៧. ពិធីបរិសុទ្ធ និង សេចក្តីសញ្ញាទំាងឡាយ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០១៨ )
៧. ពិធីបរិសុទ្ធ និង សេចក្តីសញ្ញាទំាងឡាយ
ពិធីបរិសុទ្ធទាំងឡាយ
៧.១. ពិធីបរិសុទ្ធគឺជាកិច្ចការដ៏ពិសិដ្ឋមួយដែលត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។ ពិធីបរិសុទ្ធនិមួយៗត្រូវបានបង្កើតឡើងដោយព្រះដើម្បីបង្រៀនពីសេចក្តីពិតខាងវិញ្ញាណ ជាញឹកញាប់តាមរយៈនិមិត្តសញ្ញា ។
៧.២. ពិធីបរិសុទ្ធមួយចំនួនមានសារសំខាន់ចំពោះការលើកតម្កើង និង ត្រូវបានគេហៅថាជាពិធីបរិសុទ្ធសម្រាប់ការសង្រ្គោះ ។ មានតែតាមរយៈការទទួលពិធីបរិសុទ្ធនៃការសង្គ្រោះនិងការរក្សាសេចក្ដីសញ្ញាដែលជាប់ទាក់ទងប៉ុណ្ណោះ ទើបយើងអាចទទួលបានគ្រប់ទាំងពរជ័យដែលមានតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ បើគ្មានពិធីបរិសុទ្ធនៃការសង្គ្រោះទាំងនេះទេ នោះយើងមិនអាចប្រែក្លាយដូចជាព្រះវរបិតាសួគ៌របស់យើង ឬត្រឡប់ទៅរស់នៅក្នុងវត្តមានរបស់ទ្រង់ដ៏អស់កល្បជានិច្ចបានឡើយ ( សូមមើលគ. និង ស. ៨៤:២០-២២ ) ។ ពិធីបរិសុទ្ធនៃការសង្គ្រោះត្រូវបានធ្វើឡើងនៅក្រោមការដឹកនាំនៃអ្នកទាំងឡាយដែលកាន់កូនសោបព្វជិតភាព ។
៧.៣. ពិធីបរិសុទ្ធសម្រាប់ការសង្រ្គោះដំបូងគេនៃដំណឹងល្អគឺ ពិធីបុណ្យជ្រមុជទឹកដោយការជ្រមុជទៅក្នុងទឹក ដោយអ្នកមានសិទ្ធិអំណាច ។ បុណ្យជ្រមុជទឹកគឺចាំបាច់សម្រាប់បុគ្គលម្នាក់ៗ ដើម្បីក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ និងដើម្បីចូលទៅក្នុងនគរសេឡេស្ទាល ( សូមមើល យ៉ូហាន ៣:៥ ) ។
៧.៤. បន្ទាប់ពីមនុស្សម្នាក់បានទទួលបុណ្យជ្រមុជទឹកហើយអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ឬច្រើននាក់បញ្ជាក់គាត់ ឬនាង ជាសមាជិកមួយរូបនៃសាសនាចក្រ ហើយផ្ដល់ដល់គាត់ ឬនាងនូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើលនីហ្វៃទី ៣ ២៧:២០ ) ។ អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធខុសពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ។ ពីមុនពិធីបុណ្យជ្រមុជទឹក មនុស្សម្នាក់អាចមានអារម្មណ៍ពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលទីបន្ទាល់មួយនៃសេចក្ដីពិត ។ បន្ទាប់ពីទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ មនុស្សម្នាក់ដែលរក្សាសេចក្ដីសញ្ញារបស់គាត់ ឬនាង មានសិទ្ធិទទួលបានភាពជាដៃគូដ៏ខ្ជាប់ខ្ជួននៃព្រះវិញ្ញាណបរិសុទ្ធ ។
៧.៥. ពិធីបរិសុទ្ធនៃការសង្គ្រោះផ្សេងទៀត រួមមានការតែងតាំងដល់បព្វជិតភាពមិលគីស្សាដែក ( សម្រាប់បុរស ) អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និង ពិធីផ្សារភ្ជាប់អាពាហ៍ពិពាហ៍ ។ នៅក្នុងព្រះវិហារបរិសុទ្ធ ពិធីបរិសុទ្ធសម្រាប់ការសង្រ្គោះអាចនឹងត្រូវបានធ្វើឡើងជំនួសមរណជន ។ ពិធីបរិសុទ្ធជំនួសអាចមានប្រសិទ្ធភាពបាន លុះត្រាតែបុគ្គលដែលបានស្លាប់នោះទទួលយកពិធីទាំងនេះនៅក្នុងពិភពវិញ្ញាណហើយគោរពតាមសេចក្តីសញ្ញាដែលមានពាក់ព័ន្ធតែប៉ុណ្ណោះ ។
៧.៦. ពិធីបរិសុទ្ធដទៃទៀតដូចជា ការទទួលទានសាក្រាម៉ង់ដើម្បីរំឭកចាំសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់យើង ការប្រសិទ្ធពរអ្នកឈឺ និង ការដាក់ឈ្មោះ និង ការប្រសិទ្ធពរកុមារ ក៏ជាកិច្ចការសំខាន់ផងដែរសម្រាប់ការអភិវឌ្ឍខាងវិញ្ញាណរបស់យើង ។
សេចក្ដីយោងដែលទាក់ទង ៖ ម៉ាឡាគី ៤:៥–៦,ម៉ាថាយ ១៦:១៥–១៩,ពេត្រុសទី ១ ៤:៦,គ. និង ស. ១៣១:១–៤
ប្រធានបទដែលទាក់ទង ៖ ក្រុមព្រះ ៖ ព្រះវិញ្ញាណបរិសុទ្ធ ផែនការនៃសេចក្ដីសង្គ្រោះ ៖ ជីវិតបន្ទាប់ពីសេចក្ដីស្លាប់ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ បព្វជិតភាព និង កូនសោទាំងឡាយនៃបព្វជិតភាព
សេចក្តីសញ្ញាទាំងឡាយ
៧.៧. សេចក្តីសញ្ញាគឺជាកិច្ចព្រមព្រៀងដ៏ពិសិដ្ឋមួយរវាងព្រះ និងមនុស្ស ។ ព្រះប្រទាននូវលក្ខខណ្ឌទាំងឡាយសម្រាប់សេចក្តីសញ្ញា ហើយយើងយល់ព្រមធ្វើតាមនូវអ្វីដែលទ្រង់សុំឲ្យយើងធ្វើ បន្ទាប់មកព្រះសន្យាដល់យើងនូវពរជ័យជាក់លាក់មួយចំនួន នៅពេលយើងគោរពប្រតិបត្តិតាម ( សូមមើល និក្ខមនំ ១៩:៥–៦,គ. និង ស. ៨២:១០ ) ។ ប្រសិនបើយើងមិនគោរពតាមសេចក្ដីសញ្ញារបស់យើងទេ នោះយើងនឹងពុំទទួលបានពរជ័យដែលបានសន្យានោះឡើយ ។
៧.៨. រាល់ពិធីបរិសុទ្ធសម្រាប់ការសង្រ្គោះនៃបព្វជិតភាព មានអមជាមួយនូវសេចក្តីសញ្ញាផ្សេងៗ ។ ឧទាហរណ៍ យើងចុះសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់តាមរយៈបុណ្យជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។ បុរសដែលទទួលបព្វជិតភាពមិលគីស្សាដែកនឹងបានចូលទៅក្នុងសម្បថ និង សេចក្តីសញ្ញានៃបព្វជិតភាព ។ យើងរំឭកសេចក្ដីសញ្ញាដែលយើងបានធ្វើតាមរយៈការទទួលទានសាក្រាម៉ង់ ។
៧.៩. យើងធ្វើសេចក្ដីសញ្ញាបន្ថែម នៅពេលយើងទទួលពិធីបរិសុទ្ធនៃការសង្គ្រោះនៃអំណោយទានពិសិដ្ឋ និងការផ្សារភ្ជាប់អាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ។ យើងរៀបចំចូលរួមនៅក្នុងពិធីបរិសុទ្ធនានា និងធ្វើសេចក្ដីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធ តាមរយៈការរស់នៅតាមបទដ្ឋាននៃភាពសក្ដិសមដែលព្រះអម្ចាស់បានដាក់ឲ្យ ( សូមមើលទំនុកតម្កើង ២៤:៣-៤ ) ។ វាជាការសំខាន់ ដែលយើងត្រូវមានភាពសក្ដិសមដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធ ដោយសារព្រះវិហារបរិសុទ្ធគឺពិតជាដំណាក់របស់ព្រះអម្ចាស់ ។ វាគឺជាកន្លែងថ្វាយបង្គំដ៏បរិសុទ្ធបំផុតលើសពីកន្លែងណាៗនៅលើផែនដីនេះ ។