ថ្នាក់​សិក្ខាសាលា
សេចក្តីណែនាំ​ស្តីពី​ចំណេះចំណាន​ខាង​គោលលទ្ធិ


សេចក្ដី​ណែនាំ​ស្ដី​ពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​( ឆ្នាំ​២០១៨ )

សេចក្តីណែនាំ​ស្ដី​ពី​ចំណេះចំណាន​ខាង​គោលលទ្ធិ

យុវវ័យ​កំពុង​និយាយ​គ្នា

នៅ​ក្នុង​ព្រះគម្ពីរមរមន ព្យាការី​ហេលេមិន​បាន​បង្រៀន​កូនប្រុស​របស់​លោក​ថា « គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង​គឺព្រះ​គ្រីស្ទ​ជា​ព្រះ​​រាជ​បុត្រានៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន » ( ហេលេមិន ៥:១២ ) ។ ការ​សង់គ្រឹះ​មួយ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ—ដែល​រួម មាន​ទាំង​ការ​យល់ ការ​ជឿ និង​ការរស់នៅ​ស្របតាម​គោលលទ្ធិ​របស់ទ្រង់—នឹង​ធ្វើ​ឲ្យ​ការផ្លាស់ប្រែ​ចិត្ត ជឿ និង ការ​តាំង​ចិត្ត​របស់​យើង​ក្នុង​នាម​ជា​ពួក សិស្ស​របស់​ទ្រង់​កាន់​តែ​ស៊ី​ជម្រៅ​រឹងមាំ ដើម្បី​ការពារ​យើង​ពី​ឥទ្ធិពល​របស់​មារសត្រូវ ហើយ​ជួយ​​យើង​ឲ្យ​ប្រទានពរ​ដល់ជីវិត​អ្នកដទៃ​ទៀត ។

វិធីមួយ​ដែល​យើង​សម្រេច​កិច្ចការ​នេះ គឺ​តាមរយៈ​ការសិក្សា​បទគម្ពីរ​តាម​លំដាប់​លំដោយ​ជាមួយ​គ្នា​នៅក្នុង​ថ្នាក់ ។ របៀប​មួយទៀត​ដែល​យើង​សង់គ្រឹះ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់ទ្រង់ គឺ​តាមរយៈ​កិច្ចខិតខំ​មួយ ដែល​ហៅ​ថា​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

ចំណេះចំណាន​ខាង​គោលលទ្ធិ​ផ្ដោត​ទៅលើ​លទ្ធផល​ចំនួន​ពីរ ៖

  1. ការ​រៀនសូត្រ និងការ​អនុវត្ត​គោលលទ្ធិ​ដ៏ទេវភាព​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ

    ព្រះវរបិតាសួគ៌​បាន​បើក​សម្ដែង​គោលការណ៍​​ទាំងឡាយ​ដើម្បី​ទទួលបាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ គោលការណ៍​ទាំងនេះ​រួមមាន​ទាំង​ការ​ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ ការ​ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ជាមួយ​នឹង​​ទស្សនវិស័យ​ដ៏​អស់កល្បមួយ ហើយ​នឹងការស្វែងរក​ការ​​យល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព ។ យើង​ចេះ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​កាន់​តែ​ខ្លាំង នៅពេល​យើង​អនុវត្ត​គោលការណ៍​ទាំងនេះ​ទាំង​នៅ ក្នុង​ថ្នាក់​រៀន និង​ក្រៅ​ថ្នាក់​រៀន ហើយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរខាង​គោលលទ្ធិ និង​សំណួរ​ខាង​ប្រវត្តិសាស្ត្រ​នានា​តាមរបៀប​មួយ​ដែល​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់ទ្រង់ ។

  2. ការ​ចេះស្ទាត់នូវ​​គោលលទ្ធិ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ និង​វគ្គ​បទគម្ពីរ​ទាំងឡាយ​​​ដែល​បង្រៀន​​អំពី​គោលលទ្ធិ

    លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ នឹងត្រូវ​បាន​សម្រេច​តាមរយៈ ៖

    1. ការ​អភិវឌ្ឍ​ការ​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ​មួយ​អំពី​ប្រធាន​បទ​នីមួយៗ​ក្នុង​ចំណោម​ប្រធាន​បទ នៃ គោលលទ្ធិ​ទាំង​ប្រាំបួន ដូច​ខាង​ក្រោម​នេះ ៖

      • ក្រុមព្រះ

      • ផែនការ​នៃ​សេចក្តី​សង្គ្រោះ

      • ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

      • ការ​ស្ដារ​ឡើងវិញ

      • ព្យាការី និង វិវរណៈ

      • បព្វជិតភាព និង កូនសោ​នៃ​បព្វជិតភាព

      • ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា

      • អាពាហ៍ពិពាហ៍ និង គ្រួសារ

      • ព្រះបញ្ញត្តិ

    2. ការ​យល់​ដឹង​សេចក្ដី​ថ្លែង​សំខាន់ៗ​ស្ដីពី​គោលលទ្ធិ​ដែល​បាន​ស្គាល់​នៅ​ក្នុង​វគ្គ​« ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ »​នៃ​ឯកសារ​នេះ និង​នៅ​ក្នុង​ប្រធាន​បទ​នីមួយៗ​ក្នុង​ចំណោម​ប្រធាន​បទ​នៃ​គោលលទ្ធិ​ទាំង​ប្រាំបួន ។

    3. ដឹង​ពី​របៀប​ដែល​សេចក្ដីថ្លែង​ការណ៍​សំខាន់ៗ​អំពីគោលលទ្ធិ​ត្រូវ​បាន​បង្រៀន ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​អាច​ចងចាំ និង​រកវគ្គ​គម្ពីរ​ទាំងនោះ​ឃើញ ។

    4. ពន្យល់​សេចក្ដីថ្លែងការណ៍​សំខាន់ៗ​អំពី​គោលលទ្ធិ​នីមួយៗ​ច្បាស់លាស់ ដោយ​ប្រើ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​ជាប់​ទាក់ទង ។

    5. ការ​អនុវត្ត​គោលលទ្ធិ​នៃ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ការ​ជ្រើសរើស​ប្រចាំ​ថ្ងៃ​របស់​យើង និង​នៅក្នុង​ការ​ឆ្លើយ​តប​ចំពោះ​សំណួរ និង​បញ្ហា​ខាង​គោលលទ្ធិ ខាង​សង្គម និង​ខាង​ប្រវត្តិសាស្ត្រ​នានា ។