អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម
៥. ការអភិវឌ្ឍ​ភាពធន់​ខាង​ផ្លូវ​ចិត្ត


« ៥. ការអភិវឌ្ឍ​ភាពធន់​ខាង​ផ្លូវ​ចិត្ត » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ៖ កូន​សៀវភៅ​ធនធាន ( ឆ្នាំ ២០២០ )

« ៥. ការអភិវឌ្ឍ​ភាពធន់​ខាង​ផ្លូវ​ចិត្ត » ការសម្រប​ខ្លួន​ទៅនឹង​ជីវិត​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​កំពុង​ជល់​ដៃ​គ្នា

៥. ការអភិវឌ្ឍ​ភាពធន់​ខាង​ផ្លូវ​ចិត្ត

កិច្ចការ​ផ្សព្វផ្សាយ​សាសនា​តម្រូវ​ឲ្យ​មនុស្ស​ធ្វើការ​ជាច្រើន ហើយ​តម្រូវការ​ទាំងនោះ​មាន​ឥទ្ធិពល​លើ​មនុស្ស​ម្នាក់ៗ​ខុសៗ​គ្នា ។ សមត្ថភាព​ដែលអ្នក​មាន​នឹង​ជួយអ្នក​ឲ្យ​សម្រេច​កិច្ចការ​របស់ព្រះ ។ អ្នក​អាច​ទុកចិត្ត​លើ​ទ្រង់​ឲ្យ​បង្កើត​ភាព​ខុសគ្នា​រវាង​សមត្ថភាព​របស់​អ្នក និង​អ្វី​ដែល​ត្រូវការ​បាន ។ យោបល់​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​ឲ្យ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ។ សូម​យោង​ទៅ​វគ្គ « ១. ការអភិវឌ្ឍ​ភាពធន់​នៅក្រោម​ភាពតាន​តឹង » ដើម្បី​ទទួល​បាន​យោបល់​បន្ថែម ។

ក. ការរៀន​អំពី​ការចាត់តាំង​ថ្មី

ការចាប់​ផ្តើម​ការ​ចាត់តាំង​ថ្មី​អាច​ជារឿង​ស្មុគស្មាញ ។ សូម​អត់ធ្មត់​ជាមួយ​នឹង​អ្នកគ្រប់គ្រង​របស់​អ្នក អ្នក​ធ្វើការ​ជាមួយ​អ្នក និង​ខ្លួន​អ្នក​ផ្ទាល់ ។ សូម​ព្យាយាម​កុំ​បាក់​ទឹកចិត្ត ឬ​តូចចិត្ត ពេល​អ្នក​កំពុង​រៀន​ពី​ការចាត់​តាំងថ្មី​របស់​អ្នក ។ ជាធម្មតា អ្នកនឹង​យល់​ពី​កិច្ចការ​ទាំងនេះ​ក្នុង​អំឡុង​ពេល​ពីរបី​ថ្ងៃ ។ នេះគឺជា​គន្លឹះ​មួយ​ចំនួន​ដើម្បី​ជួយ​ដល់​អ្នក នៅពេល​អ្នក​ចាប់ផ្តើម​ធ្វើតាម​ការចាត់តាំង​ថ្មី​របស់​អ្នក ។ អ្នក​អាច​ពិភាក្សា​ពី​កិច្ចការ​ទាំងនេះ​ជាមួយ​អ្នក​ដឹកនាំ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក​បាន ។

  • រៀន​ស្គាល់​កិច្ចការ ។ រៀន​ស្គាល់​របៀប​ដោះស្រាយ​កិច្ចការ​របស់​អ្នក​ឲ្យ​បាន​ស្ទាត់ ។ រៀបចំ​ឯកសារ​គ្រប់យ៉ាង ។ រៀបចំ​តំបន់​ការងារ​របស់​អ្នក ។ ត្រូវ​ស្គាល់​ឈ្មោះ​មិត្ត​រួមការងារ និង​អ្នកគ្រប់​គ្រង​របស់អ្នក ។

  • មាន​សង្ឃឹម​ឡើង ។ សម្រេច​ចិត្ត​រៀន​ធ្វើ​ការ​ជារៀងរាល់​ថ្ងៃ​ដោយ​មាន​អាកប្បកិរិយា​វិជ្ជមាន​នៅ​កន្លែង​ធ្វើការ ។ ទោះបីជា​អ្នក​នឿយហត់ ឬ​មិន​ប្រាកដ​អំពី​អ្វី​ដែល​រំពឹង​ទុក​ក៏ដោយ ក៏​សូម​ជ្រើស​រើស​យក​ភាព​រួសរាយរាក់ទាក់​ដែរ ។ មាន​ភាព​វិជ្ជមាន ទោះបី​ជា​អ្នក​មិន​រីករាយ​នឹង​ការងារ​របស់​អ្នក ឬ​មនុស្ស​ដែលអ្នក​ធ្វើការ​ជាមួយ​ក្តី ។ ចំណុច​នេះនឹង​ជួយអ្នក​ឲ្យ​ជោគជ័យ ។ វា​នឹង​ជួយ​មនុស្ស​ដែល​នៅ​ជុំវិញ​អ្នក​ឲ្យ​រៀន​ទុក​ចិត្ត និង​ឲ្យ​តម្លៃ​លើ​អ្នក ។

  • បង្ហាញ​ខ្លួន ។ ត្រូវ​មក​ឲ្យ​ទាន់​ពេល​សម្រាប់​គ្រប់​ការចាត់តាំង​ទាំង​អស់ ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ និង​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ចាប់ផ្តើម​ការងារ ។ រក​មើល​វិធី​ដើម្បីជួយ និង​ចូលរួម​ចំណែក ។ សូម​ឲ្យ​មនុស្សម្នា​មើលឃើញ​ថា អ្នកមាន​ឆន្ទៈ​ក្នុង​ការសាកល្បង​អ្វី​ដែលថ្មី និង​អនុវត្ត​ជំនាញ​ថ្មីៗ ។

  • សិក្សា ។ ប្រសិនបើ​អ្នកទទួល​បាន​វីដេអូ ឬ​ឯកសារ​សំណេរ ដែល​ពន្យល់​ពី​ការងារ​របស់អ្នក សូមសិក្សា​វាដោយ​យក​ចិត្តទុក​ដាក់ ។ កត់ត្រា​ពី​អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ ។ ជា​ពិសេស​ត្រូវដឹង​អំពី​ច្បាប់​សុវត្ថិភាព ។ ត្រូវ​កត់ត្រា​អំពី​ច្បាប់​ស្ដីពី​ឯកជនភាព ឬ​ភាពសម្ងាត់​ផងដែរ ។ សិក្សា​អំពី​បទដ្ឋាន​ដែល​បាន​រំពឹង​ទុក​ដើម្បី​ធ្វើ​ការងារ​របស់អ្នក​ឲ្យ​បាន​ជោគជ័យ ។

  • សួរ​សំណួរ ។ សូមសួរ​អ្នក​គ្រប់គ្រង និង​មិត្ត​រួម​ការងារ​របស់​អ្នក​ដោយ​មាន​សុជីវធម៌ អំពី​កិច្ចការ​ដែល​អ្នក​មិនយល់ ។ អ្នក​អាច​យក​សៀវភៅ​កត់ត្រា​តូច​មួយ​តាមខ្លួន​ដើម្បី​សរសេរ​សំណួរ និង​ចម្លើយ​ដែល​អ្នក​អាច​យោង​ទៅ​នៅពេល​ក្រោយ​បាន ។ ចូរ​អត់ធ្មត់​នឹង​អ្នកបំពាក់​បំប៉ន​ទាំងនោះ ប្រសិនបើ​ពួកគេ​ពន្យល់​មិន​ច្បាស់ ។ ព្យាយាម​និយាយ​អ្វីដែល​អ្នក​បាន​ឮ​ឡើងវិញ ។ សួរថា « តើ​ខ្ញុំ​យល់​ត្រូវ​អត់ ? តើ​មានអ្វី​ផ្សេងទៀត​ដែរ​ឬទេ ? » សួរអ្នក​គ្រប់គ្រង​របស់អ្នក​អំពី​ការរំពឹង​ទុក​របស់​ពួកគាត់​ចំពោះ​អ្នក ។ សួរថា​តើ​អ្វី​ទៅ​ដែល​សំខាន់​បំផុត​ដើម្បី​ធ្វើ​ការងារ​របស់​អ្នក​ឲ្យ​បានល្អ ។

  • រកមើល​ច្បាប់​ដែល​មិន​បាន​សរសេរ​ជាលាយលក្ខណ៍​អក្សរ ។ កន្លែង​ធ្វើការ​នីមួយៗ​មាន​របៀប​ធ្វើការ​រៀងៗ​ខ្លួន ។ រឿង​មួយចំនួន​ទាំងនេះ​មិន​បាន​កត់ត្រា​ទុក​នោះទេ ទោះ​បី​វា​ជា​រឿង​សំខាន់​ក៏​ដោយ ។ ច្បាប់​ដែល​មិន​បាន​សរសេរ​ជាលាយលក្ខណ៍​អក្សរ អាច​រួមមាន​របៀប​ដោះស្រាយ​ការ​មិន​ចុះ​សម្រុង​គ្នា ព្រមទាំង​កន្លែងណា និង​ពេលណា​ដែល​ត្រូវ​បរិភោគ​អាហារ ។ ច្បាប់​ផ្សេង​ទៀត​អាច​រួម​បញ្ចូល​ទាំង​សំណួរ​ថា តើ​ភាពច្នៃ​ប្រឌិត​ប៉ុនណា​ដែល​អាច​ទទួល​យកបាន និង​តើ​ត្រូវ​ធ្វើយ៉ាងណា​ជាមួយ​ការងារ​ដែលមិន​បាន​បញ្ចប់​មុន​ថ្ងៃ​កំណត់ ។ មើល​ច្បាប់​ដែល​មិនបាន​សរសេរ​ជាលាយលក្ខណ៍​អក្សរ​ទាំងនេះ ហើយ​ព្យាយាម​ធ្វើ​តាម​ច្បាប់​ទាំងនោះ ។

  • ចូរ​អត់ធ្មត់​ចំពោះ​ខ្លួន​ឯង និង​អ្នក​ដទៃ ។ អ្នក​នឹង​ធ្វើ​ខុស ! នេះ​គឺ​ជាផ្នែក​មួយ​នៃការរៀន​អ្វី​ដែល​ថ្មី ។ សុំទោស​អ្នក​ដទៃ ហើយ​សួរ​ពួកគេ​ពីរបៀប​ដែល​អ្នក​អាច​កែ​កំហុស​របស់​អ្នក​បាន ។ ស្វែង​យល់ពី​អ្វីដែល​អ្នកគួរ​ធ្វើនៅ​ពេល​ក្រោយ ហើយ​ព្យាយាម​ធ្វើ​ម្តង​ទៀត ។ កុំ​រស់​នៅជា​មួយ​កំហុស—មិន​ថា​កំហុស​របស់​អ្នក ឬ​របស់​នរណា​ម្នាក់​ឡើយ ។ រៀន និង​ឈាន​ទៅ​មុខ​ដោយ​អាកប្បកិរិយា​វិជ្ជមាន ។ អ្នក​នឹង​រៀន​ធ្វើការ​ងារ​របស់​អ្នក​បានល្អ ។

    ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម​នៅ​មុខ​កុំព្យូទ័រ

ខ. ការបន្ដ​មាន​របៀប​រៀបរយ​ជាមួយ​នឹង​គោលដៅ និង​ផែនការ​ទាំងឡាយ

  • រក្សាប្រតិទិន ឬ​សៀវភៅ​រៀបចំផែន​ការ ។ នៅដើម​សប្តាហ៍​នីមួយៗ សូម​សរសេរ​ការណាត់​ជួប​របស់អ្នក​នៅលើ​ប្រតិទិន ឬ​ក្នុង​សៀវភៅ​ផែនការ​របស់​អ្នក ។ រួមបញ្ចូល​ទាំង​កិច្ចការ​ដែល​បាន​ចាត់​តាំង ការប្រជុំ​នៅ​ព្រះវិហារ និង​ការតាំងចិត្ត​ផ្សេងៗ​ទៀត ដូចជា​ការអាន​ព្រះគម្ពីរ និង​ការអធិស្ឋាន​ជាដើម ។ សរសេរ​ឈ្មោះ ការណាត់ជួប គោលដៅ និង​បញ្ជី​នៃ​កិច្ចការ​ដែល​អ្នក​ត្រូវធ្វើ ។

  • កុំ​ពឹងផ្អែកតែ​លើ​ការ​ចងចាំ​របស់​អ្នក​ឡើយ ។ មើល​ប្រតិទិន ឬ​សៀវភៅ​ផែនការ​របស់​អ្នក​ពេញ​មួយ​ថ្ងៃ ។ សម្រាប់​កិច្ចការ​សំខាន់ៗ​ដែល​អ្នកត្រូវធ្វើ សូម​សរសេរ​ចូល​ក្នុង​កំណត់ចំណាំ​រំព្ញក​ដាក់​នៅលើទ្វារ លើទូរទឹកកក ឬ​នៅ​ជិត​គ្រែ​របស់​អ្នក ។ ដាក់​សំឡេង​រំព្ញក​លើ​ទូរសព្ទ​របស់​អ្នក ។

  • ដាក់​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ត្រូវការ​សម្រាប់​ថ្ងៃស្អែក​នៅ​កន្លែង​ជាក់លាក់​មួយ ។ សូម​ធ្វើ​ដូច្នេះ មុន​ពេល​អ្នក​ចូល​ដំណេក ។ នោះ​អ្នក​នឹង​មិន​ភ័យ​ថា​នឹង​ភ្លេច​អ្វី​ដែល​សំខាន់​ឡើយ ។ រក្សាទុក​របស់​សំខាន់ៗ​របស់​អ្នក​នៅ​កន្លែង​ដដែល ។ ការ​ធ្វើ​ដូច្នេះ​អ្នកនឹង​មិន​ខ្ជះខ្ជាយ​ពេលវេលា​ស្វែង​រកវា​ទេ ។

    ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​សិក្សា​ជាមួយ​គ្នា
  • ស្នើ​សុំ​ជំនួយ​ក្នុង​ការចងចាំ​អ្វីមួយ ។ នៅពេល​ដែល​អ្នកត្រូវ​ចងចាំ​អ្វីមួយ​ដែល​មិនមែន​ជាផ្នែក​នៃ​ទម្លាប់​ប្រចាំថ្ងៃ​របស់អ្នក ចូរ​សុំ​អ្នកផ្សេង​ឲ្យជួយ​រំព្ញក​អ្នក ។ អ្នក​អាច​និយាយ​ថា « ខ្ញុំ​ដឹង​ថា ខ្ញុំ​ងាយ​នឹង​ភ្លេច​រឿង​នេះ ។ តើអ្នក​អាច​រំព្ញក​ខ្ញុំបានទេ បើខ្ញុំ​ភ្លេច​រឿង​នេះ​នោះ ? »

  • សូម​ផ្តោតលើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ។ នៅពេល​អ្នក​ដឹង​ខ្លួន​ថា អ្នក​បែក​អារម្មណ៍​ចេញ​ពី​សកម្មភាព​ផ្សព្វផ្សាយ​សាសនា សូម​បង្វែរ​ការយក​ចិត្តទុក​ដាក់​របស់​អ្នក​ទៅ​រក​កិច្ចការ​របស់​អ្នកវិញ ។ ធ្វើ​បែបនេះ​ជារឿយៗ​តាម​ដែល​អ្នក​ត្រូវការ ។

  • ធ្វើ​ការ​សម្រេច​ចិត្ត​ពីគោលដៅ ។ កាល​ដែល​វា​មាន​ប្រយោជន៍​សម្រាប់អ្នក សូម​កំណត់​គោលដៅ​តាម​ប្រភេទ​នីមួយៗ​ដូច​ខាងក្រោម ។ បង្កើត​ផែនការ​មួយ​សម្រាប់​អ្វី​ដែល​អ្នក​នឹង​ធ្វើ ។ បន្ថែម​ផែន​ការរបស់​អ្នក​ទៅ​ក្នុង​ប្រតិទិន ឬ​សៀវភៅ​ផែនការ​របស់​អ្នក​ជារៀង​រាល់​សប្តាហ៍ ។

    • គោលដៅ​ខាង​សាច់​ឈាម​មាន​ដូចជា ការ​ហាត់ប្រាណ ការបង្កើត​ទម្លាប់​ទទួល​ទាន​អាហារ និង​ទម្លាប់​ចូល​សម្រាន្ត​ដែល​ធ្វើ​ឲ្យ​មាន​សុខភាពល្អ ការសម្អាត​បន្ទប់ ឬ​កន្លែង​ធ្វើការ​របស់​អ្នក ការគ្រប់គ្រង​ថវិកា ការជួយ​ការងារ​ផ្ទះ ឬ​ការលេង​កីឡា ។

    • គោលដៅ​ខាង​សតិ​អារម្មណ៍​មាន​ដូចជា ការចំណាយ​ពេល​សម្រាក ឬ​ការសញ្ជឹង​គិត ការធ្វើ​សមាធិ ការ​សរសេរ​អំពី​អារម្មណ៍ ឬ​បទពិសោធន៍ ការ​ឈប់​សម្រាក ឬ​ការចំណាយ​ពេល​ជាមួយ​ធម្មជាតិ ។

    • គោលដៅ​ខាង​សង្គម​មាន​ដូចជា ការធ្វើ​អ្វី​មួយ​ជាមួយ​មិត្ត​ភក្តិ និង​គ្រួសារ ការចូលរួម​សកម្មភាព​យុវមជ្ឈិមវ័យ​នៅលីវ ការជួយ​អ្នក​ដទៃ ការធ្វើ​កិច្ចការ​ពង្សប្រវត្តិ ការសួរនាំ​សមាជិក​គ្រួសារ​អំពី​ជីវិត​របស់​ពួកគាត់ ឬ​ការរៀន​សូត្រ និង​ការអនុវត្ត​ជំនាញ​សង្គម ។

    • គោលដៅ​ខាង​ផ្លូវចិត្ត ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​អ្នកបម្រើ​ដ៏ប្រសើរ​របស់​ព្រះអម្ចាស់​មាន​ដូចជា ការចូល​រៀន ការរៀន​ភាសា ឬ​ឧបករណ៍​តន្រ្តី ការអាន ការស្វែង​រក​ចំណាប់​អារម្មណ៍​ការងារ ឬ​ការអភិវឌ្ឍ​ជំនាញ​ការងារ​នានា ។

    • គោលដៅ​ខាង​វិញ្ញាណ​មាន​ដូចជា​ការអធិស្ឋាន​ដោយ​ស្មោះត្រង់​ជាងមុន ការសិក្សា​ព្រះគម្ពីរ​ឲ្យបាន​ហ្មត់ចត់​ជាងមុន ការធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ខាង​វិញ្ញាណ ការចូល​រួម​ក្នុងវួដ ឬ​សាខា​របស់​អ្នក ការទៅ​ព្រះវិហារ​បរិសុទ្ធ ឬ​ការបម្រើ​អ្នកដទៃ​ដែល​នៅ​ក្រៅពី​កន្លែង​ចាត់តាំង​បេសកកម្ម​របស់​អ្នក ។

  • ថ្វាយ​ពេលវេលា​របស់​អ្នក​ដល់​ព្រះអម្ចាស់ ។ ធ្វើអ្វី​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ដាក់​កាល​វិភាគ​ពេល​វេលា​របស់​អ្នក ហើយ​ប្រើវា​ឲ្យ​បានល្អ ។ បន្ទាប់មក នៅព្រឹក​ព្រលឹម​នៃ​ថ្ងៃ​របស់​អ្នក សូម​ថ្វាយ​ថ្ងៃនោះ​ដល់​ព្រះអម្ចាស់ ។ ទូល​សូម​ទៅ​ព្រះអម្ចាស់​ឲ្យ​ធ្វើ​ឲ្យ​ថ្ងៃនោះ​ដំណើរការ​ទៅ​បាន​យ៉ាង​រលូន​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក ។ នៅ​ពេញមួយ​ថ្ងៃ ត្រូវ​ចេះបត់បែន ហើយ​ឆ្លើយ​តប​នឹង​ព្រះវិញ្ញាណ ។

    ពួកអ្នកផ្សព្វ​ផ្សាយ​សាសនា​នៅ​ក្នុង​ព្រៃ

គ. ការយកឈ្នះ​លើ​អារម្មណ៍​ដែល​គិតថា​ខ្លួនឯង​គ្មាន​សមត្ថភាព

  • ចូរ​រក្សា​អារម្មណ៍​កំប្លុកកំប្លែង​របស់​អ្នក នៅ​ពេល​អ្នក​ធ្វើ​ខុស ។ សុំទោស​ចំពោះ​អ្វី​ដែលអ្នក​បាន​ធ្វើខុស ហើយ​ព្យាយាម​ធ្វើ​វា​ម្តង​ទៀត ។ សូម​ចងចាំ​ថា ការមាន​ឆន្ទៈ​ក្នុង​ការសុំទោស​គឺជា​សញ្ញា​នៃ​ភាពធន់ និង​ភាពខ្លាំង ។

  • ស្វែងរក​ភាព​ខ្លាំងនៅ​ក្នុង​ភាព​ទន់ខ្សោយ ។ ពេលខ្លះ​ភាព​ទន់​ខ្សោយ​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​ភាព​ខ្លាំង​ដូចជា​សេចក្តី​អាណិតអាសូរ និង​ការយល់ចិត្ត​ជាដើម ។ ការ​ពុះពារ​ដើម្បី​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​អាច​បង្រៀន​យើង​អំពី​ការអត់ធ្មត់ ការបន្ទាប​ខ្លួន និង​ការពឹងផ្អែក​លើ​ព្រះអម្ចាស់ ។ ពេលខ្លះ ភាពទន់​ខ្សោយ​ដូចជា​ការ​ងាយ​ទទួល​ការរំខាន ក៏​មាន​ភាពខ្លាំង​នៅក្នុង​នោះ​ដែរ ។ អ្នក​អាច​សម្គាល់​ឃើញ​អ្វី​ដែល​អ្នក​ផ្សេង​មើល​មិនឃើញ ។ សូម​ស្វែងរក​ភាពខ្លាំង​ដែល​អាច​មាន​នៅក្នុង​ភាពទន់ខ្សោយ​របស់​អ្នក ។

  • ដុសខាត់​ចំណុច​ខ្សោយ​របស់អ្នក ។ ដុសខាត់​ចំណុច​ខ្សោយ​ម្តង​មួយៗ ដើម្បី​កុំ​ឲ្យ​អ្នក​មាន​អារម្មណ៍​លើសលុបពេក ។ ទទួល​យក​គំនិត​ផ្សេងៗ​ពី​អ្នកដទៃ ។ អធិស្ឋាន​ទូលសូម​ការណែនាំ និង​ជំនួយ ។ ដាក់​ផែនការ​ដើម្បី​យកឈ្នះ​លើ​ភាពខ្សោយ​របស់​អ្នក ។ គិត​អំពី​ឧបសគ្គនានា​ដែល​អ្នក​នឹង​ជួប និង​គិត​អំពី​ដំណោះស្រាយ ។ រៀន​អនុវត្ត ។ កែសម្រួល​ផែនការ​របស់​អ្នក​ប្រសិន​បើចាំបាច់ ។ មាន​ចិត្ត​អត់ធ្មត់ ។

  • ផ្តោត​ការយក​ចិត្តទុក​ដាក់​របស់អ្នក​ជាថ្មី​លើ​បេសកកម្ម​ផ្នែក​សេវាកម្ម​របស់​អ្នក ។ តើអ្នក​មាន​អារម្មណ៍​ច្រណែន​នឹង​ជំនាញ​របស់​អ្នក​ដទៃ​ដែរ​ឬទេ ? ដាក់​កម្លាំង​កាយ​កម្លាំង​ចិត្ត​របស់​អ្នក​ទៅ​ក្នុង​ការអភិវឌ្ឍ​ភាពខ្លាំង​របស់​អ្នក និង​ឲ្យ​ភាពខ្លាំង​នោះ​ចូលរួម​ចំណែក​ទៅ​ក្នុង​កិច្ចការ​នេះ ។ នេះ​គឺជា​បេសកកម្ម​របស់​អ្នក ។