« ៤. ការអភិវឌ្ឍភាពធន់ខាងសង្គម » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ៖ កូនសៀវភៅធនធាន ( ឆ្នាំ ២០២០ )
« ៤. ការអភិវឌ្ឍភាពធន់ខាងសង្គម » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
៤. ការអភិវឌ្ឍភាពធន់ខាងសង្គម
ទំនាក់ទំនងអាចទាំងជាប្រភពនៃភាពតានតឹង ហើយក៏ជាធនធានសម្រាប់តស៊ូនឹងភាពតានតឹងផងដែរ ។ ការស្រាវជ្រាវបង្ហាញថា ទំនាក់ទំនងដែលល្អគឺមានអត្ថប្រយោជន៍ពេញមួយជីវិត ។ ទំនាក់ទំនងបែបនេះបានផ្សារភ្ជាប់ទៅនឹងសុខភាពផ្លូវចិត្ត និងផ្លូវកាយ ។ នៅពេលយើងមានភាពតានតឹងខ្លាំង ទំនាក់ទំនងនានាអាចទទួលរងទុក្ខ ។ សូមពិចារណាអំពីមតិយោបល់ដូចខាងក្រោមសម្រាប់ការស្ថាបនាទំនាក់ទំនងល្អនានា ។ សូមយោងទៅវគ្គ « ១. ការអភិវឌ្ឍភាពធន់នៅក្រោមភាពតានតឹង » សម្រាប់យោបល់បន្ថែមទៀតផងដែរ ។
ក. ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ
-
ស្វែងរក និងប្រើភាពខ្លាំងរបស់អ្នកនៅពេលអ្នកបម្រើ ។ អ្នកមានភាពខ្លាំង ដែលអាចជួយអ្នកឲ្យក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏មានប្រសិទ្ធភាពមួយរូប ។ សូមស្វែងរកការបំផុសគំនិត ដើម្បីជួយអ្នកឲ្យយល់ពីភាពខ្លាំងរបស់អ្នក ។ ព្រះអម្ចាស់នឹងជួយអ្នកឲ្យប្រើភាពខ្លាំងទាំងនេះក្នុងការបម្រើរបស់អ្នកដល់ទ្រង់ ។ ឧទាហរណ៍ មនុស្សមួយចំនួនរកឃើញថា ការនិយាយជាមួយអ្នកដទៃធ្វើឲ្យមានកម្លាំងឋាមពល ។ មនុស្សមួយចំនួនទៀតយល់ថា វាគួរឲ្យធុញទ្រាន់ទៅវិញ ។ ទោះជាយ៉ាងណា មនុស្សទាំងពីរប្រភេទនេះអាចក្លាយជាពួកអ្នកផ្សព្វផ្សាយសាសនាដ៏មានប្រសិទ្ធភាព ។ ប្រសិនបើការនិយាយជាមួយមនុស្សថ្មីធ្វើឲ្យអ្នកអស់កម្លាំង សូមធ្វើសន្សឹមៗ ។ ចូរធ្វើជាមិត្តល្អជាមួយមនុស្សដែលអ្នកស្គាល់ច្បាស់ ។ ចំណុចខ្លាំងរបស់អ្នកអាចជាគំនិតច្នៃប្រឌិតរបស់អ្នក ការយល់ដឹងរបស់អ្នកអំពីមនុស្ស ឬសមត្ថភាពរបស់អ្នកក្នុងដាក់ផែនការ ។
-
ចូរចង់ដឹងឮពីមនុស្សដទៃ ។ រៀនអំពីសំណួរដែលអ្នកអាចប្រើដើម្បីលើកទឹកចិត្តមនុស្សផ្សេងទៀតឲ្យនិយាយ ។ សួរនាំមនុស្សទូទៅពីការងារ ចំណង់ចំណូលចិត្ត គ្រួសារ ឬប្រវត្តិផ្ទាល់ខ្លួនរបស់ពួកគេ ។ សួរអំពីអ្វីដែលមានសារៈសំខាន់បំផុតចំពោះពួកគេ អ្វីដែលពួកគេចង់បាន ឬព្រួយបារម្ភ ។ ស្ដាប់រកឱកាសដើម្បីថ្លែងទីបន្ទាល់ពីគោលការណ៍នៃដំណឹងល្អដែលនឹងទាក់ទងជាមួយពួកគេ ។ ព្យាយាមបង្ហាញការចាប់អារម្មណ៍លើអ្នកដទៃ ។ នេះគឺជាផ្នែកមួយនៃអត្ថន័យនៃការស្រឡាញ់អ្នកជិតខាងរបស់យើង ។ ចូរមានឆន្ទៈក្នុងការឆ្លើយសំណួររបស់ពួកគេអំពីខ្លួនអ្នកផងដែរ ។
-
ដាក់គោលដៅមួយដើម្បីស្គាល់មនុស្សថ្មីឲ្យបានម្នាក់ជារៀងរាល់ថ្ងៃ ។ ហៅឈ្មោះរបស់បុគ្គលនោះនៅនាទីដំបូង បន្ទាប់ពីអ្នកជួបគាត់ ឬនាង ។ ហៅឈ្មោះនោះម្ដងទៀត នៅពេលអ្នកបញ្ចប់ការសន្ទនានោះ ។ កត់ឈ្មោះដើម្បីជួយអ្នកឲ្យចងចាំ ។
-
ផ្ដោតលើការជួយដល់អ្នកដទៃ ។ បង្វែរការយកចិត្តទុកដាក់របស់អ្នកទៅលើតម្រូវការរបស់អ្នកដទៃ ។ នៅពេលអ្នកធ្វើដូច្នេះ នោះអ្នកនឹងមិនសូវគិតពីតម្រូវការ និងភាពមិនគ្រប់គ្រាន់របស់ខ្លួនឯងទេ ( សូមមើល ម៉ូសាយ ២:១៧ ) ។
-
សូមសុំជំនួយដើម្បីស្វែងយល់ពីអ្នកដទៃ ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចយល់ពីមនុស្សដទៃដោយគ្រាន់តែមើលទឹកមុខ ឬកាយវិការរបស់ពួកគេនោះទេ ។ ប្រសិនបើអ្នកពិបាកក្នុងការកត់សម្គាល់អំពីអារម្មណ៍របស់អ្នកដទៃ ចូរសុំជំនួយពីនរណាម្នាក់ ។
-
សូមផ្ដល់ទំនុកចិត្តដល់ខ្លួនឯង ទោះជាអ្នកពុំមានអារម្មណ៍បែបនោះក្ដី ។ នៅពេលប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី កំពុងបម្រើបេសកកម្ម នោះឪពុករបស់លោកបានប្រាប់លោកថា « បំភ្លេចខ្លួនឯង ហើយចេញទៅបម្រើ » ( នៅក្នុង « Taking the Gospel to Britain » Ensign ខែ កក្កដា ឆ្នាំ ១៩៨៧ ទំព័រ ៧ ) ។ ដំបូន្មាននេះមានសារៈប្រយោជន៍ចំពោះពួកអ្នកផ្សព្វផ្សាយសាសនាទាំងអស់ ។ សូមព្យាយាមបំភ្លេចការភ័យខ្លាចរបស់អ្នកទាក់ទងនឹងសុខទុក្ខផ្ទាល់ខ្លួនរបស់អ្នក ។ ផ្ទុយទៅវិញ សូមផ្តោតយកចិត្តទុកដាក់លើការហៅរបស់អ្នកដើម្បីបម្រើដល់អ្នកដទៃ ។
ខ. ចៀសវាងពីការមានអារម្មណ៍ឯកោ ឬកណ្ដោចកណ្ដែង
-
សួរសំណួរដើម្បីរៀនបន្ថែមទៀតអំពីមនុស្សដទៃ ។ សួរអ្នកដទៃអំពីបទពិសោធន៍ និងអារម្មណ៍របស់ពួកគេ ដើម្បីអ្នកអាចយល់ពីពួកគេបានកាន់តែច្បាស់ ។ នៅពេលអ្នកយល់ពីអ្នកដទៃ នោះអ្នកនឹងមិនសូវមានអារម្មណ៍ឯកោទេ ។
-
សូមចែកចាយបន្ថែមទៀត ។ សូមចែកចាយគំនិត និងអារម្មណ៍របស់អ្នកជាមួយអ្នកដទៃ ។ យើងមានអារម្មណ៍ឯកោ នៅពេលដែលយើងមានអារម្មណ៍ថាអ្នកដទៃមិនស្គាល់យើង និងមិនឲ្យតម្លៃយើង ។
-
សូមឲ្យនិយមន័យពាក្យ « ឯកោ » ថាវាមានន័យយ៉ាងណាចំពោះអ្នក ។ ព្យាយាមសម្គាល់អារម្មណ៍ គំនិត និងអាកប្បកិរិយាបែបណាដែលធ្វើឲ្យអ្នកមានអារម្មណ៍ឯកោ ។ បន្ទាប់មក សូមព្យាយាមរំដោះខ្លួនចេញពីអ្វីទាំងនេះ ។
-
និយាយជាមួយមជ្ឈិមវ័យដែលបារម្ភពីអ្នក ។ អនុញ្ញាតឲ្យមជ្ឈិមវ័យទាំងនេះដឹងថា អ្នកមានអារម្មណ៍បែបណា ។ ពួកគេអាចមានយោបល់អំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីចៀសវាងពីអារម្មណ៍ឯកោ ។
គ. ការគ្រប់គ្រងជម្លោះ ឬការរិះគន់
-
ពន្យល់ដោយការគោរពពីអ្វីដែលរំខានដល់អ្នក ។ ប្រសិនបើអាកប្បកិរិយារបស់នរណាម្នាក់រំខានអ្នក ចូរនិយាយជាមួយបុគ្គលនោះដោយការគោរព ។ ពន្យល់ពីអ្វីដែលអ្នកចង់ឲ្យផ្លាស់ប្តូរ ប៉ុន្តែកុំរិះគន់អាកប្បកិរិយារបស់អ្នកដទៃឡើយ ។ ប្រសិនបើអ្នករិះគន់ ឬខឹងច្រើន នោះអ្នកដទៃអាចទៅជាដោះសារយករួចខ្លួន និងមិនសូវសហការទៅវិញ ។ ឧទាហរណ៍ អ្នកអាចនិយាយថា « ខ្ញុំពិតជាមិនចូលចិត្តឲ្យមានសម្រាមនៅក្នុងបន្ទប់សម្រាកទេ ។ ប៉ុន្តែខ្ញុំក៏មិនចូលចិត្តសម្អាតវាទាំងអស់តែឯងដែរ ។ ខ្ញុំចង់ដឹងថា តើយើងអាចដាស់តឿនមនុស្សគ្រប់គ្នាឲ្យចេះសម្អាតសម្រាមរបស់ពួកគេដោយរបៀបណា » ។ ឬ « ខ្ញុំបារម្ភថា អ្នកខឹងនឹងខ្ញុំ នៅពេលអ្នកស្ងៀមស្ងាត់ពេក ។ តើអ្នកអាចប្រាប់ខ្ញុំពីអ្វីដែលអ្នកកំពុងគិតបានទេ ? »
-
សួររកមតិកែលម្អ ។ សួរយោបល់អ្នកផ្សេងទៀតអំពីរបៀបដែលអ្នកអាចយកឈ្នះលើភាពទន់ខ្សោយរបស់អ្នក ។ ហើយក៏ទូលសូមព្រះអម្ចាស់ឲ្យជួយអ្នកយល់ពីភាពទន់ខ្សោយរបស់អ្នកផងដែរ ( សូមមើល អេធើរ ១២:២៧ ) ។
-
ចូរមានចិត្តល្អចំពោះមនុស្សដទៃ ។ នៅពេលគិតអំពីអ្នកដទៃ សូមចៀសវាងពីការវិនិច្ឆ័យអវិជ្ជមានអំពីពួកគេ ឬដាក់ស្លាកអវិជ្ជមានឲ្យពួកគេ ។ កុំព្យាយាមធ្វើឲ្យខ្លួនឯងមានអារម្មណ៍ល្អដោយការចាប់កំហុសអ្នកដទៃឡើយ ។
-
សូមផ្ដោតលើការដោះស្រាយបញ្ហា មិនមែនលើមនុស្សទេ ។ នៅពេលនរណាម្នាក់ធ្វើអ្វីដែលរំខានដល់អ្នក សូមកំណត់ពីបញ្ហារំខាននោះ ហើយដោះស្រាយដើមកំណើតបញ្ហានោះ មិនមែនទៅរិះគន់បុគ្គលនោះ ឬព្យាយាមកែតម្រូវពួកគេនោះទេ ។ នៅពេលអ្នកកំពុងនិយាយទៅកាន់នរណាម្នាក់ សូមព្យាយាមរក្សាសម្ដីទន់ភ្លន់ មិនខឹងសម្បារ ឬកុំធ្វើខ្លួនគួរឲ្យកំសត់ពេកឡើយ ( សូមមើល អេភេសូរ ៤:២៩–៣២ ) ។
-
កុំងាយអាក់អន់ចិត្ត ។ ទទួលយកមតិយោបល់ពីអ្នកដទៃដោយភាពទន់ភ្លន់ និងកំប្លែង ឲ្យអស់ពីលទ្ធភាពរបស់អ្នក ។ សូមធ្វើបែបនេះ សូម្បីតែជាមួយមនុស្សដែលគ្មានសុជីវធម៌ក្ដី ។ ប្រសិនបើអ្នកមានអារម្មណ៍ថា មាននរណាម្នាក់កំពុងរិះគន់អ្នក សូមនិយាយថា « អរគុណសម្រាប់មតិកែលម្អ ។ ខ្ញុំនឹងសិក្សាពីវា » ។
-
សរសើរ និងបម្រើអ្នកដទៃឲ្យបានញឹកញាប់ ។ អរគុណអ្នកដទៃចំពោះអ្វីដែលអ្នកពេញចិត្ត ហើយចង្អុលប្រាប់ពីអ្វីដែលពួកគេធ្វើបានល្អ ។ រកមើលវិធីបន្តិចបន្តួចដើម្បីបម្រើ និងជួយដល់អ្នកដទៃជារៀងរាល់ថ្ងៃ ។
-
អធិស្ឋានទូលសូមអំណោយទាននៃសេចក្តីសប្បុរស ។ សូមធ្វើដូច្នោះ « ដោយអស់ពីកម្លាំងចិត្ត » ( មរ៉ូណៃ ៧:៤៨ ) ។ ទូលសូមឲ្យភ្នែកអ្នកមើលឃើញមនុស្សដទៃដូចជាព្រះទតឃើញពួកគេដែរ ។ រួមបញ្ចូលបុគ្គលដែលបដិសេធអ្នក និងធ្វើឲ្យអ្នកឈឺចាប់នៅក្នុងការអធិស្ឋានរបស់អ្នក ( សូមមើល នីហ្វៃទី៣ ១២:៤៤ ) ។
ឃ. ការចុះសម្រុងជាមួយនឹងថ្នាក់ដឹកនាំ
-
សូមមានចិត្តរាបសា ។ ការបន្ទាបខ្លួនគឺជាផ្នែកមួយដ៏សំខាន់នៃការបង្រៀន និងឆន្ទៈក្នុងការកែលម្អ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១០ ) ។ សូមការណែនាំពីថ្នាក់ដឹកនាំរបស់អ្នកពីរបៀបដែលអ្នកអាចកែលម្អឲ្យបានល្អប្រសើរឡើង ។ មានឆន្ទៈទទួលយកដំបូន្មានពីពួកគាត់ ហើយឲ្យធ្វើឲ្យពួកគាត់ដឹងថា ពួកគាត់អាចទុកចិត្តអ្នកបាន ។ សូមអរគុណដល់ថ្នាក់ដឹកនាំរបស់អ្នកសម្រាប់ការបម្រើរបស់ពួកគាត់ ទាំងជាពាក្យសម្ដី និងជាសំណេរ ។
-
សូមព្យាយាមធ្វើជាអ្នកដើរតាមដ៏ល្អ ។ មនុស្សមួយចំនួនមិនទុកចិត្តបុគ្គលដែលមានសិទ្ធិអំណាច ឬពិបាកទទួលយកសេចក្តីណែនាំ ។ ប្រហែលពួកគេធ្លាប់ធ្វើការសម្រេចចិត្តខ្លួនឯង ។ អ្នកផ្សេងទៀតអាចមានអារម្មណ៍ថាប្រកួតប្រជែងជាមួយមិត្តរួមការងារ ។ សូមឲ្យថ្នាក់ដឹកនាំរបស់អ្នកដឹងថា តើអ្នកប្រឈមបញ្ហាទាំងនេះដែរឬអត់ ។ អធិស្ឋានទូលសូមការបន្ទាបខ្លួនដើម្បីធ្វើជាអ្នកដើរតាមដ៏ល្អម្នាក់ ។
-
អធិស្ឋានសម្រាប់ថ្នាក់ដឹកនាំរបស់អ្នកទាំងអស់ ។ អធិស្ឋានសម្រាប់ថ្នាក់ដឹកនាំរបស់អ្នក ជាពិសេសសម្រាប់ថ្នាក់ដឹកនាំដែលអ្នកមានអារម្មណ៍មិនល្អចំពោះពួកគាត់ ។
-
សូមដឹងថា ថ្នាក់ដឹកនាំក៏ជាមនុស្សធម្មតាដែរ ។ ពេលខ្លះយើងគិតថា ថ្នាក់ដឹកនាំគួរតែជាមនុស្សល្អជាងអ្នកដទៃទៀត ។ បើដូច្នេះមែន យើងអាចនឹងខកចិត្ត ហើយក្លាយជាមនុស្សមានគំនិតរិះគន់ ពេលគេធ្វើខុស ។ ថ្នាក់ដឹកនាំអាចនឹងមិនមានភាពអត់ធ្មត់ បង្ហាញការវិនិច្ឆ័យមិនត្រឹមត្រូវ និងយល់ខុសចំពោះយើង ។ ប្រសិនបើអ្នកឃើញភាពមិនល្អឥតខ្ចោះ ចូររកមើលបុគ្គលិកលក្ខណៈវិជ្ជមានផងដែរ ( សូមមើល មរមន ៩:៣១ ) ។
-
រៀនពីភាពខ្លាំងរបស់ថ្នាក់ដឹកនាំអ្នក ។ សូមធ្វើបញ្ជីអំពីគុណសម្បត្តិដែលថ្នាក់ដឹកនាំរបស់អ្នកមាន ដែលអ្នកចង់យកគំរូតាម នៅពេលដែលអ្នកធ្វើជាអ្នកដឹកនាំនាពេលអនាគត ។
ង. ការជួយអ្នកដទៃឲ្យយល់អំពីការចាត់តាំងបេសកកម្មរបស់អ្នក
-
សូមពន្យល់ពីអត្ថន័យនៃបេសកកម្មផ្នែកសេវាកម្ម ។ សមាជិកសាសនាចក្រមួយចំនួនប្រហែលជាមិនយល់អំពីអត្ថន័យនៃបេសកកម្មផ្នែកសេវាកម្មនោះទេ ។ អ្នកអាចនិយាយថា « ពួកអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មបម្រើនៅក្នុងសាសនាចក្រ ឬបម្រើក្នុងសហគមន៍រហូតដល់ ៤០ ម៉ោងក្នុងមួយសប្តាហ៍ ។ ពួកគេមានច្បាប់បេសកកម្ម និងគោលការណ៍ណែនាំខុសពីច្បាប់សម្រាប់អ្នកផ្សព្វផ្សាយសាសនាផ្នែកផ្សព្វផ្សាយ ។ ឧទាហរណ៍ ខ្ញុំនឹងរស់នៅក្នុងផ្ទះខ្លួនឯង ។ ខ្ញុំនឹងបម្រើនៅ ចំនួន ម៉ោងក្នុងមួយប្តាហ៏ ។ ខ្ញុំអាចចូលរួមក្នុងវួដយុវមជ្ឈិមវ័យនៅលីវ និងសកម្មភាពទាំងឡាយក្នុងវួដបាន បើខ្ញុំមានពេលទំនេរ » ។
-
សូមពន្យល់ថា អ្នកត្រូវបានហៅឲ្យធ្វើជាអ្នកតំណាងនៃព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ។ ការហៅនេះគឺដូចជាការហៅសម្រាប់អ្នកផ្សព្វផ្សាយសាសនាគ្រប់រូបដែរ ហើយមិនផ្លាស់ប្តូរទេ នៅពេលដែលការចាត់តាំងផ្លាស់ប្តូរនោះ ។ ប៉ុន្តែការចាត់តាំង ចំនួនម៉ោង ឬពេលវេលាបម្រើរបស់អ្នកអាចផ្លាស់ប្តូរបាន ។ ឧទាហរណ៍ អ្នកប្រហែលជាត្រូវបានចាត់តាំងឲ្យទៅបេសកកម្មផ្នែកសេវាកម្មឡើងវិញ ដោយសារតែបញ្ហាសុខភាព ។ អ្នកអាចនិយាយថា « ខ្ញុំនៅតែជាអ្នកផ្សព្វផ្សាយសាសនាដដែល ។ ប៉ុន្តែខ្ញុំត្រូវបានចាត់តាំងឡើងវិញឲ្យទៅបេសកកម្មថ្មី ដែលឥឡូវនេះខ្ញុំនឹងផ្តោតលើការងារបម្រើរបស់ខ្ញុំ » ។
-
សូមអនុញ្ញាតឲ្យមនុស្សដទៃដឹងពីអ្វីដែលអ្នកចង់បាន និងត្រូវការ ។ អ្នកប្រហែលជាទើបតែចាប់ផ្តើមបេសកកម្មផ្នែកសេវាកម្មរបស់អ្នក ។ អ្នកអាចអញ្ជើញសមាជិកវួដឲ្យរៀនអំពីអ្វីដែលអ្នកកំពុងធ្វើបាន ។ ស្នើសុំឲ្យពួកគេជួយគាំទ្រ ។ ប្រសិនបើអ្នកត្រូវបានចាត់តាំងឡើងវិញ អ្នកអាចនឹងស្នើសុំពេលពីរបីនាទីនៅក្នុងការប្រជុំសមាគមសង្គ្រោះ ឬក្នុងការប្រជុំកូរ៉ុមអែលឌើរបាន ។ សូមពន្យល់ទៅសមាជិកអំពីការផ្លាស់ប្តូរការចាត់តាំងរបស់អ្នក ហើយស្នើសុំពួកគាត់ឲ្យជួយគាំទ្រ ។ ប្រសិនបើអ្នកជិតចប់បេសកកម្មហើយ នោះអ្នកអាចសុំជំនួយពីអ្នកដទៃបាន ។ ស្នើសុំជំនួយក្នុងការស្វែងរកការងារ ឬចូលរៀន នៅពេលអ្នកធ្វើការផ្លាស់ប្តូរនេះ ។