៩. បទបញ្ញត្តិទាំងឡាយ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០១៨ )
៩. បទបញ្ញត្តិទាំងឡាយ
៩.១. បទបញ្ញត្តិទាំងឡាយគឺជាច្បាប់ និងតម្រូវការដែលព្រះប្រទានឲ្យដើម្បីជួយយើងឲ្យរីកចម្រើន និងប្រែក្លាយដូចជាទ្រង់ ។ បទបញ្ញត្តិគឺជាការបើកសម្តែងសេចក្ដីស្រឡាញ់របស់ព្រះមកកាន់យើង ។ យើងបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ ដោយការគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ( សូមមើល យ៉ូហាន ១៤:១៥ ) ។ ការកាន់តាមបទបញ្ញត្តិទាំងឡាយ នឹងនាំមកនូវសុភមង្គល និងពរជ័យជាច្រើនមកពីព្រះអម្ចាស់ជានិច្ច ( សូមមើលម៉ូសាយ ២:៤១,អាលម៉ា ៤១:១០ ) ។ ព្រះនឹងមិនប្រទានបទបញ្ញត្តិមួយដល់យើង ដោយពុំបានរៀបចំផ្លូវសម្រាប់ឲ្យយើងគោរពតាមនោះទេ ( សូមមើលនីហ្វៃទី ១ ៣:៧ ) ។
៩.២. បទបញ្ញត្តិគ្រឹះពីរធំបំផុតគឺ « ស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង ។… ហើយ… ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ( សូមមើលម៉ាថាយ ២២:៣៦–៣៩ ) ។ យើងអាចស្រឡាញ់ និងបម្រើព្រះដោយការជ្រើសរើសដើម្បីស្រឡាញ់ និងបម្រើដល់អ្នកដទៃ ( សូមមើលម៉ូសាយ ២:១៧មរ៉ូណៃ ៧:៤៥, ៤៧-៤៨ ) ។
៩.៣. បទបញ្ញត្តិមួយនៃបទបញ្ញត្តិពីដើមដំបូងបំផុតដែលបានប្រទានដល់មនុស្ស គឺរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ ព្រះបញ្ជាឲ្យកូនចៅរបស់ទ្រង់គោរពទ្រង់តាមរយៈការធ្វើតាមព្រះទ័យរបស់ទ្រង់ ជាជាងធ្វើតាមចិត្តរបស់យើងនៅថ្ងៃឈប់សម្រាក ហើយទ្រង់សន្យានូវពរជ័យដ៏មហិមាចំពោះអ្នកទាំងឡាយណាដែលរក្សាថ្ងៃរបស់ទ្រង់បានបរិសុទ្ធ ( សូមមើល អេសាយ ៥៨:១៣-១៤ ) ។
៩.៤. ក្រឹត្យវិន័យទាំងដប់ប្រការគឺជាផ្នែកមួយដ៏សំខាន់នៃដំណឹងល្អ ហើយជាគោលការណ៍ដ៏នៅអស់កល្បដែលចាំបាច់សម្រាប់ភាពតម្កើងឡើងរបស់យើង ( សូមមើល និក្ខមនំ ២០:៣–១៧ ) ។ ព្រះអម្ចាស់បានបង្ហាញក្រឹត្យវិន័យទាំងនោះដល់ម៉ូសេ កាលពីសម័យបុរាណ ហើយទ្រង់បានលើកវាឡើងម្តងទៀតនៅក្នុងវិវរណៈនាថ្ងៃចុងក្រោយ ។
៩.៥. បញ្ញត្តិទាំងឡាយរបស់ព្រះរួមមាន ការអធិស្ឋានប្រចាំថ្ងៃ ការសិក្សាព្រះបន្ទូលរបស់ព្រះ ការប្រែចិត្ត ការគោរពតាមច្បាប់ព្រហ្មចារីភាព និងការថ្វាយដង្វាយមួយភាគក្នុងដប់ពេញលេញ ( សូមមើលម៉ាឡាគី ៣:៨-១០ ) ការតមអាហារ ( សូមមើលអេសាយ ៥៨:៦-៧ ) ការអភ័យទោសដល់អ្នកដទៃ ( សូមមើលគ. និង ស. ៦៤:៩-១១ ) ការគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ( សូមមើលគ. និង ស. ៨៩:១៨-២១ ) និងការបង្រៀនដំណឹងល្អដល់អ្នកដទៃ ( សូមមើលម៉ាថាយ ៥:១៤-១៦,គ. និង ស. ១៨:១៥-១៦ ) ។
សេចក្ដីយោងដែលទាក់ទង ៖ លោកុប្បត្តិ ៣៩:៩, ធីម៉ូថេទី ២ ៣:១៥–១៧, យ៉ាកុប ១:៥–៦, នីហ្វៃទី ២ ៣២:៣, នីហ្វៃទី ២ ៣២:៨–៩, ម៉ូសាយ ១៨:៨–១០, អាលម៉ា ៣៩:៩, នីហ្វៃទី ៣ ១៨:១៥, ២០–២១, គ. និងស. ៥៨:៤២–៤៣, គ. និងស. ៨២:១០
ប្រធានបទដែលទាក់ទង ៖ ការទទួលបានចំណេះដឹងខាងវិញ្ញាណ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ៖ ការប្រែចិត្ត ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយ