរណ៍ខាងក្រោម ) ។
គ. ការជួយមនុស្សដទៃដែលមានភាពតានតឹងខ្លាំង
-
សូមកត់សម្គាល់អ្នកផ្សេងទៀតដែលកំពុងស្មុគស្មាញ ។ សូមបង្ហាញថា អ្នកយល់ចិត្តពួកគេ ។ សូមស្ម័គ្រចិត្តជួយ ។ ចំណាយពេលស្តាប់ពីទុក្ខព្រួយរបស់ពួកគេ ។ ផ្តល់យោបល់ថា ពួកគេគួរសុំសម្រាករយៈពេលខ្លី ។
-
សូមគិតអំពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នក ។ យើងបានសន្យាថា « ទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល … ទួញយំជាមួយនឹងអ្នកណាដែលទួញយំ មែនហើយ ហើយកម្សាន្តទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវកម្សាន្តទុក្ខ ហើយឈរជាសាក្សីដល់ព្រះនៅគ្រប់ពេលនិងគ្រប់សេចក្តី » ( ម៉ូសាយ ១៨:៨–៩ ) ។ សូមអនុវត្តសេចក្ដីសញ្ញានេះតាមរយៈ (១) ការចែករំលែកបន្ទុករបស់អ្នកដទៃ (២) ការបង្ហាញនូវការយល់ចិត្ត និងការលួងលោម និង (៣) ការថ្លែងទីបន្ទាល់ពីសេចក្ដីស្រឡាញ់របស់ព្រះ ។
-
សូមសួរពីរបីសំណួរ ប៉ុន្តែសូមកុំបង្ខំបុគ្គលនោះឲ្យនិយាយឡើយ ។ ព្យាយាមនិយាយថា « អ្នកហាក់ដូចជាមិនសប្បាយចិត្តទេ ។ តើមានអ្វីកើតឡើង ? » ឬ « តើអ្នកចង់ប្រាប់ខ្ញុំពីរឿងនោះដែរឬទេ ? » មតិយោបល់ល្អៗផ្សេងទៀតអាចរួមមាន ៖
-
« ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទេក្នុងពេលនេះ ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់ដែលអ្នកប្រាប់ខ្ញុំ » ។
-
« សូមប្រាប់ខ្ញុំអំពីអ្វីដែលអ្នកកំពុងគិតក្នុងពេលនេះ » ។
-
« ខ្ញុំបារម្ភពីអ្នក » ។
-
« ខ្ញុំនៅទីនេះដើម្បីជួយអ្នក » ។
-
« វាមិនអីទេក្នុងការមានអារម្មណ៍បែបនេះ ។ អ្នកមិនខុសទេ » ។
-
-
សូមរំឭកអ្នកផ្សេងទៀតពីអ្វីដែលគាត់ ឬនាងធ្វើបានល្អ ។ ឧទាហរណ៍ អ្នកអាចនិយាយថា « ខ្ញុំពិតជាកោតសរសើរចំពោះសេចក្តីសុចរិត និងបំណងប្រាថ្នារបស់អ្នកក្នុងការបម្រើព្រះណាស់ » ។
-
សូមស្ដាប់ដើម្បីយល់ ហើយផ្ដល់ការគ្រាំទ្រ និងការលើកទឹកចិត្ត ។ លុះត្រាតែមនុស្សម្នាក់មានអារម្មណ៍ថាគេយល់ចិត្តគាត់ជាមុនសិន បើមិនចឹងទេការផ្ដល់ពាក្យទូន្មាន និងការណែនាំពីដំណោះស្រាយនានា ជារឿយៗនឹងគ្មានប្រយោជន៍អ្វីឡើយ ។ សូមសួរសំណួរ ហើយជួយបុគ្គលនោះឲ្យស្វែងរកចម្លើយផ្ទាល់ខ្លួនរបស់គាត់ ឬនាង ។ អ្នកមិនគួរដើរតួនាទីជាអ្នកផ្តល់ប្រឹក្សាដល់អ្នកដទៃឡើយ ។ ប៉ុន្តែអ្នកអាចធ្វើជាអ្នកស្តាប់ដែលចេះយល់ចិត្ត ដែលជួយ និងគាំទ្រពួកគេ ។
-
ថ្លែងទីបន្ទាល់របស់អ្នក ។ សូមចែកចាយជំនឿរបស់អ្នកពីសេចក្ដីស្រឡាញ់ និងព្រះឆន្ទៈរបស់ព្រះដើម្បីជួយ ។
-
សូមឈ្លាសវៃ នៅពេលអ្នកធ្វើការបម្រើដល់មនុស្សដទៃទៀត ។ ការហៅរបស់អ្នកគឺជាការហៅមួយដ៏បរិសុទ្ធ ។ ត្រូវមានទំនុកចិត្ត និងចេះរក្សាការសម្ងាត់ ។
-
សូមផ្ដោតលើអ្វីដែលត្រូវសម្រេចចិត្តនៅពេលឥឡូវនេះ ។ សូមជួយបុគ្គលដែលមានភាពតានតឹងខ្លាំង ឲ្យចៀសចេញពីបញ្ហាធំៗ ហើយផ្តោតលើការសម្រេចចិត្តដែលត្រូវធ្វើភ្លាមៗ ។ សូមស្ម័គ្រចិត្តជួយពួកគេ ។ លើកទឹកចិត្តពួកគេឲ្យត្រឡប់ទៅរកបញ្ហាដែលធំជាងនោះវិញ នៅពេលអ្វីៗបានស្ងប់ស្ងាត់ ។ បន្ទាប់មក សូមជួយពួកគេឲ្យរកមើលដំណោះស្រាយ ។ សូមរំព្ញកពួកគេថា ព្រះអម្ចាស់អាចជួយរកដំណោះស្រាយជាបន្តបន្ទាប់បាន ។ យើងគួរតែធ្វើឲ្យអស់ពីសមត្ថភាពរបស់យើង ហើយទុកបញ្ហានោះទៅលើទ្រង់ ។
ឃ. ការដោះស្រាយបញ្ហាប្រឈមផ្ទាល់ខ្លួន
អ្នកគឺជាមនុស្សពិសេសដែលមានភាពខ្លាំង និងភាពទាន់ខ្សោយដ៏ពិសេស ។ ប្រសិនបើអ្នកមានការប្រឈមផ្ទាល់ខ្លួនដែលអ្នកចង់ដោះស្រាយ សូមសរសេរវាចុះនៅទីនេះ ៖
សូមធ្វើបញ្ជីមួយអំពីការណ៍ទាំងឡាយដែលអ្នកបានរៀនរួចមកហើយ ដែលអាចជួយអ្នកឲ្យស៊ូទ្រាំនឹងវាបាន ៖
សូមធ្វើបញ្ជីអំពីរឿងថ្មីៗដើម្បីសាកល្បងផងដែរ ។ អ្នកក៏អាចរៀនពីមនុស្សជុំវិញអ្នក អ្នកមានវិជ្ជាជីវៈ ឬការស្រាវជ្រាវផ្ទាល់ខ្លួនផងដែរ ។ សូមគិតអំពីវិធីសាស្រ្តដែលអាចជួយបានដល់ផ្នែកខាងសាច់ឈាម សតិអារម្មណ៍ សង្គម បញ្ញា ឬខាងវិញ្ញាណ ។ សូមចងចាំថា អ្នកនឹងរៀនអនុវត្តតាមវិធីសាស្រ្តថ្មីមួយរយៈពេលបីបួនសប្តាហ៍ ។ បន្ទាប់មក អ្នកនឹងដឹងថាតើវាដំណើរការល្អយ៉ាងណាដែរ ។
សូមរៀនពន្យល់ពីបញ្ហារបស់អ្នកប្រាប់ទៅអ្នកដទៃ ហើយសុំជំនួយដើម្បីគ្រប់គ្រងបញ្ហានោះ ។ សូមអនុវត្តជាមួយឪពុកម្ដាយ ឬថ្នាក់ដឹកនាំបេសកកម្មផ្នែកសេវាកម្មរបស់អ្នក ។