ថ្នាក់​សិក្ខាសាលា
១. ក្រុមព្រះ


១. ក្រុម​ព្រះ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០១៨ )

១. ក្រុមព្រះ

ការ​និមិត្ត​ដំបូង

១.១. មាន​តួអង្គ​បី​អង្គ ដែលមាន​រូប​អង្គ​​ដាច់ដោយឡែក​ពី​គ្នា​នៅ​ក្នុង​ក្រុម​ព្រះ ៖ ព្រះជាព្រះ​វរបិតា​ដ៏​អស់កល្ប ព្រះរាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណ​​បរិសុទ្ធ ។ ព្រះ​វរបិតា​ និង ព្រះ​រាជ​បុត្រា​មាន​នូវ​រូប​កាយ​ជា​សាច់ និង ឆ្អឹងដ៏រុងរឿង ហើយ​រូបិយ ហើយឯ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​តួ​អង្គ​នៃ​វិញ្ញាណ ( សូមមើល គ. និង ស. ១៣០:២២–២៣ ) ។ ពួក​ទ្រង់​មាន​ព្រះទ័យ​តែ​មួយ ហើយ​រួម​សាមគ្គី​គ្នា​ដ៏​ឥត​ខ្ចោះ​ក្នុង​ការ​នាំ​មក​នូវ​ផែនការ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះវរបិតា ។

សេចក្ដីយោង​ដែល​ទាក់ទង  ៖ លោកុប្បត្តិ ១:២៦–២៧, លូកា ២៤:៣៦–៣៩,យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០

ព្រះ​ជា​ព្រះវរបិតា

១.២. ព្រះ​ជា​ព្រះវរបិតា​គឺ​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​ដែល​យើង​ថ្វាយបង្គំ ។ ទ្រង់​គឺ​ជា​បិតា​នៃ​វិញ្ញាណ​របស់​យើង ( សូមមើល ហេព្រើរ ១២:៩) ។ ទ្រង់​ល្អ​ឥត​ខ្ចោះ​មាន​គ្រប់​ទាំង​ព្រះចេស្តា និង​ជ្រាប​នូវ​គ្រប់​ការណ៍​ទាំង​អស់ ។ ទ្រង់​មាន​យុត្តិធម៌ ប្រកប​ដោយ​ក្ដីមេត្តា​ករុណា និង​មាន​ព្រះទ័យ​ល្អ​ផង​ដែរ ។ ព្រះ​ស្រឡាញ់​កូន​ចៅ​របស់​ទ្រង់​ម្នាក់ៗ​យ៉ាង​ឥតខ្ចោះ ហើយ​មនុស្ស​ទាំងអស់​គឺ​ស្មើ​គ្នា​ចំពោះ​ទ្រង់ ( សូមមើលនីហ្វៃទី ២ ២៦:៣៣ ) ។ កិច្ចការ និង​សិរីល្អ​របស់​ទ្រង់​គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជា​និច្ច​ដល់​មនុស្ស ។

សេចក្ដី​យោង​ដែល​ទាក់ទង ៖ យ៉ូហាន ១៧:៣,ម៉ូសាយ ៤:៩,ម៉ូសេ ១:៣៩

ព្រះយេស៊ូវគ្រីស្ទ

១.៣. ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​បុត្រ​ច្បង​ខាង​វិញ្ញាណ​របស់​ព្រះ​វរបិតា ហើយ​ជា​បុត្រា​បង្កើត​តែ​មួយ​គត់​របស់​ព្រះ​វរបិតា​ខាង​សាច់ឈាម ។ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះបិតា ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ស្ថានសួគ៌ និង​ផែនដី ។ ទ្រង់​គឺ​ជា​ព្រះ​យេហូវ៉ា​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ និង ជា​ព្រះ​មែស៊ី​នៃ​គម្ពីរ​សញ្ញា​ថ្មី ។

១.៤. ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះបិតា​គ្រប់​ការណ៍​ទាំងអស់ ។ ទ្រង់​បាន​រស់នៅ​ក្នុង​ជីវិត​ដែល​គ្មាន​អំពើបាប ហើយ​បាន​ធ្វើ​ដង្វាយធួន​ជំនួស​អំពើ​បាប​របស់​មនុស្ស​គ្រប់គ្នា ( សូម​មើលនីហ្វៃទី ៣ ១១:១០-១១ ) ។ ព្រះជន្ម​របស់​ទ្រង់​គឺ​ជា​គំរូ​ដ៏​ឥតខ្ចោះ​អំពី​របៀប​ដែល​យើង​ត្រូវ​រស់នៅ ( សូមមើល​នីហ្វៃទី  ៣ ១២:៤៨ ) ។ ទ្រង់​គឺ​ជា​បុត្រា​ច្បង​របស់​ព្រះវរបិតាសួគ៌​ដែល​បាន​រស់​ឡើង​វិញ ។ នៅ​ជំនាន់​របស់​យើង​ ក៏​ដូចជា​នៅ​ជំនាន់​បុរាណ​ដែរ ទ្រង់​គង់​នៅ​ជា​សិរិសារ​នៃ​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​នឹង​យាង​មក​ម្តង​ទៀត​ដោយ​ព្រះចេស្តា និង ភាព​រុងរឿង ហើយ​នឹង​គ្រង​លើ​ផែន​ដី​នេះ​ក្នុង​អំឡុង​ពេល​សហស្សវត្សរ៍ ( សូមមើល គ. និង ស. ២៩:១០–១១ ) ។ ទ្រង់​នឹង​ជំនុំជម្រះ​មនុស្ស​លោក​ទាំងអស់ ។

១.៥. ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ជា​អង្គ​សង្រួប​សង្រួម​របស់​យើង​ជា​មួយនឹង​​ព្រះបិតា នោះ​រាល់ការ​អធិស្ឋាន ការ​ប្រសិទ្ធពរ និងពិធីបរិសុទ្ធនៃ​បព្វជិតភាព គួរតែ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ព្រះនាម​របស់ទ្រង់ ( សូមមើល​នីហ្វៃទី ៣ ១៨:១៥, ២០-២១ ) ។

សេចក្ដីយោង​ដែល​ទាក់ទង ៖ អេសាយ ៥៣:៣–៥, លូកា ២៤:៣៦–៣៩, កូរិនថូសទី ១ ១៥:២០–២២, វិវរណៈ ២០:១២, អាលម៉ា ៧:១១–១៣, អាលម៉ា ៣៤:៩–១០, ហេលេមិន ៥:១២, មរ៉ូណៃ ៧:៤៥, ៤៧–៤៨, គ. និងស. ១:៣០, គ. និងស. ៦:៣៦, គ. និងស. ១៨:១០–១១, គ. និងស. ១៩:១៦–១៩, គ. និង ស. ៧៦:២២–២៤

ប្រធានបទ​ដែល​ទាក់ទង ៖ ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះវិញ្ញាណ​បរិសុទ្ធ

១.៦. ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​សមាជិក​ទីបី​នៃ​ក្រុម​ព្រះ ។ ទ្រង់​គឺ​ជា​តួ​អង្គ​នៃ​វិញ្ញាណ ហើយ​គ្មាន​រូប​កាយ​ជា​សាច់ និង ឆ្អឹង​នោះទេ ។ ជា​ញឹកញាប់ ទ្រង់​ត្រូវ​បាន​គេ​ស្គាល់​ថាជា​វិញ្ញាណ ជាព្រះវិញ្ញាណ​បរិសុទ្ធ ជាព្រះវិញ្ញាណ​នៃ​ព្រះ ជាព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និង ជា​អង្គ​លួងលោម ។

១.៧. ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​សាក្សី​​​អំពី​ព្រះវរបិតា និង ព្រះរាជបុត្រា បើក​សម្តែង​​សេចក្តី​ពិត​នៃការណ៍​គ្រប់​យ៉ាង និង ញែក​អ្នក​ទាំង​ឡាយ​​ណា​ដែល​បាន​ប្រែ​ចិត្ត និង ទទួល​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​បាន​បរិសុទ្ធ ។ តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើងអាច​ទទួល​បាន​អំណោយទាន​ខាង​វិញ្ញាណ ដែលជា​ពរជ័យ ឬ​ជា​សមត្ថភាព​​ដែល​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះអម្ចាស់​ដើម្បី​ជា​ប្រយោជន៍​របស់​យើង និង​ដើម្បី​ជួយ​យើង​ឲ្យ​បម្រើ​ ហើយ​ប្រទាន​ពរ​ដល់​អ្នក​ដទៃ​ទៀត ។

សេចក្ដីយោង​ដែល​ទាក់ទង ៖ យ៉ូហាន ៣:៥, កូរិនថូសទី ១ ២:៥, ៩–១១, នីហ្វៃទី ២ ៣២:៣, នីហ្វៃទី ២ ៣២:៨–៩, ម៉ូសាយ ៣:១៩, ម៉ូសាយ ១៨:៨–១០, នីហ្វៃទី ៣ ២៧:២០, មរ៉ូណៃ ៧:៤៥, ៤៧–៤៨, មរ៉ូណៃ ១០:៤–៥, គ. និង ស. ៨:២–៣, គ. និង ស. ១៣០:២២–២៣

ប្រធានបទ​ដែល​ទាក់ទង ៖ ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ