៨. អាពាហ៍ពិពាហ៍ និង គ្រួសារ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០១៨ )
៨. អាពាហ៍ពិពាហ៍ និង គ្រួសារ
៨.១. អាពាហ៍ពិពាហ៍រវាងបុរស និងស្រ្តីត្រូវបានតែងតាំងឡើងដោយព្រះ ហើយគ្រួសារគឺជាផ្នែកសំខាន់ចំពោះផែនការនៃសេចក្តីសង្រ្គោះ និង សុភមង្គលរបស់យើង ( សូមមើល លោកុប្បត្តិ ២:២៤, គ. និង ស. ៤៩:១៥–១៧ ) ។ មានតែតាមរយៈការចូល និងការរក្សាសេចក្ដីសញ្ញានៃអាពាហ៍ពិពាហ៍ដ៏ស្មោះត្រង់ប៉ុណ្ណោះ ទើបបុរសម្នាក់ និងស្ត្រីម្នាក់ អាចបំពេញនូវសក្ដានុពលដ៏ទេវភាពដ៏អស់កល្បជានិច្ចរបស់ពួកគេបាន ( សូមមើលកូរិនថូសទី ១ ១១:១១,គ. និង ស. ១៣១:១-៤ ) ។
៨.២. ព្រះបានបញ្ជាកូនចៅរបស់ទ្រង់ឲ្យបង្កើតកូនចៅជាច្រើនឡើង ហើយមានពាសពេញលើផែនដី ( សូមមើលលោកុប្បត្តិ ១:២៨ ) ។ អំណាចដ៏ពិសិដ្ឋនៃការបង្កបង្កើត គឺត្រូវបានប្រើតែរវាងបុរសម្នាក់ និងស្ត្រីម្នាក់ ដែលបានរៀបការស្របច្បាប់ក្នុងនាមជាស្វាមី និងភរិយាប៉ុណ្ណោះ ( សូមមើលលោកុប្បត្តិ ៣៩:៩,អាលម៉ា ៣៩:៩ ) ។ ស្វាមី និង ភរិយាមានការទទួលខុសត្រូវដ៏ឧឡារិកដើម្បីស្រឡាញ់ និងថែរក្សាគ្នាទៅវិញទៅមក ព្រមទាំងកូនចៅរបស់ខ្លួនផងដែរ ។ ឪពុកម្ដាយត្រូវចិញ្ចឹមបីបាច់កូនចៅរបស់ពួកគេប្រកបដោយសេចក្ដីស្រឡាញ់ និងសេចក្ដីសុចរិត ហើយផ្គត់ផ្គង់ដល់សេចក្ដីត្រូវការខាងសាច់ឈាម និងខាងវិញ្ញាណរបស់ពួកគេ ។
៨.៣. សុភមង្គលនៅក្នុងជីវិតគ្រួសារអាចសម្រេចបាន នៅពេលស្ថាបនាលើការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ តាមការរៀបចំដ៏ទេវភាពនេះ ឪពុកគឺជាអ្នកដឹកនាំលើក្រុមគ្រួសាររបស់ពួកគេ ដោយសេចក្តីស្រឡាញ់ និង សេចក្តីសុចរិត និងបំពេញនូវសេចក្តីត្រូវការចាំបាច់នានាសម្រាប់ជីវិត ។ ម្តាយមានភារកិច្ចសំខាន់ ដើម្បីថែរក្សាបីបាច់កូនចៅរបស់ខ្លួន ។ នៅក្នុងការទទួលខុសត្រូវដ៏ពិសិដ្ឋទាំងនេះឪពុក និង ម្តាយមានកាតព្វកិច្ចដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា ។
៨.៤. ផែនការនៃសុភមង្គលដ៏ទេវភាពនេះផ្តល់លទ្ធភាពដល់ទំនាក់ទំនងក្រុមគ្រួសារឲ្យបន្តតទៅហួសពីសេចក្តីស្លាប់ ។ ផែនដីត្រូវបានបង្តើតឡើង ហើយដំណឹងល្អត្រូវបានបើកសម្តែង ដូច្នេះក្រុមគ្រួសារត្រូវបានបង្កើតឡើង ត្រូវបានផ្សារភ្ជាប់ និងត្រូវបានតម្កើងឡើងដ៏អស់កល្បជានិច្ចដែរ ។ តាមរយៈការបម្រើក្នុងពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ នោះយើងអាចធ្វើឲ្យពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយនៃដំណឹងល្អកើតមានសម្រាប់ជីដូនជីតារបស់យើង ( សូមមើលម៉ាឡាគី ៤:៥-៦ ) ។
( សម្របសម្រួលចេញមកពី« The Family: A Proclamation to the World »Ensignឬ Liahonaខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ។
សេចក្ដីយោងដែលទាក់ទង ៖ ម៉ូសេ ១:៣៩, លោកុប្បត្តិ ១:២៦–២៧, និក្ខមនំ ២០:៣–១៧, ម៉ាថាយ ១៦:១៥–១៩, យ៉ូហាន ១៧:៣, កូរិនថូសទី ១ ៦:១៩–២០, នីហ្វៃទី ២ ២:២២–២៥, ម៉ូសាយ ២:៤១, អាលម៉ា ៤១:១០, គ. និង ស. ៨៤:២០–២២
ប្រធានបទដែលទាក់ទង ៖ ផែនការនៃសេចក្ដីសង្គ្រោះ បទបញ្ញត្តិទាំងឡាយ