« ៦. ការអភិវឌ្ឍភាពធន់ខាងវិញ្ញាណ » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ៖ កូនសៀវភៅធនធាន ( ឆ្នាំ ២០២០ )
« ៦. ការអភិវឌ្ឍភាពធន់ខាងវិញ្ញាណ » ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
៦. ការអភិវឌ្ឍភាពធន់ខាងវិញ្ញាណ
ជួនកាលពួកអ្នកផ្សព្វផ្សាយសាសនាមានភាពតានតឹងយ៉ាងខ្លាំង ព្រោះតែការសួរសំណួរពីភាពពេញលេញនៃដំណឹងល្អ ។ ពួកអ្នកផ្សព្វផ្សាយសាសនាតែងតែមានប្រតិកម្មបែបនេះ ព្រោះពួកគេខ្វះធនធានដើម្បីដោះស្រាយភាពតានតឹងដ៏ខ្លាំងបែបនោះ ។ ប្រសិនបើអ្នកមានអារម្មណ៍បែបនេះ សូមសាកល្បងធ្វើតាមយោបល់ខាងក្រោម ។ សូមជ្រើសរើសយោបល់ដែលហាក់ត្រឹមត្រូវសម្រាប់អ្នក ។ សូមយោងទៅវគ្គ « ១. ការអភិវឌ្ឍភាពធន់នៅក្រោមភាពតានតឹង » ដើម្បីទទួលបានគំនិតបន្ថែម ។
ក. ការពង្រឹងទីបន្ទាល់របស់អ្នក
-
ត្រូវដឹងថាសំណួរណាដែលល្អ ។ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈជាច្រើនជាការឆ្លើយនឹងសំណួរដ៏ស្មោះត្រង់របស់លោក ។ វាជាការល្អសម្រាប់អ្នក ដែលអ្នកមានសំណួរអំពីដំណឹងល្អ ។ កាលដែលអ្នកខិតខំស្វែងរកចម្លើយ សូមចាំថា ព្រះគម្ពីរ ព្យាការី គ្រូបង្រៀន និងសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកក្នុងការស្វែងរកហេតុផលអាចជួយបាន ។ ប៉ុន្តែមានតែព្រះវិញ្ញាណប៉ុណ្ណោះដែលអាចបញ្ជាក់ពីសេចក្តីពិតនេះ បាន ។ ព្រះវិញ្ញាណអាចប្រាប់យើងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយថាសាសនាចក្រនេះគឺពិត ។
-
ត្រូវយល់ថាតើសេចក្ដីជំនឿគឺជាអ្វី ។ ការមានសេចក្ដីជំនឿគឺត្រូវទុកចិត្តលើសេចក្ដីល្អ សេចក្ដីស្រឡាញ់ ព្រះតម្រិះ និងសេចក្តីយុត្តិធម៌ដ៏ល្អឥតខ្ចោះរបស់ព្រះ ។ វាគឺជាការទុកចិត្តសូម្បីតែនៅពេលដែលយើងមិនយល់ដោយឥតខ្ចោះក្តី ។ អាលម៉ាបានបង្រៀនថា « សេចក្ដីជំនឿគឺពុំមែនជាតម្រិះដ៏ឥតខ្ចោះនូវអ្វីៗទាំងឡាយនោះទេ ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាមានសេចក្ដីជំនឿ នោះអ្នករាល់គ្នាសង្ឃឹមទៅលើអ្វីដែលមើលមិនឃើញ ហើយដែលពិត » ( អាលម៉ា ៣២:២១ ) ។ អ្នកពុំចាំបាច់ត្រូវការ « តម្រិះដ៏ឥតខ្ចោះ » ដើម្បីមានសេចក្ដីជំនឿនោះទេ ។ សូមសិក្សា អាលម៉ា ៣២ ដើម្បីទទួលបានជំនួយនៅក្នុងការស្ថាបនាសេចក្ដីជំនឿរបស់អ្នក ។
-
មានសេចក្តីជំនឿ នៅពេលដែលអ្វីៗហាក់បីដូចជាមិនអាចគ្រប់គ្រងបាន ។ អ្នកអាចមានអារម្មណ៍ព្រួយបារម្ភអំពីកាលៈទេសៈ ឬលទ្ធផលមួយចំនួន ។ នៅពេលរឿងនេះកើតឡើង សូមរៀនបង្អន់សិន ហើយផ្ដោតលើអ្វីដែលកើតឡើងក្នុងបច្ចុប្បន្នកាល ( សូមមើល « ១. ការអភិវឌ្ឍភាពធន់នៅក្រោមភាពតានតឹង » )។ សម្គាល់មើលផ្លូវអារម្មណ៍របស់អ្នក នៅពេលអ្នកមានអារម្មណ៍ថាមិនអាចគ្រប់គ្រងបាន ។ ទោះបីជាអារម្មណ៍ទាំងនេះអាចធ្វើឲ្យអ្នកមិនស្រណុកចិត្តក៏ដោយ ក៏វាមិនអាចធ្វើបាបអ្នកបានដែរ ។ យូរៗទៅ អ្នកនឹងរៀនមានសេចក្ដីជំនឿកាន់តែខ្លាំងឡើងៗ ។ អ្នកអាចមានសេចក្ដីជំនឿក្នុងការប្រឈមនឹងភាពមិនច្បាស់លាស់ និងឧបសគ្គ ។
-
គោរពតាមព្រះបញ្ញត្តិនានា ។ យើងទុកចិត្តលើព្រះកាន់តែខ្លាំងឡើង នៅពេលយើងរៀនពីតម្លៃនៃការបង្រៀនទាំងឡាយរបស់ទ្រង់ ។ ដើម្បីទទួលបានទំនុកចិត្តនេះ យើងត្រូវធ្វើតាមព្រះហឫទ័យរបស់ទ្រង់ ។ « បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ » ( យ៉ូហាន ៧:១៧ ) ។
-
ចូរមានចិត្តអត់ធ្មត់ ។ ពេលវេលា និងបទពិសោធន៍នឹងជួយអ្នកឲ្យយល់នូវរឿងទាំងឡាយដែលកំពុងច្របូកច្របល់នាពេលឥឡូវនេះ ។ សូមចងចាំការបង្រៀនរបស់នីហ្វៃ ៖ « ខ្ញុំដឹងថា [ ព្រះ ] ទ្រង់ស្រឡាញ់កូនចៅរបស់ទ្រង់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំមិនយល់ន័យនៃរឿងទាំងអស់នោះទេ » ( នីហ្វៃទី១ ១១:១៧ ) ។ សូមស្ថាបនានៅលើអ្វីដែលអ្នកដឹងដោយព្រះវិញ្ញាណដែលជាការពិតអំពីព្រះ ។
ខ. ការរៀនប្រែចិត្ត
ការប្រែចិត្តទាក់ទងនឹងការដាក់ឆន្ទៈរបស់អ្នកឲ្យស្របតាមព្រះទ័យរបស់ព្រះអង្គសង្គ្រោះ ។ គោលការណ៍ខាងក្រោមនេះនឹងជួយដល់អ្នក នៅពេលអ្នកខិតខំប្រែចិត្ត ។
-
ចូរស្មោះត្រង់ជាមួយនឹងប្រធានស្តេករបស់អ្នក ។ ប្រសិនបើអ្នកមានអំពើបាបធ្ងន់ធ្ងរដែលអ្នកមិនបានដោះស្រាយ សូមជួបជាមួយប្រធានស្តេករបស់អ្នក ។ សូមបើកចិត្តឲ្យទូលាយ ហើយស្មោះត្រង់ ។ គាត់នឹងជួយអ្នកឲ្យធ្វើរឿងទាំងនេះបានត្រឹមត្រូវ ។
-
អភ័យទោសឲ្យខ្លួនឯងបន្ទាប់ពីការប្រែចិត្ត ។ ពេលខ្លះ មនុស្សនៅតែមានអារម្មណ៍ថាខុសឆ្គង និងខ្មាសអៀនបន្ទាប់ពីការប្រែចិត្តហើយ ។ សូមចងចាំថា យើងទាំងអស់គ្នាមានវិប្បដិសារីចំពោះអំពើបាប និងកំហុសឆ្គងកាលពីអតីតកាល ។ សូមទុកចិត្តថា ដង្វាយធួនរបស់ព្រះគ្រីស្ទគឺល្មមគ្រប់គ្រាន់ សូម្បីតែចំពោះអ្នកក្តី ។ សូមចងចាំថា ការប្រែចិត្តពុំមែនគ្រាន់តែជាផែនការបម្រុងនោះទេ ។ ការប្រែចិត្តគឺជាផែនការនៃសុភមង្គលសម្រាប់មនុស្សគ្រប់រូប ។
-
សូមផ្ដោតលើកិច្ចការដែលសំខាន់បំផុត ។ ត្រូវខិតខំឲ្យអស់ពីសមត្ថភាពដើម្បីប្រែចិត្តជារៀងរាល់ថ្ងៃ ។ បន្ទាប់មកត្រូវប្រាកដថា អ្វីដែលអ្នកបារម្ភគឺពិតជារឿងដែលសំខាន់បំផុតមែន ។ ឧទាហរណ៍មួយប្រហែលជាការបម្រើដោយសេចក្ដីស្រឡាញ់ ។ សូមកុំខ្វល់ខ្វាយពីបញ្ហាភាពឆ្មើងឆ្មៃផ្ទាល់ខ្លួន ដូចជាអ្វីដែលអ្នកដទៃគិតមកលើអ្នកឡើយ ។
-
យល់ពីតួនាទីនៃការសារភាព ។ អ្នកមិនចាំបាច់សារភាពអំពើបាប ដែលមិនសូវធ្ងន់ធ្ងរ ឬសារភាពអំពើបាបដដែលៗម្តងហើយម្តងទៀតនោះទេ ។ ថ្នាក់ដឹកនាំបព្វជិតភាពនឹងប្រាប់អ្នកថា នៅពេលណាដែលការសារភាពរបស់អ្នកគឺគ្រប់គ្រាន់ល្មមហើយនោះ ។ ការបន្តមានអារម្មណ៍សោកស្ដាយ និងសោកសៅចំពោះអំពើបាបកន្លងមកគឺជារឿងធម្មតាទេ ។ ប៉ុន្តែវាមិនមានន័យថា អ្នកត្រូវសារភាពម្តងហើយម្តងទៀតចំពោះរឿងដដែលៗនោះទេ ។ សូមងាកចេញពីគំនិតបែបនោះដោយទៅធ្វើសកម្មភាពផ្សេងៗ ។ ធ្វើការជ្រើសរើសដោយប្រុងប្រយ័ត្នដើម្បីជឿលើការអភ័យទោសរបស់ព្រះអម្ចាស់ ។ កុំខ្វល់ខ្វាយនឹងការល្បួងដែលនាំឲ្យមានអារម្មណ៍អន្ទះសា ឬខ្មាសអៀន ។
-
សូមជួបនឹងប្រធានស្តេក ឬប៊ីស្សពរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាស្មុគស្មាញ ។
គ. ការរៀនអធិស្ឋានដោយស្មោះអស់ពីចិត្ត
-
សាកល្បងអធិស្ឋានឮៗ ទោះបីជាអាចបញ្ចេញសំឡេងតែខ្សឹបៗក្ដី ។ សាកល្បងរៀបចំខ្លួនធ្វើការអធិស្ឋានដោយការសរសេរសំណួរ ឬកង្វល់របស់អ្នក ។ ស្រមៃថាព្រះគង់នៅក្បែនោះ ។ ទូលសួរទ្រង់នូវអ្វីដែលអ្នកអាចធ្វើសម្រាប់ទ្រង់នៅថ្ងៃនេះ ។ បន្ទាប់មក សូមធ្វើសកម្មភាពទៅតាមគំនិតដែលផុសឡើងនៅក្នុងចិត្តរបស់អ្នក ។ ក្នុងឱកាសនោះ សូមប្រើការអធិស្ឋានរបស់អ្នកដើម្បីអរព្រះគុណព្រះតែប៉ុណ្ណោះ ។ សូមអរព្រះគុណទ្រង់ចំពោះរឿងល្អៗជាច្រើនដែលទ្រង់បានប្រទានដល់អ្នក ។
ឃ. ការរៀនស្រឡាញ់ព្រះគម្ពីរ
-
សូមអធិស្ឋានដោយច្បាស់ៗដើម្បីទទួលបានជំនួយនៅក្នុងការយល់ដឹង និងការរីករាយនឹងព្រះគម្ពីរ ។ ប្រើពេលសិក្សារបស់អ្នកខ្លះ ដើម្បីសរសេរពីអារម្មណ៍របស់អ្នកអំពីបទគម្ពីរ និងប្រតិកម្មរបស់អ្នកចំពោះបទគម្ពីរនោះ ។ ចូរសរសេរពីអ្វីដែលអ្នករៀន ឬចំណាប់អារម្មណ៍ខាងវិញ្ញាណដែលអ្នកទទួលបាន ។
ង. ការរៀនដើម្បីពឹងផ្អែកលើព្រះវិញ្ញាណ
-
ចូរអនុវត្តដោយមានការអត់ធ្មត់ ។ ការរៀនស្គាល់សំឡេងនៃព្រះវិញ្ញាណ គឺដូចជាការរៀនភាសាដែរ ។ វាត្រូវការការអនុវត្ត ការអត់ធ្មត់ និងការបន្ទាបខ្លួន ។ ចូរព្យាយាមរៀនពីកំហុសដោយមិនបោះបង់ចោល ។
-
រៀនពីសន្និសីទទូទៅ ។ សម្រាប់គំនិតអំពីរបៀបដើម្បីអ្នកអាចទទួលបានវិវរណៈផ្ទាល់ខ្លួន សូមសិក្សាសុន្ទរកថានៅក្នុងសន្និសីទទូទៅអំពីប្រធានបទនេះ ។