ថ្នាក់​សិក្ខាសាលា
៦. បព្វជិតភាព និង កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព


៦. បព្វជិតភាព និង កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០១៨ )

៦. បព្វជិតភាព និង កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព

យ៉ូសែប ស៊្មីធ ទទួល​បព្វជិតភាព​អើរ៉ុន

៦.១. បព្វជិតភាព​គឺ​ជា​អំណាច និង ជា​សិទ្ធិ​អំណាច​ដ៏​អស់កល្ប​របស់​ព្រះ ។ តាម​រយៈ​បព្វជិតភាព ព្រះ​បាន​បង្កើត និង​គ្រប់គ្រង​ស្ថានសួគ៌ ព្រមទាំង​ផែនដី​ផងដែរ ។ តាមរយៈ​អំណាច​នេះ ទ្រង់​ប្រោសលោះ​ និង​លើក​តម្កើង​កូនចៅ​របស់ ទ្រង់ ។ បព្វជិតភាព​ត្រូវ​បាន​ប្រគល់​ដល់​សមាជិក​បុរស ដែល​មាន​ភាព​សក្តិសម​ក្នុង​សាសនាចក្រ ។ ពរជ័យ​នៃ​បព្វជិតភាព​មាន​សម្រាប់​កូនចៅ​ទាំង​អស់​របស់​ព្រះ​តាមរយៈ​ពិធី​បរិសុទ្ធ និង​សេចក្តី​សញ្ញា​ទំាងឡាយ​នៃ​ដំណឹងល្អ ។

៦.២. កូនសោ​នៃ​បព្វជិតភាព​គឺ​ជា​សិទ្ធិ​នៃ​គណៈប្រធាន ឬ ជា​អំណាច​ដែល​ព្រះ​បាន​ប្រទាន​ដល់​បុរស​ដើម្បី​គ្រប់គ្រង ហើយ​ដឹកនាំ​នគរ​របស់​ព្រះ​នៅ​លើ​ផែនដី ( សូម​មើល ម៉ាថាយ ១៦:១៥–១៩​ ) ។ កូនសោ​បព្វជិតភាព​គឺ​ចាំបាច់​ដើម្បី​ដឹកនាំ​​ការ​ផ្សាយ​ដំណឹងល្អ​ និង​ការ​គ្រប់​គ្រង​នៃពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ ។

៦.៣. ព្រះយេស៊ូវគ្រីស្ទ​កាន់​កូនសោ​បព្វជិតភាព​ទាំងអស់​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​សាវក​របស់​ទ្រង់​ម្នាក់ៗ​នូវ​រាល់​កូនសោ ដែល​មាន​សម្រាប់​នគរ​ព្រះ​នៅ​លើ​ផែនដី ។ ប្រធាន​នៃ​សាសនាចក្រ​គឺជា​មនុស្ស​តែ​ម្នាក់គត់​ ដែល​មាន​សិទ្ធិអំណាច​ដើម្បី​អនុវត្ត​គ្រប់​កូនសោបព្វជិតភាព​ទាំងអស់ ។ ប្រធាន​ព្រះវិហារបរិសុទ្ធ ប្រធាន​បេសកកម្ម ប្រធានស្ដេក ប៊ីស្សព និង​ប្រធាន​កូរ៉ុម​ក៏​មាន​កាន់​កូនសោ​បព្វជិតភាព​​ផងដែរ ដែលវា​អនុញ្ញាត​ឲ្យ​ពួកគាត់​ធ្វើជា​អធិបតី​ និង​ដឹកនាំ​កិច្ចការ​ដែលពួកគាត់​​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ធ្វើ ។

៦.៤. ចំពោះ​អស់​អ្នក​ទាំង​ឡាយ​ណា​ដែល​បម្រើ​នៅ​ក្នុង​សាសនា​ចក្រ—ទាំង​បុរស និង​ស្ត្រី—គឺ​ត្រូវ​បាន​ហៅ​ក្រោម​ការ​ដឹកនាំ​​នៃ​បុគ្គល​ម្នាក់ ​ដែល​កាន់​កូន​សោ​ទាំងឡាយ​នៃ​បព្វជិតភាព​( សូម​មើល គ. និង ស. ៤២:១១ ) ។ អែលឌើរ ដាល្លិន  អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « នរណា​ក៏​ដោយ​ដែល​ធ្វើ​កិច្ចការ​នៅ​ក្នុង​មុខ​តំណែង ឬ​ការហៅ​បម្រើ​មួយ​ដែល​បាន​ទទួល​ពី​បុគ្គល​ម្នាក់​ដែល​កាន់​កូនសោ​បព្វជិភាព អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​ពេល​បំពេញ​កាតព្វកិច្ច​ចាត់តាំង​របស់​គេ » ( « The Keys and Authority of the Priesthood »EnsignLiahonaខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ  ៥១ ) ។ សិទ្ធិ​អំណាច​បព្វជិតភាព​អាច​អនុវត្ត​បាន​តែ​នៅ​ក្នុង​សេចក្ដី​សុចរិត​ប៉ុណ្ណោះ​( សូម​មើល គ. និង ស. ១២១:៣៦, ៤១–៤២ ) ។

៦.៥. អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​តែងតាំង​ឲ្យ​មាន​បព្វជិតភាព​មិលគីស្សាដែក គឺ​បាន​ចូល​ក្នុង​សម្បថ និង​សេចក្ដីសញ្ញា​នៃ​បព្វជិតភាព ។ ប្រសិន​បើ​ពួកគេ​តម្កើង​ការ​ហៅ និង​ទទួល​ព្រះអម្ចាស់ និង​ពួក​អ្នកបម្រើ​របស់ទ្រង់​ដោយ​ស្មោះត្រង់ នោះពួកគេ​នឹង​ទទួល​បាន​ពរជ័យ​នៃការ​លើក​តម្កើង ។ ស្ត្រី​ក៏​ត្រូវ​បាន​សន្យា​ដូចគ្នា​នូវពរជ័យ​នៃ​ការ​លើក​តម្កើង នៅពេល​ពួកគេ​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​ដែលពួកគេ​បានធ្វើ​ជាមួយ​នឹង​ព្រះអម្ចាស់ ។

សេចក្ដីយោង​ដែលទាក់ទង ៖ យ៉ូហាន ១៥:១៦,អេភេសូរ ២:១៩–២០

ប្រធានបទ​ដែលទាក់ទង ៖ ការ​ស្ដារឡើងវិញ ពួកព្យាការី និង វិវរណៈ ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ

បព្វជិតភាពអើរ៉ុន

៦.៦. ជាទូទៅ​បព្វជិតភាព​អើរ៉ុន​ត្រូវ​បាន​ហៅ​ថា​ជា​បព្វជិតភាព​បម្រុង ។ បព្វជិតភាព​អើរ៉ុន « កាន់ នូវ កូនសោ នៃ ការបម្រើ​នៃ​ពួកទេវតា និង នៃ ដំណឹងល្អ នៃ ការប្រែចិត្ត និង បុណ្យជ្រមុជទឹក »( គ. និង ស. ១៣:១ ) ។ តាមរយៈ​ការ​អនុវត្ត​បព្វជិតភាព​នេះ ពិធីសាក្រាម៉ង់​ត្រូវ​បាន​រៀបចំឡើង ប្រសិទ្ធពរ និង​បម្រើ ។ មុខ​តំណែង​នៃ​បព្វជិតភាព​អើរ៉ុនរួម​​មាន ឌីកុន គ្រូ សង្ឃ និង ប៊ីស្សព ។

បព្វជិតភាព​មិលគីស្សាដែក

៦.៧. បព្វជិតភាព​មិលគីស្សាដែក​គឺជា​បព្វជិតភាព​ខ្ពស់ជាង ឬ​ធំជាង ហើយ « ​មាន​សិទ្ធិ​ខាង​គណៈប្រធាន ហើយ​មាន​អំណាច និង​សិទ្ធិ​អំណាច​លើ​អស់​ទាំង​តំណែង​​នៅក្នុង​សាសនាចក្រ នៅគ្រប់​សម័យនានាក្នុងពិភពលោក និង​មាន​អំណាច​ដើម្បី​ចាត់ចែង​ការណ៍​ទាំងឡាយ​ខាង​វិញ្ញាណ » ( គ. និង ស. ១០៧:៨ ) ។ គ្រប់ពរជ័យ ពិធីបរិសុទ្ធ សេចក្ដីសញ្ញា និង​ការ​រៀបចំ​ទាំងអស់​របស់​សាសនាចក្រ គឺ​ត្រូវ​បាន​គ្រប់គ្រង​នៅក្រោម​សិទ្ធិអំណាច​នៃ​ប្រធាន​សាសនាចក្រ ដែល​ជា​ប្រធាន​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ បព្វជិតភាព​ត្រូវ​បាន​ផ្តល់​ឲ្យ​ដល់​អ័ដាម ហើយ​មាន​នៅ​លើ​ផែន​ដី ​នៅ​ពេល​ណា​ដែល​ព្រះ​អម្ចាស់​បាន​បើក​សម្តែង​ដំណឹង​ល្អ​របស់​ទ្រង់ ។ នៅ​ក្នុង​បព្វជិតភាព​ម៉ិលគីស្សាដែក​មាន​នូវ​មុខ​តំណែង​ដូចជា អែលឌើរ សង្ឃ​ជាន់​ខ្ពស់​លោកអយ្យកោ ពួក​ចិតសិប​នាក់ និង​ពួកសាវក ។

ខគម្ពីរ​យោង​ដែល​ទាក់​ទង ៖ អេភេសូរ ៤:១១–១៤