អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
២. ការអភិវឌ្ឍ​ភាពធន់​ខាង​រូបកាយ


« ២. ការអភិវឌ្ឍ​ភាពធន់​ខាង​រូបកាយ » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ កូន​សៀវភៅ​ធនធាន ( ឆ្នាំ ២០២០ )

« ២. ការអភិវឌ្ឍ​ភាពធន់​ខាង​រូបកាយ » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​ដុតនំ

២. ការអភិវឌ្ឍ​ភាពធន់​ខាង​រូបកាយ

ការ​មាន​ភាព​តានតឹង​ខ្លាំងពេក​អាច​ប៉ះពាល់​ដល់​សុខភាព លទ្ធភាព​ក្នុងការ​ចូលដំណេក និង​លទ្ធភាព​ដើម្បី​តតាំង​នឹង​ការ​ល្បួង​របស់​យើង ។ របប​អាហារ​ត្រឹមត្រូវ និង​លំហាត់ប្រាណ​ជួយ​យើង​ឲ្យ​គ្រប់​គ្រង​ភាពតានតឹង​បាន​កាន់តែ​ប្រសើរ ។ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ខាង​រូបកាយ សូមអធិស្ឋាន​ពី​បញ្ហា​នោះ ។ បន្ទាប់​មក សូមជ្រើសរើស​យោបល់​មួយ​ឬ​ពីរ ដែល​អ្នក​គិតថា​ត្រឹម​ត្រូវ​សម្រាប់​អ្នក ។ មិនមែន​គ្រប់​មតិយោបល់​នឹង​ដំណើរការ​ទៅបាន​ល្អ​ចំពោះ​មនុស្ស​គ្រប់​គ្នា​នោះទេ ។ គំនិត​ភាគច្រើន​ត្រូវ​ការ​ការអនុវត្ត​យ៉ាង​តិចណាស់​ពីរ​ទៅបី​សប្តាហ៍ មុន​ពេល​វា​ចាប់​ផ្តើម​មាន​ប្រយោជន៍ ។ សូមមើល​នៅក្នុង​វគ្គ​ទី « ១. ការអភិវឌ្ឍ​ភាពធន់​នៅក្រោម​ភាពតាន​តឹង » សម្រាប់​យោបល់​បន្ថែម ។

ក. ការ​រៀន​ខិតខំ​ធ្វើការ

  • សូម​បំបែក​កិច្ចការ​ធំៗ ឬ​លំបាកៗ​ទៅ​ជា​កិច្ចការ​តូចៗ ។ ប្រសិន​បើ​ការងារ​នោះ​នៅតែ​មានអារម្មណ៍​ថាពិបាក​ពេក សូម​បំបែក​វា​បន្ថែម​ទៀត ។ បន្ទាប់​មក សូម​ចាប់ផ្តើម​ធ្វើ​កិច្ចការ​នោះ​ម្តងមួយៗ ។ ប្រសិន​បើ​អ្នករង់ចាំ​រហូត​ដល់​អ្នក « មាន​អារម្មណ៍ » ថា​ចង់​ធ្វើការ​ទើប​ចាប់​ផ្ដើម នោះ​អ្នក​អាច​ត្រូវ​រង់ចាំ​រយៈពេល​យូរ ។ ចាប់ផ្ដើម ហើយ​ការជំរុញចិត្ត​នឹង​ទទួល​បាន​ក្រោយ​ពី​នោះ ។

  • កំណត់​ល្បឿន​របស់​អ្នក ។ ផ្លាស់​ប្ដូរ​ការ​ងារ​ដែល​អ្នក​ធ្វើ ហើយ​កុំ​ធ្វើសកម្មភាព​តែ​មួយ​យូរ​ពេក ។ រំឭក​ខ្លួន​ឯង​ថា « អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ពេល​ឥឡូវនេះ​គឺ  » ។

  • សម្រាន្ដ​ឲ្យ​បាន​គ្រប់គ្រាន់ អាហារ​ល្អៗ ទឹក និងការធ្វើ​លំហាត់​ប្រាណ​ដើម្បី​ឲ្យ​មាន​កម្លាំង​ដែល​អ្នក​ត្រូវការ ។

  • សូមស្វែងរក ហើយស្វាគមន៍​ការ​គ្រាំទ្រ​មតិ​យោបល់ និង​ការ​លើក​ទឹកចិត្ត​នានា​ពី​អ្នក​ដទៃទៀត ។ សូម​គាំទ្រ ហើយ​លើក​ទឹកចិត្ត​ដល់​អ្នក​ដទៃ​ផង​ដែរ ។

  • សូម​សម្ដែង​ការ​ដឹង​គុណ ។ មាន​អំណរ​គុណ​មិនត្រឹមតែ​ចំពោះ​ពរជ័យ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​អំណរ​ចំពោះ​បញ្ហាប្រឈម និង​ទុក្ខ​លំបាក​របស់​អ្នក​ផង​ដែរ ។ អ្នក​អាច​រៀន​ពី​អ្វីៗ​ទាំងនោះ​បាន ។ ការ​សម្តែង​នូវការ​ដឹងគុណ​នឹង​បើក​ទ្វារ​ឲ្យ​ព្រះអម្ចាស់​ប្រទានពរ ហើយ​ជួយ​ដល់​អ្នក ។

ពួកអ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​តែ​ឡើងភ្នំ

ខ .ការបន្ត​មាន​សុខភាពល្អ និង​មាន​ថាមពល

  • ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​អ្នក ។

    • ព្យាយាម​ទទួល​ដំណេក​ឲ្យ​បាន​ប្រាំបី​ទៅ​ប្រាំបួន​ម៉ោង ។

    • សូម​ផឹក​ទឹក​ស្អាត ៦–១២ កែវ ក្នុង​មួយ​ថ្ងៃ អាស្រ័យ​ទៅ​លើ​អាកាសធាតុ ។

    • លើក​លែង​តែ​ពេល​តមអាហារចេញ សូម​កុំ​ខកខាន​ក្នុងការ​បរិភោគ​អាហារ ជា​ពិសេស​អាហារ​ពេល​ព្រឹក ។

    • ចៀសវាង​ជាតិ​ស្ករ ។

    • លេប​ថ្នាំ​វីតាមីន​ចម្រុះ​រាល់​ថ្ងៃ ។

    • សូម​បរិភោគ​អាហារ​ដែលមាន​ប្រូតេអ៊ីន​រាល់​ថ្ងៃ ( ឧទាហរណ៍ សណ្តែក​ដី សណ្តែក​ខៀវ តៅហ៊ូ ស៊ុត ទឹកដោះគោ ទឹកដោះគោជូរ ហ្វ្រូម៉ា ត្រី សាច់​មាន់ សាច់​គោ និង​សាច់​ជ្រូក​ជាដើម ) ។

    • សូម​លាង​ដៃ​របស់​អ្នក​ឲ្យ​បាន​ញឹកញាប់ ឬ​ប្រើ​ទឹក​សម្លាប់​មេរោគ​សម្រាប់​លាង​ដៃ ជាពិសេស​ប្រសិន​បើ​មនុស្ស​ជុំវិញ​អ្នក​ឈឺ ។

    • កុំទុក​អាហារដែល​ត្រូវ​ទុក​ក្នុង​ទូរទឹក​កក​ចោល​នៅខាងក្រៅ​ទូរទឹកកក ។ នៅពេល​ដែល​សង្ស័យ​ថា​វា​ហួស​កំណត់ សូម​បោះ​វាចោល ។

      ស្រ្ដី​ហាត់ប្រាណ
  • ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ។ លំហាត់​ប្រាណ​គឺ​ជា​ការ​ចាំបាច់​សម្រាប់សុខុមាល​ភាព​ខាង​រូបកាយ ។ សូម​ហាត់​ធ្វើ​ទាំង​លំហាត់​ប្រាណ​ដែល​បញ្ចេញ​កម្លាំង និង​ការចេះ​ទ្រាំ ដែល​ជាមធ្យម ត្រូវហាត់ ៣០ នាទី​ក្នុងមួយ​ថ្ងៃ ប្រាំដង​ក្នុង​មួយសប្តាហ៍ ។ លំហាត់​ប្រាណ​ជួយ​បង្កើន​ថាមពល​របស់​អ្នក និង​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​មាន​ភាពនឹងនរ ។

  • សូម​ស្លៀក​ពាក់​ស្រប​តាម​អាកាសធាតុ ។ ប្រសិន​បើអ្នក​ធ្វើការ​នៅ​ខាងក្រៅ​ក្រោម​កម្តៅ​ថ្ងៃ ត្រូវ​ប្រាកដ​ថា​ត្រូវ​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ និង​សម្លៀក​បំពាក់​ដែល​មាន​ពណ៌​ស្រាលៗ ។ ប្រសិន​បើ​អ្នកក្តៅ​ពេក សូម​ចាក់​ទឹក​ត្រជាក់​លើ កដៃ​របស់អ្នក ។ ក្នុង​អាកាសធាតុ​ត្រជាក់ សូម​ស្លៀក​សម្លៀក​បំពាក់​ដែលមាន​ច្រើន​ជាន់​រួម​ទាំង​ស្រោមដៃ និង​មួក​ផងដែរ ។

  • សូម​រក្សា​កន្លែង​រស់​នៅ​របស់​អ្នក​ឲ្យ​ស្អាត​បាត ហើយ​គ្មាន​ធូលី ។ បន្ទប់​ដែល​ស្អាត​ក៏​នឹង​លើក​កម្ពស់​វិញ្ញាណ​របស់​អ្នក​ផង​ដែរ ។ សូម​សហការ​ជាមួយ​ឪពុក​ម្តាយ​របស់​អ្នក ហើយ​ត្រូវ​គិត​គូរ​ពីគ្រួសារ​របស់​អ្នក ។ សូម​ជួយ​ពួកគេ​ឲ្យ​ថែរក្សា​កន្លែង​រួម ។ ការ​ថែ​រក្សា​កន្លែង​រស់នៅ​របស់​អ្នក​ឲ្យ​ស្អាតបាត​គឺ​សំខាន់ណាស់ ជាពិសេស​ប្រសិន​បើអ្នក​មាន​ជំងឺ​ផ្តាសាយ​ញឹកញាប់ ឬមាន​ប្រតិកម្ម​នោះ ។ សូម​បោកកន្សែង និង​កម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់​ដើម្បី​កាត់បន្ថយ​បាក់តេរី​ដែល​នាំឲ្យ​មាន​ប្រតិកម្ម​អាឡែកស៊ី ។

គ. ការគ្រប់គ្រង​ការឈឺ​ក្បាល ឈឺពោះ ឬ​ឈឺ​សាច់ដុំ

  • សូម​រៀន​ធ្វើ​ការ​សម្រាក​ខាង​រូបកាយ ។ ការសម្រាក​អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​លើ​រាងកាយ​ដូច​ជា ការឈឺ​ក្បាល ឈឺពោះ ឬ​ឈឺខ្នង ។ វាក៏​អាចជួយ​ដល់​ជំងឺ​រាគ ឈឺសន្លាក់ ឬ​បេះដូង​លោត​ញាប់ ឬ​ពិបាក​ដក​ដង្ហើម​ផងដែរ ។ វា​អាច​កាត់​បន្ថយ​អារម្មណ៍​ការភ័យស្លន់ស្លោ​បាន ។ ហ្វឹក​ហាត់​រាងកាយ​របស់​អ្នក​ឲ្យ​ចេះ​សម្រាក​ដោយ​ការអនុវត្ត​តាម លំហាត់​ប្រាណ​សម្រាក​តាម​លំដាប់​កើនឡើង ។ ឬព្យាយាម​ធ្វើ លំហាត់​ប្រាណ​ផ្លូវ​ដង្ហើម ជារៀង​រាល់ថ្ងៃ​យ៉ាងតិច​ណាស់​បីសប្តាហ៍ ។ នៅពេល​អ្នក​មាន​រោគសញ្ញា​លើ​រាងកាយ ឬ​មាន​អារម្មណ៍​តានតឹង​ខ្លាំងពេក សូម​ប្រើ​លំហាត់​ប្រាណ​ទាំងនេះ ដើម្បីកាត់​បន្ថយ​ភាពតាន​តឹង ។ វា​នឹង​ជួយ​អ្នក​ឲ្យ​ស្ងប់​អារម្មណ៍ ។ ពេល​អ្នក​សម្រាក សូម​ផ្ដោត​លើ​ការទុកចិត្ត​ថា ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ឲ្យ​ប្រឈម​នឹង​ឧបសគ្គ​របស់​អ្នក ។ តាមវិធីនេះ ការរៀន​សម្រាក​អាចជា​ទម្រង់​នៃការ​ចុះចូល​នឹង​ព្រះទ័យ​របស់ព្រះ ។ វា​ក៏​អាច​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ផងដែរ ដូច​ដែល​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា « កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ( លូកា ២២:៤២ ) ។

  • បំបែក​ការងារ​របស់​អ្នក​ទៅជា​កិច្ចការ​តូចៗ ។ បន្ទាប់​មក សូមធ្វើ​កិច្ចការ​នោះ​ម្តង​មួយៗ ។ នៅ​ជំហាននីមួយៗ សូម​រំឭក​ខ្លួន​ឯង​ថា « អ្វី​ទាំងអស់​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ​គឺ  » ។ ឧទាហរណ៍ អ្នកអាច​និយាយថា « អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ​គឺទូរសព្ទ​ទៅ​អ្នកដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម » ឬ « អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ​គឺស្លៀក​ពាក់​សម្រាប់​ថ្ងៃ​នេះ » ។

  • សូម​រក្សា​កំណត់ហេតុ​មួយ​សម្រាប់​រយៈពេល​មួយ​សប្ដាហ៍ ។ ការណ៍​នេះ​នឹង​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​ពី​ពេល​ដែល​រោគសញ្ញា​ខាង​រាងកាយ​របស់​អ្នក​កើត​មាន ។ សូម​រក​មើល​លំនាំ ។ ឧទាហរណ៍ រោគសញ្ញា​របស់អ្នក​អាច​នឹង​កើត​ឡើង ៖

    • នៅក្រោម​កាលៈទេសៈ​មួយ​ចំនួន​ដូចជា​នៅថ្ងៃអាទិត្យ ។ អ្នក​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ឈឺ​ពេល​នៅ​ក្បែរ​ថ្នាក់​ដឹកនាំ ។ ជារឿយៗ អ្នក​អាច​មាន​អារម្មណ៍​ថា​ឈឺ ពេល​អ្នក​មិន​បាន​បរិភោគ​អាហារ​ច្រើន​ម៉ោង ។

    • នៅ​ពេល​អ្នក​រិះគិត​ពីវិធី​ជាក់លាក់​មួយ ។ ឧទាហរណ៍ នៅពេល​ដែល​អ្នក​គិត​ថា​អ្នក​គួរតែ​ធ្វើអ្វី​មួយ ដែល​ប្រសើរ​ជាង​នេះ ។

    • នៅពេល​ដែល​អ្នក​មាន​អារម្មណ៍​មួយ​ចំនួន​ដែល​មិនចង់​និយាយ​អំពី ដូចជា​ការថប់​បារម្ភ ឬ​កំហឹង​ជាដើម ។

  • សូម​រិះរក​វិធី​ដើម្បី​ផ្លាស់​ប្តូរ​ស្ថានភាព​នេះ ។ ឧទាហរណ៍ អ្នក​អាច​ខ្ចប់​អាហារ​សម្រន់​ដែល​មាន​សុខភាព​ល្អទៅ​ជាមួយ ឬ​ព្យាយាម​ផ្លាស់​ប្តូរ​គំនិត​របស់អ្នក ( សូមមើល « ការ​តតាំង​នឹង​ការ​គិត​អវិជ្ជមាន » ) ។ អ្នកក៏​អាច​ព្យាយាម​រម្ងាប់​អារម្មណ៍​ផងដែរ ( សូមមើល « ការ​ឆ្លើយ​តប​ដោយ​វិជ្ជមាន​ចំពោះ​ភាព​តានតឹង » ) ។ ស្វែងរក​យោបល់​បន្ថែម​នៅក្រោម « ៣. ការអភិវឌ្ឍ​ភាព​ធន់​ខាង​សតិអារម្មណ៍ » ។

  • សូម​ស្វែង​រក​ការព្យាបាល​ខាង​វេជ្ជសាស្ត្រ ។ ប្រសិន​បើ​រោគ​សញ្ញា​នៅបន្តមាន ឬ​អ្នក​មាន​របួស សូម​ប្រឹក្សា​ជាមួយ​ឪពុកម្តាយ​របស់​អ្នក​ដើម្បី​ទទួល​បាន​ជំនួយ​ខាង​វេជ្ជសាស្ត្រ ។

  • សូម​បំភ្លេច​ខ្លួន​ឯង ។ អ្នក​ប្រហែល​ជា​សង្កេត​ឃើញ​ការ​គិត​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដូច​ជា « ខ្ញុំ​នឹង​ភ្លេច​អ្វី​ដែល​ត្រូវ​និយាយ » ។ ឬ​អ្នក​ប្រហែល​ជាគិតថា « ខ្ញុំ​កំពុង​ធ្វើ​រឿង​ល្ងីល្ងើ » ។ សូម​រំព្ញក​ខ្លួន​អ្នកថា មនុស្ស​គ្រប់​គ្នា​ធ្វើ​ខុស ។ សូម​ចងចាំ​ថា ព្រះអម្ចាស់​ជ្រើសរើស​ធ្វើការ​តាមរយៈ​មនុស្ស​ទន់ខ្សោយ និង​សាមញ្ញ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:២៤–២៨ ) ។

នាឡិកា និងសៀវភៅ

ឃ. ការសម្រាន្ត​លក់​ស្រួល ហើយ​ចូល​សម្រាន្ត​ទាន់ពេល

  • សូម​សរសេរ​បញ្ជី​មួយ​ពី​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​សម្រាន្ត​មិន​លក់ ។ បន្ទាប់​មក សូម​ដាក់​បញ្ជី​នេះ​មួយ​ឡែក ។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​សម្រាក​ដោយ​ដឹង​ថា អ្នក​នឹង​មិន​ភ្លេច​កិច្ចការ​សំខាន់​ឡើយ ។ សូម​រំឭក​ខ្លួន​ឯង​ថា អ្នក​នឹង​ធ្វើ​ផែនការ​ជាក់លាក់​នានា​នៅ​ពេល​ព្រឹក ។ សូម​ផ្ដោត​ការ​អធិស្ឋាន​ពេល​យប់​របស់​អ្នក​លើការ​ថ្លែង​អំណរគុណ និង​ការ​រាយការណ៍​ពីអ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ ។

  • សូម​ធ្វើ​តាម​ទម្លាប់​រៀង​រាល់យប់ ។ ការ​ណ៍នេះ​នឹង​បង្វឹក​ដល់​រាងកាយ​របស់​អ្នក​ថា ដល់​ពេល​ចូល​សម្រាន្ត​ហើយ ។ ជាឧទាហរណ៍ សូមប្រើ លំហាត់​ប្រាណ​សម្រាក​តាម​លំដាប់​កើនឡើង មុនពេល​ចូល​សម្រាន្ត ។ សូម​ចៀសវាង​ការអាន ឬ​បរិភោគ​នៅ​លើ​គ្រែ ។ អ្នក​នឹង​សម្រាន្ត​កាន់តែ​លក់​ស្រួល ប្រសិន​បើ​ចិត្ត​របស់​អ្នក​ដឹង​ថា គ្រែ​របស់អ្នក​ជាកន្លែង​សម្រាប់​សម្រាន្ត ។ ព្យាយាម​សម្រាន្ត​ឲ្យ​បាន​ប្រាំបី​ទៅ​ប្រាំបួន​ម៉ោង​រៀង​រាល់យប់ ។

  • បន្ធូរអារម្មណ៍ ហើយ​សម្រាក​អំឡុងម៉ោង​ចុង​ក្រោយ​នៅ​ថ្ងៃនោះ ។ មុន​ពេល​ចូល​សម្រាន្ត សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់​ហេតុ ឬ​បរិភោគ​អាហារ​សម្រន់​ដូចជាទឹកដោះគោ ឬផ្លែឈើ ។ ស្តាប់​តន្ត្រី​ដែល​សមរម្យ និយាយ​ជាមួយ​សមាជិក​គ្រួសារ ឬ​អនុវត្ត​ជំនាញ​បន្ធូរ​អារម្មណ៍ ។ ប្រសិន​បើអ្នក​ភ្លេច​ចាប់ផ្តើម​បន្ធូរអារម្មណ៍​ក្នុងអំឡុង​ម៉ោង​នេះ សូម​ដាក់​ម៉ោង​រោទិ៍ ៣០ នាទី​មុនពេល​អ្នក​គួរ​តែ​ចូល​សម្រាន្ត ។ ពេល​អ្នក​ឮ​ហើយ សូម​ឈប់​ធ្វើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ ។ សូម​ចាប់ផ្ដើម​បន្ធូរ​អារម្មណ៍ ហើយ​រៀបចំខ្លួន​ចូល​សម្រាន្ត ។

  • សូម​ចៀសវាង​អាហារ​មាន​ជាតិស្ករ ឬ​ធ្វើ​លំហាត់ប្រាណ​មួយ​ម៉ោង​ពី​មុន​ចូល​សម្រាន្ត ។

  • សូម​ដំឡើង ឬ​បន្ថយ​កម្ដៅ ។ វា​នឹងកាន់តែ​ពិបាក​សម្រាន្ត ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ក្ដៅ ឬ​ត្រជាក់​ពេក ។ សូម​ងូត​ទឹក​ត្រជាក់ ឬ​យក​ភួយ​បន្ថែម​ទៀត ។

  • ការពារ​កុំឲ្យ​មានពន្លឺ និងសំឡេង​ឲ្យ​បាន​ច្រើន​តាម​ដែលអាច​ធ្វើ​ទៅបាន ។ សូម​បាំង​ពន្លឺ និង​ទប់សំឡេង​រំខាន​ដោយ​ការបើក​កង្ហារ ឬ​ដាក់​ប្រដាប់​ញ៉ុក​ត្រចៀក ។ សូម្បី​តែ​ពន្លឺ ឬ​សំឡេង​រំខាន​តូច​មួយ​ក៏​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​សម្រាន្ត​មិន​លក់​ដែរ ។

ង. ការ​ក្រោកពី​ដំណេក​ឲ្យ​ទាន់​ពេល

  • ដំបូង សូម​ក្រោកពី​ដំណេក​ទាន់​ពេល ។ ប្រសិន​បើ​អ្នក​សម្រាន្ត​មិន​គ្រប់គ្រាន់​ទេ សូម​ចូល​ដំណេក​មុន ៣០ នាទី ។

  • ធ្វើ​លំហាត់​ប្រាណ​ជា​ទៀង​ទាត់ ។ បន្ទាប់​ពី​ធ្វើ​លំហាត់ប្រាណ ៣០ នាទី​ក្នុង​មួយ​ថ្ងៃ បាន​បីបួន​សប្តាហ៍ហើយ នោះ​អ្នក​ប្រហែល​ជា​សង្កេត​ឃើញ​ថា អ្នកត្រូវការ​ទទួល​ទាន​ដំណេក​តិច​ជាងមុន ។ នៅ​ពេលរាងកាយ​របស់​អ្នក​កាន់តែ​រឹងមាំ វា​មាន​កម្លាំង​កាន់តែ​ច្រើន ហើយ​មាន​ការ​សម្រាក​កាន់តែ​ងាយ​ស្រួល ។

  • សូម​ចៀសវាង​បរិភោគ​អាហារ​មាន​ជាតិ​ស្ករ​ពី​មុន​ចូល​ដំណេក ។ ការចៀសវាង​ជាតិស្ករ​ដូច្នេះ​ប្រហែល​ជា​ជួយ​អ្នក​ឲ្យ​មិន​សូវ​មាន​អារម្មណ៍​ងងុយ​ដេក​នៅ​ពេល​ព្រឹក ។

  • រៀបចំ​កម្មវិធី​សម្រាប់​ខួរក្បាល​របស់​អ្នក ។ សូម​ប្រាប់​ខ្លួន​ឯង​កាល​មួយ​យប់​មុន​ថា តើ​អ្នក​ចង់​ក្រោក​នៅម៉ោង​ប៉ុន្មាន ។

  • ប្រសិន​បើអាច សូម​ដាក់នាឡិការោទិ៍​ភ្ជាប់​ទៅ​នឹង​ភ្លើង ។ ដាក់​ម៉ោង​កំណត់​ដើម្បី​បើក​ភ្លើង​របស់​អ្នក​ពី ១៥ ទៅ ២០ នាទី​មុន​ពេល​ក្រោក ។ ពន្លឺ​នឹង​ផ្ដល់​សញ្ញា​ទៅ​ដល់​ខួរក្បាល​របស់​អ្នក​ឲ្យ​ក្រោក​ពី​ដំណេក ។

ច. ការបរិភោគ​អាហារ​ជាមួយ​គ្រួសារ

  • ចូលរួម​ជាមួយ​គ្រួសារ​របស់​អ្នក​ក្នុង​ការរៀបចំ​ផែន​បរិភោគ​អាហារ ។ ចំណាយ​ពេល​វេលា​ដើម្បី​ទិញ​អាហារ រៀបចំ​ផែនការ និង​រៀបចំ​អាហារ និង​លាង​សម្អាត ។

  • បរិភោគ​អាហារ​ចម្រុះ​គ្នា ។ ព្យាយាម​បរិភោគ​ផ្លែឈើ ឬ​បន្លែ​យ៉ាងតិច​ប្រាំ​មុខ​ក្នុង​មួយថ្ងៃ ប្រសិនបើ​មាន ។

  • បរិភោគ​អាហារ​មាន​ជីវជាតិ​ប្រូតេអ៊ីន​រាល់ថ្ងៃ ។ អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​រួមមាន សណ្តែក​ដី សណ្ដែក​ខៀវ តៅហ៊ូ ស៊ុត ទឹកដោះគោ ទឹកដោះគោជូរ ហ្រ្វម៉ា ស៊ុត ត្រី សាច់មាន់ សាច់ជ្រូក និង​សាច់គោ​ជាដើម ។

  • កាត់​បន្ថយ​ជាតិស្ករ ហើយ​ចៀសវាង​ជាតិ​កាហ្វេអ៊ីន ។ សារធាតុ​ទាំងពីរ​នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​ខឹង ហើយ​អស់កម្លាំង ។

  • ផឹកទឹក និង​ភេសជ្ជៈ​ផ្សេងទៀត ។ រក្សាជាតិ​ទឹក​ដោយ​ផឹក​ទឹក និង​ភេសជ្ជៈ​ផ្សេងទៀត​ពី ៦ ទៅ ១២ កែវ​ក្នុង​មួយ​ថ្ងៃ អាស្រ័យ​ទៅ​លើ​អាកាសធាតុ ។

  • បើចាំបាច់ ត្រូវ​សម្រក​ទម្ងន់បន្តិច​ម្តងៗ ។ តើអ្នក​កំពុង​ព្យាយាម​សម្រក​ទម្ងន់​មែនទេ ? បើដូច្នេះ​មែន សូម​កុំ​ព្យាយាម​សម្រក​លើស​ពីមួយ​ទៅ​ពីរផោន ( មួយគីឡូក្រាម ) ក្នុង​មួយ​សប្តាហ៍​ឲ្យ​សោះ ។ សូម​ផឹក​ទឹក​បន្ថែម​ឲ្យ​បាន​ច្រើន ។

ច. ការ​ទទួល​បាន​កម្លាំង​ចិត្ត​ដើម្បី​ធ្វើ​លំហាត់​ប្រាណ

  • សូម​អធិស្ឋាន​ឲ្យ​មាន​ចិត្ត​ចង់​ធ្វើ​លំហាត់​ប្រាណ ។ បន្ទាប់​មក សូម​ចាប់ផ្តើម​ដោយប្រាប់​ខ្លួន​ឯង​ថា អ្នក​នឹង​ហាត់​ប្រាណ​ត្រឹមតែ​ប្រាំនាទី​ប៉ុណ្ណោះ ។ ជាញឹកញយ អ្នក​នឹង​កាន់​តែ​មាន​ការ​លើក​ទឹក​ចិត្ត​នៅ​ពេល​ដែល​អ្នក​បាន​ចាប់​ផ្ដើម ។

  • សូម​រំឭក​ខ្លួន​ឯង​ពី​គុណប្រយោជន៍​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ ។ សូម​ស្រមៃថា អ្នក​នឹង​មាន​ភាពស៊ាំ​កាន់តែ​ប្រសើរ និង​បង្កើន​ថាមពល​កាន់តែ​ខ្លាំង ។ សូម​ស្រមៃ​មើល​ផងដែរ​ពីការ​គ្រប់គ្រង​ភាពតាន​តឹង​បាន​ល្អប្រសើរ ការមាន​សតិ​អារម្មណ៍​កាន់តែ​ល្អ​ប្រសើរ និង​គ្រប់គ្រង​ទម្ងន់​របស់អ្នក​បាន​កាន់​តែ​ប្រសើរ​ជាងមុន ។ សូម្បី​តែ​មនុស្ស​ដែល​មិនចូល​ចិត្ត​ការ​ហាត់​ប្រាណ​ក៏ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ​ដែរ ។

  • ធ្វើ​ឲ្យ​ការ​ហាត់​ប្រាណ​ក្លាយ​ជា​ល្បែង​មួយ ។ ខណៈពេល​ដែល​អ្នកហាត់​ប្រាណ ចូររៀប​ចំ​ផែន​ការ​សកម្មភាព​សប្បាយ​មួយ​សម្រាប់​ពេលក្រោយ ឬ​ហាត់ប្រាណ​តាម​ចង្វាក់​តន្ត្រី​ដែល​មាន​លក្ខណៈ​សមរម្យ ។ ចូរ​រក្សា​តារាង​ពិន្ទុ​នៃ​កិច្ចខិតខំ​ធ្វើ​លំហាត់​ប្រាណ​របស់អ្នក ហើយ​ផ្តល់​រង្វាន់​ដល់ខ្លួន​ឯង​ចំពោះ​ការ​សម្រេច​បាន​គោលដៅ​របស់អ្នក ។ រង្វាន់​អាច​ជា​ការទៅ​ឧទ្យាន ភោជនីយដ្ឋាន ឬ​ហាង​ទំនិញ ។

  • សូម​ស្វែង​រក​ប្រភេទ​លំហាត់ប្រាណ​ដែល​អ្នក​ចូលចិត្ត ( ឬ​មិន​សូវ​ចូលចិត្ត​តិចតួច ) ។ ឧទាហរណ៍ អ្នក​អាច​ដើរ ឬ​រត់​តាម​ចង្វាក់​ភ្លេង ។ អ្នក​អាច​លោត​អន្ទាក់ ពត់ខ្លួន ឬ​អាវ៉ង់ អង្គុយ​ពាក់​កណ្តាល ឬ​ហាត់​យូហ្គា ។

    នារី​​រត់កីឡា